ផ្ទុះ​អាវុធ​រវាង​ឈ្មួញ​ដឹក​ឈើ​គ្រញូង​និង​កង​រាជ​អាវុធហត្ថ​នៅ​ខេត្ត​កំពង់ធំ

0:00 / 0:00

ការ​ផ្ទុះ​អាវុធ​មួយ​បាន​កើត​ឡើង​រវាង​ឈ្មួញ​ឈើ​ប្រណិត​ខុស​ច្បាប់ និង​សមត្ថកិច្ច រួម​ជាមួយ​មន្ត្រី​ជំនាញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា នៅ​សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។ អាជ្ញាធរ​មិន​ទាន់​អាច​ចាប់​ជនល្មើស​បាន​ទេ ដោយសារ​ឈ្មួញ​ឈើ​នោះ​រត់​គេច​ខ្លួន​បាត់។

អង្គការ​ក្រៅ​រដ្ឋាភិបាល​យល់​ថា គឺ​ជា​រឿង​អសមត្ថភាព​របស់​រាជ​រដ្ឋាភិបាល ដែល​នៅ​តែ​បណ្តោយ​ឱ្យ​ឈ្មួញ​ឈើ​ធំៗ បន្ត​រកស៊ី​ឈើ​ខុស​ច្បាប់​យ៉ាង​គគ្រឹកគគ្រេង ហើយ​មិន​អាច​ចាប់​យក​មក​ផ្ដន្ទាទោស​បាន ដែល​វា​ផ្ទុយ​ទៅ​នឹង​គោល​នយោបាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​ខ្លួន​ទៅ​វិញ។

អធិការ​នគរបាល​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ លោក ញ៉ែម ឈុនលី មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​អាវុធ​ជាច្រើន​គ្រាប់​នោះ គឺ​កើត​ឡើង​រវាង​ឈ្មួញ​ដឹក​ឈើ​គ្រញូង ជាមួយ​កង​រាជ​អាវុធហត្ថ​ខេត្ត និង​មន្ត្រី​ជំនាញ ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី​សំណាក់​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា។ លោក​បន្ត​ថា ខាង​សមត្ថកិច្ច គឺ​នៅ​មិន​ទាន់​អាច​ចាប់​ជនល្មើស​បាន​ទេ ពីព្រោះ​ក្រោយ​ពេល​ជនល្មើស​ឈប់​រថយន្ត​នៅ​ក្នុង​ផ្ទះ ហើយ​យក​កាំភ្លើង​បាញ់​មក​សមត្ថកិច្ច រួច​មក​ក៏​គេ​រត់​គេច​ខ្លួន​ចូល​ព្រៃ​បាត់​ទៅ។

លោក​បន្ថែម​ទៀត​ថា ខាង​សមត្ថកិច្ច​លោក​មិន​បាន​ដឹង​ពី​អត្តសញ្ញាណ​ច្បាស់​លាស់​របស់​ជនល្មើស​នោះ​ឡើយ មិន​ដឹង​ច្បាស់​ថា​ឈើ​នោះ​ដឹក​ចេញ​ពី​ខេត្ត​ណា​មក ហើយ​រថយន្ត​ម៉ាក ស៊ី.អ.វី (CRV) ដែល​បើក​ចូល​ផ្ទះ​នៅ​សង្កាត់​ស្រយ៉ូវ ជា​របស់​អ្នក​ណា​នោះ​ដែរ ពីព្រោះ​វា​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​ជំនាញ៖ «ដូច​អត់​ដឹង​ដូច​អត់​មាន​ព័ត៌មាន​នេះ ខ្ញុំ​ដូច​ក្តាប់​អត់​បាន ព្រោះ​មិន​ដឹង​ជា​សមត្ថកិច្ច​ខាង​មេ​ព្រៃ​គេ​សាកសួរ​យ៉ាង​ម៉េច គេ​ស្រាវជ្រាវ​យ៉ាង​ម៉េច យើង​អត់​ទាន់​ដឹង ព្រោះ​អន្តរាគមន៍​ហើយ យើង​ដក​កម្លាំង​មក​វិញ សមត្ថកិច្ច​គេ​អ្នក​ធ្វើ​ត​ណា»

លោក​បញ្ជាក់​ថា ជនល្មើស​បាន​ប្រើ​កាំភ្លើង​ខ្លី​បាញ់​រះ​មក​សមត្ថកិច្ច ប៉ុន្តែ​មិន​បាន​បណ្ដាល​ឱ្យ​សមត្ថកិច្ច​ណា ឬ​ប្រជាពលរដ្ឋ​ណា​រង​គ្រោះ​ថ្នាក់​នោះ​ទេ។

បើ​ទោះ​បី​ជា​សមត្ថកិច្ច​មិន​ដឹង​ថា ឈ្មួញ​ដឹក​ឈើ​ប្រណិត​នោះ​ជា​នរណា​ក៏ដោយ ប៉ុន្តែ​ត្រូវ​បាន​គេ​ដឹង​ថា ឈ្មួញ​ឈើ​នោះ គឺ​ជា​មន្ត្រី​យោធា​ខេត្ត​ព្រះវិហារ ដែល​រកស៊ី​ឈើ​ប្រណិត​ជា​យូរ​មក​ហើយ ហើយ​តែង​តែ​ដឹក​ឈើ​ប្រណិត​ឆ្លង​កាត់​ខេត្ត​កំពង់ធំ ជា​ញឹកញាប់។

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា ឈ្មួញ​ឈើ​គ្រញូង​ដែល​ដឹក​ឆ្លង​កាត់​ខេត្ត​កំពង់ធំ ខ្លាំង​ជាង​គេ គឺ​ជា​មន្ត្រី​យោធា​ស្រុក​ជ័យសែន។ ចំណែក​អ្នក​រកស៊ី​ឈើ​ប្រណិត​ផ្សេង​ទៀត​នៅ​ខេត្ត​ព្រះវិហារ និង​សៀមរាប ដែរ​នោះ ភាគ​ច្រើន គឺ​ជា​មន្ត្រី​កង​ប្រដាប់​អាវុធ ដែល​មិន​ធ្លាប់​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះ​ឡើយ។ លោក​បន្ត​ថា ករណី​នេះ​ប្រសិន​អាជ្ញាធរ​មាន​ឆន្ទៈ​ក្នុង​ការ​ចាប់​ជនល្មើស​មែន​នោះ គឺ​ជា​រឿង​ងាយ​ស្រួយ​បំផុត ប៉ុន្តែ​ពិបាក​ត្រង់​ថា សមត្ថកិច្ច​ធ្វើ​ឱ្យ​តែ​ល្អ​មើល​តែ​ប៉ុណ្ណោះ។

លោក ឈឹម សាវុធ៖ «ដូច​ដែល​ខ្ញុំ​បញ្ជាក់​ហើយ​បញ្ហា​ហ្នឹង គឺ​បើ​សិន​ជា​មាន​ចេតនា​បង្ក្រាប គឺ​អត់​អាច​ចរាចរណ៍​ឈើ​បាន​យ៉ាង​ងាយ​ស្រួល​អ៊ីចឹង​ទេ ព្រោះ​យើង​ដឹង​ហើយ មុខ​សញ្ញា​ឈ្មួញ​រកស៊ី​ឈើ​ក៏​យើង​ដឹង​ច្បាស់ មុខ​សញ្ញា​ជនល្មើស​ដែល​ដឹក​ឈើ​ឆ្លង​កាត់​ក៏​យើង​ដឹង​ច្បាស់​ទាំងអស់​គ្នា​ហើយ ប៉ុន្តែ​កន្លង​មក​មិន​ដែល​ទេ គ្រាន់​តែ​មាន​ករណី​មួយៗ​ចេះ​តែ​ចាប់ ឬ​បង្ក្រាប ហើយ​បង្ក្រាប​ទៀតសោត គឺ​បាន​តែ​ឡាន បាន​តែ​ឈើ​ទេ មិន​ដែល​មាន​ចាប់​ជនល្មើស​បាន​ទេ។ សូម្បី​តែ​ជនល្មើស​ដែល​ចាប់​បាន​ហើយ​ក៏​ដោះ​លែង​ទៅ​វិញ​ដែរ។ អ៊ីចឹង​បាន​ជា​ខ្ញុំ​គិត​ថា ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង គឺ​មាន​ភាព​ធូរ​ស្រាល និង​ទន់​ខ្សោយ​បំផុត​តែ​ម្តង ដែល​មិន​អាច​ធ្វើ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ស្រុក​ខ្មែរ​ឱ្យ​មាន​ប្រសិទ្ធភាព​បាន»

ឈើ​ប្រណិត​ដែល​ដឹក​ចេញ​ពី​ខេត្ត​ព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ឆ្លង​កាត់​ខេត្ត​កំពង់ធំ ចូល​តាម​ផ្លូវ​កំពង់ថ្ម កាត់​ខេត្ត​កំពង់ចាម គឺ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​ដូង​៧​ដើម ក្នុង​ស្រុក​មេមត់ និង​មាន​មួយ​ចំណែក​តូច បែង​ចែក​ទៅ​តាម​ដេប៉ូ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។

លោក ឈឹម សាវុធ បន្ថែម​ទៀត​ថា ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា បទល្មើស​ព្រៃ​ឈើ គឺ​កើត​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ តាំង​ពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់​លើ ដែល​មាន​ទាំង​សែស្រឡាយ​មន្ត្រី​ធំៗ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ទៀត​ផង។ ការ​រៀប​រចនាសម្ព័ន្ធ​រក​ស៊ី​ឈើ​ប្រណិត​នៅ​ស្រុក​ខ្មែរ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​កើត​មាន​ឡើង រីឯ​វប្បធម៌​និទ្ទណ្ឌភាព​ក៏​រឹត​តែ​រីក​ដុះដាល​ថែម​ទៀត ទើប​ធ្វើ​ឱ្យ​លោក​យល់​ថា វាសនា​ឈើ​ប្រណិត​នៅ​ក្នុង​ស្រុក​ខ្មែរ គឺ​មិន​អាច​គេច​ផុត​ពី​ឆ្នាំ​២០១៤ នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។