ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានដាក់ពាក្យប្ដឹងថៅកែរោងចក្រស្បែកជើងរបស់ប្រទេសចិន ដែលបានសង់រោងចក្របិទផ្លូវទឹកហូរនៃទឹកប្រឡាយ ធ្វើឲ្យទឹកលិចស្រូវអ្នកភូមិជាច្រើន។
ប្រជាពលរដ្ឋភូមិត្រពាំងព្រីង ឈ្មោះ ជឿន ឲ្យដឹងថា ស្រូវគាត់ស្ទូងរួច និងសំណាបអាយុ ១ខែ សរុបដីជាង ១ហិកតារ បានលិចត្រាំក្នុងទឹកមួយអាទិត្យមកហើយ។ គាត់បារម្ភខ្លាចរលួយអស់ ព្រោះតែសំណង់រោងចក្រស្បែកជើងមិនបានដាក់លូធំ ធ្វើឲ្យទឹកជន់ពីប្រឡាយ មកហូរពន្លិចដំណាំស្រូវ។
លោកថា តំបន់គាត់ធ្វើស្រែបានតែ ២ដងទេ គឺស្រូវដើមរដូវ និងស្រូវវស្សា។ បើទឹកមកពន្លិចស្រូវខូចអស់នោះ ឆ្នាំក្រោយគាត់នឹងជួបបញ្ហាខ្វះស្បៀង និងគ្មានប្រាក់ចំណូលគ្រួសារទេ៖ «ទឹកលូវាតូចពេក ដាក់លូតូចពេក ហើយរោងចក្រវាធ្វើធំ ដាក់លូតូច ទឹកលិចចូល ១អាទិត្យ រលួយសំណាប ស្ទូងអត់កើត អាស្ទូងហើយរលួយអស់ ហើយស្រែភូមិត្រពាំងព្រីង និងភ្នំរលើង នៅទីហ្នឹង ៣០គ្រួសារឯណោះហ្នឹង»។
ដូចគ្នាដែរ ប្រជាពលរដ្ឋភូមិភ្នំរលើង ឈ្មោះ ស្រីលក្ខណ ថ្លែងថា សំណាបគាត់ទើបសាប ត្រូវទឹកហៀរពីរោងចក្រស្បែកជើង ហូរចេញតាមលូតូចមួយទៅប្រឡាយធំមិនទាន់ ក៏ជន់លិចពាសវាលពាសកាល មកពន្លិចសំណាបគាត់ ត្រាំទឹកអស់ ១អាទិត្យហើយ។ ស្រីលក្ខណ បន្តថា សំណាបគាត់ទំនងរលួយអស់មិនដឹង ព្រោះទើបសាប ហើយត្រាំទឹកយូរថ្ងៃ។ ចំណែកឯដីស្រែ គាត់ជួលគេភ្ជួររួចជិត ១ហិកតារ មិនទាន់ស្ទូងផង ត្រូវទឹកនោះជន់មកលិចដី មិនអាចស្ទូងកើត ព្រោះទឹកវាជ្រៅជាងសំណាបដែលគាត់មានត្រៀមស្ទូង៖ «លិចមួយវាលធំដែរ ខ្ញុំអត់ដឹងលិចប៉ុន្មានហិកតារដែរ តែវាលិចមួយវាលធំតែម្តង។ ខូចខាតច្រើន ព្រោះស្រែតែលិចទឹក វាអត់ស្ទូងបានទេ»។
មេឃុំលាយបូរ លោក ដុក ហ៊ុន ថ្លែងថា ទឹកបានលិចក្នុងស្រូវសន្ទូង ៧,៥០ហិកតារ របស់អ្នកភូមិត្រពាំងព្រីង និងភូមិភ្នំរលើង។ អាជ្ញាធរ និងអ្នកភូមិ បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរស្រុក សុំឲ្យចរចាជាមួយក្រុមហ៊ុនចិន សង់រោងចក្រស្បែកជើងនោះឲ្យបើកផ្លូវទឹកហូរឲ្យបានធំ ព្រោះទឹកហូរចេញតាមលូតូចមិនទាន់។ លោកថា អ្នកភូមិសុំឲ្យម្ចាស់សំណង់រោងចក្រធ្វើស្ពានវិញ ទើបមានរង្វាស់ទឹកធំ អាចរំដោះទឹកហូរចេញលឿនពីតំបន់ទំនាបនោះ៖ «ប៉ុន្តែ ម្សិលមិញម្ង៉ៃ មានមន្ត្រីស្រុកអី មកជួយដោះស្រាយហើយ។ ដល់ខ្ញុំសួរពីម្សិល គេថាកុំឲ្យខ្ញុំឈឺក្បាលអី គេកំពុងតែដោះស្រាយ ហើយអត់ឃើញមកជិតសោះ ហើយចេះតែថាកុំឲ្យខ្ញុំឈឺក្បាល មិនឈឺយ៉ាងម៉េច បើទឹកលិចស្រូវរបស់ប្រជាពលរដ្ឋខ្ញុំអស់ហើយហ្នឹង»។
ក្រុមប្រឹក្សាខេត្តតាកែវ លោក ម៉ៅ សុផល ថ្លែងថា ក្នុងស្រុកត្រាំកក់ មានតែឃុំលាយបូរ ទេ ដែលមានទឹកលិចស្រូវអ្នកស្រុក ពីព្រោះឃុំនោះមានការអភិវឌ្ឍជារោងម៉ាស៊ីនកិនស្រូវរបស់ឧកញ៉ាម្នាក់ផង មានការសង់ផ្ទះល្វែងលក់ផង និងសង់រោងចក្រស្បែកជើងដ៏ធំទៀត។ លោកថា រាល់ការសាងសង់តែងតែចាក់ដីលើកខ្ពស់ជាងដីធ្វើស្រែពីជាងកន្លះម៉ែត្រ ទៅ ១ម៉ែត្រ។ រីឯការដ្ឋានសំណង់មានដាក់លូដែរ តែលូទាំងអស់មុខកាត់តូចៗ នាំឲ្យរបត់ផ្លូវហូរនៃទឹកមិនប្រក្រតី ទើបទឹកជន់ពាសវាលពាសកាល។ លោកបន្តថា អាជ្ញាធរស្រុក ខេត្ត បានចរចាជាមួយមេការសំណង់នោះហើយ ប៉ុន្តែមិនទាន់ឃើញដោះស្រាយ។ លោកនឹងលើកបញ្ហានេះ ដាក់ជូនអង្គប្រជុំរបស់សាលាខេត្តតាកែវ នាថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
