ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​កម្ពុជា​បដិសេធ​ថា​មិន​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​កម្មករ

ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ឬ​ហៅ​ថា កូរ៉េ​ខាង​ត្បូង បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ស្ថានទូត​នេះ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ប្រើ​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​វាយ​បង្ក្រាប​លើ​បាតុករ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ការ​ច្រាន​ចោល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បណ្ដាញ​សារព័ត៌មាន​បរទេស​មួយ​ចំនួន បាន​លើក​ឡើង​ថា កូរ៉េ​ខាង​ត្បូង បាន​ជំរុញ​ឲ្យ​កម្ពុជា ប្រើ​កម្លាំង​យោធា​បង្ក្រាប​លើ​ក្រុម​កម្មករ​ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ។

0:00 / 0:00

មន្ត្រី​ស្ថានទូត​កូរ៉េ​ខាង​ត្បូង ប្រចាំ​កម្ពុជា បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា ស្ថានទូត​កូរ៉េ​ខាង​ត្បូង មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​របស់​កង​កម្លាំង​អាជ្ញាធរ​កម្ពុជា វាយ​បង្ក្រាប​លើ​កម្មករ ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤​នាក់​បាត់​បង់​ជីវិត និង​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន និង​រង​របួស។

កាល​ពី​ពេល​ថ្មីៗ​នេះ បណ្ដាញ​សារព័ត៌មាន​របស់​អាមេរិក មួយ​ឈ្មោះ ហ្គូបប៊ល ប៉ុស្តិ៍ (Global post) បាន​សរសេរ​ថា កូរ៉េ​ខាង​ត្បូង បាន​លេច​មុខ​ជា​តួអង្គ​ក្រោយ​ឆាក​ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​កម្មករ។ ហ្គូបប៊ល ប៉ុស្តិ៍ បាន​សរសេរ​ទៀត​ថា ស្ថានទូត​កូរ៉េ​ខាង​ត្បូង សារភាព​ថា​បាន​ធ្វើ​យុទ្ធនាការ​ក្រោយ​ឆាក ដើម្បី​ការពារ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​របស់​ប្រជាជន​កូរ៉េ​ខាង​ត្បូង។ សារព័ត៌មាន​ដដែល​បាន​កត់​សម្គាល់​ថា យុទ្ធនាការ​ក្រោយ​ឆាក​របស់​ស្ថានទូត​កូរ៉េ​ខាង​ត្បូង នេះ បាន​ប្រែ​ក្លាយ​ជា​មាន​ការ​ប្រើ​កម្លាំង​យោធា ដើម្បី​អនុវត្ត​វិធាន​ការ​សន្តិសុខ។

នៅ​ក្នុង​លិខិត​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​ស្ថានទូត​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៤ ផ្ញើ​ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា ស្ថានទូត​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ថា ពួក​គេ​បាន​ផ្ញើ​លិខិត​ទៅ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ក្រសួង​មហាផ្ទៃ ទៅ​ក្រសួង​យុត្តិធម៌ និង​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្នុង​បំណង​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នេះ ធ្វើ​ឲ្យ​ស្ថានភាព​មាន​ភាព​ប្រក្រតី​ភាព​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង និង​ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​ទាំង​នេះ​យក​ចិត្ត​ទុក​ដាក់​អំពី​សុវត្ថិភាព​របស់​បុគ្គលិក និង​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង។

មន្ត្រី​ប្រឹក្សា​យោបល់​ស្ថានទូត​កូរ៉េ​ខាង​ត្បូង ប្រចាំ​កម្ពុជា លោក លី ហ្យុងជុង (Lee Hyung Jong) បាន​ទទួល​ស្គាល់​ថា ស្ថានទូត​របស់​លោក​បាន​ជូន​ដំណឹង​អំពី​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ និង​អ្នក​វិនិយោគ​របស់​ខ្លួន ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិត​ប្រាកដ​មែន។ លោក​ថា នេះ​ជា​រឿង​ធម្មតា​របស់​ស្ថានទូត​បរទេស។ នៅ​ពេល​ដែល​ទទួល​បាន​ដំណឹង​អំពី​ការ​បារម្ភ​ផ្សេងៗ​របស់​ពលរដ្ឋ​របស់​ខ្លួន ស្ថានទូត​ត្រូវ​ផ្តល់​ដំណឹង​នេះ​ដល់​រដ្ឋាភិបាល​ម្ចាស់​ផ្ទះ ឲ្យ​បាន​ជ្រាប។ តែ​លោក​ថា ស្ថានទូត​កូរ៉េ​ខាង​ត្បូង មិន​បាន​ផ្តល់​យោបល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ថា​ត្រូវ​ចាត់​វិធាន​ការ​ជាក់លាក់​ណា​មួយ​លើ​ក្រុម​បាតុករ​នោះ​ឡើយ។

លោក លី ហ្យុងជុង ក៏​បាន​អះអាង​ថា នៅ​ពេល​ដែល​ស្ថានទូត​កូរ៉េ​ខាង​ត្បូង ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ពី​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ និង​ក្រុមហ៊ុន​របស់​ខ្លួន ស្ថានទូត​បាន​ស្នើ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ទូទៅ ដែល​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិន​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ការពារ ឬ​យក​ចិត្ត​ទុក​លើ​ក្រុមហ៊ុន​ជាក់លាក់​ណា​មួយ​នោះ​ទេ។ ហើយ​លោក​ថា ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​យោធា​ឆត្រ​យោង​៩១១ នៅ​រោងចក្រ យ៉ាក ជីន (Yak Jin) ដែល​ជា​ក្រុមហ៊ុន​របស់​កូរ៉េ​ខាង​ត្បូង ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស កាល​ពី​ពេល​ថ្មីៗ​នោះ ពុំ​មាន​ទំនាក់ទំនង​នឹង​ការ​ផ្តល់​ព័ត៌មាន​របស់​ស្ថានទូត​ទៅ​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក លី ហ្យុងជុង បាន​អះអាង​ថា ក្រុម​របស់​លោក​បាន​ទាក់ទង​នឹង​កង​យោធា​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែ​មករា មួយ​ថ្ងៃ​ក្រោយ​ការ​បង្ក្រាប​របស់​កង​កម្លាំង​អាជ្ញាធរ​លើ​កម្មករ នៅ​ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។ លោក​ថា គោល​បំណង​នៃ​ជំនួប​នោះ គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​កម្ពុជា ជួយ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ដល់​សុវត្ថិភាព​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង មួយ​ចំនួន ដែល​ឋិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ហើយ​ដែល​ម្ចាស់​ក្រុមហ៊ុន​ទាំង​នោះ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ក្រុមហ៊ុន​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។