ការបោសសម្អាតកម្មករមិនស្របច្បាប់របស់ថៃ ជាយុទ្ធនាការប្រកបដោយប្រសិទ្ធភាពមួយ ដើម្បីកាត់បន្ថយការរំលោភបំពានកម្លាំងពលកម្ម ការជួញដូរមនុស្ស និងការគ្រប់គ្រងពីភាពចលាចលនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃ ដែលដឹកនាំដោយក្រុមយោធាប្រដាប់អាវុធ។
ប៉ុន្តែ យុទ្ធសាស្ត្រនេះក៏ប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់សហគ្រាស និងកំណើនសេដ្ឋកិច្ចដល់ប្រទេសខ្លួន និងប្រទេសកម្ពុជា ដែរ។
តើប្រទេសណាមួយមានផលប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងជាងគេពីការបញ្ជូនពលករខ្មែរនេះ?
គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ ពលករមិនស្របច្បាប់ប្រមាណ ២សែននាក់ ត្រូវបានប្រទេសថៃ បញ្ជូនត្រឡប់មកកម្ពុជា វិញ។ ការបញ្ជូនមកនេះ បានប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់ថៃ ពីភាពខ្វះកម្លាំងពលកម្ម ដែលកត្តានេះនឹងបន្ថយកំណើនសេដ្ឋកិច្ចថៃ ដែលគេចាត់ទុកថា ជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ី ដែលមូលដ្ឋានសេដ្ឋកិច្ចពឹងខ្លាំងលើឧស្សាហកម្ម។
កម្លាំងពលកម្មរបស់កម្ពុជា ឡាវ និងភូមា បានដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងឧស្សាហកម្មថៃ ដូចជានៅក្នុងផ្នែកចំណីអាហារ កសិកម្ម និងវិស័យសំណង់។ ម្យ៉ាងវិញទៀត អត្រាភាពគ្មានការងារធ្វើរបស់ថៃ មានកម្រិតក្រោម ១% ប៉ុណ្ណោះ ដែលសហគ្រាសផលិតកម្មថៃ ទាំងអស់ពឹងខ្លាំងលើពលករនៅប្រទេសជិតខាង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយការជួលពលករពីប្រទេសជិតខាងមានតម្លៃទាបជាងការជួលពលករថៃ។
ប៉ុន្តែ ចាប់តាំងពីរដ្ឋាភិបាលថៃ ដឹកនាំដោយយោធាបានប្រើវិធានការរដ្ឋបាល ដែលតម្រូវឲ្យសហគ្រាសថៃ ទាំងអស់ មិនត្រូវជួលកម្មករខុសច្បាប់ សហគ្រាសទាំងនោះបានអះអាងថា សង្វាក់ផលិតកម្ម និងការសាងសង់មួយចំនួនត្រូវជាប់គាំងពីភាពខ្វះខាតកម្លាំងពលកម្ម។
ប្រធានសមាគមសាងសង់អគារទំនើបថៃ លោក ថាំរ៉ុង ផុនីយ៉ា សាគុលវង្ស (Thamrong Punyasakulwong) បានប្រាប់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី១៦ មិថុនា ថា ពលករដែលធ្វើការនៅវិស័យអចលនទ្រព្យប្រមាណ ៨០% បានវិលត្រឡប់ទៅប្រទេសរបស់គេវិញ ភាគច្រើនទៅប្រទេសកម្ពុជា និងភូមា។ បញ្ហាខ្វះខាតកង្វះពលកម្មនេះ នឹងប៉ះពាល់ដល់ការពន្យារពេលនៃការសាងសង់ទៅតាមកិច្ចសន្យា និងគម្រោងសាងសង់មួយចំនួនត្រូវផ្អាកជាបណ្ដោះអាសន្ន។ បញ្ហានេះ នឹងប៉ះពាល់បន្តដល់ការគ្រប់គ្រងលំហូរសាច់ប្រាក់របស់សហគ្រាស និងវិស័យធនាគាររបស់ថៃ។
កាសែតរបស់បាងកកប៉ុស្តិ៍ ដដែល បានបញ្ជាក់ទៀតថា ធនាគារថៃ មិនមានលទ្ធភាពផ្ដល់ប្រាក់កម្ចីទៅសហគ្រាសដទៃទៀត ដែលបញ្ហានេះនឹងប៉ះពាល់ដល់ការបង្កើតការងារ និងថយចុះសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ហើយចុងក្រោយប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ទាំងស្រុង។ តាមការប៉ាន់ស្មានទីក្រុងបាងកក ដែលជាទីក្រុងសេដ្ឋកិច្ចសំខាន់របស់ថៃ មានពលករចំណាកស្រុកពីប្រទេសជិតខាងប្រមាណ ៣០ម៉ឺននាក់ ភាគច្រើននៃកម្មករទាំងនោះបានវិលត្រឡប់ទៅប្រទេសរបស់គេវិញ។
អ្នកស្រាវជ្រាវព្រឹត្តិការណ៍អន្តរជាតិ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា យន្តការបោសសម្អាតពលករមិនស្របច្បាប់របស់ថៃ នៅពេលនេះ គឺជាការបង្វែរស្ថានការណ៍នយោបាយទៅសហគមន៍អន្តរជាតិ កុំឲ្យចាប់អារម្មណ៍អំពីរឿងរដ្ឋប្រហារដោយយោធា៖ «ជាចេតនាបង្កហេតុរបស់ថៃ មួយ ដើម្បីបង្វែរទិសកុំឲ្យសហគមន៍អន្តរជាតិហ្នឹង ចាប់អារម្មណ៍ពាក្យរដ្ឋប្រហាររបស់ថៃ។ បង្វែរទិសយ៉ាងម៉េច? ទីមួយ ការបញ្ជូនពលករដោយថៃ ប្រើពាក្យថាខុសច្បាប់ហ្នឹង មិនទាន់ទាំងអស់ផល រដ្ឋាភិបាលយោធាថៃ ប្រាយុទ្ធ ចាន់អូរចា ហ្នឹង បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ព័ត៌មានឲ្យច្បាស់លាស់ពីសមាជិកគណបក្ស ភឿថៃ ដែលប្រឆាំងនឹងរដ្ឋាភិបាលយោធាហ្នឹងស្នាក់នៅប្រទេសកម្ពុជា»។
ទោះបីថៃ គិតពីរឿងនយោបាយខ្លាំងជាងផ្នែកសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែការបញ្ជូនពលករមកវិញ ក៏បានប៉ះពាល់ដល់ជីវភាពគ្រួសារកម្ពុជា ដែលរស់ពឹងលើប្រាក់ចំណូលផ្ញើពីបរទេស និងរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងវិញទៀត ពលករកម្ពុជា ខ្លួនឯងក៏ប្រឈមនឹងបញ្ហាជាថ្មីម្ដងទៀត អំពីភាពខ្វះខាតការងារ ភាពក្រីក្រ ភាពគ្មានដីធ្លី ការជំពាក់បំណុលគេ និងភាពងាយរងគ្រោះពីការធ្វើកសិកម្ម ដូចជាគ្រោះធម្មជាតិ និងទឹកជំនន់ ជាដើម។
តាមការប៉ាន់ស្មានដោយស្ថាប័នស្រាវជ្រាវមួយចំនួនបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៨០% មានតិចជាងមួយហិកតារ និងការបង្កើតការងារបន្ថែមក្នុងមួយឆ្នាំរបស់រដ្ឋាភិបាល មានប្រមាណ ៦ម៉ឺននាក់ប៉ុណ្ណោះ ស្របពេលកម្លាំងពលកម្មថ្មីបានចូលនៅក្នុងទីផ្សារការងារប្រមាណ ៣០ម៉ឺននាក់រៀងរាល់ឆ្នាំ។ បញ្ហាទាំងអស់នេះ នឹងប៉ះពាល់ដល់ភាពចលាចលនៅក្នុងសង្គម។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង មានប្រសាសន៍ថា ការវិលត្រឡប់មកវិញនៃពលករមិនស្របច្បាប់នេះ មិនប៉ះពាល់ដល់សង្គមឡើយ៖ «ខ្ញុំយល់ថា ដូចជាមិនបញ្ហាអីទេ ដូចកន្លងមក ខាងក្រសួងការងារ ខ្ញុំបានឃើញក្រសួងការងារ គេបានចុះទៅជួបផ្ទាល់ ហើយនឹងគេរៀបចំកម្មវិធីដើម្បីសម្របសម្រួលជួយរកការងារឲ្យធ្វើហើយ ហ្នឹងតាមខ្ញុំដឹង គេនឹងត្រៀមរហូតដល់មានវគ្គបណ្ដុះបណ្ដាលចំពោះពលករដែលមិនមានជំនាញច្បាស់លាស់នោះបាទ»។
ទោះជាយ៉ាងណាក៏ដោយ ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ អាចពេលវេលាវិស្សមកាលមួយដើម្បីជួបជុំគ្រួសាររបស់គេ ប៉ុន្តែពលករដែលមិនមានផ្ទះសម្បែងដីធ្លី អាចស្វែងរកវិធីវិលត្រឡប់ទៅប្រទេសថៃ វិញ ប្រសិនបើការងារនៅកម្ពុជា មិនអំណោយផល។
បញ្ហានេះ អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា វិបត្តិសង្គមពីភាពគ្មានការងារធ្វើ នឹងមិនអាចកើតឡើងនៅក្នុងរយៈពេលខ្លីឡើយ ដោយសារតែកត្តាពីរ។ ទីមួយ គឺពលករដែលវិលត្រឡប់មកវិញមានលុយសន្សំមួយចំនួន ដើម្បីចំណាយជំរុញសេដ្ឋកិច្ចមូលដ្ឋាន ប៉ុន្តែបញ្ហាសំខាន់នោះ តើពួកគាត់ត្រូវធ្វើដូចម្ដេច នៅពេលដែលប្រាក់សន្សំរបស់គាត់ត្រូវចាយអស់ ស្របពេលដែលពួកគាត់នៅតែគ្មានការងារធ្វើ ឬមិនអាចវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃ បាន។ កត្តាសំខាន់ទីពីរ ការវិលត្រឡប់ពលករកម្ពុជា ទាំងអស់ ចំពេលវេលាដែលអាចជួយក្រុមគ្រួសាររបស់គេ លើការប្រមូលផលកសិកម្ម និងការនេសាទ ដែលចាប់ផ្ដើមនៅកំឡុងខែកក្កដា ដល់ខែសីហា ប៉ុន្តែបញ្ហាសំខាន់នោះ តើផ្ទៃដីប៉ុន្មានភាគរយអាចប្រមូលផល និងនេសាទបាន ដោយសារតំបន់ឡូនេសាទមួយចំនួន ត្រូវបានហាមឃាត់ និងដីស្រែក៏ប៉ះពាល់ដោយគ្រោះទឹកជំនន់។
ទោះបីជារដ្ឋាភិបាលមានយុទ្ធសាស្ត្របន្ទាន់ ក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ប៉ុន្តែអាចជួយពលករតិចតួចប៉ុណ្ណោះ ដែលធ្វើឲ្យពួកគាត់ជាប់រវល់ក្នុងការរៀនសូត្រនៅរយៈពេលខ្លី។ យុទ្ធសាស្ត្ររយៈពេលវែងដែលរដ្ឋាភិបាលត្រូវធ្វើនោះ គឺការប្រើប្រាស់គោលនយោបាយពន្ធ ដើម្បីការបង្វែរសហគ្រាសមិនផ្លូវការទៅជាផ្លូវការ ដែលជាមូលដ្ឋានសំខាន់ក្នុងបង្កើតការងារសម្រាប់ពលរដ្ឋ និងជួយលើកកម្ពស់ចំណូលថវិកាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
