សកម្មជន​ដីធ្លី​តំបន់​បឹងកក់​៧​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

0:00 / 0:00

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​នៅ​សហគមន៍​​បឹងកក់​ចំនួន ៧​នាក់ ខណៈ​ពេល​ដែល​ពួក​គេ​នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​រឿង​ទឹក​លិច​ផ្ទះ។ មក​ទល់​ពេល​ល្ងាច​ថ្ងៃ​ទី​១០ វិច្ឆិកា នេះ មិន​ទាន់​មាន​ការ​ដោះលែង​នៅ​ឡើយ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​ដំណើរ​នៃ​ការ​ចាប់​ខ្លួន​នេះ​ចាត់​ទុក​ថា រដ្ឋាភិបាល​គប្បី​បើក​ការ​ចរចា​រក​ដំណោះស្រាយ​ជាជាង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ឬ​ថា ប្រើ​កម្លាំង​ដើម្បី​​បង្ក្រាប​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ក្រោម​ហេតុ​ផល​ណា​មួយ។

លោក អំ សំអាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) ដែល​ចុះ​ឃ្លាំមើល​ស្ថានការណ៍​នៅ​ពេល​នេះ ឲ្យ​ដឹង​ថា សកម្មជន​ដីធ្លី​ដែល​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​ជា​ស្ត្រី​នោះ ត្រូវ​បាន​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាមៗ​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ចាប់​ខ្លួន​បាន។

លោក​ថ្លែង​បន្ត​ថា រឿង​នេះ​មិន​គួរ​ណា​រដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​ក្រុម​អ្នក​តវ៉ា គ្រាន់តែ​ស្វែង​រក​ដំណោះស្រាយ​នោះ​ទេ៖ «យើង​គិត​ថា វា​មិន​គួរ​រឿង​អី​​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ។ សំខាន់​គឺ​រឿង​ការ​ដោះស្រាយ ការ​ជជែក​គ្នា ពី​ព្រោះ​​ដែល​គាត់​តវ៉ា​នេះ ដោយសារ​តែ​បញ្ហា​ទឹក​ភ្លៀង​មក​វា​លិច​នៅ​ផ្ទះ​សម្បែង​របស់​គាត់ ដែល​ពី​មុន​ការ​អភិវឌ្ឍ​​នៅ​តំបន់​បឹងកក់ ផ្ទះ​គាត់​គឺ​មិន​ដែល​​លិច​ដូច្នេះ​​ទេ»

សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​លោកស្រី ទេព វន្នី លោកស្រី ផាន់ ឈុនរ៉េត លោកស្រី គង់ ចន្ថា លោកស្រី បូរ ឆវី កញ្ញា សុង ស្រីលាភ លោកស្រី ង៉ែត ឃុន និង លោកស្រី នង ស្រេង។

លោក ចាន់ ពុទ្ធិស័ក្ដ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ម្នាក់​ដែរ និយាយ​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​​នៅ​ពេល​ពួក​គាត់​ប្រមូលផ្ដុំ​នៅ​​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍ សូម​ឲ្យ​ជួយ​រក​ដំណោះស្រាយ​រឿង​ទឹក​លិច​ផ្ទះ។ លោក​បន្ត​ថា នៅ​ពេល​ភ្លៀង​​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ បង្ក​ឲ្យ​មាន​ទឹក​ដក់​ហើយ​មាន​ក្លិន​ស្អុយ ដែល​មិន​អាច​មាន​​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ចេញ ហេតុ​នេះ​ទើប​ប្រជាពលរដ្ឋ​សម្រេច​​ចិត្ត​សុំ​កិច្ច​អន្តរាគមន៍​ពី​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរ​ជា​ត្រូវ​កម្លាំង​ចម្រុះ​ប្រហែល ៣០០នាក់​បង្ក្រាប និង​ចាប់​ខ្លួន។

លោក ចាន់ ពុទ្ធិស័ក្ដ៖ «មូល​ហេតុ​ដែល​គេ​ចាប់​ហ្នឹង​ដោយ​សារ​ថា ពួក​យើង​ធ្វើ​ការ​តវ៉ា​នៅ​សាលា​​ក្រុង​ភ្នំពេញ អំពី​ទឹក​ជន​លិច​សហគមន៍​​បឹងកក់ ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ទឹក​នៅ​បន្ត​លិច​សហគមន៍​បឹងកក់។ អ៊ីចឹង​អាជ្ញាធរ​អត់​ធ្វើ​ដឹង​ធ្វើ​ឮ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដល់​អ៊ីចឹង​ទៅ​ប្រជាពលរដ្ឋ​ទៅ​តវ៉ា»

អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​ប្រើ​ហិង្សា​ប្រឆាំង​ក្រុម​បាតុករ ដែល​តស៊ូ​មតិ​ដោយ​សន្តិវិធី​កត់សំគាល់​ថា ​រដ្ឋាភិបាល​ពុំ​ដែល​ឃើញ​ដោះស្រាយ​បញ្ហា​នៅ​ពេល​មាន​ការ​តវ៉ា​ម្ដង​ណា​ឡើយ ក្រៅ​ពី​ព្យាយាម​ប្រើ​កម្លាំង​គ្រប់​រូបភាព​បង្ក្រាប ឬ​ថា ទប់ស្កាត់​ក្រុម​អ្នក​តវ៉ា​ជា​បន្តបន្ទាប់​ក្នុង​ពេល​កន្លង​ទៅ​នេះ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ កាល​ពី​ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​មន្ត្រី​របស់​​លោក​ដែរ​ថា មិន​ដែល​ឃើញ​ដោះស្រាយ​អ្វី​ទាល់​តែ​សោះ ក្រៅ​ពី​ប្រើ​កម្លាំង​បិទ​ខាង​លិច​បិទ​ខាង​កើត​ប្រឆាំង​អ្នក​តវ៉ា។

ទោះ​ជា​បែប​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​មិន​ដឹង​ជា​ឆន្ទៈ​ពិត​ក្នុង​ការ​ដោះស្រាយ​បញ្ហា ឬ​គ្រាន់​តែ​ធ្វើ​ដើម្បី​ល្អ​មើល​នោះ​ទេ ឬថា​គឺ​ជា​សារ​ដើម្បី​លួង​ចិត្ត។

គិត​មក​ដល់​ពេល​នេះ ដំណោះស្រាយ​ហាក់​គ្មាន​លទ្ធផល រី​ឯ​បញ្ហា​ចេះ​តែ​បន្ត​កើត​ឡើង បើ​ទោះ​ជា​លោក ហ៊ុន សែន បាន​បញ្ជា​​ឲ្យ​មន្រ្តី​នៅ​មូលដ្ឋាន​បន្ត​ដោះស្រាយ​ដើម្បី​បញ្ចៀស​ការ​ឡើង​តវ៉ា​មក​ដល់​ភ្នំពេញ​ក្តី។ សម្រែក​តវ៉ា​ត្រូវ​បាន​ឭ​ស្ទើរ​រាល់​ថ្ងៃ​នៅ​តាម​មហាវិថី​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​រឿង​ដីធ្លី។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​មុន​ការ​ផ្សាយ​​នេះ​ថា មូល​ហេតុ​ដែល​ឈាន​ដល់​​ការ​ចាប់​ខ្លួន​នេះ ព្រោះ​ពួក​គាត់​​ព្យាយាម​បិទ​ផ្លូវ។ លោក​បន្ត​ថា ការ​ដោះស្រាយ​ដើម្បី​ឲ្យ​មាន​សេរីភាព​វិញ ឬ​យ៉ាង​ណោះ​នោះ​គឺ​លោក​នៅ​មិន​ប្រាកដ​នៅ​ឡើយ​ទេ។ លោក​ថ្លែង​បន្ត​ថា ព្រោះ​នៅ​ពេល​នេះ មនុស្ស​ទាំង ៧​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ទៅ​ហើយ ហេតុ​នេះ​ការ​​ដែល​ថា អាច​បាន​នៅ​ក្រៅ​ឃុំ គឺ​នៅ​​មិន​ទាន់​ដឹង​ច្បាស់ ព្រោះ​ជា​នីតិវិធី​បន្ត។

លោក​ចាត់​ទុក​បន្ត​ថា សកម្មជន​ទាំង ៧​នាក់​នោះ តវ៉ា​បិទ​ផ្លូវ​គឺ​មិន​ខុស​ពី​យក​អ្នក​ធ្វើ​ដំណើរ​​តាម​ទី​សាធារណៈ​ធ្វើ​ចំណាប់​ខ្មាំង​ដើម្បី​បង្ខំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ឡើយ។

លោក ឡុង ឌីម៉ង់ ថ្លែង​ថា សកម្មភាព​ដែល​ធ្វើ​ឡើង​នៅ​ពេល​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់ ហេតុ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​មាន​តែ​ប្រើ​កម្លាំង​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។