តំបន់សួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានរោងចក្រជាង៣០ តាំងនៅ និងមានកម្មករធ្វើការរាប់ពាន់នាក់។
បន្ទាប់ពីក្រុមសហជីពចរចាទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ មិនបានសម្រេចតាំងពីខែធ្នូ ឆ្នាំ២០១៣ ក្រុមកម្មករនៅទីនោះចាប់ផ្ដើមធ្វើកូដកម្មអស់រយៈពេលជាង ១អាទិត្យមកហើយ។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ក្រុមកម្មកររោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា បានបន្តធ្វើកូដកម្មតាំងពីម៉ោង ៨កន្លះព្រឹក ដោយប្រមូលលុយគ្នាចាក់ធុងបាសរាំច្រៀង ស្រែកហ៊ោ ហើយក៏មានគម្រោងបញ្ចប់កូដកម្មនៅម៉ោង ៦ល្ងាច និងបន្តធ្វើកូដកម្មជាថ្មីទៀតរហូតមានដំណោះស្រាយ។ ប៉ុន្តែ នៅវេលាម៉ោង ៤ និង ១៥នាទីល្ងាចថ្ងៃទី២ ខែមករា ក្រុមអាជ្ញាធរ ដែលមានគ្នីគ្នាជិត ១០០នាក់ ប្រដាប់ដោយខែលដំបងឆក់ ព្រនង់ដែក បានចុះវាយបំបែកកូដករដែលរាំច្រៀងធ្វើកូដកម្មដោយអហិង្សា បណ្ដាលឲ្យកម្មករកម្មការិនីជាង ១០នាក់រងរបួសជាដំណំ។
កម្មការិនី រស់នៅក្បែរកន្លែងកើតហេតុ ឈ្មោះ សុខនី បញ្ជាក់ថា នាងពិតជាអន់ចិត្តយ៉ាងខ្លាំងចំពោះទង្វើក្រុមប្រដាប់អាវុធ ដែលចុះវាយបង្ក្រាបក្រុមកូដករ។ ទោះបីក្រុមកូដករធ្វើកូដកម្មដោយអហិង្សាក៏ដោយចុះ។
«សំឡេង»
បន្ទាប់ពីកងកម្លាំងប្រើហិង្សាទៅលើកូដកររួចមក ក្រុមកម្មករដែលរស់នៅក្បែរនោះ បានស្រុះស្រួលគ្នាលើកកម្លាំងមកបិទផ្លូវជាតិ និងស្រែកដង្ហោយឲ្យសមត្ថកិច្ចចេញមកសុំទោសចំពោះកម្មករដែលរងរបួស។ ក្រុមកម្មករបានបិទផ្លូវវ៉េងស្រេង ដុតកង់ឡាន ដុតបំផ្លាញម៉ូតូរបស់សន្តិសុខរោងចក្រ និងត្រៀមប្រយុទ្ធសងសឹកចំពោះអាជ្ញាធរ។ ភ្លើងឆេះកង់ឡានសន្ធោសន្ធៅស្របគ្នានឹងភ្លើងកំហឹងរបស់យុវកម្មករកំពុងពុះពោរ អ្នកខ្លះកាន់ដំបង កាន់ដបទឹកក្រូចច្រកសាំង និងឈរចាំប្រយុទ្ធជាមួយក្រុមអាជ្ញាធរ។ បាតុករដែលមិនបញ្ចេញឈ្មោះ បានប្ដេជ្ញាចិត្តថានឹងតស៊ូ ទោះស្លាប់ក៏ដោយ ដើម្បីបញ្ជាក់ពីការមិនពេញចិត្តចំពោះទង្វើរបស់សមត្ថកិច្ច។
«សំឡេង»
ការតវ៉ាអូសបន្លាយអស់រយៈពេលជាច្រើនម៉ោង ប៉ុន្តែមិនមានក្រុមមន្ត្រីរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចស្ថាប័នណាមួយចូលមកចរចាជាមួយក្រុមបាតុករនោះឡើយ។ ក្រុមបាតុករទាំងនោះ បានបំបែកគ្នាជាក្រុមឃាត់កុងតឺន័រដៃកាន់ដំបង ព្រនង់ដែក ហើយបានដុតភ្នក់ភ្លើងជាច្រើនកន្លែងនៅលើកំណាត់ផ្លូវវ៉េងស្រេង។ ផ្លូវវ៉េងស្រេង ដែលធ្លាប់តែស្ទះចរាចរណ៍ពេលល្ងាចរៀងរាល់ថ្ងៃនោះ ប្រែក្លាយជាផ្លូវដែលមានឆ្មាំកាន់ដំបង និងបំភ្លឺដោយភ្លើងភ្នក់ ក្នុងបំណងឆ្លើយតបចំពោះអំពើហិង្សារបស់អាជ្ញាធរទៅលើក្រុមកូដករ ដែលធ្វើកូដកម្មដោយអហិង្សា។លុះដល់វេលាម៉ោងប្រមាណជាង ១១យប់ ថ្ងៃទី២ ខែមករា ក្រុមកងកម្លាំងអាវុធហត្ថបានចុះទៅកាន់ផ្លូវវ៉េងស្រេង ប៉ុន្តែមិនមែនចរចា ឬសម្រួលស្ថានការណ៍ទេ តែប៉េអិមទាំងនោះបានប្រើកាំភ្លើងគ្រាប់ពិតបាញ់ទៅលើបាតុករតែម្តង។
ការប្រយុទ្ធគ្នាពេញមួយយប់រវាងក្រុមបាតុករប្រដាប់ដោយដុំថ្មដំបង ជាមួយនឹងក្រុមសមត្ថកិច្ចប្រដាប់ដោយកាំភ្លើងវែងបាញ់គ្រាប់ពិត។ ការប្រយុទ្ធមិនដឹងចាញ់ឈ្នះនៅឡើយ ហើយសកម្មភាពនេះបន្តរហូតពេញមួយថ្ងៃបន្ទាប់ គឺថ្ងៃទី៣ ខែមករា។ ហើយកងកម្លាំងបាញ់កម្មករចំនួន ៤នាក់ឲ្យស្លាប់ របួសជាង ៣០នាក់ និងចាប់ខ្លួនមួយចំនួនធំទៀត។ ហើយកម្លាំងសមត្ថកិច្ចមួយចំនួន ក៏រងរបួសដោយសារដុំថ្មរបស់បាតុករដែរ។
«សំឡេង»
នៅវេលាម៉ោងប្រមាណជាង ៦ល្ងាច សមត្ថកិច្ចរាប់រយនាក់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានគ្រប់គ្រងសមរភូមិផ្លូវវ៉េងស្រេង បានទាំងមូល។ ផ្លូវវ៉េងស្រេង បានក្លាយជាផ្លូវដែលគ្របដណ្ដប់ដោយផេះ និងផ្សែងហ៊ុយៗ ហើយមានយានយន្តឆ្លងកាត់មួយៗ ដោយប្រុងប្រយ័ត្ន។ គ្លីនិកឯកជនមួយត្រូវបានបំផ្លាញ ហាងទំនិញ តូបលក់ដូរក្នុងផ្សារបានបិទទ្វារ ពលរដ្ឋបានអើតឡឺមតាមដងផ្លូវ ខណៈដែលក្រុមកងកម្លាំងកាន់អាវុធគ្រប់ដៃ ហើយបញ្ជាឲ្យពលរដ្ឋចូលក្នុងផ្ទះ និងប្រកាសដាក់កំណាត់ផ្លូវវ៉េងស្រេង ឲ្យស្ថិតក្នុងគ្រាអាសន្ន ព្រមទាំងចាត់ទុកថា កម្មករដែលប្រើហិង្សាតបនឹងសមត្ថកិច្ច ជាក្រុមអានាធិបតេយ្យ ឬក្រុមជ្រុលនិយម។
ទន្ទឹមនឹងនោះ មន្ត្រីសាលារាជធានីភ្នំពេញ និងមន្ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់វិទ្យុអាស៊ីសេរី ថា សមត្ថកិច្ចគ្រាន់តែគ្រប់គ្រងស្ថានការណ៍តាមតួនាទីប៉ុណ្ណោះ គឺដើម្បីធានាសន្តិសុខ និងរបៀបរៀបរយក្នុងសង្គម។
ទោះយ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលដែលធ្វើការងារការពារសិទ្ធិមនុស្ស និងក្រុមសហជីពមួយចំនួន បានប្រកាសថ្កោលទោសទង្វើរបស់រដ្ឋាភិបាល និងទាមទារឲ្យវែកមុខអ្នកដែលបាញ់សម្លាប់ពលរដ្ឋ។
កាលពីថ្ងៃទី២ ខែមករា កងទាហានទ័ពពិសេសឆត្រយោង៩១១ បានចេញវាយបង្ក្រាបកម្មករតវ៉ានៅរោងចក្រ យ៉ាក ជីង (YAK CHING) ដោយចាប់ព្រះកាយព្រះសង្ឃ ៥អង្គ និងចាប់ខ្លួនបុគ្គលិកសង្គមស៊ីវិល កម្មករ ចំនួន ១០ ថែមទៀត។ ប្រភពក្រៅផ្លូវការ បញ្ជាក់ថា មេបញ្ជាការកងទ័ពពិសេសឆត្រយោង៩១១ លោកឧត្តមសេនីយ៍ ចាប ភក្តី មានភាគហ៊ុនមួយចំនួនធំក្នុងរោងចក្រ យ៉ាក ជីន។
នៅយប់ថ្ងៃទី២ ខែមករា អាជ្ញាធរបានសម្រេចដោះលែងព្រះសង្ឃ ៥អង្គ និងបញ្ជូនប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងលោក ថេង សាវឿន និងមនុស្ស ៨នាក់ទៀតទៅតុលាការ។ តុលាការក៏បានសម្រេចឃុំខ្លួនមនុស្សទាំង ១០នាក់ នៅគុកព្រៃស។
បន្ទាប់ពីការបោះឆ្នោតរួចមក អាជ្ញាធររដ្ឋាភិបាលបានបាញ់សម្លាប់អ្នកតវ៉ាចំនួន ៣លើករួចហើយ។ ដោយលើកទី១ បាញ់សម្លាប់យុវជនម្នាក់នៅស្ពានអាកាសក្បាលថ្នល់។ លើកទី២ បាញ់សម្លាប់ស្ត្រីលក់បាយ នៅស្ពានស្ទឹងមានជ័យ និងលើកទី៣ ចាត់ការចំពោះកម្មករតវ៉ានៅផ្លូវវ៉េងស្រេង។
សួនឧស្សាហកម្មកាណាឌីយ៉ា ត្រូវបានគេរាយការណ៍ថា ជាកម្មសិទ្ធិរបស់ លោក ពុង ខៀវសែ និងមានភាគហ៊ុនរបស់ក្រុមគ្រួសារសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយចំនួនទៀត។
មកដល់យប់ថ្ងៃទី៣ ខែមករា គេមិនទាន់អាចសន្និដ្ឋានបានថា កម្មករនៅរោងចក្រកាណាឌីយ៉ា ឈប់តវ៉ា ឬនៅនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
