ជំនឿ​របស់​ពុទ្ធសាសនិក​ប្រារឰ​ពិធី​បុណ្យ​បច្ច័យ​៤​តបស្នង​សង​គុណ​មាតា​បិតា

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្មែរ​ពុទ្ធសាសនិក​តាំង​ពី​ដើម​រៀង​មក​រហូត​ដល់​សព្វថ្ងៃ តែង​មាន​ជំនឿ​មួយ​ថា កាល​ណា​ឪពុក​ម្ដាយ​ចាស់​ជរា ឬ​មាន​ជំងឺ​ធ្ងន់ គឺ​កូន​ចៅ​តែង​តែ​នាំ​គ្នា​រៀបចំ​ធ្វើ​បុណ្យ​បច្ច័យ​៤ ឬ​គេ​ហៅ​ថា បុណ្យ​កតញ្ញូ កតវេទិតា ដើម្បី​តបស្នង​សង​គុណ​មាតា​បិតា ដែល​មាន​ឧបការៈ​គុណ​ធ្ងន់​មក​លើ​ខ្លួន។

តើ​ជំនឿ​នេះ​ត្រឹមត្រូវ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ដែរ​ឬ​ទេ?

បុណ្យ​បច្ច័យ​៤ គឺ​ជា​ពិធី​បុណ្យ​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ជាច្រើន​ទៀត នៃ​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ពុទ្ធបរិស័ទ​ច្រើន​និយម​ហៅ​ថា បុណ្យ​កតញ្ញូ កតវេទិតា ឬ​បុណ្យ​តបស្នង​សង​គុណ​ឪពុក​ម្ដាយ។

រីឯ​ការ​ធ្វើ​បុណ្យ​នោះ ភាគ​ច្រើន​គេ​ច្រើន​ធ្វើ​នៅ​ពេល​ដែល​ឃើញ​មាតា​បិតា​ឈាន​ចូល​វ័យ​ចាស់​ទ្រុឌទ្រោម ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិន​ជា ជាដើម។

ស្ត្រី​ខ្មែរ​ពុទ្ធសាសនិក​មួយ​រូប​ឈ្មោះ អ៊ុន នៅ​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា នៅ​ភូមិ​ស្រុក​របស់​គាត់​សព្វថ្ងៃ​នេះ ក៏​នៅ​តែ​មាន​អ្នក​ធ្វើ​បុណ្យ​កតញ្ញូ ជូន​ដល់​ឪពុក​ម្ដាយ​ចាស់​ជរា​របស់​គេ​ដែរ។ ប៉ុន្តែ សម្រាប់​រូប​គាត់ គាត់​យល់​ថា ការ​ធ្វើ​បុណ្យ​ជូន​ឪពុក​ម្ដាយ មិន​មែន​រង់ចាំ​រហូត​ដល់​វ័យ​ចាស់​ជរា ឬ​មាន​រោគា​បៀតបៀន​នោះ​ទេ គឺ​ធ្វើ​នៅ​ពេល​ដែល​ឪពុក​ម្ដាយ​នៅ​មាន​សុខភាព​ល្អ កម្លាំង​មាំមួន ដែល​ចាស់​ទុំ​ខ្មែរ​ពី​ជំនាន់​បុរាណ​ហៅ​ថា ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ៖ «ធ្វើ​បុណ្យ​វា​ទាន់​ខែ​ភ្លឺ ហ្នឹង​គឺ​ថា ដើម្បី​ឲ្យ​ម៉ែ​ឪ​ឃើញ​នូវ​របស់​ភ័ស្ដុភារ ដែល​កូន​ធ្វើ​ជូន​លោក​ឪពុក​អ្នក​ម្តាយ​ហ្នឹង ហើយ​ធ្វើ​បុណ្យ​ជូន​គាត់​ទៅ​បាន​បុណ្យ​ច្រើន។ ម៉ែ​ឪ​ឈឺ​ខ្លាំង បាន​ស្ទុះស្ទា​ធ្វើ​បុណ្យ​អត់​សម​ទេ»

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​មួយ​ចំនួន បញ្ជាក់​ថា ចំពោះ​ជំនឿ​ធ្វើ​បុណ្យ​កតញ្ញូ ឬ​បច្ច័យ​៤ ជូន​ដល់​មាតា​បិតា​នៅ​ពេល​ចាស់​ជរា​នោះ គឺ​ជា​ជំនឿ​ធ្វើ​តៗ​គ្នា​នៅ​ក្នុង​សង្គម​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ប៉ុន្តែ​ព្រះពុទ្ធ​សាសនា​បាន​ចែង​ថា ជា​ពិធី​បុណ្យ​ទក្ខិណានុប្បទាន។ លោក​បន្ត​ថា ការ​ធ្វើ​បុណ្យ​ទក្ខិណានុប្បទាន ឬ​ហៅ​ថា បុណ្យ​បច្ច័យ​៤​នោះ គឺ​គេ​អាច​ធ្វើ​បាន​គ្រប់​ពេល​វេលា ហើយ​និង​អាច​ធ្វើ​ជូន​មាតា​បិតា ជីដូន​ជីតា ឬ​គ្រូ​ឧបជ្ឈាយ៍ និង​អ្នក​មាន​ឧបការៈ​គុណ​ដទៃ​ទៀត​ដែល​នៅ​រស់ ព្រម​ទាំង​អាច​ធ្វើ​ឧទ្ទិស​ជូន​បុព្វការី​ជន​អ្នក​ដែល​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ផង​ដែរ។

ប្រការ​មួយ​ទៀត បុណ្យ​ទក្ខិណានុប្បទាន​នេះ បើ​គេ​ធ្វើ​ជូន​ដល់​អ្នក​មាន​គុណ​ដែល​នៅ​មាន​ជីវិត គឺ​មិន​ចាំបាច់​រង់ចាំ​ដល់​ពួក​គាត់​ចាស់​ជរា ឬ​ឈឺ​ធ្ងន់​ជិត​ស្លាប់ ទើប​ធ្វើ​ជូន​នោះ​ទេ។ កត្តា​សំខាន់ គឺ​អាស្រ័យ​ទៅ​លើ​កូន​ចៅ​មាន​លទ្ធភាព​អាច​ធ្វើ​បាន ឬ​អត់។

អ្នក​សិក្សា​ស្រាវជ្រាវ​ព្រះពុទ្ធ​សាសនា លោក​បណ្ឌិត សួន ឱសថ មាន​ប្រសាសន៍​ថា ចំពោះ​ប្រការ​ដែល​ពុទ្ធសាសនិក​ខ្មែរ​នាំ​គ្នា​និយម​ហៅ​បុណ្យ​បច្ច័យ​៤ ច្រើន​ជាង​ការ​ហៅ​បុណ្យ​ទក្ខិណានុប្បទាន ពីព្រោះ​សំដៅ​ទៅ​លើ​វត្ថុ ៤​យ៉ាង ដែល​គេ​យក​មក​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ ឬ​សម្រាប់​ប្រគេន​ព្រះសង្ឃ​ដែល​មាន​ដូចជា ចីវរ ឬ​គ្រឿង​ស្លៀក​ដណ្ដប់​របស់​ព្រះសង្ឃ បិណ្ឌបាត ឬ​ម្ហូប​អាហារ សេនាសនៈ ឬ​លំនៅ និង​គិលាន​ភេសជ្ជៈ ឬ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ ជាដើម។

លោក​បន្ត​ថា មក​ដល់​សម័យ​បច្ចុប្បន្ន ការ​ធ្វើ​បុណ្យ​បច្ច័យ​៤ ឬ​ទក្ខិណានុប្បទាន​នោះ​នៅ​ក្នុង​សង្គម​ខ្មែរ បាន​ផ្លាស់​ប្ដូរ​ច្រើន គឺ​ថា អ្នក​ម្ចាស់​ទាន​ប្រធាន​ដើម​បុណ្យ មិន​សូវ​ប្រគេន​ជា​ទេយ្យវត្ថុ​ទាំង​៤​ទេ ភាគ​ច្រើន​គេ​ច្រើន​តែ​យក​ថវិកា ឬ​លុយ​កាក់​ទៅ​ប្រគេន​ព្រះសង្ឃ​វិញ៖ «លុយ​ប្រាក់​ហ្នឹង គេ​ដាក់​ទៅ​ហ្នឹង គេ​ឧទ្ទិស​ថា​សម្រាប់​បច្ច័យ​៤។ អា​ហ្នឹង​មិន​មែន​បច្ច័យ​៤​ទេ បច្ច័យ​៤ ដូចជា ខ្ញុំ​បាន​រៀប​រាប់​អំបាញ់មិញ​ហ្នឹង ហើយ​បុណ្យ​បច្ច័យ​៤​ហ្នឹង គឺ​កើត​តាំង​ពី​ក្នុង​សម័យ​ព្រះពុទ្ធ ព្រះអង្គ​គង់​ធរមាន​នៅ គឺ​ថា​មាន​លោក​យាយ វិសាខា ឧបាសក អនាថបិណ្ឌិក​សេដ្ឋី ហ្នឹង លោក​ធ្លាប់​ធ្វើ​បុណ្យ​ទក្ខិណាទាន​ហ្នឹង ថ្វាយ​ចំពោះ​ភិក្ខុសង្ឃ​ដែល​មាន​ព្រះពុទ្ធ​ជា​ប្រធាន ហើយ​បុណ្យ​ក៏​មាន​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ហើយ​បាន​នាំ​ផ្សាយ​ចូល​មក​ក្នុង​ព្រះពុទ្ធ​សាសនា នៅ​ក្នុង​ប្រទេស​ខ្មែរ​ហ្នឹង ក៏​អនុវត្ត​អ៊ីចឹង​ដូច​គ្នា ប៉ុន្តែ​យើង​ក្រោយៗ​ទៅ ចេះ​តែ​បង្កើត​ពាក្យ​ថ្មីៗ ប្លែកៗ​ទៅ ថា​បុណ្យ​បច្ច័យ​៤។ មិន​ជា​ខុស​អី​ទេ បុណ្យ​បច្ច័យ​៤​ហ្នឹង។ ប៉ុន្តែ​កុំ​ឲ្យ​យក​លុយ​ទៅ​ជំនួស​ថា ជា​បច្ច័យ​៤។ អា​ហ្នឹង គឺ​មិន​គួរ​ទេ»

បញ្ជាក់​ប្រាប់​ពី​ការ​ធ្វើ​បុណ្យ​បច្ច័យ​៤ ឬ​បុណ្យ​ទក្ខិណានុប្បទាន​នេះ​ដែរ ព្រះតេជព្រះគុណ ព្រះ​ភិក្ខុ​កាមោ ស៊ិន សោភ័ណ ព្រះចៅ​អធិការ​វត្ត​ជីនីតតារាម និង​ជា​ព្រះ​បារមី​ធម្មបាល​ព្រះ​បាឡាត់​គណ​ខេត្ត​កំពង់ធំ មាន​ព្រះ​ថេរ​ដីកា​ថា ចំពោះ​អ្នក​ធ្វើ​បុណ្យ​ជា​ម្ចាស់​ទាន ឬ​ហៅ​ថា ទាយក​ទាយិកា ដែល​បាន​ប្រគេន​បច្ច័យ​ប្រាក់​កាស​ចំពោះ​ព្រះសង្ឃ ហើយ​បវារណា​ថា​ជា​បច្ច័យ​៤​នោះ នៅ​ក្នុង​សម័យ​ពុទ្ធកាល​ក៏​មាន​គេ​ធ្វើ​ខ្លះ​ដែរ ប៉ុន្តែ​ព្រះពុទ្ធ​អង្គ​ទ្រង់​បញ្ញត្តិ​ដល់​ភិក្ខុ​សង្ឃ​នៅ​ពេល​នោះ​ថា មិន​ឲ្យ​ត្រេកអរ​នឹង​ប្រាក់​កាស​នោះ​ទេ គឺ​ឲ្យ​ត្រេកអរ​ជា​បច្ច័យ​៤​វិញ៖ «ព្រះអង្គ​លោក​អនុញ្ញាត​ឲ្យ​ភិក្ខុ​សាមណេរ​អ្នក​បួស​ក្នុង​ពុទ្ធសាសនា ត្រេកអរ​ចំពោះ​បិណ្ឌបាត ចីវរ សេនាសនៈ គិលាន​ភេសជ្ជៈ​ហ្នឹង ទៅ​អត់​មាន​ទោស​អី​ទេ។ ប៉ុន្តែ​លុយ​កាក់​ប្រាក់​កាស​អី​ទាំងអស់​ហ្នឹង គឺ​យើង​ទុក​នៅ​លើ​ដៃ​វេយ្យាវច្ចៈ សំដៅ​យក​គ្រហស្ថ អ្នក​ដែល​យើង​ស្គាល់ យើង​ជឿ យើង​ទុក​ចិត្ត​ហ្នឹង ឲ្យ​គាត់​ទុក​សម្រាប់​ភិក្ខុ យើង​ត្រូវ​ការ​បច្ច័យ​ទាំង​៤​ហ្នឹង ម៉ោង​ណា ពេល​ណា យើង​យក​មក​ប្រើប្រាស់​ត្រេកអរ​ចំពោះ​បច្ច័យ​៤​ហ្នឹង​ពរ!»

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា បញ្ជាក់​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ប្រគេន​បច្ច័យ​៤​ដល់​ព្រះសង្ឃ​ពុទ្ធសាសនា គប្បី​ប្រគេន​ជា​វត្ថុ ដូចជា ចីវរ បិណ្ឌបាត ឬ​ម្ហូប​អាហារ សេនាសនៈ និង​គិលាន​ភេសជ្ជៈ​ជា​ការ​ប្រសើរ។ លោក​បន្ត​ថា ការ​ប្រគេន​ប្រាក់​កាស ឬ​លុក​កាក់​ដល់​ព្រះសង្ឃ បើ​ទោះ​បី​ជា​មាន​វេយ្យាវច្ចៈ ឬ​គ្រហស្ថ ជា​អ្នក​ទុក​ដាក់​សម្រាប់​ប្រគេន​លោក​ក៏ដោយ ប៉ុន្តែ​ប្រាក់​នោះ គឺ​នឹង​អាច​ជា​ដើម​ចម​មួយ នាំ​ឲ្យ​កើត​គ្រឿង​មន្ទិល​សៅហ្មង​ដល់​ការ​រក្សា​វិន័យ​របស់​ព្រះសង្ឃ នៃ​ព្រះពុទ្ធ​សាសនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។