អាជ្ញាធរ​បញ្ចប់​កិច្ច​សន្យា​ជួល​ដី​និង​ទីតាំង​រមណីយដ្ឋាន​ទន្លេ​បាទី​ដើម្បី​ប្រគល់​ឲ្យ​សហគមន៍

0:00 / 0:00

អាជ្ញាធរ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា បាន​ប្រកាស​បញ្ចប់​កិច្ច​សន្យា​ស្ដីពី​ការ​បន្ត​ជួល​ដី និង​ទីតាំង ដើម្បី​អភិវឌ្ឍ​រមណីយដ្ឋាន​ទន្លេ​បាទី ជាមួយ​ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism Development) ដើម្បី​ប្រគល់​ទីតាំង​នោះ​ត្រឡប់​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​ជា​អ្នក​លក់​ដូរ​នៅ​ទីនោះ កាន់​កាប់​ដោយ​ផ្ទាល់​វិញ។ អាជ្ញាធរ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​កិច្ច​សន្យា​ជួល​នោះ​ឲ្យ​បាន​ត្រឹមត្រូវ។

កិច្ច​សន្យា​ជួល​ដី និង​ទីតាំង​ដើម្បី​អភិវឌ្ឍ​រមណីយដ្ឋាន​ទន្លេ​បាទី ដែល​បាន​ចុះ​រវាង​អាជ្ញាធរ​ស្រុក​ទន្លេ​បាទី និង​ប្រធាន​ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ របស់ អ្នកស្រី សុខ សារឿន តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០០៤ ត្រូវ​បាន​ប្រកាស​បញ្ចប់​កិច្ច​សន្យា​ហើយ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៤។

បើ​តាម​សេចក្តី​ជូន​ដំណឹង​ដែល​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចែក​ចាយ​ដល់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២២ សីហា ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​បញ្ចប់​កិច្ច​សន្យា​រវាង​អាជ្ញាធរ​ខេត្ត​តាកែវ និង​ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ ដោយសារ​តែ​ខាង​ភាគី​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​កិច្ច​សន្យា​ជួល និង​បាន​រំលោភ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ និង​មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​ដូច​ការ​សន្យា ក្នុង​ពេល​ដែល​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់​នោះ​កន្លង​មក​នោះ​ទេ។

សេចក្តី​ជូន​ដំណឹង​ដដែល​ឲ្យ​ដឹង​ថា ក្រោយ​ពី​បញ្ចប់​កិច្ច​សន្យា ទីតាំង​រមណីយដ្ឋាន​ទន្លេ​បាទី នឹង​ត្រូវ​ផ្ទេរ​មក​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ស្រុក​បាទី សហការ​ជាមួយ​មន្ទីរ​អង្គភាព​ដែល​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​បាទី និង​ប្រជាពលរដ្ឋ​សហគមន៍​នៅ​ទីនោះ ដើម្បី​បន្ត​គ្រប់គ្រង​ដោយ​ផ្ទាល់ រហូត​ដល់​មាន​ការ​រៀបចំ​ជា​ថ្មី។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ដែល​បាន​ចុះ​ដោយ​ផ្ទាល់ ប្រកាស​ដីកា​បញ្ចប់​កិច្ច​សន្យា​ជួល​ដី​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ សីហា ដោយ​លោក​មាន​ប្រសាសន៍​ថា​ជាប់​រវល់។ ប៉ុន្តែ លោក ឡាយ វណ្ណៈ បាន​ថ្លែង​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​អង្គភាព និង​ប្រតិកម្ម​រហ័ស​ថា បន្ទាប់​ពី​បញ្ចប់​កិច្ច​សន្យា​នេះ​ហើយ នៅ​ពេល​ខាង​មុខ​នឹង​មាន​ការ​រៀបចំ​សាងសង់​តូប​លក់​ដូរ​ថ្មី​ឲ្យ​មាន​សណ្ដាប់ធ្នាប់ ការ​ស្ដារ​កាក​សំណល់​ដែល​មាន​នៅ​ទឹក​ទន្លេ​បាទី មាន​ដូច​ជា​សំរាម សារាយ ស្លែ និង​កាក​សំណល់​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​គម្រោង​អភិវឌ្ឍ​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន និង​ការ​បង្កើត​ឲ្យ​មាន​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត​កាន់​តែ​ច្រើន។

ទាក់ទង​នឹង​ការ​បញ្ចប់​កិច្ច​សន្យា​ជួល​ទីតាំង​នេះ ប្រធាន​ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ អ្នកស្រី សុខ សារឿន មាន​ប្រសាសន៍​ថា អ្នកស្រី​ពិត​ជា​បាន​ឮ​ពី​ការ​បញ្ចប់​កិច្ច​សន្យា ប៉ុន្តែ​អ្នកស្រី​ថា អ្នកស្រី​មិន​ទាន់​បាន​ទទួល​ដីកា ឬ​លិខិត​ផ្លូវ​ការ​ពី​អាជ្ញាធរ​នៅ​ឡើយ។ អ្នកស្រី សុខ សារឿន ដែល​អះអាង​ថា កំពុង​រវល់​រៀបចំ​បុណ្យ​សព​របស់​ប្ដី​នោះ ថ្លែង​បន្ត​ថា អ្នកស្រី​សោកស្ដាយ​ដែល​អាជ្ញាធរ​សម្រេច​បញ្ចប់​វា​នៅ​ពេល​នេះ។ អ្នកស្រី​ក៏​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ ដែល​ថា ក្រុមហ៊ុន​បាន​រំលោភ​លើ​កិច្ច​សន្យា និង​មិន​បាន​អភិវឌ្ឍ​ទីតាំង​ដូច​ការ​សន្យា​នា​ពេល​កន្លង​មក។

អ្នកស្រី សុខ សារឿន៖ «អ្វី​ដែល​លោក​ចោទ​ប្រកាន់​នេះ គឺ​ជា​រឿង​ម្ខាង ប៉ុន្តែ​សម្រាប់​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ ខ្ញុំ​គឺ​ជា​ភាគី​ម្ខាង​ដែល​ធ្វើ​ការ​វិនិយោគ បើ​សិន​ជា​ខ្ញុំ​មិន​គោរព​តាម​កិច្ច​សន្យា ប្រហែល​មិន​មែន​ធ្វើ​មក​ដល់​ថ្ងៃ​នេះ ២០១៤ នោះ​ទេ បើ​សិន​បើ​ថា​ក្រុមហ៊ុន​មិន​បាន​ធ្វើ អ្វីៗ​កើត​ឡើង​សុទ្ធ​តែ​ការ​ជប់​និម្មិត មិន​មែន​ជា​រឿង​អភិវឌ្ឍន៍​ទេ អ៊ីចឹង​តំបន់​នោះ​ដែល​កើត​ឡើង​មាន​នៅ​កន្លែង​នោះ អ្វីៗ​ទាំងអស់​ដែល​ខុស​ប្លែក​ពី​ប្រភព​ដើម គឺ​ជា​ការ​ជប់​និម្មិត​ចេញ​មក​ទេ មិន​មែន​ជា​រឿង​ការ​កសាង និង​ការ​ស្ថាបនា​ទេ»

អ្នកស្រី សុខ សារឿន បន្ត​ថា កិច្ច​សន្យា​ដែល​អាជ្ញាធរ​ជួល​ឲ្យ​ក្រុមហ៊ុន​អ្នកស្រី​នោះ មាន​រយៈពេល ២០​ឆ្នាំ​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១៧ ប៉ុន្តែ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ កិច្ច​សន្យា​នេះ​ត្រូវ​បាន​ចុះ​នៅ​ឆ្នាំ​២០០៤ ទៅ​វិញ។

ជុំវិញ​បញ្ហា​នេះ​ដែរ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​តាកែវ លោក អ៊ុន ថានន្ត មាន​ប្រសាសន៍​ថា លោក​បាន​ឮ​ពី​ព័ត៌មាន​នេះ តែ​លោក​មិន​ដឹង​ឲ្យ​បាន​លម្អិត​នោះ​ឡើយ។ ប៉ុន្តែ​លោក​ថា ពី​មុន​មក ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ធ្លាប់​បាន​រអ៊ូរទាំ​ពី​ក្រុមហ៊ុន​ខ្លះ​ដែរ។ ទោះ​ជា​យ៉ាង​ណា លោក​ថា អាជ្ញាធរ និង​ក្រុមហ៊ុន គួរ​ជួប​គ្នា​និយាយ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​បញ្ហា​បញ្ចប់​កិច្ច​សន្យា​នេះ ជៀសវាង​មាន​ការ​ចោទ​ប្រកាន់​គ្នា​ដែល​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិល។

លោក អ៊ុន ថានន្ត៖ «ភាគី​ក្រុមហ៊ុន ភាគី​អាជ្ញាធរ និង​ភាគី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ជួល​តូប​លក់ និយាយ​ចំ​ឲ្យ​គាត់​ជជែក​គ្នា ជួប​គ្នា កុំ​និយាយ​ម្ខាងៗ​អ៊ីចឹង យក​ឯកសារ​ដាក់​និយាយ​ជជែក​គ្នា តើ​ក្រុមហ៊ុន​ហ្នឹង ថា​គាត់​ធ្វើ​ខុស​អី គាត់​អាច​កែប្រែ​បាន​ទេ ឬ​ខុស​ធ្ងន់​ពេក រហូត​ដល់​បញ្ឈប់​គាត់»

រមណីយដ្ឋាន​ទេសចរណ៍​ទន្លេ​បាទី ស្ថិត​នៅ​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ មាន​ចម្ងាយ​ប្រមាណ​ជាង ៣០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ វា​ជា​កន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​មួយ ដែល​ពលរដ្ឋ​នៅ​ភ្នំពេញ តែង​ទៅ​លេង​នៅ​ចុង​សប្ដាហ៍។ នៅ​ទីនោះ ក្រៅ​តែ​ពី​មាន​ទន្លេ​មួយ​ដែល​ភ្ញៀវ​ទេសចរ​អាច​អង្គុយ​លំហែ​កាយ​នៅ​តាម​ផ្ទះ​ទឹក ដែល​គេ​សង់​តាម​បណ្តោយ​មាត់​ទឹក​នោះ ភ្ញៀវ​ទេសចរ​ក៏​អាច​ដើរ​កម្សាន្ត និង​ទស្សនា​ប្រាសាទ​បុរាណ​ឈ្មោះ ប្រាសាទ​តាព្រហ្ម ដែល​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​សតវត្សរ៍​ទី​១២ ផង​ដែរ។ ចំណែក​ថ្លៃ​សេវា​ទស្សនា​វិញ ភ្ញៀវ​បរទេស​ត្រូវ​បង់​ម្នាក់ ៣​ដុល្លារ ម៉ូតូ​មួយ​គ្រឿង ២​ពាន់​រៀល និង​ថ្លៃ​រថយន្ត​ចាប់​ពី ៤​ពាន់​រៀល ដល់ ១​ម៉ឺន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។