និស្សិតប្រមាណជិត ១០០នាក់ នៅព្រឹកថ្ងៃទី១៤ កុម្ភៈ បានយកចំណីអាហារមានដូចជា នំបុ័ង ផ្លែឈើ និងអាហារផ្សេងទៀត ទៅចែកជូនកុមារអនាថាជិត ៣០០នាក់ នៅអង្គការផ្ទះបាយកុមារ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ក្រុងភ្នំពេញ។
ការបង្កើតវប្បធម៌ចែករំលែកចំណីអាហារ និងសម្ភារៈសិក្សានេះ នៅស្របពេលស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិលនានា លើកទឹកចិត្តយុវជន ឲ្យធ្វើសកម្មភាពជាវិជ្ជមានសម្រាប់ខ្លួន និងសង្គម។
និស្សិតមួយក្រុមនៃសាកលវិទ្យាល័យមួយនៅភ្នំពេញ យកទិវានៃក្តីស្រឡាញ់ បង្កើតជាកម្មវិធីចែកអាហារ សៀវភៅ ប៉ិច និងសម្ភារៈសិក្សាផ្សេងៗជូនកុមារអនាថាដែលគ្មានឪពុកម្ដាយ និងបាត់ឱកាសសិក្សា ដើម្បីបង្ហាញពីក្តីស្រឡាញ់ ផ្តល់ភាពកក់ក្តៅ ក្នុងន័យបញ្ជាក់ថា កុមារទាំងនោះមិនឯកាឡើយ។
កុមារីដែលមានមាឌតូចល្អិត សក់រួញអង្គាដី សម្បុរស្រអែម និងជាអតីតអ្នកសុំទាននៅម្តុំស្តុបកាណាឌីយ៉ា និយាយថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលមាននិស្សិតប្រុសស្រី យកអាហារ បាយទឹក នំចំណី ត្រីសាច់ និងសម្ភារៈសិក្សាផងនោះ មកចែកឲ្យនាង និងក្មេងដទៃផ្សេងទៀត។ ការចែករំលែកនេះ បណ្ដាលឲ្យនាងទទួលអារម្មណ៍ថា នាងមានភាពកក់ក្តៅ មានអ្នកយកចិត្តទុកដាក់ខ្វាយខ្វល់ពីនាង និងនាងចង់ឲ្យយុវជន និងប្រជាពលរដ្ឋខ្មែរផ្សេងទៀត កុំមាក់ងាយនាង និងកុមារអនាថាដទៃទៀត៖ « កាលពីមុន ពួកខ្ញុំអ្នកសុំ និងរើសអេតចាយ។ កាលនៅតូចៗ ដល់ពេលមកទីនេះ គាត់ឲ្យលុយទៅរៀនខ្មែរ ទៅរៀនអង់គ្លេស មួយថ្ងៃពីរពាន់ និងគាត់ឲ្យអង្ករ។ ចឹងទៅពួកខ្ញុំអត់ខ្វះខាតទៀតទេ។ ចង់លេងជាមួយពួកគាត់បានយូរ និងចង់ឲ្យពួកគាត់មករាល់ឆ្នាំ »។
និស្សិតផ្នែកភាសាអង់គ្លេសសម្រាប់ការបង្រៀន កញ្ញា មាស ស៊ីណាន លើកឡើងថា ការយកថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ធ្វើសកម្មភាពសប្បុរសធម៌ និងការបណ្ដុះវប្បធម៌នៃការឲ្យសៀវភៅ និងសម្ភារៈសិក្សានេះ គឺជាទស្សនទានមួយដែលល្អប្រសើរចំពោះប្រជាពលរដ្ឋកម្ពុជា។ ការបង្ហាញពីភាពស្និទ្ធស្នាលជាមួយកុមារតូចៗនៅតាមភ្លើងស្តុប គំនរសំរាម និងកុមារអនាថាដទៃផ្សេងទៀត គឺជាជ្រុងនៃគំនិតមួយ ដែលបង្ហាញពីការមិនរើសអើងចំពោះកុមារ និងចង់បង្ហាញថា កុមារជាសរសៃឈាមសំខាន់ចំពោះសង្គមជាតិ ក្នុងការអភិវឌ្ឍនាពេលអនាគត។ កុមារគួរតែត្រូវបានការគាំពារពីគ្រួសារ រដ្ឋាភិបាល និងមនុស្សជុំវិញ ដើម្បីកុមារទទួលបានការសិក្សាត្រឹមត្រូវ៖ « ខ្ញុំសង្ឃឹមថា វាគឺជាផ្នែកមួយដ៏សំខាន់ដើម្បីអាចផ្លាស់ប្ដូរយុវជនមួយចំនួន កុំឲ្យគាត់យកថ្ងៃនេះទៅប្រព្រឹត្តរឿងផ្សេង។ ក្តីស្រឡាញ់មានច្រើន។ ចឹងយើងអាចយកក្តីស្រឡាញ់ហ្នឹងទៅចែកឲ្យមនុស្សជុំវិញខ្លួនយើង ពិសេសអ្នកដែលមានស្ថានភាពក្រីក្រជាងយើង »។
កញ្ញាបន្ថែមថា កម្ពុជា ត្រូវធ្វើជាកន្លែងមួយដែលអាចផ្តល់ឱកាសជូនកុមារអនាថាគ្រប់រូប ផ្តល់អាហារទទួលទានដែលមានអនាម័យល្អ មានសេវាថែទាំសុខភាព បណ្ដុះឲ្យក្មេងមានភាពឆ្លាតវៃ និងទទួលបានសេវានៃការអប់រំដែលមានគុណភាព។
ប្រធានអង្គការផ្ទះបាយកុមារ លោក ង៉ូវ ឆីវ មានប្រសាសន៍ថា ការយកអំណោយជាសម្ភារៈសិក្សាមកចែកដល់កុមារកំព្រានៅក្នុងទិវានៃក្តីស្រឡាញ់នេះ ជាកាដូលួងចិត្តដ៏ស័ក្ដិសិទ្ធិមួយចំពោះក្មេងអនាថា ដែលបាត់ឱកាសសិក្សា និងគ្មានអាណាព្យាបាលថែទាំត្រឹមត្រូវដូចក្មេងដទៃផ្សេងទៀត៖ « សេចក្តីត្រូវការរបស់កុមារ គឺក្តីស្រឡាញ់។ ការយល់របស់គេចំពោះកុមារ ជំនួយជាសម្ភារៈសិក្សាល្អហើយ ប៉ុន្តែសំខាន់ជាងនេះ គឺក្តីស្រឡាញ់ចំពោះកុមារ។ ពួកគេមករៀបបាយទឹកសម្រាប់កុមារ »។
លោកបន្ថែមថា នៅក្នុងអង្គការរបស់លោក គឺមានក្មេងអនាថាជាង ៤០០នាក់ ដែលមកទទួលទានអាហាររាល់ថ្ងៃ និងកុមារខ្លះ លោកបានផ្តល់ឱកាសឲ្យទទួលបានការសិក្សាច្បាស់លាស់។ កុមារទាំងនោះ កុមារខ្លះស្នាក់នៅក្នុងអង្គការរបស់លោក ប៉ុន្តែកុមារខ្លះទៀត គ្រាន់តែមកទទួលអាហារប្រចាំថ្ងៃនៅអង្គការរបស់លោកតែប៉ុណ្ណោះ។
ក្រសួងវប្បធម៌ និងក្រសួងអប់រំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានចេញសេចក្តីប្រកាសថា ទិវានៃក្ដីស្រឡាញ់នៅកម្ពុជា គួរជាឱកាសនៃការបណ្ដុះនូវវប្បធម៌ចែកចាយ និងបង្ហាញពីក្តីស្រឡាញ់ ដែលកើតចេញពីសន្តានចិត្តដ៏ស្មោះសរចំពោះមនុស្សដែលរស់នៅជុំវិញខ្លួន មានជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ កុមារអនាថា និងចំពោះមនុស្សដែលរស់នៅក្នុងសង្គមជាមួយគ្នា មានជារួម ជនពិការ និងប្រជាពលរដ្ឋដែលមានស្ថានភាពក្រីក្រដែលរស់នៅតាមទីជនបទដាច់ស្រយាល។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំ បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីផ្តល់ឱកាសសម្រាប់ក្មេងអនាថាដែលគ្មានឱកាសសិក្សា។ ប្រការដែលសំខាន់ ដើម្បីឲ្យក្មេងៗបានចូលរៀន គឺត្រូវមានការចូលរួមលើកចិត្តកុមារពីឪពុកម្តាយរបស់កុមារផ្ទាល់។ ពួកគាត់ត្រូវតែតាំងចិត្ត និងផ្តល់ឱកាសឲ្យកូនបានរៀន។
ទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ នៅកម្ពុជា ត្រូវបានកាសែតបរទេសមួយចំនួនចុះផ្សាយថា ជាថ្ងៃដ៏គ្រោះថ្នាក់សម្រាប់យុវជន ដោយសារយុវជនយុវនារីមួយចំនួន បានយកថ្ងៃនេះជាថ្ងៃសម្រាប់បញ្ជាក់ពីសេចក្តីស្នេហារបស់ខ្លួន និងយុវជនខ្លះ ឈានដល់ការរួមភេទក៏មាន។
នៅភ្នំពេញ ទិវាក្តីស្រឡាញ់ ១៤ កុម្ភៈ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិលជាច្រើន បង្កើតកម្មវិធីសប្បុរសធម៌នានាក្នុងគោលដៅបណ្ដុះវប្បធម៌នៃការចែករំលែក និងបង្ហាញពីសេចក្តីស្រឡាញ់ដ៏ស្មោះសរចំពោះមនុស្សជុំវិញខ្លួន ពិសេសក្មេងកំព្រា និងប្រជាពលរដ្ឋដែលមានស្ថានភាពក្រីក្រលំបាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
