ប្រជាពលរដ្ឋរស់នៅភូមិស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្អូញត្អែរពីសកម្មភាពជំរិតយកប្រាក់ពីមន្ត្រីយោធា និងបក្ខពួកមួយក្រុមជាអ្នកការពារក្រុមហ៊ុនឯកជន។ ការជំរិតទារប្រាក់នេះ ធ្វើឡើងខណៈប្រជាពលរដ្ឋចូលព្រៃរកឧស និងឈើប្រើប្រាស់តាមប្រពៃណីសហគមន៍។
មន្ត្រីក្រុមប្រឹក្សាឃុំស្រែគរ នៅថ្ងៃអង្គារ ទី១៩ ខែសីហា អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ស៊ើបអង្កេតករណីយោធាដែលបានចាត់ឲ្យទៅការពារក្រុមហ៊ុនឯកជន ហើយប្រើប្រាស់អាវុធគំរាមប្រជាពលរដ្ឋ។
មេឃុំស្រែគរ លោក សៀក មេគង្គ រៀបរាប់ថា បុរសឈ្មោះ អ៊ិន សាមុន ជាយោធានៃកងវរៈ៤១២ ត្រូវបានគេចាត់មកធ្វើជាកងសន្តិសុខក្រុមហ៊ុនសម្បទានឈ្មោះ ភូមិមាឌី មានទីតាំងនៅជាប់នឹងភូមិស្រែគរ។ លោកបន្តថា មន្ត្រីយោធានេះដឹកនាំក្រុមសន្តិសុខក្រុមហ៊ុន ចាប់បង្ខំប្រជាពលរដ្ឋទារប្រាក់ពី ១០ម៉ឺនរៀលទៅ ១០០ដុល្លារ ខណៈដែលអ្នកភូមិចូលទៅក្នុងបរិវេណដីក្រុមហ៊ុនប្រមូលយកឈើដែលក្រុមហ៊ុនឈូសឆាយពីដីសម្បទាន៖ «យកទាហានមកការពារហ្នឹង កាំភ្លើងមួយដើម។ តាមឯកឧត្តម ស ខេង មានប្រសាសន៍អត់ឲ្យមានកាំភ្លើងមានអាវុធ អត់មានអាវុធហត្ថ ឬក៏ប៉ូលិសទាហានទៅការពារទេ ប៉ុន្តែចុងក្រោយបំផុត គ្រាន់បានតែថា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងព្រមានជាសាធារណៈ មិនឲ្យយកកងប្រដាប់អាវុធរាជរដ្ឋាភិបាល ទៅបម្រើឲ្យក្រុមហ៊ុនឯកជននោះឡើយ។ ច្រើនឆ្នាំកន្លងទៅ មានសេចក្តីរាយការណ៍ជាច្រើនដែលអះអាងថា មន្ត្រីប្រដាប់អាវុធត្រូវគេប្រើប្រាស់សម្រាប់កាងការពារក្រុមហ៊ុន ដូចជា យោធា កងរាជអាវុធហត្ថ និងនគរបាលប្រដាប់អាវុធ បន្ទាប់មកមន្ត្រីប្រដាប់អាវុធទាំងនោះ តែងគំរាម និងបង្ករបួសស្នាមប្រឆាំងប្រជាពលរដ្ឋ ហើយការពារផលប្រយោជន៍ក្រុមហ៊ុន។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក អ៊ិន សាមុន ទទួលស្គាល់ថា ពិតជាបានទារប្រាក់ពីប្រជាពលរដ្ឋមែន ពីព្រោះនេះជាបញ្ជារបស់មេការក្រុមហ៊ុន។ លោកបន្តថា ប្រជាពលរដ្ឋតែងនាំគ្នាមកអារច្រៀកឈើដែលក្រុមហ៊ុនប្រមូលបានពីការឈូសឆាយដីសម្បទាន ហើយក្រុមហ៊ុនមិនអាចរារាំងបាន៖ «ខាងក្រុមហ៊ុន តើម៉េចសួរខ្ញុំសួររកមេការក្រុមហ៊ុនទៅ ខ្ញុំសន្តិសុខក្រុមហ៊ុនតើ អើបើខ្ញុំមិនចាប់ជំរិតយកលុយក្រៅទឹកដីក្រុមហ៊ុន ក៏ខ្ញុំមិនជំរិតដែរ នេះទឹកចូលក្នុងទឹកដីក្រុមហ៊ុនណា»។
ផ្ទុយពីការលើកឡើងនេះ មេការក្រុមហ៊ុន ភូមិមាឌី លោក សុខ ផល អះអាងថា លោកបានណែនាំឲ្យសន្តិសុខក្រុមហ៊ុនការពារឈើ កុំឲ្យប្រជាពលរដ្ឋចូលយក ក៏ប៉ុន្តែរឿងជំរិតទារប្រាក់ពីប្រជាពលរដ្ឋ លោកមិនបានដឹងទេ។ ដោយឡែក លោកក៏បានទទួលព័ត៌មានពីមេឃុំស្ដីពីករណីទារប្រាក់នេះដូចគ្នា៖ «ពួកហ្នឹងប្រហែលលួចលាក់ពីខ្ញុំហើយ ខ្ញុំថាទី១ចាប់ព្រមាន បើនៅតែធ្វើទៀត ខ្ញុំចាប់បញ្ជូនកាឡេថង ឬម៉ាស៊ីន និងមនុស្សឲ្យមេព្រៃហើយ។ អត់ស្អីទេ ចាំខ្ញុំហៅពួកវាមកនិយាយម្តងទៀត អត់ឲ្យធ្វើអ៊ីចឹងទេ»។
យ៉ាងនេះក្តី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ចាត់ទុកការប្រើប្រាស់មន្ត្រីយោធាធ្វើជាសន្តិសុខការពារក្រុមហ៊ុន គឺផ្ទុយទៅនឹងបទបញ្ជាលោកនាយករដ្ឋមន្ត្រី ដែលមិនអនុញ្ញាតឲ្យកម្លាំងរាជរដ្ឋាភិបាលទៅបម្រើការងារឲ្យក្រុមហ៊ុនឯកជន ហើយប្រើអំណាចយោធារំលោភសិទ្ធិប្រជាពលរដ្ឋ។ លោកអំពាវនាវឲ្យថ្នាក់ដឹកនាំយោធាខេត្ត ត្រួតពិនិត្យ និងបញ្ឈប់កុំឲ្យមានកងយោធាបម្រើការងារឲ្យក្រុមហ៊ុនឯកជនតទៅទៀត៖ «គឺខាងក្រុមហ៊ុន ខាងទាហានហ្នឹង គាត់រំលោភសិទ្ធិប្រជាពលរដ្ឋសិទ្ធិខាងសង្គមសេដ្ឋកិច្ច សិទ្ធិរស់រានមានជីវិតរបស់ពួកគាត់។ ប្រជាពលរដ្ឋរស់នៅទីនោះ គាត់ពឹងលើអាស្រ័យផលព្រៃឈើបន្តិចបន្តួច ប្រសិនក្រុមហ៊ុនបិទអស់ អ៊ីចឹងគាត់អត់មានអ្វីរកស៊ីទេ»។
មេបញ្ជាការយោធាខេត្តស្ទឹងត្រែង លោក ស្វាយ ញ៉ន បដិសេធថា យោធាវរៈ៦១២ មិនឋិតក្រោមការគ្រប់គ្រងរបស់យោធាខេត្តនោះទេ គឺនៅចំណុះក្នុងយោធភូមិភាគ១ ខេត្តស្ទឹងត្រែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
