មន្ត្រី​មន្ទីរ​កសិកម្ម​និង​ពេទ្យ​សត្វ​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​ថា​គាប​សង្កត់​អាជីវករ​ឲ្យ​បង់​លុយ

ក្រុម​អាជីវករ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ បាន​រិះគន់​មន្ត្រី​មន្ទីរ​កសិកម្ម និង​ពេទ្យ​សត្វ ថា​កំពុង​ដាក់​ការ​គាប​សង្កត់​ទៅ​លើ​ការ​នាំ​ចូល​សត្វ ដើម្បី​សម្លាប់​ធ្វើ​ម្ហូប​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ទី​នោះ ដោយ​តម្រូវ​ឱ្យ​បង់​ប្រាក់​ជាច្រើន​ម៉ឺន​រៀល។ ការ​គាប​សង្កត់​ឱ្យ​បង់​ប្រាក់​នោះ គឺ​ចាប់​តាំង​តែ​ពី​ធ្វើ​ច្បាប់​អនុញ្ញាត​ដឹក​សត្វ ច្បាប់​ធ្វើ​អាជីវកម្ម​ប្រចាំ​ថ្ងៃ បង់​ថ្លៃ​ពន្ធ​អាករ និង​ថ្លៃ​ទឹក​ប៊ិច​មន្ត្រី​ស៊ីញេ​ជាដើម។

0:00 / 0:00

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា គេ​ទើប​តែ​បាន​ទទួល​លិខិត​អនាមិក​១​ច្បាប់ ដែល​ស្នើសុំ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ទៅ​លើ​មន្ត្រី​មន្ទីរ​កសិកម្ម និង​ពេទ្យ​សត្វ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​គាប​សង្កត់​អាជីវករ​ឱ្យ​បង់​លុយ​ជាច្រើន​ម៉ឺន​រៀល ដោយ​មិន​សមរម្យ​តាម​ផ្លូវ​ច្បាប់។

លិខិត​ដែល​រិះគន់​មន្ត្រី​មន្ទីរ​កសិកម្ម និង​ពេទ្យ​សត្វ​នោះ គឺ​ជន​មិន​ស្គាល់​មុខ​បាន​យក​ទៅ​ដាក់​នៅ​ក្នុង​ប្រអប់​សំបុត្រ​របស់​អង្គការ ដែល​សម្រាប់​ទទួល​បណ្ដឹង​សាធារណៈ។

លោក ឡោ ចាន់ ជា​អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២១ ខែ​ធ្នូ ថា មាន​លិខិត​មិន​ចំហ​១​ច្បាប់ ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ទៅ​បោះ​ចូល​ក្នុង​ប្រអប់​សំបុត្រ​អង្គការ​របស់​លោក កាល​ពី​ម្សិលមិញ។ លោក ឡោ ចាន់ បាន​បញ្ជាក់​ថា នៅ​ក្នុង​លិខិត​នោះ គឺ​បាន​រិះគន់​មន្ត្រី​មន្ទីរ​កសិកម្ម និង​ពេទ្យ​សត្វ​មួយ​ចំនួន ថា​កំពុង​គាប​សង្កត់​អាជីវករ​ដែល​ដឹក​ជញ្ជូន​សត្វ​គោ​ក្របី និង​ជ្រូក ដោយ​តម្រូវ​ឱ្យ​បង់​លុយ​ជាច្រើន​ម៉ឺន​រៀល។

លោក ឡោ ចាន់៖ «បើ​តាម​ខ្ញុំ​យល់​ឃើញ​ថា​អា​ហ្នឹង​ដោយសារ​ថា ខាង​អាដហុក មាន​ប្រអប់​សំបុត្រ​ដើម្បី​ទទួល​លិខិត​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជន​រងគ្រោះ។ ការ​ដាក់​នេះ ប្រហែល​ជា​គាត់​មាន​ការ​ភ័យ​ខ្លាច​ផង បាន​ជា​គាត់​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ក៏​ដូច​ជា​លេខ​ទូរស័ព្ទ​ផ្សេងៗ ហើយ​គាត់​ចង់​ឱ្យ​អាដហុក ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​មន្ទីរ​កសិកម្ម ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​លិខិត​ហ្នឹង»

ខ្លឹមសារ​នៅ​ក្នុង​លិខិត​អនាមិក​នោះ បាន​អះអាង​ថា នៅ​ពេល​ដែល​ដឹក​ជញ្ជូន​សត្វ​គោ​ក្របី ឬ​ជ្រូក ចូល​ទៅ​កន្លែង​សត្តឃាត​ម្ដងៗ គឺ​គេ​ត្រូវ​បង់​លុយ​ចំនួន ២០​ម៉ឺន​រៀល ទៅ​ឱ្យ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ បង់​ប្រាក់​ចំនួន ២៥​ម៉ឺន​រៀល ទៅ​ឱ្យ លោក វ៉េង ហុងលីម ព្រម​ទាំង​បង់​ចំនួន ៤​ម៉ឺន​រៀល​ទៀត​ថ្លៃ​ត្រួត​ពិនិត្យ​សត្វ​ឡើង​ឡាន ថ្លៃ​ទឹក​ប៊ិច​មន្ត្រី​សរសេរ​ច្បាប់​អនុញ្ញាត​ចំនួន ៤​ម៉ឺន​រៀល ថ្លៃ​ទឹក​ប៊ិច​មន្ត្រី​សរសេរ​ប័ណ្ណ​ទទួល​ចំណូល​ចំនួន ១​ម៉ឺន​រៀល និង​ថ្លៃ​ទឹក​ត្រា ២​ម៉ឺន​រៀល​ជាដើម។

ទោះ​យ៉ាង​ណា មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ បាន​បដិសេធ​ការ​អះអាង​តាម​រយៈ​លិខិត​អនាមិក​នោះ​ថា គឺ​ជា​ការ​លើក​ឡើង​មិន​ពិត។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ លោក ពឹង ទ្រីដា បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា​មាន​លិខិត​អនាមិក​និយាយ​រិះគន់​មន្ទីរ​របស់​លោក​ដូច្នេះ​ទេ។ លោក ពឹង ទ្រីដា បាន​បញ្ជាក់​ថា មន្ត្រី​របស់​លោក​មិន​ដែល​មាន​បញ្ហា​រឿង​គាប​សង្កត់​ទៅ​លើ​ការ​នាំ​សត្វ​មក​ធ្វើ​ម្ហូប ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ខេត្ត​នេះ​ទេ។ លោក ពឹង ទ្រីដា បាន​សន្យា​ថា នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ខ្លាច​ក្រែង​មាន​មន្ត្រី​ណា​មួយ​ប្រព្រឹត្ត​មិន​ល្អ​ដូច​គេ​ថា​នោះ​មែន៖ «មិន​អ៊ីចឹង​ទេ ការ​នាំ​សត្វ​នាំ​អី​ចូល​មក អត់​រឹត​ត្បិត​អី​ទេ ឃើញ​គេ​ដំណើរ​ការ​ល្អ​ទេ​តើ! ចាំ​មើល​ខ្ញុំ​ហៅ​ប្រធាន​ការិយាល័យ​មក​សួរ​នាំ ប្រជុំ​មើល៍​ក្រែង​មាន​មែន គឺ​យើង​ណែនាំ​អប់រំ»

លិខិត​អនាមិក​បាន​បញ្ជាក់​ទៀត​ថា មិន​ត្រឹម​តែ​មន្ត្រី​មន្ទីរ​កសិកម្ម និង​ពេទ្យ​សត្វ​ប៉ុណ្ណោះ​ទេ​ដែល​គាប​សង្កត់​អាជីវករ​ឱ្យ​បង់​លុយ​ច្រើន​ម៉ឺន​រៀល នៅ​ពេល​ដឹក​ជញ្ជូន​សត្វ​ម្ដងៗ សូម្បី​តែ​គេ​យក​សត្វ​ជ្រូក ១​ក្បាល​ទៅ​សម្លាប់​នៅ​កន្លែង​សត្តឃាត ក៏​ត្រូវ​បង់​លុយ​ឱ្យ​ម្ចាស់​កុងស៊ី​ចំនួន ៨​ពាន់​រៀល បង់​ឱ្យ​ប៉ូលិស​ចំនួន ១.០០០​រៀល បង់​ឱ្យ​មេ​ឃុំ​ចំនួន ៣.០០០​រៀល ព្រម​ទាំង​បង់​ពន្ធ​អាករ​ប្រចាំ​ថ្ងៃ​ទៅ​ឱ្យ​ពេទ្យ​សត្វ​ចំនួន ១.៥០០​រៀល​ទៀត។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ ចង់​ឱ្យ​ម្ចាស់​លិខិត​អនាមិក​នោះ​ចេញ​មុខ និង​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ត្រឹមត្រូវ ដើម្បី​ឱ្យ​អង្គការ​សិទ្ធិ​មនុស្ស​អាច​យក​ធ្វើ​ជា​ភស្តុតាង​ផ្លូវ​ច្បាប់ ក្នុង​ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត ហើយ​អាច​នឹង​ដាក់​បន្ត​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៀត​ផង ប្រសិន​បើ​ករណី​នោះ​រក​ឃើញ​ថា​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។