រដ្ឋាភិបាល បានអនុម័តគោលនយោបាយរយៈពេល ១០ឆ្នាំ ស្ដីពីមុខរបរ និងការងារ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។ រដ្ឋាភិបាលអះអាងថា គោលនយោបាយដែលចំណាយពេលអស់ ៥ឆ្នាំ ដើម្បីបង្កើតឡើងនេះ នឹងជួយកាត់បន្ថយភាពក្រីក្រ ដើម្បីឲ្យពលរដ្ឋកម្ពុជា រស់នៅបានសមរម្យតាមរយៈការបង្កើតការងារ និងបង្កើនផលិតភាពការងារ។ អ្នកសិក្សាការអភិវឌ្ឍ ស្វាគមន៍ចំពោះគោលនយោបាយនេះ ក៏ប៉ុន្តែពួកគាត់លើកឡើងថា រដ្ឋាភិបាលគួរដោះស្រាយបញ្ហាមួយចំនួនទៀត ដើម្បីឲ្យការអនុវត្តគោលនយោបាយមុខរបរ និងការងារមានប្រសិទ្ធភាព។
គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ កំណត់ចេញនូវសសរស្ដម្ភចំនួនបី ដែលផ្ដោតទៅលើការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ចទីផ្សារការងារ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារលើកដំបូងរបស់ប្រទេសកម្ពុជា នេះ នឹងជួយកាត់បន្ថយចំណាកស្រុកពីជនបទមកទីប្រជុំជន តាមរយៈការជួយបង្កើតជំនាញបច្ចេកទេសដល់អ្នកនៅតាមជនបទ។
លោកបន្ថែមថា គោលនយោបាយនេះក៏ជួយឲ្យកម្ពុជា ផលិតនូវកម្លាំងពលកម្មជំនាញ ដើម្បីចូលរួមប្រកួតប្រជែងជាមួយបណ្ដាប្រទេសអាស៊ានផ្សេងទៀត ពេលអាស៊ានរួមច្របាច់បញ្ចូលជាសហគមន៍តែមួយ។
អង្គការអន្តរជាតិខាងការងារ (ILO) បានស្វាគមន៍គោលនយោបាយស្ដីពីមុខរបរ និងការងារ។ លោក ម័ររីស្សូ ប៊ូស្ស៉ី (Maurizio Bussi) មន្ត្រីនៃអង្គការអន្តរជាតិខាងការងារ ថ្លែងថា គោលនយោបាយនេះស្របទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ (Sustainable Development Goals)។ លោករំពឹងថា គោលនយោបាយនេះនឹងជួយដោះស្រាយការបង្កើតការងារសម្រាប់យុវជន និងប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងឯកសារកម្រាស់ ៣៤ទំព័រ ដែលបានរៀបរាប់លម្អិតពីគោលនយោបាយជាតិរយៈពេល ១០ឆ្នាំនេះ រដ្ឋាភិបាលបានចេញនូវវិធានការមួយចំនួន ដើម្បីសម្រេចនូវសសរស្ដម្ភទាំងបីរបស់ខ្លួន។ វិធានការទាំងនោះរួមមាន ការអភិវឌ្ឍវិស័យសហគ្រាស និងការផ្ដល់ការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ទាំងនៅទីក្រុង និងនៅទីជនបទ។ លើសពីនេះ បើតាមគោលនយោបាយនេះ រដ្ឋាភិបាលនឹងផ្ដល់ការលើកទឹកចិត្តដល់វិស័យធុរកិច្ច ដោយជំរុញឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាសកម្មភាពសេដ្ឋកិច្ចបែបគ្រួសារ និងមិនបានចុះបញ្ជិកាត្រឹមត្រូវតាមច្បាប់ ឲ្យទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ដើម្បីធានាថា កម្ពុជា មានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ គោលនយោបាយនេះធានាថា ពង្រឹងគុណភាព និងបង្កើនចំនួននៃគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយលើកកម្ពស់ស្តង់ដារសមត្ថភាព តាមរយៈការធ្វើតេស្ដបញ្ជាក់សមត្ថភាព ដោយយកស្តង់ដារអាស៊ានជាគោល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលមានសមត្ថភាពបង្កើតឱកាសការងារ ដើម្បីឆ្លើយតបនឹងកម្លាំងពលកម្មបានប្រមាណ ៣សែន ២ម៉ឺនការងារក្នុងមួយឆ្នាំ។ លោកបញ្ជាក់ថា អត្រាអត់ការងារនៅប្រទេសកម្ពុជា មានក្រោម ១ភាគរយ។
ក៏ប៉ុន្តែ លោក កែម ឡី មើលឃើញថា ការកំណត់និយមន័យ “អត្រាអត់ការងារ” របស់រដ្ឋាភិបាល មានភាពទូលំទូលាយ ដោយរាប់បញ្ចូលអ្នកធ្វើការឲ្យខ្លួនឯង និងអ្នកធ្វើការនៅផ្ទះ ជាអ្នកមានការងារធ្វើដែរ។ លោកថា ប្រសិនបើដកក្រុមទាំងពីរនេះចេញ អត្រាអត់ការងារនៅកម្ពុជា មានច្រើនលើសពី ១ភាគរយ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា នៅឆ្នាំ២០១៥ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនចំនួន ៧ភាគរយ។ ធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញថា សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងទៅលើវិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ តែវិស័យទាំងនេះមិនសូវមានសន្ទុះក្នុងឆ្នាំនេះ។ ជាក់ស្ដែង ការនាំចេញទំនិញសម្លៀកបំពាក់ថយចុះប្រមាណ ៤ភាគរយនៅឆ្នាំ២០១៥ បើធៀបទៅនឹងឆ្នាំ២០១៤ ហើយកំណើនភ្ញៀវទេសចរថយចុះជិត ១ភាគរយនៅរយៈពេលដូចគ្នា។
យ៉ាងណាក៏ដោយ មានពលរដ្ឋកម្ពុជា ច្រើនម៉ឺននាក់ ធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហើយចលនាចំណាកស្រុកពីជនបទមកទីក្រុង ក៏កើនឡើងច្រើន។ ប្រជាពលរដ្ឋដែលសម្រេចចិត្តធ្វើចំណាកស្រុកទាំងនោះ អះអាងថា ពួកគេអាចទទួលប្រាក់កម្រៃច្រើនជាងធ្វើការនៅក្នុងប្រទេស បើទោះជាពួកគេត្រូវប្រឈមធ្វើការងារគ្រោះថ្នាក់ ធ្វើការងារដែលអ្នកដទៃមិនចង់ធ្វើ និងធ្វើការងារដែលកខ្វក់ក៏ដោយ។
សមាហរណកម្មអាស៊ាន នឹងមកដល់នៅចុងឆ្នាំ២០១៥ នេះ ខណៈពលករចំណាកស្រុកហាក់ស្ទាក់ស្ទើរវិលត្រឡប់មកស្រុកកំណើតវិញ។
ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ពន្យល់ថា ប្រសិនបើមានចលនាចំណាកស្រុកច្រើនពេក បង្កើតឲ្យមានវិបត្តិកម្លាំងពលកម្មដែលមិនអាចបំពេញតម្រូវការក្នុងស្រុកបាន។ លោកថ្លែងថា មានកត្តាមួយចំនួនដែលរារាំងដល់ការវិលត្រឡប់របស់ពលករចំណាកស្រុក៖ «កត្តាដែលអត់មានការងារធ្វើគ្រប់គ្រាន់នៅក្នុងស្រុក ហើយនិងឱកាសបង្កើតការងារនៅក្នុងស្រុក ដូចជារឿងកសិកម្ម។ ប្រសិនបើគាត់ត្រឡប់មកស្រុកខ្មែរវិញ គាត់នៅតែអត់ទាន់មានដីគ្រប់គ្រាន់ធ្វើកសិកម្ម ហើយប្រសិនបើគាត់មានដីធ្វើកសិកម្មខ្លះដែរ ក៏ផលិតផលកសិកម្មរបស់គាត់មិនអាចលក់បានគ្រប់គ្រាន់។ ជារឿយៗ គាត់តែងត្អូញពីតម្លៃកសិផលរបស់គាត់ថាថោក មិនអាចគ្រប់ថ្លៃដើមផង។ ចំណុចទីពីរ ការងារក្នុងស្រុកហ្នឹង ក៏អត់មានប្រាក់ឈ្នួលអីដែលធ្វើឲ្យពួកគាត់អាចផ្គត់ផ្គង់ជីវភាពគាត់បានសមរម្យដែរ»។
យោងតាមរបាយការណ៍ប្រជាសាស្ត្រឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិ ប្រទេសកម្ពុជា ត្រូវបានប៉ាន់ស្មានថា មានចំនួនប្រជាជនសរុបប្រមាណ ១៥,៥៧លាននាក់នៅក្នុងឆ្នាំ២០១៥។ ទិន្នន័យក្នុងឆ្នាំ២០០៨ របស់វិទ្យាស្ថានជាតិស្ថិតិ បង្ហាញថា ចំនួនយុវជន (អាយុ ១៥-៣០ឆ្នាំ) មានប្រមាណ ៣៣ភាគរយនៃប្រជាជនសរុប ហើយយុវជនតំណាងជាង ៦០ភាគរយនៃក្រុមមនុស្សវ័យធ្វើការ (អាយុ ១៥-៦៤ឆ្នាំ)។
អង្គការផែកខេមបូឌា (Pact Cambodia) កាលពីឆ្នាំ២០០៨ បានព្យាករថា ក្នុងរយៈពេលពីរបីទសវត្សខាងមុខ យុវជនចំនួនប្រហែល ១លាននាក់ នឹងដើរចូលក្នុងទីផ្សារការងារជារៀងរាល់ ៤-៥ឆ្នាំម្ដង ហើយ អង្គការផែកខេមបូឌា យល់ថា កម្ពុជា នឹងប្រឈមវិបត្តិការងារធ្ងន់ធ្ងរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ស្នើឡើងថា ដើម្បីដោះស្រាយវិបត្តិខ្វះការងារ រដ្ឋាភិបាលគួរពង្រឹងច្បាប់ចូលនិវត្តន៍ ដើម្បីអាចឲ្យយុវជនចូលធ្វើការជំនួសបាន។ លោកបន្តថា រដ្ឋាភិបាលមិនគួរពង្រឹងតែលើវិស័យឯកជនប៉ុណ្ណោះទេ។ លោកលើកឡើងថា វិស័យសាធារណៈ និងសង្គមស៊ីវិល ក៏គួរមានការលើកទឹកចិត្តពីរដ្ឋាភិបាលផងដែរ៖ «ចឹងរដ្ឋត្រូវមើលទាំងបីជ្រុង មើលទាំងផ្នែកឯកជន (private sector) ទាំងផ្នែកសាធារណៈ (public sector) និងផ្នែកអង្គការសង្គមស៊ីវិល (civil society)។ ចឹងបើយើងមើលពីទំហំការងារវិញ គឺផ្នែកទាំងបីហ្នឹង។ ក៏ប៉ុន្តែគោលនយោបាយការងាររដ្ឋាភិបាល ភាគច្រើនផ្ដោតតែលើវិស័យឯកជន មិនសូវជោគជ័យទេ។ ទីមួយ ឲ្យផ្ដោតទាំងបី។ ទីពីរ ដើម្បីឲ្យមានការងារធ្វើសម្រាប់យុវជន យើង (ត្រូវ) ពង្រឹងការអនុវត្តច្បាប់ចូលនិវត្តន៍»។
កាលពីខែសីហា ឆ្នាំ២០១៥ រដ្ឋាភិបាលក៏បានគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរយៈពេល ១០ឆ្នាំ (ឆ្នាំ២០១៥-២០២៥) ដើម្បីតម្រង់ទិសទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលក្នុងគោលបំណង ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម។ នៅពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា ផលិតកម្មផ្នែកឧស្សាហកម្មនៅកម្ពុជា មានលក្ខណៈគ្រួសារ និងនៅតូចចង្អៀត ដែលពិបាកប្រកួតប្រជែងលើទីផ្សារអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
