ក្រសួងការងារ ទទួលសំណើរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទាមទារលក្ខខណ្ឌការងារល្អឲ្យកម្មករតាមផ្ទះ យកទៅសិក្សា។ ប៉ុន្តែទោះជាយ៉ាងណា លិខិតរបស់ក្រសួងការងារ មិនបានបញ្ជាក់ពេលវេលាជាក់លាក់ ថាតើក្រសួងនឹងឯកភាពតាមសំណើរបស់សមាគមនេះ ឬយ៉ាងណា?
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសាទរចំពោះការឆ្លើយតបរបស់ក្រសួងការងារ ដែលថាខ្លួននឹងសិក្សាលើបញ្ហាកម្មករធ្វើការតាមផ្ទះ ដែលបច្ចុប្បន្ននៅពុំទាន់មានច្បាប់ស្ដីពីការងារនៅឡើយនោះ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថ្លែងថា នេះជាចំណុចឆ្លើយតបជាវិជ្ជមានមួយ ដែលកន្លងមកសមាគមបានដាក់ទៅរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធផង មិនដែលមានការឆ្លើយតបទេ។ លោកថា កាលពីឆ្នាំ២០១៥ ក្រសួងបានសន្យាថា នឹងធ្វើផែនទីបង្ហាញផ្លូវ ឬរូតម៉េប (Road map) នៃការផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ ប៉ុន្តែមកដល់ពេលនេះ ពុំមានលទ្ធផល៖ «ចំពោះលទ្ធផល យើងមិនទាន់សង្ឃឹមនៅឡើយទេ ដោយសារវាឆ្លើយហាក់ដូចជាឆ្លើយជាលក្ខណៈប្រយោលនៅឡើយ។ គេនឹងពិភាក្សាជាមួយអង្គការដែលពាក់ព័ន្ធ អង្គការដៃគូ មិនដឹងអង្គការណាខ្លះគាត់អត់បញ្ជាក់។ គាត់ថានឹងធ្វើ តែគាត់អត់មានដាក់កំណត់ពេលវេលាថ្ងៃណាឲ្យបានច្បាស់។ មានន័យថា វាហាក់ដូចជាប្រយោលនៅឡើយ»។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃទី២៥ កក្កដា ដែលគេទើបយកមកផ្សព្វផ្សាយនៅថ្ងៃទី២ សីហា បានឆ្លើយតបថា ក្រសួងនឹងយកសំណើនេះទៅសិក្សាឲ្យបានជាក់លាក់ ដោយមានកិច្ចសហការជាមួយអង្គការជាដៃគូ និងអ្នកជំនាញ ដើម្បីជួយកិច្ចការនេះឲ្យមានប្រសិទ្ធភាព។
កាលពីថ្ងៃទី១៦ ខែមិថុនា នៅក្នុងខួបលើកទី៥ នៃទិវាកម្មករធ្វើការតាមផ្ទះអន្តរជាតិ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានស្នើសុំឲ្យរដ្ឋាភិបាលដោះស្រាយការទាមទារចំនួន ៩ចំណុចដល់កម្មករធ្វើការតាមផ្ទះ ដូចជាអ្នកសម្អាត អ្នកដាំស្ល អ្នកថែទាំមនុស្សចាស់ក្មេង អ្នកបើកបរ អ្នកថែទាំសួន អ្នកយាមផ្ទះ និងអ្នកបោកគក់។ សំណើនោះ បានស្នើឲ្យក្រសួងជំរុញឲ្យរដ្ឋាភិបាល ផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ ស្ដីពីលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករធ្វើការតាមផ្ទះ និងជំរុញឲ្យក្រសួង ពិនិត្យមើលច្បាប់ស្ដីពីការងារ ឬធ្វើវិសោធនកម្មលើមាត្រាណាមួយដោយគ្របដណ្ដប់ទៅលើអ្នកធ្វើការតាមផ្ទះ។
របាយការណ៍សិក្សាស្រាវជ្រាវដោយលោកបណ្ឌិត កែម ឡី ស្ដីពីកម្មករធ្វើការតាមផ្ទះនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៣ មានប្រមាណ ២៤ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
