គ្រូបង្រៀន​នៅ​ខេត្ត​បាត់ដំបង​ថា​មិន​ទាន់​បាន​បើក​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍​ជាង​១​ឆ្នាំ

ដោយ ហ៊ុំ ចំរើន
2015.12.23
មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង ៦២០ មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤
RFA/Hum Chamroeun

គ្រូបង្រៀន​សាលា​បឋម​សិក្សា​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង ព្រមាន​ឈប់​បង្រៀន​សិស្ស ដោយសារ​ពុំ​បាន​បើក​ប្រាក់​ខែ​បង្រៀន​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ ជាង​មួយ​ឆ្នាំ ដោយ​ពុំ​ដឹង​ថា​មាន​មូលហេតុ​អ្វី​នៅ​ពី​ក្រោយ។ គ្រូបង្រៀន​ទាំង​នោះ កំពុង​ទន្ទឹង​រង់ចាំ​ប្រាក់​ខែ​នេះ​យក​ទៅ​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។ ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង​បាត់ដំបង អះអាង​ថា ការ​យឺតយ៉ាវ​នេះ គឺ​ដោយសារ​លុយ​ពុំ​ទាន់​ធ្លាក់​មក​ពី​ក្រសួង​នៅ​ឡើយ។

លោកគ្រូ​អ្នកគ្រូ​នៅ​ក្រុង​បាត់ដំបង អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ពន្លឿន​ការ​បើក​ប្រាក់​បង្រៀន​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​កំពុង​ខ្វះខាត។

គ្រូបង្រៀន​សាលា​បឋម​សិក្សា​នៅ​ក្រុង​បាត់ដំបង សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ធ្នូ ថា គ្រូបង្រៀន​សាលា​បឋម​សិក្សា​ទូទាំង​ក្រុង​បាត់ដំបង ពុំ​បាន​បើក​ប្រាក់​ខែ​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ រហូត​មក ដោយ​ពុំ​ដឹង​មូលហេតុ​អ្វី​ច្បាស់លាស់​នោះ​ទេ។ ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ ជា​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​ការងារ​រដ្ឋ​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ របស់​គ្រូបង្រៀន ដោយ​គិត​ប្រាក់​ឈ្នួល​ម្នាក់​ប្រមាណ ១​ម៉ឺន ២​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ លោក​បញ្ជាក់​ថា ការ​ពុំ​បាន​បើក​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ នេះ បាន​ប៉ះពាល់​ជា​ខ្លាំង​ដល់​សតិ​អារម្មណ៍​របស់​គ្រូបង្រៀន​ដែល​មាន​ជីវភាព​ក្រីក្រ ពុំ​មាន​ទឹក​ចិត្ត​ទៅ​បង្រៀន​សិស្ស​នោះ​ទេ៖ «បាទ! មិន​ដឹង​ជា​កក​ស្ទះ​នៅ​ត្រឹម​ណា​ទេ បាន​ជា​យឺតយ៉ាវ​បែប​នេះ ព្រោះ​សព្វ​ដង​ពី ៤ ទៅ​ខែ​៥ ធ្លាក់​មក​ដល់​ពួក​ខ្ញុំ​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​បាត់ដំបង លោក ជូរ ពៅជា មាន​ប្រសាសន៍​ថា លោកគ្រូ​អ្នកគ្រូ​បើក​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ យឺតយ៉ាវ​នេះ កើត​ឡើង​សឹង​ទូទាំង​ខេត្ត​បាត់ដំបង ទៅ​ហើយ ពុំ​មែន​មាន​តែ​ក្រុង​បាត់ដំបង មួយ​នោះ​ទេ។ លោក​បញ្ជាក់​ថា មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត បាន​ប្រាប់​លោក​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បើក​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ ជូន​គ្រូបង្រៀន​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ៖ «បាទ! ខាង​ការិយាល័យ​បឋម​សិក្សា​គាត់​ថា បាន​បញ្ជូន​ឯកសារ​ទៅ​ការិយាល័យ​គណនេយ្យ​ហើយ ក៏ប៉ុន្តែ​ដោយសារ​ខែ​មុន​នោះ ខាង​ក្រសួង​អប់រំ បាន​បង្វិល​ថវិកា​នោះ​ទៅ​ឲ្យ​គ្រូបង្រៀន​ពីរ​ពេល​មុន​សិន បាន​ខ្វះ​ថវិកា​បើក​ឲ្យ​គ្រូបង្រៀន​ថ្ងៃ​ព្រហស្បតិ៍»

ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា លោកគ្រូ​អ្នកគ្រូ​បើក​ប្រាក់​បង្រៀន​យឺតយ៉ាវ​នេះ ដោយសារ​ក្រសួង​អប់រំ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​ដល់​គ្រូបង្រៀន។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សតិ​អារម្មណ៍​គ្រួសារ​របស់​ពួក​គាត់៖ «រដ្ឋាភិបាល និង​ក្រសួង​អប់រំ បាន​រឹត​បន្តឹង​ការ​បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ​ហើយ តែ​អត់​គិតគូរ​បើក​ប្រាក់​ខែ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស​នោះ​ទេ»

គ្រូបង្រៀន​សាលា​បឋម​សិក្សា​នៅ​ក្រុង​បាត់ដំបង ប្រមាណ ៦៨០​នាក់ ដែល​ពុំ​ទាន់​បើក​ប្រាក់​ខែ​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ ព្រមាន​ថា ពួក​គាត់​នឹង​ឈប់​បង្រៀន​សិស្ស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រសិន​បើ​ក្រសួង​អប់រំ ពុំ​បើក​ប្រាក់​បង្រៀន​នេះ​ជូន​ពួក​គាត់​នៅ​ចុង​ឆ្នាំ​២០១៥ ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។