គ្រូបង្រៀន​នៅ​បាត់ដំបង​ជិត​៣​ពាន់​នាក់​ត្អូញត្អែរ​មិន​បាន​បើក​ប្រាក់​ខែ​រំឭក​ជាង​៥​ឆ្នាំ

0:00 / 0:00

ក្រុម​គ្រូបង្រៀន​អនុវិទ្យាល័យ និង​ជា​អតីត​គរុសិស្ស​នៃ​សាលា​គរុកោសល្យ​ភូមិ​ភាគ​ខេត្ត​បាត់ដំបង ជំនាន់​ទី​៣ ជិត ៣​ពាន់​នាក់ (២.៨២៩​នាក់) ត្អូញត្អែរ​ថា ពួក​គាត់​មិន​បាន​បើក​ប្រាក់​ខែ​រំឭក​របស់​គ្រូបង្រៀន ខណៈ​រៀន​ត​ជំនាញ​គ្រូ​ជាង ៥​ឆ្នាំ​មក​ហើយ។ ដោយសារ​តែ​មិន​បាន​បើក​ប្រាក់​ខែ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ពួក​គាត់ គ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស។

ក្រុម​គ្រូបង្រៀន​ទាំង​នោះ អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ដំណើរ​ការ​បើក​ប្រាក់​ខែ​រំឭក​ដល់​ពួក​គាត់​ឲ្យ​បាន​ឆាប់ ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​បន្ទុក​គ្រួសារ។

ក្រុម​គ្រូបង្រៀន​អនុវិទ្យាល័យ​ជំនាន់​ទី​៣ នៃ​សាលា​គរុកោសល្យ​ភូមិ​ភាគ​ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា ចាប់​តាំង​ពី​ចូល​រៀន​ត​ជំនាញ​គ្រូ​នៅ​សាលា​គរុកោសល្យ​ភូមិ​ភាគ ឆ្នាំ​សិក្សា​២០០៨ និង​២០០៩ មក រហូត​មក​ទល់​ពេល​នេះ គឺ​ពុំ​បាន​បើក​ប្រាក់​ខែ​រំឭក ខណៈ​រៀន​ត​ជំនាញ​គ្រូ​នៅ​ឡើយ​ទេ។

ពួក​គាត់​បន្ត​ទៀត​ថា ចាប់​តាំង​ពី​ចេញ​បង្រៀន​នៅ​តាម​អនុវិទ្យាល័យ​មក គឺ​ម្នាក់ៗ​ចេះ​តែ​ទន្ទឹង​រង់ចាំ​បើក​ប្រាក់​ខែ​របស់​ខ្លួន​ជានិច្ច រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍ និង​បាត់​បង់​កម្លាំង​ចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស​ទៅ​ហើយ៖ «ពួក​ខ្ញុំ​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​ចំពោះ​ក្រសួង​អប់រំ​ហ្នឹង គាត់​បាន​ផ្ដល់​ប្រាក់​រំឭក​ហ្នឹង​ដល់​ពួក​ខ្ញុំ​ទេ។ គ្រូ​កម្រិត​មូលដ្ឋាន​ជំនាន់​ទី​មួយ ជំនាន់​ទី​២ និង​ជំនាន់​ទី​៤ ទី​៥ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ពួក​គេ​ទទួល​បាន​លុយ​កម្រិត​មូលដ្ឋាន​ហ្នឹង​ពេញ។ ដោយ​ឡែក​អត់​តែ​ពួក​ខ្ញុំ​ដែល​ជា​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​នៅ​ជំនាន់​ទី​៣ ទេ។ មិន​មែន​ថា​លុយ​ប៉ុណ្ណឹង មិន​មែន​ថា​វា​សំខាន់​សម្រាប់​ជីវិត​យើង​ទេ តែ​គ្រាន់​ថា​វា​ជា​ផ្នែក​មួយ​សារសំខាន់​ពេល​ដែល​យើង​អត់​ដែរ​បាទ ព្រោះ​ថា មិន​មែន​តែ​ខ្ញុំ​ទេ សូម្បី​តែ​គ្រូ​គេ​ដទៃ នៅ​ពេល​ដែល​កាត់​អ៊ីចឹង ទី​មួយ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​អប់រំ ឬ​ក៏​វិស័យ​អប់រំ។ គ្រូ​ខ្លះ​គាត់​បាក់​ទឹក​ចិត្ត គាត់​មិន​គោរព​មុខ​វិជ្ជា​ជីវៈ​របស់​គាត់»

ប្រាក់​ខែ​រំឭក​ជា​ផ្នែក​មួយ​របស់​ប្រាក់​ខែ​គ្រូបង្រៀន​អនុវិទ្យាល័យ ដែល​កំពុង​សិក្សា​ត​ជំនាញ​គ្រូ ហើយ​ប្រាក់​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រគល់​ឲ្យ​ពួក​គាត់​វិញ​នៅ​ពេល​ចេញ​ទៅ​បង្រៀន​សិស្ស​តាម​អនុវិទ្យាល័យ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​បាត់ដំបង លោក ងី សែត មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពុំ​បាន​ដឹង​ជុំវិញ​ការ​មិន​បាន​បើក​ប្រាក់​ខែ​រំឭក​របស់​ក្រុម​គ្រូបង្រៀន​អនុវិទ្យាល័យ​ទាំង​នោះ​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា​នឹង​តាម​ដាន​លើ​ការងារ​នេះ៖ «ចាំ​មើល​ខ្ញុំ​ស្រាវជ្រាវ​មើល​មើល! ហើយ​លោកគ្រូ​ហ្នឹង​ឲ្យ​គាត់​មក​សួរ​ខ្ញុំ​មក គាត់​មក​តវ៉ា​ហ្នឹង ខ្ញុំ​រក​ខុស​ត្រូវ​ឲ្យ​គាត់​តើ។ ប៉ុន្តែ​ដូចជា​គ្មាន​ទេ​ប្រាក់​រំឭក​ហ្នឹង បួន​ប្រាំ​ឆ្នាំ​មិន​ទាន់​បាន​អ៊ីចឹង ដូច​មិន​មាន»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​មិន​បើក​ប្រាក់​ខែ​រំឭក​របស់​គ្រូបង្រៀន​នេះ គឺ​រឿង​ដដែលៗ ហើយ​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រសួង​អប់រំ។ លោក រ៉ុង ឈុន ចាត់​ទុក​ការ​ឆ្លើយ​បដិសេធ​របស់​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​បាត់ដំបង គ្រាន់​តែ​ជា​សេស​មួយ​ដើម្បី​ដោះ​បន្ទុក​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​មួយ​គ្រា​ប៉ុណ្ណោះ៖ «ជា​រឿយៗ អា​រឿង​ដដែលៗ ហើយ​បញ្ហា​ដែល​កើត​មាន​កន្លង​មក​ហ្នឹង ច្រើន​តែ​មន្ត្រី​នៃ​ការិយាល័យ ឬ​មួយ​មន្ទីរ​ហ្នឹង អឺ! ប្រឡិមប្រឡុំ​ដើម្បី​យក​លុយ​ហ្នឹង​ទៅ​បង្វិល​យក​ការ​ប្រាក់​យក​អី​ទៅ ឬ​មួយ​យើង​ថា​ពុក​រលួយ​អី​អ៊ីចឹង​ទៅ​បាទ បាន​ជា​មិន​បាន​បង្វិល​បើក​ពួក​គាត់​ទាន់​ពេល​វេលា​បាទ»

ក្រុម​គ្រូបង្រៀន​អនុវិទ្យាល័យ ដែល​ជា​អតីត​គរុសិស្ស​ជំនាន់​ទី​៣ នៃ​គរុកោសល្យ​ភូមិ​ភាគ​ខេត្ត​បាត់ដំបង គ្រប់​ជំនាញ​ដែល​មិន​បាន​បើក​ប្រាក់​ខែ​រំឭក​ប្រមាណ​ជាង ២​ពាន់​នាក់ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ប្រាក់​ខែ​រំឭក​នេះ​ប្រមាណ​ជាង ២​លាន​រៀល។

នៅ​ក្នុង​ករណី​នេះ លោក រ៉ុង ឈុន មាន​មតិ​ថា ជម្រើស​ដែល​ល្អ គឺ​ក្រុម​គ្រូបង្រៀន​ទាំងអស់​ដែល​មិន​បាន​បើក​ប្រាក់​ខែ​រំឭក​នៅ​ឡើយ អាច​ធ្វើ​ញត្តិ​បញ្ជូន​ទៅ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នោះ​ខាង​សមាគម​នឹង​នាំ​រឿង​នេះ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អន្តរាគមន៍​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។