កម្មករកម្មការិនីរោងចក្រកាត់ដេរកំចាយមារ នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រមាណ ២.០០០នាក់ នៅព្រឹកថ្ងៃទី១២ កញ្ញា បានប្រមូលផ្ដុំគ្នានៅខាងមុខរោងចក្រ ធ្វើកូដកម្មតវ៉ាទាមទារឲ្យថៅកែដោះស្រាយលក្ខខណ្ឌការងារចំនួន ១៤ចំណុច។ ការធ្វើកូដកម្មនេះ កើតឡើងបន្ទាប់ពីពួកគេទាមទារជាច្រើនលើក ពុំទទួលបានលទ្ធផល។
ក្រុមកម្មករទាំងនោះប្រដាប់ដោយឧបករណ៍បំពងសំឡេង កម្មករខ្លះអង្គុយ ខ្លះឈរបែកញើសសស្រាក់ ស្រែកតវ៉ា ថ្លែងពីទុក្ខលំបាក និងទាមទារលក្ខខណ្ឌការងារសំខាន់ៗមានជាអាទិ៍ ទាមទារឲ្យភាគីរោងចក្រដំឡើងឡូបន្ថែម ១.២០០រៀលលើតម្លៃឡូដែលមានស្រាប់ ស្នើឲ្យក្រុមហ៊ុនចេញតម្លៃឡូគ្រប់ប្រភេទសម្លៀកបំពាក់ទៅឲ្យកម្មករចូលថ្មី បន្ទាប់ពីធ្វើការងារមួយសប្ដាហ៍ ឯការថែមម៉ោង ត្រូវគោរពគោលការណ៍ស្ម័គ្រចិត្ត ស្នើឲ្យក្រុមហ៊ុនដកជនជាតិចិន ម្នាក់ឈ្មោះ មីង យៀក ចេញពីរោងចក្រ និងណែនាំជនជាតិចិន ម្នាក់ឈ្មោះ ចែ ភិង ព្រមទាំងស្នើឲ្យភាគីរោងចក្រ ធ្វើកិច្ចសន្យាការងារមិនកំណត់ ចំពោះកម្មករណាដែលមានអតីតភាពការងារចាប់ពី ២ឆ្នាំឡើងទៅ ជាដើម។
តំណាងកម្មករម្នាក់ គឺអ្នកស្រី សំ គន្ធា ថ្លែងនៅខាងមុខរោងចក្រនៅថ្ងៃទី១២ កញ្ញា ថា ហេតុដែលពួកគេធ្វើកូដកម្មតវ៉ាជាមួយភាគីក្រុមហ៊ុននេះ ដោយសារធ្វើការងារក្នុងរោងចក្រជួបការលំបាក អត់ទ្រាំមិនបានជាច្រើនខែមកហើយ ហើយបានស្នើឲ្យភាគីរោងចក្រកែលំអលក្ខខណ្ឌការងារជាបន្តបន្ទាប់ តែគ្មានដំណោះស្រាយ។ អ្នកស្រីបន្តថា ក្រុមហ៊ុនមិនត្រឹមតែមិនដោះស្រាយទេ ថែមទាំងបញ្ឈប់កម្មករណាដែលតវ៉ាខណៈបំពេញការងារដោយសេរីទៀត៖ «មុនដំបូង គេតវ៉ាអ៊ីចឹងដែរ គេតវ៉ា ហើយគេថាអ៊ីចេះ ហឺ! ធ្វើសិនទៅ ដូចថាធ្វើម៉ូកផងដេរផង ដេរផងអ៊ីចឹងម៉ាថ្ងៃបានប៉ុន្មានក៏បានដែរ។ ដល់ពេលថ្ងៃក្រោយមកដល់ពេលថាហឺ! អាវខូចបន្តិចបន្តួច ក៏គេអ្នកជួយដែរគេអ្នកទទួលស្គាល់ដែរ ដល់ពេលខ្ញុំខូចអាវតែ២សោះ គេអត់ទទួល។ ហ្នឹងហើយដល់ពេលអ៊ីចឹង គេថាបើយើងធ្វើអាវខូច គេកាត់លុយអាវមួយ ៥រៀល ហើយដូចពីម្សិល គេចាប់កាតខ្ញុំទុកតើ»។
អ្នកស្រីបន្តថា ភាគីរោងចក្រតែងតែគាបសង្កត់កេងចំណេញកម្លាំងពលកម្ម ដោយឲ្យកម្មករធ្វើការទាំងបង្ខំ ហើយប្រើពាក្យអសុរោះពេលបំពេញការងារ ចាត់ទុកកម្មករដូចសត្វធាតុ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីផ្នែករដ្ឋបាលរោងចក្រ អ្នកស្រី ចាន់ ឆវណ្ណ មានប្រសាសន៍បញ្ជាក់ថា ភាគីរោងចក្រមិនបានប្រើពាក្យគំរោះគំរើយ ហើយបង្ខំកម្មករឲ្យធ្វើការងារដោយគ្មានប្រណី ដូចការលើកឡើងនោះទេ។ អ្នកស្រីបន្តថា ការទាមទាររបស់ក្រុមកម្មករ ធ្វើឡើងដោយមានការញុះញង់ពីមន្ត្រីសហជីព ដើម្បីចំណេញផលប្រយោជន៍។
អ្នកស្រី ចាន់ ឆវណ្ណ៖ «ពីមុនដូចថាគាត់មានចែកលំដាប់ការងារ គាត់លើផ្នែកនីមួយៗអ៊ីចឹងណាស់! ក៏ប៉ុន្តែដល់ពេលម៉ារយៈក្រោយមក គឺមានការដូចថាចង់ឲ្យគាត់ដេរអាវដូចថាទាំងមូលៗអ៊ីចឹងណាស់លោកពូ។ ក៏ប៉ុន្តែ ក្នុងការដែលយើងសាកល្បងហ្នឹងរយៈពេលកន្លះខែ ដល់ពេលកម្មករគាត់ធ្វើអត់បានអ៊ីចឹង គាត់ក៏លើកមតិឡើង គាត់ថាបើសិនថាឲ្យគាត់ដេរទាំងមូលអ៊ីចឹង គឺបានន័យថា គាត់ដេរឡូអត់បានទេ។ ខាងក្រុមហ៊ុនក៏បញ្ជាក់ទៅលើគាត់វិញ ខ្ញុំបញ្ជាក់ថា បើសិនគាត់ដេរអត់បាន គឺពួកយើងអត់មានការបង្ខំលើគាត់ទេ ដោយការស្ម័គ្រចិត្ត»។
ទោះជាយ៉ាងនេះក្ដី អ្នកស្រីថា ភាគីរោងចក្រនឹងប្រជុំដោះស្រាយសំណើមួយចំនួនតាមការទាមទាររបស់ក្រុមកម្មករ ដូចជា ការដំឡើងថ្លៃឡូជាដើម។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីផ្នែកច្បាប់សហជីព ស៊ីខៅឌូ (CCAWDU) ដែលបានតាមដានការងារនេះ លោក ប៊ុត ប៊ុនណាន មានប្រសាសន៍បញ្ជាក់ថា មន្ត្រីក្រុមហ៊ុនចោទប្រកាន់មកលើសហជីពថា បានញុះញង់កម្មករធ្វើកូដកម្ម វាហាក់ធ្ងន់ធ្ងរបន្តិចទៅហើយ។ លោកបន្តថា បញ្ហាដែលកើតឡើងនោះ ជាទុក្ខលំបាករបស់ក្រុមកម្មករ ហើយបានដាក់ពាក្យស្នើឲ្យក្រុមហ៊ុនដោះស្រាយជាច្រើនលើកមកហើយ តែពុំទទួលបានលទ្ធផលទេ៖ «មានន័យថា មុននឹងដល់ថ្ងៃទី៦ នៃការសម្រេចដែលថាជួបចរចាហ្នឹង គឺខ្ញុំបានដាក់ណាត់ជួបនៅថ្ងៃទី៣០ ក្នុងការជជែកចរចាអំពីលក្ខខណ្ឌការងារ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុនអត់ទទួលយកទេ សុំលើកពេលទៅថ្ងៃទី៦។ ថ្ងៃទី៦ ខ្ញុំយល់ព្រម ខ្ញុំមកដល់មុខរោងចក្រ ខាងក្រុមហ៊ុនតេទៅប្រាប់ ខ្ញុំមកដល់មុខរោងចក្រហើយហ្នឹង គេថាអត់អាចចរចាបានទេ អត់មានមេធាវី។ អ៊ីចឹងក្រុមហ៊ុនយកលេសនេះលេសនោះ កម្មករដាក់សុំជួបជជែកលើលក្ខខណ្ឌក៏ក្រុមហ៊ុនមិនព្រមអនុញ្ញាតជួប រហូតដល់កម្មករធ្វើការទាមទារដោយផ្ទាល់តែម្ដង»។
នៅរសៀលថ្ងៃដដែល តំណាងកម្មករ ភាគីរោងចក្រ និងមន្ត្រីមន្ទីរការងារ ខេត្តព្រៃវែង បើកការប្រជុំមួយរកដំណោះស្រាយនៅសាលាស្រុកកំចាយមារ ក្នុងកិច្ចប្រជុំនោះ បានឯកភាពលើចំណុចមួយចំនួន។ ក្រុមហ៊ុនយល់ព្រមឲ្យកម្មករធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងសន្យាដំឡើងប្រាក់ថ្លៃឡូបន្ថែមទៀត។ ក្រុមកម្មករ បានរំសាយបន្ទាប់ពីបើការចរចា ហើយថា ពួកគេថានឹងទាមទារលុះមានដំណោះស្រាយសមរម្យអាចទទួលយកទាំងសង្ខាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
