ចិន ជាប្រទេសដៃគូយ៉ាងសំខាន់សម្រាប់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកវប្បធម៌។ រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់វត្តមានរបស់ចិន ថាជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស ក្នុងនោះចិន បានផ្ដល់ប្រាក់ជំនួយ និងកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែអង្គការសង្គមស៊ីវិល អះអាងថា វត្តមានចិន នៅពេលនេះ បានបំផ្លាញធនធានធម្មជាតិទៅវិញ។
ប្រទេសចិន បានជួយអភិវឌ្ឍប្រទេសកម្ពុជា គ្រប់ផ្នែកទាំងអស់តាមរយៈការផ្ដល់ប្រាក់កម្ចី និងជំនួយឥតសំណងនូវទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ទោះបីជាទឹកប្រាក់នោះ ចិន បានគិតអត្រាការប្រាក់ខ្ពស់ ឬជាថ្នូរទទួលដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតារ ក៏រាជរដ្ឋាភិបាលកម្ពុជា សប្បាយចិត្តរហូតចាត់ទុកថា ចិន ជាមិត្តម៉ឺនឆ្នាំ។ ភស្តុតាងជាច្រើនបានបង្ហាញថា ចិន ជាមិត្តយូរអង្វែងសម្រាប់កម្ពុជា នោះ ដោយសារតែរៀងរាល់ឆ្នាំ រដ្ឋាភិបាលចិន បានសន្យាថានឹងផ្ដល់កម្ចីដល់ប្រទេសកម្ពុជា បន្ថែមទៀតក្នុងចន្លោះទឹកប្រាក់ ៣០០លាន ទៅ ៥០០លានដុល្លារអាមេរិក។
ក្រៅពីនេះ ប្រទេសកម្ពុជា បានទទួលជំនួយពីចិន នូវទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លារ ឬសមាមាត្រនឹង ៦០០លានដុល្លារអាមេរិករៀងរាល់ឆ្នាំ។ ក្រុមហ៊ុនចិន វិញ ក៏គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារទៀត ដើម្បីសាងសង់រោងចក្រនានានៅប្រទេសកម្ពុជា។ ការជួយជ្រោមជ្រែងរបស់ចិន ទាំងអស់នោះ គឺសម្រេចបាននូវកំណើនសេដ្ឋកិច្ចកម្ពុជា ប្រមាណ ៧% នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅពេលរៀបចំច្បាប់ថវិកាជាតិសម្រាប់ចំណាយក្នុងឆ្នាំ២០១៥ ថា ទឹកប្រាក់របស់ចិន ជាង ៨០% បានវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែកកំណើនពាណិជ្ជកម្មនាំចេញ និងនាំចូលនៃប្រទេសទាំងពីរ គិតជាទឹកប្រាក់មានចំនួន ៣ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៣។ ប្រទេសចិន និងកម្ពុជា ក៏គ្រោងនឹងសម្រេចទំហំពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ខាងមុខ។ ការផ្ដល់អត្ថប្រយោជន៍ទាំងអស់នេះបញ្ជាក់ថា ចិន មានចិត្តសប្បុរសធម៌ខ្លាំងដល់កម្ពុជា។ ប៉ុន្តែអង្គការសង្គមស៊ីវិលបានអះអាងផ្ទុយពីនេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា វត្តមានប្រទេសចិន នៅពេលនេះ គឺធ្វើឲ្យកម្ពុជា ខាតបង់ប្រយោជន៍ទៅវិញ។ លោកបញ្ជាក់ថា សេដ្ឋកិច្ចចិន ជាប្រទេសកុម្មុយនីស្តដែលស្វែងរកធនធានធម្មជាតពីប្រទេសផ្សេងនៅលើពិភពលោក។
ចំណែកប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន បានបង្កើតគ្រោះភ័យជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងបញ្ហាបរិស្ថាន។ លោកសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនបានបណ្ដេញចេញនៅពេលដែលមានវត្តមានក្រុមហ៊ុនចិន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចវិនិយោគនៅកម្ពុជា។
អ្នកសេដ្ឋកិច្ចវិញយល់ឃើញថា ប្រសិនបើកម្ពុជា អាចផលិតអ្វីដោយខ្លួនឯងបានដោយពុំចាំបាច់ពឹងពាក់លើប្រទេសដទៃ ទើបជាការល្អ។ ការផលិត និងនាំចេញទៅកាន់ទីផ្សារ ដោយជំនួសការលក់ដី ឬជួយដីឲ្យឈ្មួញបរទេស នេះទើបជារបៀបនៃការអភិវឌ្ឍសេដ្ឋកិច្ចពិតប្រាកដ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០១៤ បានបង្ហាញថា រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចយ៉ាងហោចណាស់ចំនួន ២០ម៉ឺនហិកតារ ដល់ក្រុមហ៊ុនចិន ចំនួន ២៥ក្រុមហ៊ុន។
ម្យ៉ាងវិញទៀត ការគាំទ្ររបស់ចិន នៅប្រទេសកម្ពុជា នៅពេលនេះ ក៏បានរក្សាអំណាចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកពីគណបក្សប្រជាជនកម្ពុជា ឲ្យកាន់អំណាចបានរយៈពេលប្រមាណ ៣០ឆ្នាំ។ ការរក្សាអំណាចបានយូរនេះ ប្រទេសចិន បានផ្ដល់យុទ្ធសាស្ត្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា របៀបពង្រឹងលទ្ធិប្រជាធិបតេយ្យ ឬរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញ នៅពេលដែលគណបក្សប្រជាជនកម្ពុជា ធ្លាក់សំឡេងគាំទ្រពីប្រជាពលរដ្ឋ។ វិធានការដែលមានការជួយជ្រោមជ្រែងរបស់ចិន នោះរួមមាន កម្មវិធីកែទម្រង់ស៊ីជម្រៅលើស្ថាប័នរដ្ឋនៅក្នុងរយៈពេលកាន់អំណាចអាណត្តិទីប្រាំកន្លងមកនេះ។
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ បានបោះផ្សាយអត្ថបទមួយក្នុងខែកុម្ភៈ ឆ្នាំ២០១៤ សរសេរថា ប្រទេសចិន ចាត់ទុក លោក ហ៊ុន សែន ជាដៃគូដែលមិនអាចខ្វះបាន ជាពិសេសចិន យកកម្ពុជា ធ្វើជាទីតាំងយុទ្ធសាស្ត្រពង្រីកនយោបាយរបស់ខ្លួន។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា កត្តាសំខាន់បួន ដូចជាទីតាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម ឥទ្ធិពលនយោបាយ និងទំនោររបស់អ្នកនយោបាយដែលធ្វើឲ្យទំនាក់ទំនងចិន និងកម្ពុជា កាន់តែជិតស្និទ្ធរហូតដល់បច្ចុប្បន្ន។ ម្យ៉ាងវិញទៀត មេដឹកនាំដែលមានបំណងកាន់អំណាចយូរ តែងតែមានសម្ពន្ធភាពជាមួយប្រទេសកុម្មុយនិស្ត និងបោះបង់ចោលនូវលទ្ធិប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា ជាទូទៅ មេដឹកនាំចាំបាច់ត្រូវតែពឹងចិន ដើម្បីរក្សាអំណាច។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ដោយសារតែផលប្រយោជន៍ដែលចិន បានផ្ដល់ឲ្យនៅពេលនេះ តែកម្ពុជា ហាក់មិនមានវិធានការគ្រប់គ្រាន់ និងច្បាប់សមស្របដើម្បីគ្រប់គ្រងការរីករាលដាលឥទ្ធិពលរបស់ចិន និងផលប៉ះពាល់អំពីវត្តមានចិន នៅកម្ពុជា ឡើយ។ បន្ថែមលើនេះ អ្នកវិភាគមួយចំនួនទៀតបានអះអាងថា ពិតហើយថា ហិរញ្ញប្បទានរបស់ចិន ដែលយកមកកសាងហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ តែការអភិវឌ្ឍធនធានមនុស្សឲ្យចេះប្រឹងប្រែងផលិតនាំចេញទៅកាន់ទីផ្សារ គឺជារឿងសំខាន់បំផុត ដើម្បីកសាងអភិវឌ្ឍប្រទេសឲ្យក្លាយជាប្រទេសជឿនលឿនបាន។ ពួកគេវាយតម្លៃថា អ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើនៅពេលនេះ គឺមើលឃើញអ្វីៗនៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
