អាជ្ញាធរ​ខ្មែរ-ថៃ​ឯកភាព​គ្នា​ពង្រឹង​ការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​តាម​ជាយដែន

អាជ្ញាធរ​កម្ពុជា-ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា ជួប​ពិភាក្សា​គ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស បទល្មើស​ឧក្រិដ្ឋកម្ម​តាម​ជាយ​ដែន​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ពលរដ្ឋ​ចេញ​ចូល​នៅ​តាម​ជាយដែន។

ការ​ពិភាក្សា​គ្នា​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​អប់រំ​បន្ថែម​ចំណេះ​ដឹង​ជំនាញ​ស៊ើប​អង្កេត​ផ្នែក​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ប៉ូលិស​អន្តោប្រវេសន៍​កម្ពុជា និង​ថៃ ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ មីនា នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

ជំនួយការ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​កម្ពុជា លោក ព្រំ និមល មាន​ប្រសាសន៍​ថា ការ​អប់រំ​នេះ​ដើម្បី​រឹត​បន្តឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​គ្នា ក្នុង​នាម​ប្រទេស​ជា​សមាជិក​អាស៊ាន៖ «ចំណុច​សំខាន់ គឺ​យើង​បណ្ដុះបណ្ដាល​រួម​គ្នា​នេះ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព និង​សុខ​សន្តិភាព​នៃ​ប្រទេស​ទាំង​ពីរ»។

ក្នុង​កិច្ច​ពិភាក្សា​នេះ មេ​បញ្ជាការ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ លោក ណាត់ធន ផ្រោះសុនធន (Nath Thon Phroksunthon) បាន​សំណូមពរ​ដល់​ប៉ូលិស​កម្ពុជា ឲ្យ​ជួយ​ស៊ើប​អង្កេត​រឿង​ឃាតកម្ម​លើ​ម្ចាស់​កាស៊ីណូ​ជនជាតិ​ថៃ នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ ដើម្បី​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់​រហ័ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។