ពាណិជ្ជករ និងម្ចាស់ក្រុមហ៊ុនថៃ សម្ដែងក្តីបារម្ភពីការបាត់បង់កម្លាំងពលករបរទេស ក្រោយពេលរដ្ឋាភិបាលយោធាថៃ ប្រកាសធ្វើយុទ្ធនាការបោសសម្អាតពលករបរទេសធ្វើការខុសច្បាប់នៅប្រទេសថៃ។ ឧស្សាហកម្មម្ហូបអាហារសមុទ្រ និងសំណង់របស់ថៃ ដែលត្រូវប្រើប្រាស់កម្លាំងធ្ងន់ កំពុងរងផលប៉ះពាល់ខ្លាំង ហើយអាចបណ្ដាលឲ្យសេដ្ឋកិច្ចថៃ ធ្លាក់ចុះ។
មន្ត្រីយោធាទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា និងថៃ អះអាងថា ចាប់តាំងពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១៨ មិថុនា ពលករខ្មែរចំនួន ២សែន ២ម៉ឺននាក់ បានវិលមកកម្ពុជា ក្នុងនោះភាគច្រើនលើសលប់ត្រូវបានអាជ្ញាធរយោធាថៃ ចាប់បញ្ជូនមក។ បញ្ហានេះ បណ្ដាលឲ្យរោងចក្រថៃ មួយចំនួនបានកាត់បន្ថយសង្វាក់ផលិតកម្មនៅតាមខេត្តមួយចំនួន។
ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ដកស្រង់សម្ដីប្រធានសមាគមផលិតកៅស៊ូនៅក្នុងខេត្តរ៉ាក់យងថៃ (Rayong) នៅជាប់ព្រំដែនខ្មែរ ថាមានរោងចក្រជាច្រើនបានកាត់បន្ថយដំណើរការរោងចក្រ បន្ទាប់ពីបាត់បង់ពលករខ្មែរជាច្រើន។ តាមរោងចក្រនិមួយៗ ពលករប្រមាណ ៣០ភាគរយ បានឈប់ធ្វើការ ដែលបញ្ហានេះនឹងអាចបណ្ដាលឲ្យអ្នកបញ្ជាទិញបរទេស បាត់បង់ជំនឿលើរោងចក្រថៃ។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេស ធ្លាប់អះអាងថា រដ្ឋាភិបាលយោធាថៃ ជាអ្នកនៅពីក្រោយការបង្ខំឲ្យពលករខ្មែរចាកចេញពីប្រទេសថៃ ហើយប្រាប់ម្ចាស់ក្រុមហ៊ុនជាច្រើនមិនឲ្យបន្តទទួលយកពលករខុសច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ លោក កុយ គួង បញ្ជាក់ថា ខាងភាគីរដ្ឋាភិបាលយោធាថៃ សន្យាថានៅតែបន្តទទួលពលករខ្មែរដែលមានលិខិតធ្វើការងារស្របច្បាប់នៅប្រទេសថៃ៖ «កន្លងមកព័ត៌មានចចាមអារ៉ាមផ្ដោតលើពលករខុសច្បាប់ ហើយភាគច្រើនដែលមកនោះ ពលករខុសច្បាប់ ពលករស្របច្បាប់បន្តធ្វើធម្មតា»។
លោក កុយ គួង នៅតែច្រានចោលព័ត៌មានថា ពលករខ្មែរ ៩នាក់ ត្រូវបានទាហានថៃ បាញ់សម្លាប់ ប៉ុន្តែបញ្ជាក់ថា ពលករចំនួន ៩នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរមកកម្ពុជា។
របាយការណ៍នាយកដ្ឋានការងារថៃ បង្ហាញថា ថៃ មានពលករបរទេសស្របច្បាប់ចំនួន ២លាន ៣សែននាក់ ហើយប្រមាណ ៨សែននាក់ផ្សេងទៀត ធ្វើការងារមិនស្របច្បាប់។ ប្រទេសថៃ ពឹងផ្អែកពលករប្រទេសជិតខាង ដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ឬភូមា ធ្វើការងារមួយចំនួនដែលតម្រូវឲ្យប្រើប្រាស់កម្លាំងធ្ងន់។ មន្ត្រីយោធាថៃ កាលពីថ្ងៃទី១៧ មិថុនា មានគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស និងបង្កើតឲ្យមានការចុះឈ្មោះធ្វើការងារមានលក្ខណៈងាយស្រួលជាងមុន ដើម្បីគ្រប់គ្រងពលករបរទេស។
ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ក៏បានដកស្រង់សម្ដីអ្នកវិភាគមួយចំនួនថា ពលករភូមា មិនបានចាកចេញពីប្រទេសថៃ ច្រើនដូចពលករកម្ពុជា ឡើយ ដោយសារតែបញ្ហាទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។ អ្នកវិភាគចាត់ទុកថា ទំនាក់ទំនងល្អរវាងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចជាមូលហេតុដែលរដ្ឋាភិបាលយោធាថៃ ផ្ដោតការយកចិត្តទុកលើតែពលករកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
