ទណ្ឌិត​ជាប់​ឃុំ​ករណី​បង្កៃ​គ្រឿង​ផ្ទុះ​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម​ចេញ​ពី​ពន្ធនាគារ

ទណ្ឌិត សោម ឯក ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ឆ្នាំ បាន​ចេញ​ពី​ពន្ធនាគារ​ហើយ​នៅ​យប់​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៦។

ប្រភព​មួយ​សុំ​មិន​បញ្ជាក់​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៩ តុលា ឲ្យ​ដឹង​ថា លោក សោម ឯក បាន​រត់​គេច​ពី​ពន្ធនាគារ​ដោយសារ​មន្ត្រី​ពន្ធនាគារ​ប៉េស្ស៊ី (PJ) ធ្វើ​ទារុណកម្ម​ខ្លាំង​ពេក។

ប្រភព​នោះ​បញ្ជាក់​ថា ប្រធាន​ពន្ធនាគារ​ប៉េស្ស៊ី​គាប​សង្កត់​អ្នក​ទោស ធ្វើ​បាប​អ្នក​ទោស​ផ្សេង​ទៀត​ដោយ​ប្រើ​ដំបង​ប៉ុន​ក​ដៃ​វ៉ៃ​ខ្នង​បែក​ឈាម ហើយ​ឆក់​ខ្សែ​ភ្លើង ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា មិន​អត្ថាធិប្បាយ​ចំពោះ​ព័ត៌មាន​នេះ​ទេ​នៅ​ថ្ងៃ​ទី​៩ តុលា។

លោក សោម ឯក ត្រូវ​តុលាការ​ចោទ​ប្រកាន់​ថា ជា​មេ​ខ្លោង​នៃ​ចលនា​រណសិរ្ស​រួបរួម​ជាតិ រូប​សញ្ញា​ក្បាល​ខ្លា ដែល​បាន​បង្កៃ​គ្រឿង​ផ្ទុះ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៧ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ប៉ុន្តែ​មិន​បាន​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។