គ្រូ​អនុវិទ្យាល័យ​នៅ​​​ព្រៃវែង​​ត្អូញ​ពី​ការ​បើក​ប្រាក់ខែ​​យឺត​

ក្រុម​គ្រូ​បង្រៀន​កម្រិត​អនុវិទ្យាល័យ ​ជំនាន់​ទី​២១ ​នៅ​ខេត្ត​ព្រៃវែង ​ត្អូញត្អែរ​ពី​ការ​យឺតយ៉ាវ​មិន​បាន​បើក​ប្រាក់​ខែ​តែង​តាំង​ស៊ុប​ ដែល​ពួកគាត់​បាន​ចេញ​បង្រៀន​រយៈ​ពេល​​ជិត ​៣ឆ្នាំ​មក​ហើយ។ បញ្ហា​យឺត​យ៉ាវ​​នេះ​ជា​បន្ទុក​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការ​លំបាក​ខ្វះខាត​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។

0:00 / 0:00

ក្រុម​គ្រូបង្រៀន​ឲ្យ​ដឹង​ថា​ មក​ទល់​ពេល​នេះ​ពួកគាត់​ពុំ​បាន​ទទួល​ទាំង​លិខិត​និង​ប្រាក់​តែង​តាំង​ស៊ុប​នៅ​ឡើយ​។ ហើយ​ពួកគាត់​មាន​ការ​ងឿង​ឆ្ងល់​ មិន​ដឹង​ថា​បណ្ដាល​មក​ពី​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​អូស​បន្លាយ​យូរ​ដូច្នេះ​ឡើយ​។ ប្រាក់​តែង​តាំង​ស៊ុប​ គឺ​ជា​ផ្នែក​មួយ​នៃ​ចំនួន​ប្រាក់​ខែ​ ដែល​បាន​កាត់​ពី​ប្រាក់​ខែ​​បង្រៀន​សម្រាប់​គ្រូ​ដែល​ទើប​ចេញ​បង្រៀន​ថ្មី​ ពុំ​ទាន់​មាន​ក្រប​ខ័ណ្ឌ​ពេញ​សិទ្ធ​នៅ​ឡើយ​។

គ្រូ​បង្រៀន​អនុវិទ្យាល័យ​នៅ​ខេត្ត​ព្រៃវែង​ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ ថ្លែង​នៅ​ថ្ងៃ​ទី០៤​ ធ្នូ​ ឆ្នាំ​២០១៣ ​ថា ​ក្រសួង​អប់រំ​បាន​កាត់​ប្រាក់​ខែ​គ្រូបង្រៀន​អនុវិទ្យាល័យ​ដែល​ពុំ​ទាន់​បាន​តែងតាំង​ស៊ុប​១ខែ​ ចំនួន​១សែន​រៀល​នៃ​ចំនួន​ប្រាក់​បៀវត្ស ​៣៧​ម៉ឺន​រៀល​របស់​បង្រៀន​រៀង​រាល់​ខែ​។

លោក​បញ្ជាក់​បន្ថែម​ថា​ ប្រាក់​ចំនួន​១សែន​រៀល​ជា​ប្រាក់​តែងតាំង​ស៊ុប​ ហើយ​ប្រាក់​ចំនួន​១​សែន​រៀល​​នេះ​ ក្រសួង​អប់រំ​នឹង​​ប្រគល់​ទៅ​ឲ្យ​គ្រូ​បង្រៀន​វិញ​ នៅ​ពេល​ដែល​ពួកគាត់​ទទួល​បាន​លិខិត​តែង​តាំង​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ បន្ទាប់​ពី​បំពេញ​ភារកិច្ច​បង្រៀន​នៅ​អនុវិទ្យាល័យ​គ្រប់​ចំនួន​២ឆ្នាំ​។ លោក​ថា​ ពួកគាត់​បាន​បង្រៀន​ជិត ​៣ឆ្នាំ​ហើយ​ ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​នរណា​ម្នាក់​បាន​ទទួល​ប្រាក់​តែងតាំង​ស៊ុប​នៅ​ឡើយ៖ «​ មូលហេតុ​អី​ឆ្ងល់​ចេញ​យូរ​ហើយ​អត់​ឃើញ​លិខិត​តែង​តាំង​ស៊ុប​ ហើយ​គ្រូ​បឋម​គេ​ចេញ​ក្រោយ​ ១ឆ្នាំផង​ គេ​បាន​លិខិត​តែ​តាំង​ស៊ុប​មុន ​ហើយ​ប្រាក់​រើប៉ែល​បាន​មុន​ដែរ​។ មិត្តភ័ក្ដិ​ខ្ញុំ​នៅ​ស្វាយរៀង​ប្រាក់​រើប៉ែល​ហ្នឹង​គេ​ធ្លាប់​ឲ្យ​បាន ​២​ខែមុន​។ ប៉ុន្តែ​ដល់ពេល​ខ្ញុំ​នៅ​ព្រៃវែង ​អត់​បាន​អី​សោះ​ទទេ​ មិន​ទាន់​បាន​រើប៉ែល​ឲ្យ ​១​ខែ ​ក៏​សូម្បី​តែ​១​ខែ​ក៏​មិនទាន់​អាប៉ែល​ឲ្យ​ដែរ »​​​​​​។

ស្រដៀង​គ្នា​នេះ​ដែរ​ គ្រូបង្រៀន​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត​ និយាយ​ថា​ ការ​យឺត​យ៉ាវ​មិន​បាន​បើក​ប្រាក់​តែង​តាំង​ស៊ុប​ធ្វើ​​ឲ្យ​ពួកគាត់​ជួប​ការ​លំបាក​ខ្វះខាត​ប្រាក់​សម្រាប់​ដោះ​ស្រាយ​ជីវភាព​ថ្ងៃ​ « ខ្វះ​ខាត​ខាង​ជីវភាព​អ៊ីចឹង​​ជួបការ​លំបាក​អ៊ីចឹង។ បើ​យើង​បាន​រក​អី​កើត​បើ​យើង​ជាប់​តែ​បង្រៀន​អ៊ីចឹង។ អត់​មាន​ទៅ​ប្រកប​មុខ​របរ​ណា​បាន​ បើ​យើង​បាន​ប្រាក់​ហ្នឹង​ទៅ​បាន​ជួយ​ប្រើ​ប្រាស់​ទិញ​នេះ​ទិញ​នោះ​កំពុង​ពេល​ខ្វះខាត​អ៊ីចឹង​។ ​យើង​មិន​បាន​រក​ស៊ី​ណា​ដិតដល់​ដូច​គេ​ បើ​យើង​ជាប់​តែ​បង្រៀន​អ៊ីចឹង »។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​ប្រធានមន្ទីរ​អប់រំ​ខេត្ត​ព្រៃវែង​ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​០៤​ ធ្នូ​។

ក្រុម​គ្រូបង្រៀន​ឲ្យ​ដឹង​ថា ​​ប្រាក់​តែង​តាំង​ស៊ុប ​ដែល​ពួកគាត់​ពុំ​ទាន់​បាន​ទទួល ​ក្នុង​គ្រូ​បង្រៀន​ម្នាក់​ប្រមាណ​ ​២លាន​រៀល​។ លោក​​ថា​​ប្រាក់​​នេះ​ បើ​តាម​គ្រូ​ដែល​ធ្លាប់​បាន​បើក​កន្លង​មក​ គឺគ្រូបង្រៀន​ម្នាក់​ទទួល​ប្រាក់​តែង​តាំង​ស៊ុប​របស់​ខ្លួន​ត្រឹម​តែ​ជាង​១លាន​រៀល​ប៉ុណ្ណោះ។

គ្រូបង្រៀន​អនុវិទ្យាល័យ​ជំនាន់​ទី​២១​ នៅ​ខេត្ត​ព្រៃវែង ​ដែល​នៅ​ពុំ​ទាន់​បើក​ប្រាក់​តែង​តាំង​ស៊ុប ​និង​លិខិត​តែង​តាំង​ក្របខ័ណ្ឌ​ពេញ​សិទ្ធ​ មាន​ប្រមាណ​ជាង​១រយ​នាក់(១០០)​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕