មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋាភិបាលស្នើឲ្យព្រះមហាក្សត្រប្រទានលើកលែងទោសឲ្យសកម្មជនអាវលឿងថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) បន្ទាប់ពីលោកបានជាប់ពន្ធនាគារអស់មួយរយៈពេលកន្លងមក។
ការដោះលែងនេះ ធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសស្តីទីថៃ លោក សីហាសក្តិ ភួងកេតកែវ (Sihasak Phuangketkeow) មកធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារ ទី១ ខែកក្កដា នេះ។
លោក ផៃ ស៊ីផាន អះអាងថា ការដោះលែងនេះ មិនមែនធ្វើឡើងក្នុងន័យនយោបាយទេ៖ «ការដោះលែងនេះ ជាភារកិច្ចនៃការអនុវត្តទោសប៉ុណ្ណោះ គឺមិនមាននិន្នាការនយោបាយ ឬមិនមាននិន្នាការផ្សេងក្រៅពីកាតព្វកិច្ចយុត្តិធម៌»។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា លោក វីរៈ ស៊ុំក្វាមឃីត ត្រូវបានដោះលែងហើយកាលពីព្រឹកថ្ងៃអង្គារ ក្រោយពេលព្រះមហាក្សត្រ ចុះព្រះហត្ថលេខានៅថ្ងៃអង្គារ នេះដែរ។ លោក វីរៈ ស៊ុំក្វាមឃីត នឹងចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ តាមជើងយន្តហោះរបស់ប្រតិភូរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហាសក្តិ ភួងកេតកែវ។
លោក វីរៈ ស៊ុំក្វាមឃីត និងសកម្មជនស្ត្រីម្នាក់ទៀតឈ្មោះ រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន (Ratree Pipattanapaiboon) ត្រូវបានចាប់ខ្លួន កាលពីឆ្នាំ២០១០ ពីបទចូលទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងប្រមូលព័ត៌មានសម្ងាត់ ប៉ះពាល់សន្តិសុខជាតិកម្ពុជា ក្នុងអំឡុងពេលមានជម្លោះដែលថៃ ដណ្ដើមកាន់កាប់តំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ។ អ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន ត្រូវបានដោះលែងកាលពីខែធ្នូ ឆ្នាំ២០១០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
