រាជ​រដ្ឋាភិបាល​ថៃ​ស្នើសុំ​ឲ្យ​កម្ពុជា​បញ្ជូន​ជនជាតិ​ថៃ​៣​នាក់​ដែល​ប្រមាថ​ស្ដេច​ត្រឡប់​ទៅ​ថៃ​វិញ

រាជ​រដ្ឋាភិបាល​ថៃ ស្នើសុំ​ឲ្យ​ប្រទេស​កម្ពុជា បញ្ជូន​ជនជាតិ​ថៃ ៣​នាក់ ត្រឡប់​ទៅ​ប្រទេស​ថៃ វិញ ដែល​អាជ្ញាធរ​ថៃ ចាត់​ទុក​ថា​ជា​ជន​ប្រមាថ​ព្រះចេស្ដា​មហាក្សត្រ​ថៃ។

មេ​ប៉ូលិស​ជាតិ​ថៃ លោក ចាក់ធីប ចៃចិន្ដា (Chakthip Chaijinda) ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) ស្រង់​សម្ដី​ថា ប៉ូលិស​ថៃ កំពុង​ធ្វើ​ការ​ជាមួយ​ប៉ូលិស​អន្តរជាតិ ឲ្យ​ចាត់​វិធានការ​ច្បាប់​ចំពោះ​អ្នក​ប្រមាថ​ព្រះចេស្ដា​មហាក្សត្រ ហើយ​កំពុង​ជ្រកកោន​នៅ​ឯ​បរទេស។

ប៉ូលិស​ថៃ កំពុង​ស្វែងរក​ជន​សង្ស័យ​ប្រមាថ​ព្រះចេស្ដា​មហាក្សត្រ​ចំនួន ១៩​នាក់ ដែល​កំពុង​រត់​ទៅ​ជ្រកកោន​នៅ​ឯ​ប្រទេស​ក្រៅ​ចំនួន​៧ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា មួយ​ផង។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ដើម្បី​បញ្ជាក់​អំពី​ជំហរ​របស់​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​២៧ តុលា។

ជន​ដែល​ប៉ូលិស​ថៃ កំពុង​តាម​រក​ឲ្យ​បញ្ជូន​ទៅ​ប្រទេស​ថៃ វិញ​នោះ គឺ​អ្នក​ដែល​សរសេរ​ប្រមាថ​ព្រះចេស្ដា​មហាក្សត្រ ហើយ​បង្ហោះ​តាម​អ៊ីនធឺណិត​ពី​ក្រៅ​ប្រទេស ដែល​ជា​បទល្មើស​មាន​ចែង​ក្នុង​មាត្រា​១១២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។