មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ បានដាក់ការចោទប្រកាន់នៃការស្លាប់របស់សកម្មជនគណបក្សសង្គ្រោះជាតិ ម្នាក់ឈ្មោះ ខាំ សារិទ្ធិ នៅភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កាលពីពេលថ្មីៗនេះថា ជាគំនុំរឿងនយោបាយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តតាកែវ លោក ណុប សុវណ្ណ ឲ្យដឹងនៅថ្ងៃទី៥ វិច្ឆិកា ថា លោកកំពុងពិចារណារៀបចំពាក្យបណ្ដឹង ប្ដឹងមេប៉ូលិសប៉ុស្តិ៍ឃុំកណ្ដឹង លោក គុយ សំណាង និងជនពាក់ព័ន្ធដទៃទៀត ទាក់ទងនឹងឃាតកម្មលើ លោក ខាំ សារិទ្ធិ ជំទប់ឃុំកណ្ដឹង មកពីគណបក្សសង្គ្រោះជាតិ ដែលបានស្លាប់ក្រោយពេលអ្នកទាំងពីរ និងអ្នកផ្សេងទៀត បានជួបជុំគ្នាស៊ីផឹកនៅហាងមួយក្នុងមូលដ្ឋាននោះ កាលពីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោក ណុប សុវណ្ណ បានបញ្ជាក់ថា លោក ខាំ សារិទ្ធិ មានរបួសធ្ងន់ដេកដួលនៅលើផ្លូវមួយនាពេលយប់ ដែលពេលនោះមានវត្តមានមេប៉ូលិសប៉ុស្តិ៍កណ្ដឹង លោក គុយ សំណាង នៅជាមួយ៖ «បើតាមគំនិតខ្ញុំ រួមទាំងប្រជាពលរដ្ឋដទៃទៀតនៅក្នុងមូលដ្ឋាន គឺប៉ះពាល់ខាងផ្នែកនយោបាយទាំងស្រុងតែម្ដង មិនមែនជារឿងគំនុំអីទេ»។
រីឯមន្ត្រីអង្គការអាដហុក (Adhoc) ប្រចាំខេត្តតាកែវ លោក គុយ ណូន ដែលបានចុះអង្កេតរឿងនេះ ក៏បានអះអាងប្រហាក់ប្រហែលគ្នានេះដែរ៖ «សាក្សីហ្នឹងគេអត់បញ្ចេញឈ្មោះទេ គេគ្រាន់ឃើញមកដល់ មនុស្សហ្នឹងប្រហែលជាគេវាយសម្លាប់ហើយ តែគាត់មិនហ៊ានសន្និដ្ឋានទៅអ្នកណាម្នាក់ អ៊ីចឹងទៅណា»។
ទាំងមន្ត្រីគណបក្សសង្គ្រោះជាតិ មន្ត្រីសិទ្ធិមនុស្ស និងប៉ូលិសប៉ុស្តិ៍កណ្ដឹង សុទ្ធតែអះអាងថា មុនស្លាប់ប្រហែលជា ១០នាទី លោក ខាំ សារិទ្ធិ បានស៊ីផឹកជាមួយ លោក គុយ សំណាង មេប៉ុស្តិ៍ឃុំកណ្ដឹង និងម្ចាស់ហាងឈ្មោះ ប៉ាភី។ បន្ទាប់ពីស៊ីផឹករួច លោក ខាំ សារិទ្ធិ ក៏បានជិះម៉ូតូចេញទៅមុនគេ ចំណែកលោកមេប៉ុស្តិ៍ គុយ សំណាង នៅចាំគិតលុយសិន ទើបចេញដំណើរតាមក្រោយតាមផ្លូវតែមួយ។ ប្រភពដដែលបន្តថា លោក ខាំ សារិទ្ធិ បានជិះម៉ូតូឆ្លងផ្លូវចេញពីហាងបានប្រមាណ ១០០ម៉ែត្រ ហើយត្រូវបានគេប្រទះឃើញដេកដួលនៅលើថ្នល់ មានរបួសក្បាលខាងក្រោយ និងជាំភ្នែកម្ខាង។ ពេលនោះ មានលោកមេប៉ុស្តិ៍ គុយ សំណាង នៅជាមួយដែរ ដែលមន្ត្រីគណបក្សសង្គ្រោះជាតិ សង្ស័យថា លោកមេប៉ុស្តិ៍ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា អាចពាក់ព័ន្ធការស្លាប់នេះ។
ចំណែក លោក គុយ សំណាង បញ្ជាក់ថា លោក ខាំ សារិទ្ធិ ស្លាប់ដោយសារស្រវឹងស្រា ជិះម៉ូតូធ្លាក់កន្លុកដួលខ្លួនឯង។ លោកថា លោកបានឃាត់ លោក ខាំ សារិទ្ធិ ឲ្យចាំគិតលុយថ្លៃស៊ីផឹកហើយសិន ចាំចេញទៅទាំងអស់គ្នា តែ លោក ខាំ សារិទ្ធិ មិនព្រម។ លោកថា នៅពេលលោកគិតលុយឲ្យម្ចាស់ហាងហើយ ក៏ជិះម៉ូតូចេញទៅតាមក្រោយ ក៏ប្រទះឃើញ លោក ខាំ សារិទ្ធិ ដេកដួលចម្ងាយប្រហែល ២ម៉ែត្រពីម៉ូតូគាត់ លើចិញ្ចើមថ្នល់កៅស៊ូក្បែរកន្លុកមួយ។ ឃើញដូច្នេះ លោកក៏បានទូរស័ព្ទប្រាប់ក្រុមគ្រួសារ និងហៅប៉ូលិសចរាចរណ៍ ឡានពេទ្យ ដឹកទៅសង្គ្រោះបន្ទាន់៖ «ចំពោះខ្ញុំទេ តែចំពោះបងប្អូនយើងគាត់គិតយ៉ាងម៉េច ឲ្យគាត់ស្រាវជ្រាវតាមនីតិវិធីទៀតទៅ ខ្ញុំមិនដឹងទេណា។ ខ្ញុំគិតថា កន្លែងដែលគាត់ដួលហ្នឹង គឺម៉ូតូគាត់ដួលនៅកន្លែងជង្ហុកមួយ ជង្ហុកហ្នឹងគឺកន្លែងឡានធំមួយផុង អ៊ីចឹងពេលម៉ូតូគាត់ជិះមក ក៏ក្រឡាច់ជើងកន្លែងហ្នឹង គឺកន្លុកហ្នឹង កន្លុកតូចមួយខាងកើតផ្លូវ កន្លែងឡានផុងហ្នឹង»។
លោក គុយ សំណាង បន្ថែមថា លោក ខាំ សារិទ្ធិ បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ហើយការស្លាប់នេះ មិនពាក់ព័ន្ធនយោបាយទេ។ លោកបញ្ជាក់ថា មន្ត្រីឃុំកណ្ដឹងទាំងអស់រាប់អានគ្នាមិនប្រកាន់បក្សនយោបាយ អ៊ីចឹងហើយទើបលោក និងលោក ខាំ សារិទ្ធិ អាចអង្គុយស៊ីផឹកជាមួយគ្នាបានដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
