គ្រូបង្រៀននៅអនុវិទ្យាល័យ ស្រែអង្គ្រង ក្នុងស្រុកកូនមុំ ខេត្តរតនគិរី យល់ព្រមចូលបង្រៀនសិស្សដូចធម្មតាវិញហើយ បន្ទាប់ពីក្រុមការងារមន្ទីរអប់រំ ចុះសម្របសម្រួលផ្តល់សម្ភារៈសម្រាប់បង្រៀនសិស្សឡើងវិញ។ ចំណែកមន្ទីរអប់រំ ក៏បានបញ្ចប់ការស៊ើបអង្កេតទៅលើពាក្យប្ដឹងរបស់គ្រូ ទាក់ទិននឹងភាពអសកម្មរបស់នាយកអនុវិទ្យាល័យនោះដែរ។
រហូតមកទល់នឹងថ្ងៃទី១៧ ខែកុម្ភៈ នេះ នាយកអនុវិទ្យាល័យ ស្រែអង្គ្រង នៅតែមិនទាន់មកធ្វើការ និងមិនទាន់សងប្រាក់ថ្លៃទិញសម្ភារៈផ្គត់ផ្គង់ការបង្រៀនរបស់គ្រូនៅឡើយ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី បានដឹកនាំក្រុមការងារចុះសម្របសម្រួលឲ្យគ្រូនៅអនុវិទ្យាល័យ ស្រែអង្គ្រង ដែលមិនមកបង្រៀនសិស្ស ឲ្យចូលបំពេញការងារដូចប្រក្រតី និងបានដោះស្រាយផ្តល់សម្ភារៈសម្រាប់បង្រៀនសិស្សជាបណ្ដោះអាសន្ន ខណៈមន្ទីរនេះកំពុងរៀបចំដោះស្រាយបណ្ដឹងរបស់គ្រូ និងគណៈកម្មការទ្រទ្រង់អនុវិទ្យាល័យ ស្រែអង្គ្រង ដែលទាមទារឲ្យប្ដូរនាយកអនុវិទ្យាល័យ ដែលមិនមកធ្វើការច្រើនខែ និងទាមទារឲ្យនាយកអនុវិទ្យាល័យនេះ សងប្រាក់ផ្គត់ផ្គង់សម្ភារៈបង្រៀនមកសាលាវិញ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី អ្នកស្រី ចាន់ ខាន់ឃឿ ថ្លែងបញ្ជាក់ថា លទ្ធផលអង្កេតភាពមិនប្រក្រតីរបស់នាយកអនុវិទ្យាល័យ ស្រែអង្គ្រង ឋិតនៅក្នុងចំណាត់ការរបស់គណៈកម្មការវិន័យរបស់មន្ទីរអប់រំខេត្ត និងក្រសួងអប់រំ ក៏ប៉ុន្តែអ្នកស្រីមិនអធិប្បាយយ៉ាងណាជុំវិញចំណាត់ការទៅលើរបាយការណ៍ស៊ើបអង្កេតនោះនៅឡើយ។ អ្នកស្រីឲ្យដឹងថា ដំណើរការបង្រៀនសិស្សនៅអនុវិទ្យាល័យ ស្រែអង្គ្រង ប្រព្រឹត្តទៅដូចធម្មតា និងមានមន្ត្រីទទួលខុសត្រូវបណ្ដោះអាសន្ន ដើម្បីចាត់ចែងការងារនៅអនុវិទ្យាល័យនេះហើយ៖ « បានន័យថា ព័ត៌មានខ្ញុំបានអស់ហើយ នៅតែប្រជុំក្រុមប្រឹក្សាវាយតម្លៃលក្ខណៈសម្បត្តិរបស់មន្ត្រី។ រឿងសាលា យើងបានដោះស្រាយរួចហើយ គេកំពុងដឹកនាំសកម្មភាព ទោះបីនាយកមិនមក លេខាសាលាដឹកនាំដំណើរការ »។
កាលពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៥ ខែមករា គ្រូបង្រៀនទាំងអស់នៅអនុវិទ្យាល័យ ស្រែអង្គ្រង បាននាំគ្នាមិនមកបង្រៀនសិស្ស ក្រោមហេតុផលបីយ៉ាង រួមមាន គ្មានសម្ភារៈប្រើប្រាស់សម្រាប់បង្រៀនសិស្ស នាយកអនុវិទ្យាល័យមិនមកធ្វើការច្រើនខែ និងអាក់អន់ចិត្តចំពោះក្រុមការងារស៊ើបអង្កេតមន្ទីរអប់រំ បានស្ដីបន្ទោស និងគំរាមកំហែងគ្រូដែលបានធ្វើការតវ៉ាទាមទារប្ដូរនាយកអនុវិទ្យាល័យ។ គ្រូមួយចំនួន បានបន្តមិនចូលបង្រៀនកាលពីដើមសប្ដាហ៍នេះ ដោយសារតែគ្មានហ្វឺតសម្រាប់សរសេរបង្រៀនសិស្ស។
ទាក់ទិនករណីនេះ ប្រធានការិយាល័យអប់រំស្រុកកូនមុំ លោក ផន សុភាព មានប្រសាសន៍ថា លោកនៅតែបារម្ភ ខណៈមន្ទីរអប់រំ មិនទាន់ឆ្លើយតបជាវិជ្ជមានចំពោះពាក្យប្ដឹងតវ៉ារបស់គ្រូ និងគណៈកម្មការទ្រទ្រង់សាលា ដែលសុំឲ្យប្ដូរនាយកអនុវិទ្យាល័យ និងទាមទារឲ្យនាយកអនុវិទ្យាល័យសងប្រាក់ផ្គត់ផ្គង់សម្ភារៈបង្រៀនមកសាលាវិញ។ លោកថា គ្រូសុខចិត្តចូលបង្រៀនបណ្ដោះអាសន្ន តាមការសម្របសម្រួលរបស់មន្ទីរអប់រំ ក៏ប៉ុន្តែប្រសិនបើការដោះស្រាយអូសបន្លាយពេលយូរទៀត គ្រូទាំងនោះទំនងនឹងបន្តការតវ៉ាជាថ្មីទៀត៖ « បាក់ទឹកចិត្ត អ្នកអត់ធ្វើការនៅដដែល អ្នកខំធ្វើការចេះតែរឿង។ ខ្ញុំបារម្ភថាខ្លាចលោកគ្រូអ្នកគ្រូយកតម្រាប់តាមនាយក បិទទ្វារសាលាអត់ធ្វើដែរ។ តើទៅដាក់កំហុសគេម៉េចកើត ?»។
ដូចគ្នានេះដែរ គ្រូបង្រៀនឈ្មោះ មុំ រ៉ា បញ្ជាក់ឲ្យដឹងថា គ្រូទាំងអស់នៅតែបន្តទាមទារឲ្យប្ដូរនាយកអនុវិទ្យាល័យចេញ ដោយសារតែគ្រូនៅអនុវិទ្យាល័យនេះអស់ជំនឿលើការដឹកនាំរបស់នាយកអនុវិទ្យាល័យនេះហើយ។ លោកស្នើសុំឲ្យមន្ត្រីមន្ទីរអប់រំខេត្ត ចាត់ការដោះស្រាយការទាមទាររបស់គ្រូ និងគណៈកម្មការទ្រទ្រង់សាលាឲ្យបានឆាប់ និងជ្រើសរើសនាយកថ្មីបន្តដឹកនាំអនុវិទ្យាល័យនេះឡើងវិញ៖ « រឿងថាដោះស្រាយយ៉ាងណា គាត់អត់ទាន់សម្រេចទេ។ គាត់នៅប្រជុំសម្រេចនៅខាងមន្ទីរ និងឆ្លងក្រសួងទៀត។ គាត់ដោះស្រាយចំពោះមុខ។ ពួកខ្ញុំនៅតែរក្សាជំហរផ្លាស់ប្ដូរគាត់ចេញ ព្រោះអត់ចេះធ្វើការជាមួយគ្នាកើតទេ »។
យ៉ាងណាក៏ដោយ នាយកអនុវិទ្យាល័យ ស្រែអង្គ្រង លោក ឯក ពិសី ដែលរងការចោទប្រកាន់នោះ ទទួលស្គាល់ជាថ្មីថា លោកពិតជាមានកំហុស និងសុំកែប្រែកំហុស ហើយសន្យាថានឹងមិនឲ្យកើតមានកំហុសនេះទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
