មជ្ឈដ្ឋាន​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​គេហទំព័រ​របស់​ស្ថាប័ន​រដ្ឋ

បច្ចុប្បន្ន​នេះ ព័ត៌មាន​ភាគ​ច្រើន​ត្រូវ​បាន​ចែក​ផ្សា​យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)។ គេហទំព័រ (Website) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជា​កន្លែង​ប្រមូល​ផ្តុំ​ព័ត៌មាន​របស់​ស្ថាប័ន​នីមួយៗ។ នៅ​កម្ពុជា ស្ទើរ​គ្រប់​ក្រសួង និង​ស្ថាប័ន​រដ្ឋ មាន​គេហទំព័រ​ផ្ទាល់​ខ្លួន ប៉ុន្តែ​ជា​ហូរហែ អ្នក​សិក្សា និង​អ្នក​ត្រូវ​ការ​ព័ត៌មាន តែង​រិះគន់​ពី​ភាព​អសកម្ម​របស់​គេហទំព័រ​ទាំង​នោះ។

0:00 / 0:00

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បច្ចេកវិទ្យា​ព័ត៌មាន​នៅ​កម្ពុជា មាន​ការ​រីក​ចម្រើន​ជា​ខ្លាំង។ ការ​ផ្គត់ផ្គង់ និង​ប្រើប្រាស់​អ៊ីនធឺណិត កាន់​តែ​មាន​ភាព​ទូលំទូលាយ​ឡើង។ ក្រសួង និង​ស្ថាប័ន​រដ្ឋ ចាប់​ផ្ដើម​បង្កើត​គេហទំព័រ​ផ្ទាល់​ខ្លួន ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​សាធារណជន ដែល​ត្រូវ​ការ​ព័ត៌មាន​ទាក់ទង​ក្រសួង​នីមួយៗ។

យ៉ាង​ណា​មិញ ប្រការ​គួរ​ឱ្យ​កត់​សម្គាល់​នោះ គឺ​គេហទំព័រ​ប្រចាំ​ក្រសួង មន្ទីរ ទាំង​នោះ ហាក់​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ដល់​សាធារណជន​ឡើយ។ មជ្ឈដ្ឋាន​នានា​បាន​រិះគន់​គេហទំព័រ​របស់​ស្ថាប័ន​រដ្ឋ ភាគ​ច្រើន​ដែល​មិន​បាន​ធ្វើ​បច្ចុប្បន្ន​ភាព។ បន្ថែម​ពី​លើ​នេះ អ្នក​ប្រើ​ប្រាស់​ក៏​មិន​អាច​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ផង​ដែរ។

លោក ម៉ិច តារា អ្នក​សារព័ត៌មាន​ប្រចាំ​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ឱ្យ​ដឹង​ថា លោក​ពិបាក​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​តាម​គេហទំព័រ​របស់​ស្ថាប័ន​រដ្ឋ ដោយសារ​តែ​គេហទំព័រ​ទាំង​នោះ​មិន​សូវ​មាន​ព័ត៌មាន និង​មិន​សូវ​ធ្វើ​បច្ចុប្បន្ន​ភាព។ លោក​បន្ថែម​ថា ក្រសួង​នីមួយៗ គួរ​ខិតខំ​បន្ថែម​ទៀត ដើម្បី​ធានា​ថា ព័ត៌មាន​របស់​ខ្លួន​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​សាធារណជន​បាន​ទាន់​ពេល​វេលា។

លោក ម៉ិច តារា៖ «សំខាន់​ជាង​គេ គឺ​ព័ត៌មាន​របស់​ពួក​គាត់​អត់​សូវ​បាន​អាប់ដេត (Update = ធ្វើ​បច្ចុប្បន្ន​ភាព) ព័ត៌មាន​ចាស់ៗ​យូរ​មក​ហើយ គាត់​មិន​សូវ​បាន​អាប់ដេត​ថ្មី។ ប្រហែល​គាត់​មិន​សូវ​មាន​បុគ្គលិក ឬ​ដូច​ថា​យើង​មិន​អាច​ដឹង​ថា​រឿង​ខាង​ក្រោយ​ហ្នឹង វា​បែប​ម៉េច​អីចឹង​ទៅ​ណា។ បើ​សិន​ជា​អាច ក្រសួង​នីមួយៗ គួរ​តែ​ប្រឹងប្រែង​ដាក់​ព័ត៌មាន​ថ្មីៗ ថា​ខ្លួន​មាន​ធ្វើ​អ្វី​ខ្លះ​អីចឹង​ទៅ​ណា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​បាន​ដឹង។ ហើយ​មិន​ថា​តែ​ពលរដ្ឋ​ទេ អ្នក​សិក្សា អ្នក​ដែល​ចង់​បាន​ព័ត៌មាន​ហ្នឹង​ងាយ​ស្រួល»

មិន​មែន​តែ​អ្នក​សារព័ត៌មាន​ទេ​ដែល​ជួប​ប្រទះ​នឹង​ការ​លំបាក​ចំពោះ​ការ​ស្វែង​រក​ព័ត៌មាន សូម្បី​តែ​សង្គម​ស៊ីវិល និង​សិស្ស​និស្សិត ក៏​ត្អូញត្អែរ​ចំពោះ​បញ្ហា​នេះ​ដែរ។

កញ្ញា កាំង មួយលី និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​គណនេយ្យ បាន​ថ្លែង​ថា កញ្ញា​តែង​ស្វែង​រក​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ការ​សិក្សា​ជា​ញឹកញាប់​នៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន​រដ្ឋ ប៉ុន្តែ​អ្វី​ដែល​ទទួល​បាន មិន​បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នោះ​ទេ ដោយសារ​តែ​គេហទំព័រ​ទាំង​នោះ ភាគ​ច្រើន​នៅ​ដដែល មិន​មាន​អ្វី​ថ្មី។ កញ្ញា​បាន​សំណូម​ពរ​ឱ្យ​ស្ថាប័ន​ដែល​អសកម្ម​ទាំង​ឡាយ ឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​ពិនិត្យ​ឡើង​វិញ​ចំពោះ​ព័ត៌មាន​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​សិស្ស​និស្សិត។

កញ្ញា កាំង មួយលី៖ «ពេល​ខ្លះ ខ្ញុំ​ចង់​រក​ព័ត៌មាន​ដែល​ខ្ញុំ​ចង់​រក​អីចឹង​ណា តែ​វា​អត់​មាន​ពេញ​លេញ អត់​មាន​ច្បាស់​លាស់​អីចឹង​ណា។ ភាគ​ច្រើន វា​កន្លង​មក​យូរ​ហើយ​ដែរ បាន​វា​មាន​ផុស (Post = បង្ហោះ) នៅ​លើ​គេហទំព័រ​ហ្នឹង។ ចង់​ឱ្យ​គាត់​យក​ចិត្ត​ទុក​ដាក់ ហើយ​មើល​ឡើង​វិញ​នូវ​គ្រប់​ព័ត៌មាន​ទាំងអស់​ហ្នឹង ថា ដើម្បី​ឱ្យ​វា​ផ្សារភ្ជាប់​ទៅ​នឹង​ការងារ​របស់​និស្សិត ឱ្យ​គាត់​មើល​ឡើង​វិញ​ថា វា​អត់​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​និស្សិត​បាន​ទាន់​ពេល​វេលា​ទេ ពេល​ខ្លះ​វា​នៅ​ខ្វះ​ខាត​ច្រើន​ណាស់»

ចំណែក លោក ប៉ាង គីមហេង អ្នក​ធ្លាប់​ធ្វើ​ការ​ស្ម័គ្រចិត្ត​ឱ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិញ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កង្វះ​ខាត​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន​រដ្ឋ​នេះ។ លោក​បាន​ថ្លែង​ថា លោក​មាន​ការ​ធុញ​ទ្រាន់​នៅ​ពេល​ឃើញ​មាន​តែ​ព័ត៌មាន​ដដែលៗ នៅ​លើ​គេហទំព័រ​ក្រសួង។ យ៉ាង​នេះ​ក្តី លោក​បាន​សំណូម​ពរ​ឱ្យ​ក្រសួង​នីមួយៗ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ពេញ​លេញ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន រួច​ចែក​រំលែក​បន្ត​ទៀត​តាម​បណ្ដាញ​សង្គម ដើម្បី​ឱ្យ​សាធារណជន​បាន​ដឹង​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​ស្ថាប័ន​នោះ​កំពុង​ធ្វើ។

លោក ប៉ាង គីមហេង៖ «ព័ត៌មាន​មួយ​ចំនួន​អត់​មាន​អាប់ដេត​សោះ។ អ៊ីចឹង ពេល​ដែល​ខ្ញុំ​ឆែក​មើល​លើ​ហ្នឹង ខ្ញុំ​ធុញ​ទ្រាន់ ហើយ​នឿយ​ណាយ​ដែរ ពេល​ឆែក​មើល​វេបសាយ​ក្រសួង​ហ្នឹង។ ក្រសួង​គួរ​តែ​បង្កើត​នូវ​វេបសាយ ហើយ​ប្រាប់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់ ដើម្បី​ឱ្យ​អ្នក​សិក្សា និង​អ្នក​រុក​រក​មួយ​ចំនួន​ងាយ​ស្រួល​រក។ បន្ថែម​ពី​លើ​នេះ ក្រសួង​គួរ​តែ​លើក​កម្ពស់ ហើយ​និង​ប្រូមូត (Promote = ផ្សព្វផ្សាយ) វេបសាយ​ហ្នឹង​ឱ្យ​បាន​ច្រើន​ទៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ដូច​ជា ហ្វេសប៊ុក (Facebook) និង​ធ្វីតធ័រ (Twitter) ដើម្បី​ឱ្យ​អ្នក​លេង​ទាំងអស់​ហ្នឹង គាត់​អាច​ដឹង​ព័ត៌មាន​ទាក់ទង​ជាមួយ​នឹង​វេបសាយ​របស់​ក្រសួង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

ក្រសួង​ដែល​គេហទំព័រ​ដំណើរ​ការ រួម​មាន ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច ក្រសួង​អប់រំ ក្រសួង​ការ​បរទេស ក្រសួង​សុខាភិបាល ក្រសួង​ទេសចរណ៍ ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​ការពារ​ជាតិ ក្រសួង​ផែន​ការ ក្រសួង​ប្រៃសណីយ៍ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​ធម្មការ និង​សាសនា និង​ក្រសួង​កិច្ចការ​នារី។

ស្ថាប័ន​ដទៃ​ទៀត ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត អាច​ចូល​មើល​បាន​ដែរ​នោះ គឺ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សាលា​ក្រុង​ភ្នំពេញ និង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ក្នុង​ចំណោម​ក្រសួង​ទាំង​នោះ ក្រសួង និង​ស្ថាប័ន​ដែល​ធ្វើ​បច្ចុប្បន្ន​ភាព​ញឹកញាប់​ជាង​គេ មាន​ដូច​ជា ក្រសួង​ការ​បរទេស ក្រសួង​មហាផ្ទៃ ក្រសួង​អប់រំ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ជា​ដើម។

ដោយ​ឡែក ស្ថាប័ន​មួយ​ចំនួន ផ្ដោត​សំខាន់​តែ​ទៅ​លើ​សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ និង​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ដូច​ជា ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការពារ​ជាតិ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ជាដើម។ ក្រៅ​ពី​នេះ ក្រសួង​ខ្លះ​មិន​ត្រឹម​តែ​មិន​បាន​រៀប​ចំ​គេហទំព័រ​របស់​ខ្លួន​ឱ្យ​មាន​របៀប​រៀប​រយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មិន​មាន​ព័ត៌មាន​អ្វី​ក្រៅ​តែ​ពី​កិច្ច​សំណេះ​សំណាល​របស់​រដ្ឋមន្ត្រី ដូចជា​ក្រសួង​ធម្មការ និង​សាសនា និង​ក្រសួង​កិច្ចការ​នារី​ជា​ដើម។ រីឯ​ក្រសួង​សុខាភិបាល វិញ សឹង​តែ​មិន​មាន​ព័ត៌មាន​តែ​ម្តង ក្រៅ​អំពី​ទិន្នន័យ​ដែល​មាន​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១២។

បន្ថែម​ពី​លើ​នេះ ក្រសួង និង​ស្ថាប័ន​ដែល​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​មិន​អាច​ចូល​ទៅ​កាន់​គេហទំព័រ​បាន រួម​មាន ក្រសួង​យុត្តិធម៌ ក្រសួង​កសិកម្ម ក្រសួង​សង្គមកិច្ច ក្រសួង​បរិស្ថាន ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អគ្គលេខាធិការដ្ឋាន​មុខ​ងារ​សាធារណៈ។ ក្រសួង​តែ​មួយ​គត់ ដែល​មិន​មាន​គេហទំព័រ គឺ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

ជុំវិញ​បញ្ហា​គេហទំព័រ​ស្ថាប័ន​រដ្ឋ​នេះ​ដែរ កាល​ពី​ខែ​កក្កដា កន្លង​ទៅ មាន​ក្រុម​វាយ​ប្រហារ​តាម​អ៊ីនធឺណិត (Hacker) មួយ ដែល​ហៅ​ខ្លួន​ឯង​ថា ជន​អនាមិក​កម្ពុជា (Anonymous Cambodia) បាន​វាយ​ប្រហារ​ទៅ​លើ​គេហទំព័រ​របស់ គ.ជ.ប និង​ទាញ​យក​បាន​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​ទាំងអស់ រួច​ក៏​បាន​បញ្ចេញ​វា​ជា​សាធារណៈ។ ក្រុម​នេះ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ខ្លួន​វាយ​ប្រហារ និង​លួច​ទិន្នន័យ​របស់ គ.ជ.ប ថា បណ្ដាល​មក​រដ្ឋាភិបាល​បាន​បន្លំ​សន្លឹក​ឆ្នោត លម្អៀង មិន​អព្យាក្រឹត្យ ការ​អនុវត្ត​ច្បាប់​មាន​ភាព​មិន​ប្រក្រតី ការ​អនុញ្ញាត​ឱ្យ​ជនជាតិ​ដទៃ​បោះ​ឆ្នោត​ទាំង​មិន​មាន​សិទ្ធិ​ស្រប​ច្បាប់ រួម​ទាំង​រឿង​ជា​ច្រើន​ទៀត​ដែល​ពលរដ្ឋ​មិន​បាន​ដឹង។

ការ​បង្កើត​គេហទំព័រ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្នែក​ព័ត៌មាន​ដល់​សាធារណជន។ ផ្ទុយ​ទៅ​វិញ បើ​ព័ត៌មាន​ដែល​មនុស្ស​ទូទៅ​ចង់​ដឹង និង​ស្វែង​យល់ មិន​ត្រូវ​បាន​ផ្តល់ ឬ​ចែក​ចាយ​ផង​នោះ តើ​ចាំ​បាច់​ឬ​ទេ ដើម្បី​បង្កើត​គេហទំព័រ​តាម​ស្ថាប័ន​រដ្ឋ​ទាំង​ឡាយ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។