ក្រសួងការបរទេសអះអាងថា ពលករខ្មែរដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ចំនួន ២៣នាក់ ដែលត្រូវកម្លាំងចម្រុះរបស់យោធាថៃ ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ កក្កដា នោះ ត្រូវដោះលែង នឹងត្រឡប់មកកម្ពុជា ហើយនៅរសៀលថ្ងៃដដែលនោះ។
មន្ត្រីនាំពាក្យក្រសួងការបរទេស ឲ្យដឹងនៅថ្ងៃទី៣ កក្កដា ថា ពលករខ្មែរទាំង ២៣នាក់នោះរួមមាន ប្រុស ១២នាក់ ស្រី ៩នាក់ និងមានក្មេងចំនួន ២នាក់។
លោក កុយ គួង មានប្រសាសន៍ថា ពួកគេទាំងនោះត្រូវអាជ្ញាធរថៃ ចាប់ខ្លួនខណៈពួកគេធ្វើដំណើរក្នុងទឹកដីស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា៖ «ប៉ុន្តែគេបានឃាត់ខ្លួនពួកគាត់រួចហើយ គេសាកសួរទៅ ពួកគាត់ចូលអត់មានក្រដាសស្នាមអីត្រឹមត្រូវ គេក៏បានបញ្ជូនត្រឡប់មកប្រទេសយើងវិញ។ ដោយសារនៅជិតព្រំដែន គេក៏បានបញ្ជូនមកវិញនៅថ្ងៃដដែលហ្នឹងឯង កាលពីម្សិលមិញហ្នឹងបាទ។ ខ្ញុំអត់បានលម្អិតទេណា ខ្ញុំអត់បានលម្អិតទេ ថាពួកគាត់មកពីខេត្តណាខ្លះ»។
លោក កុយ គួង បញ្ជាក់ថា ពុំមានពលករខ្មែរឆ្លងដែនទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ត្រូវអាជ្ញាធរខេត្តស្រះកែវ ចាប់ខ្លួននៅថ្ងៃទី៣ កក្កដា នោះទៀតទេ។
មន្ត្រីសម្របសម្រួលអង្គការអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុម ចាន់គា កត់សម្គាល់ថា អាជ្ញាធរថៃ ចាប់ខ្លួនពលករខ្មែរកន្លងមក ភាគច្រើនពួកគេទាំងនោះឆ្លងដែនតាមរយៈមេខ្យល់ដោយខុសច្បាប់ ចូលទៅស្វែងរកការងារធ្វើនៅប្រទេសថៃ។ លោក ស៊ុម ចាន់គា បញ្ជាក់ថា ពលករខ្មែរឆ្លងដែនទៅប្រទេសថៃ នេះ ដោយសារកន្លងមកពួកគេទៅធ្វើការស្របច្បាប់ជួបការលំបាក ក្នុងការរស់នៅប្រទេសថៃ ដោយក្រុមហ៊ុននាំពលករទៅធ្វើនៅប្រទេសថៃ ដកលិខិតឆ្លងដែនពីពលករ ធ្វើឲ្យពួកគាត់ពិបាកក្នុងការដើរហើរ។ ម្យ៉ាងទៀត ក្រុមហ៊ុនផ្ដល់ប្រាក់មិនសមស្របទៅតាមភាពជាក់ស្ដែងការងារ និងការមិនអនុញ្ញាតឲ្យពលករចេញទៅរកការងារកន្លែងផ្សេង ដែលមានតម្លៃឈ្នួលខ្ពស់ជាដើម។ បញ្ហាទាំងនេះហើយ ជាកត្តាចម្បងជំរុញឲ្យពួកគេធ្វើចំណាកស្រុកទាំងប្រថុយប្រថានដោយខុសច្បាប់នោះ។
លោក ស៊ុម ចាន់គា៖ «គួរតែធ្វើម៉េច អិម.អូ.យូ (MOU) ជាមួយថៃ ធ្វើយ៉ាងម៉េចមានផលប៉ះពាល់ណាមួយ លក្ខណៈដែលអាចចូលទៅថៃ ឡើងចុះ ហើយតម្លៃថោកឱ្យគេទទួលស្គាល់ថា ប្រជាពលរដ្ឋខ្មែរដើម្បីធ្វើការ។ គាត់ធ្វើការអ្វីក៏ដោយមិនចាំបាច់តាមរយៈក្រុមហ៊ុន ឬអីទេ គាត់អាចចូលទៅ ហើយថៃ អាចទទួលយកថាណែ ប៉ាសស្ព័រហ្នឹងនៅសម្រាប់ប្រជាពលរដ្ឋដែលនៅតាមព្រំដែន ឬក៏ពីកន្លែងណាក៏ដោយ ដែលចង់ទៅធ្វើការនៅថៃ ហើយថៃ អាចទទួលយកបានថា ជាអ្នកទៅធ្វើការស្របច្បាប់។ អាហ្នឹងវាល្អប្រសើរជាងទៅតាមរយៈក្រុមហ៊ុន»។
លោកបញ្ជាក់បន្ថែមថា ចំនួនពលករនៅតែបន្តឆ្លងដែនទៅធ្វើការនៅប្រទេសថៃ តាមច្រកនានាក្នុងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ ក្នុងនោះពលករមួយចំនួនត្រូវអាជ្ញាធរថៃ ចាប់ដាក់ពន្ធនាគារ និងចាប់បញ្ជូនមកកម្ពុជា វិញ។
ចាប់តាំងពីខែមិថុនា រហូតមកទល់ពេលនេះ ពលករខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជា វិញ មានចំនួនជាង ២សែននាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
