សម្រែកតវ៉ារបស់កម្មករបានផ្ទុះឡើងក្រោយពេលពួកគេបានទទួលដំណឹងថា គណៈកម្មការប្រឹក្សាការងារ បានសម្រេចដំឡើងប្រាក់ខែគោលចំនួន ១៥ដុល្លារអាមេរិក ទាបជាងការរំពឹងទុក។
លោក អាត់ ធន់ ប្រធានសហជីពឈ្មោះសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ការតវ៉ារបស់កម្មករកើតឡើង ដោយសារការដំឡើងប្រាក់ខែគោលនេះតិចពេក បើធៀបជាមួយតម្លៃទំនិញដែលឡើងគ្រប់មុខ។
«សំឡេង»
លោក អាត់ ធន់ បានបន្ថែមឲ្យដឹងថា មុនពេលសម្រេចឡើងប្រាក់ខែគោល ១៥ដុល្លារ នេះ គណៈកម្មការប្រឹក្សាការងារ បានបង្កើតក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវសេចក្តីត្រូវការចំណាយរបស់កម្មករក្នុងជីវភាពប្រចាំថ្ងៃ ហើយគេរកឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ន កម្មករចំណាយពី ១៥០ ទៅ ១៧០ដុល្លារអាមេរិក។ ប៉ុន្តែ លោកមិនយល់ថា ហេតុអីបានជាគណៈកម្មការប្រឹក្សាការងារ បោះឆ្នោតអនុម័តសម្រេចឡើងប្រាក់ខែត្រឹមតែ ១៥ដុល្លារអាមេរិក ឲ្យកម្មករទៅវិញ។
«សំឡេង»
ចំណែក លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៦ ធ្នូ ថា កម្មករប្រឹងធ្វើការហត់នឿយណាស់ រហូតដល់អ្នកខ្លះសន្លប់នៅកន្លែងធ្វើការទៀតផង។ ដូច្នេះ ការដំឡើងប្រាក់ខែគោល ១៥ដុល្លារ នេះ មិនត្រឹមត្រូវទេ។
ពិតមែនតែមានសហជីពមួយចំនួនមានការតវ៉ាចំពោះការដំឡើងប្រាក់ខែនេះមែន តែក៏មានសហជីពខ្លះបានគាំទ្រចំពោះការសម្រេចដំឡើងប្រាក់ខែនេះដែរ។ ក្នុងចំណោមសហជីពគាំទ្រទាំងនោះ មានសហជីពមួយឈ្មោះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលមាន លោក សោម អូន ជាប្រធាន។
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយអះអាងថា តំណាងឲ្យកម្មករនិយោជិតជាង ៤០ម៉ឺននាក់ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គាំទ្រចំពោះលទ្ធផលប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ក្នុងការដំឡើងប្រាក់ខែគោល ១៥ដុល្លារ នេះ។ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានចោទប្រកាន់ថា មានសហជីពខិលខូចមួយចំនួនដែលគ្មានចុះបញ្ជិកាផ្លូវការ និងមេគណបក្សនយោបាយ បានឃោសនាបោកបញ្ឆោតកម្មករឲ្យចូលរួមបាតុកម្មជាមួយពួកគេ។ ដូច្នេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ និងសូមអំពាវនាវឲ្យសមាជិករបស់ខ្លួន រក្សាភាពស្ងប់ស្ងៀម កុំចូលរួមសកម្មភាពណាដែលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់សន្តិសុខការងារ និងប៉ះពាល់ដល់បរិយាកាសវិនិយោគ។
ប្រតិកម្មចំពោះការធ្វើបាតុកម្មតវ៉ារបស់កម្មកររោងចក្រកាត់ដេរ ជំទាស់ការឡើងប្រាក់ខែគោល ១៥ដុល្លារអាមេរិក នេះ លោក ជាតិ ខេមា មន្ត្រីជាន់ខ្ពស់របស់សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា (GMAC) មានប្រសាសន៍ថា ការតវ៉ាទាមទារនេះ ភាគីនិយោជក ឬម្ចាស់រោងចក្រមិនអាចធ្វើបានដូចការទាមទាររបស់តំណាងកម្មករបានទេ។ លោកបានរៀបរាប់ឲ្យដឹងថា ធម្មតាអ្នកបញ្ជាទិញគេបានកំណត់តម្លៃ កំណត់ពេលវេលា និងកំណត់គុណភាពទំនិញតាមគេចង់បាន។ ដូច្នេះ ការតវ៉ានេះអាចមានផលប៉ះពាល់មួយចំនួនដូចជា ទី១ ម្ចាស់រោងចក្រពុំមានលទ្ធភាពធ្វើបាន។ ទី២ ការតវ៉ានេះធ្វើឲ្យប៉ះពាល់ដល់ការបញ្ជាទិញរបស់ក្រុមហ៊ុននានា មិនបានឆ្លើយតបទាន់ពេលបាន។ ទី៣ ការតវ៉ាទាមទារនេះ ធ្វើឲ្យស្ទះដំណើរការផលិតកម្ម។ ទី៤ ការតវ៉ានេះ អាចធ្វើឲ្យកម្មករបាត់បង់ការងារ នាំឲ្យបាត់បង់ចំណូល ហើយថៅកែរោងចក្រគេអាចពិនិត្យលទ្ធភាពរើចេញទៅបោះទីតាំងនៅទីកន្លែងថ្មី ដែលគេអាចរកស៊ីបាន។
ចំពោះការតវ៉ារបស់កម្មករទាក់ទងរឿងឡើងប្រាក់ខែគោលនេះ លោក កែម ឡី អ្នកវិភាគនយោបាយសង្គម បានមានប្រសាសន៍ថា តាមពិតបើទោះបីជាគ្មានការដំឡើងប្រាក់ខែតិចជាងការរំពឹងទុក ក៏កម្មកររោងចក្រកាត់ដេរមិនអាចទ្រាំបានចំពោះស្ថានភាពលំបាករបស់ពួកគេដែរ។
«សំឡេង»
លោក កែម ឡី បានបន្ថែមឲ្យដឹងថា ការទាមទាររបស់កម្មករ គឺត្រូវការប្រាក់ខែក្នុងចំនួនមួយ ដើម្បីរស់នៅសមរម្យ អាចតាមទាន់ការឡើងថ្លៃទំនិញ ហើយបើសិនជាមានការចោទថា មានការទាមទារឡើងខ្ពស់ពេកនោះ គឺមិនត្រឹមត្រូវទេ ពីព្រោះការកំណត់ប្រាក់ខែគោលដំបូងវាទាបពេក។
«សំឡេង»
ចំពោះវិធានការដោះស្រាយវិញ លោក កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលអាចចូលរួមចំណែកជួយឲ្យប្រាក់ខែកម្មករ អាចឡើងបាន ដោយទី១ ត្រូវលុបបំបាត់ការបង់លុយក្រោមតុ។ ទី២ បន្ថយពន្ធនាំចេញ។ ទី៣ រដ្ឋាភិបាលត្រូវមានប្រាក់ឧបត្ថម្ភទុនជួយក្នុងចំណែកប្រាក់កម្មករ និងទី៤ រដ្ឋាភិបាលត្រូវមានគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទឹក ភ្លើង ផ្លូវ ជាដើម ដើម្បីរោងចក្រកាត់ដេរមួយចំនួនអាចទៅបើកនៅតាមទីជនបទនៅក្បែរទីលំនៅរបស់កម្មករ ដើម្បីឲ្យការចំណាយរបស់កម្មករមានចំនួនតិច សមស្របនឹងប្រាក់ខែទាបរបស់ពួកគាត់។
ប៉ុន្តែ ចំពោះ លោក អាត់ ធន់ វិញ យល់ថា បើសិនជាកម្មកររោងចក្រទាំងអស់យល់ថា ការឡើងប្រាក់ខែគោលនេះទាបពេក កម្មករត្រូវចូលរួមតវ៉ាឲ្យបានច្រើន ដើម្បីឲ្យគណៈកម្មការក្រុមប្រឹក្សាការងារពិនិត្យពិចារណាឡើងវិញពីការកំណត់ប្រាក់ខែគោលនេះ។
ប្រភពតំណាងសហជីព បានឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានកម្មកររោងចក្រកាត់ដេរប្រមាណ ៧០ម៉ឺននាក់ ធ្វើការនៅរោងចក្រជាង ៩០០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
