អ្នក​រត់​តាក់ស៊ី​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ថា​ប៉ូលិស​ដាក់​កុងត្រូល​ជជុះ​តាម​ផ្លូវ​យក​លុយ

0:00 / 0:00

អ្នក​រត់​តាក់ស៊ី​ដឹក​អ្នក​ដំណើរ​នៅ​ខេត្ត​បាត់ដំបង រិះគន់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ខេត្ត​នេះ ថា​ដាក់​កុងត្រូល​ជជុះ​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ​សំខាន់ៗ​ក្រវាត់​ក្រុង និង​យក​ប្រាក់​ពី​រថយន្ត​ដឹក​អ្នក​ដំណើរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ អ្នក​រត់​តាក់ស៊ី អំពាវនាវ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បញ្ឈប់​ប៉ូលិស​ចរាចរណ៍​កុំ​ឲ្យ​ដាក់​កុងត្រូល​យក​ប្រាក់​ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​ទៀត។

អ្នក​រត់​តាក់ស៊ី​ពី​ក្រុង​បាត់ដំបង ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ប៉ូលិស​ចរាចរណ៍​នៅ​ក្រុង​បាត់ដំបង ដែល​ដាក់​កុងត្រូល​គាប​សង្កត់​យក​ប្រាក់​ពី​រថយន្ត​ដឹក​អ្នក​ដំណើរ ដោយ​មិន​គិត​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ។

ក្រុម​អ្នក​រត់​តាក់ស៊ី ថ្លែង​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ថា ប៉ូលិស​ចរាចរណ៍​ដាក់​កុងត្រូល​ត្រួត​ពិនិត្យ​រថយន្ត​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ក្រវាត់​ក្រុង​បាត់ដំបង យ៉ាង​អនាធិបតេយ្យ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពុំ​បាន​សម្រួល​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​តាម​ផ្លូវ​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ប៉ូលិស​ចរាចរណ៍​បែរ​ជា​អង្គុយ​ចាំ​យក​ប្រាក់​ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​លើស​ចំណុះ​ពី ៥​ពាន់​រៀល ទៅ​ជាង ១​ម៉ឺន​រៀល​ទៅ​វិញ ជាពិសេស​នៅ​ចំណុច​រង្វង់​មូល​ព្រាប​ស រង្វង់​មូល​នាង​រំសាយ​សក់ និង​រង្វង់​មូល​យាយ​ទេព ជាដើម៖ «ពេល​ខ្លះ​ខ្ញុំ​ដឹក​អ្នក​ដំណើរ​ប៉ូលិស​ទារ​លុយ​ពី​ខ្ញុំ ១​ម៉ឺន ២​ពាន់​រៀល ហើយ​លើក​ហេតុផល​ថា​ខ្ញុំ​ដឹក​មនុស្ស​លើស​ចំណុះ។ បើ​ប៉ូលិស​ឈប់​ដាក់​កុងត្រូល ខ្ញុំ​ដឹក​អ្នក​ដំណើរ​បាន​សល់​លុយ​ខ្លះ​ទៅ​ដល់​ផ្ទះ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង គឺ​លោក សាទ គិមសាន ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដោយ​ទូរស័ព្ទ​រោទ៍​តែ​ពុំ​មាន​អ្នក​ទទួល។

ចំណែក​ឯ​អធិការ​នគរបាល​ក្រុង​បាត់ដំបង លោក យឹម វិចិត្ត មាន​ប្រសាសន៍​ថា លោក​ពុំ​អាច​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ពីព្រោះ​ប៉ូលិស​ចរាចរណ៍​ដែល​បាន​ដាក់​ប៉ុស្តិ៍​តាម​ដង​ផ្លូវ​ក្រវាត់​ក្រុង​បាត់ដំបង នោះ ជា​ប៉ូលិស​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ហើយ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ប៉ូលិស​អធិការ​ក្រុង​ឡើយ៖ «បាទ! ទាល់​តែ​លោក​សួរ​ទៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ស្នងការ​ខេត្ត​បាន​គាត់​ដឹង ពីព្រោះ​គាត់​ជា​អ្នក​ទទួល​បន្ទុក​ជំរុញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ការ​ដាក់​ប៉ុស្តិ៍​ផាក​ពិន័យ​តាម​ដង»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ចំពោះ​ការ​ដាក់​កុងត្រូល​ជជុះ​នៅ​តាម​ដង​ផ្លូវ ដើម្បី​យក​លុយ​ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​នេះ ក៏ប៉ុន្តែ​ការ​ព្រមាន​នេះ ហាក់​បី​ដូចជា​ពុំ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ប៉ូលិស​ចរាចរណ៍​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ដង​ផ្លូវ​ចំណុច​សំខាន់ៗ​ក្នុង​ក្រុង​បាត់ដំបង តែង​យក​លុយ​ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​ដោយ​គ្មាន​វិក្កយបត្រ ដែល​ផ្ទុយ​ពី​ច្បាប់​ចរាចរណ៍ ហើយ​បាន​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ៖ «ព្រោះ​អ្វី​ដែល​ប៉ូលិស​ចរាចរណ៍​អនុវត្ត​នោះ ធ្វើ​ឡើង​ហាក់​បី​ដូច​លក្ខណៈ​ជា​មុខ​របរ​រក​ស៊ី គឺ​ពុំ​មែន​ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​ប្រយោជន៍​សង្គម​ជាតិ​ពិត​ប្រាកដ​នោះ​ទេ»

អ្នក​រត់​តាក់ស៊ី និង​អង្គការ​សង្គម​ស៊ីវិល នៅ​ខេត្ត​បាត់ដំបង លើក​ឡើង​ថា ប៉ូលិស​ចរាចរណ៍​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​បាត់ដំបង នោះ ភាគ​ច្រើន​មាន​ចេតនា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចាត់​វិធានការ ឬ​បញ្ឈប់​កុំ​ឲ្យ​ប៉ូលិស​បន្ត​សកម្មភាព​នេះ​ត​ទៅ​ទៀត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។