តំណាង​និស្សិត​ស្នើ​ដាក់​មុខ​វិជ្ជា​ទស្សនវិជ្ជា​ចូល​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​វិទ្យាល័យ

0:00 / 0:00

និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដាក់​ញត្តិ​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​ជាតិ​អប់រំ ដើម្បី​ទាមទារ​ដាក់​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា ចូល​ទៅ​ក្នុង​កម្មវិធី​បង្រៀន​ថ្នាក់​វិទ្យាល័យ។ មន្ត្រី​ក្រសួង​អប់រំ ព្រម​ទទួល​យក​ញត្តិ និង​សន្យា​ឆ្លើយ​តប​ក្រុម​និស្សិត​នៅ​ពេល​ក្រោយ។

យុវជន ឌី ដារ៉ូ តំណាង​និស្សិត​ទស្សនវិជ្ជា ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​យក​ញត្តិ​ដាក់​ជូន​ក្រសួង​អប់រំ ឲ្យ​ដឹង​ថា មន្ត្រី​រដ្ឋបាល​ក្រសួង​អប់រំ បាន​ទទួល​យក​ញត្តិ​ពួក​គេ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា និង​សន្យា​ឆ្លើយ​តប​សំណូមពរ​នា​ពេល​ខាង​មុខ។

តំណាង​និស្សិត​រូប​នេះ​បញ្ជាក់​ថា គោល​បំណង​ដាក់​ញត្តិ គឺ​ចង់​ឲ្យ​ក្រសួង​អប់រំ ដាក់​មុខ​វិជ្ជា​ទស្សនវិជ្ជា នៅ​ដាច់​ដោយ​ឡែក​ពី​មុខ​វិជ្ជា​ផ្សេង​នៅ​ក្នុង​កម្មវិធី​សិក្សា​សិស្ស​ថ្នាក់​វិទ្យាល័យ៖ «អ្វី​ដែល​ពួក​យើង​ទាមទារ​ហ្នឹង គឺ​ដាក់​ទស្សនវិជ្ជា​ចូល​ទៅ​សិស្ស​វិទ្យាល័យ។ ភ្ជាប់​ជាមួយ​ហ្នឹង​ដែរ គឺ​អត់​ឲ្យ​មុខ​វិជ្ជា​ដទៃ​ក្រៅ​ពី​មុខ​វិជ្ជា​ទស្សនវិជ្ជា​ហ្នឹង ប្រឡង​ចូល​ទៅ​ក្នុង​មុខ​វិជ្ជា ដើម្បី​ទៅ​បង្ហាត់​មុខ​វិជ្ជា​ទស្សនវិជ្ជា។ អត់​ឲ្យ​មុខ​វិជ្ជា​ផ្សេង ឧទាហរណ៍​ច្បាប់ ឬ​សង្គម ជាដើម ទៅ​ប្រឡង​ចូល​បង្ហាត់​មុខ​វិជ្ជា​ទស្សនវិជ្ជា ពីព្រោះ​មូលដ្ឋាន​របស់​ទស្សនវិជ្ជា​ហ្នឹង មូលដ្ឋានគ្រឹះ​របស់​វា អ្នក​ទស្សនវិជ្ជា​បាន​រៀន ប៉ុន្តែ​ពួក​រៀន​ច្បាប់ និង​សង្គម​មួយ​ចំនួន​ហ្នឹង គាត់​អាច​ប្រឡង​ចូល​ដែរ ដែល​ធ្វើ​ឲ្យ​ពួក​យើង​ពិបាក​ប្រណាំង​ប្រជែង​ការងារ​ជាដើម»

ក្នុង​កម្មវិធី​សិក្សា​នៅ​វិទ្យាល័យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពុំ​មាន​មុខ​វិជ្ជា​ទស្សនវិជ្ជា​ដាច់​ដោយ​ឡែក​ឡើយ គឺ​មាន​បញ្ជ្រាប​បន្តិចបន្តួច​ចូល​ទៅ​ក្នុង​មុខ​វិជ្ជា​សិក្សា​សង្គម។

ទាក់ទិន​បញ្ហា​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​សាទរ​ចំពោះ​សំណើ​របស់​ក្រុម​និស្សិត ដោយ​លោក​ចាត់​ទុក​ថា មុខ​វិជ្ជា​ទស្សនៈ​ជា​មុខ​វិជ្ជា​ដ៏​មាន​សារសំខាន់​សម្រាប់​យុវជន ព្រោះ​បាន​បណ្ដុះ​គំនិត​ដល់​យុវជន​ទូទៅ​ឲ្យ​មាន​គំនិត​ស្នេហា​ជាតិ៖ «លើស​ពី​ហ្នឹង​ថែម​ទៀត ខ្ញុំ​ចង់​ឲ្យ​ក្រសួង​អប់រំ ហ្នឹង ត្រូវ​តែ​ដំឡើង​ពិន្ទុ​ទៅ​លើ​ប្រវត្តិវិទ្យា ដូចជា​ទស្សនវិជ្ជា​សព្វ​បែប​យ៉ាង​ឲ្យ​ស្មើ​ទៅ​នឹង​ពិន្ទុ​មុខ​វិជ្ជា​គណិតវិទ្យា ឬ​មុខ​វិជ្ជា​ខ្មែរ ដើម្បី​ឲ្យ​ទាក់ទាញ​ឲ្យ​សិស្សានុសិស្ស​យក​ចិត្ត​ទុក​ដាក់​រៀនសូត្រ នូវ​មុខ​វិជ្ជា​ទស្សនវិជ្ជា ព្រោះ​យើង​គិត​ថា មុខ​វិជ្ជា​ហ្នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បង្កើត ឬ​បណ្ដុះ​នូវ​គំនិត​ស្នេហា​ជាតិ»

យ៉ាង​ណា​ក៏ដោយ មិន​ទាន់​មាន​ចម្លើយ​ពី​ថ្នាក់​ដឹក​នាំ​មន្ត្រី​ក្រសួង​អប់រំ ទៅ​លើ​ញត្តិ​របស់​តំណាង​ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភ្នំពេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ក្រសួង​អប់រំ ដែល​ចេញ​ទទួល​យក​ញត្តិ​និស្សិត បាន​សន្យា​ថា នឹង​ដាក់​ញត្តិ​ជូន លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ពិនិត្យ និង​ផ្តល់​ចម្លើយ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។