សង្គម​ស៊ីវិល​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​និង​អប់រំ​ពលរដ្ឋ​អំពី​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទូលំទូលាយ

0:00 / 0:00

ទាំង​សង្គម​ស៊ីវិល និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​លើ​វិស័យ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍ បាន​កត់​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ចូល​ជា​ធរមាន​កាល​ពី​ដើម​ឆ្នាំ​២០១៦ អ្នក​បើកបរ​យានយន្ត​បាន​អនុវត្ត​ល្អ​ជា​វិជ្ជមាន។ អ្វី​ដែល​គេ​កត់​សម្គាល់​នោះ គឺ​ការ​ពាក់​មួក​សុវត្ថិភាព​របស់​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​មាន​ចំនួន​កើន​ឡើង។

ទោះ​បី​ជា​មាន​ការ​អនុវត្ត​ច្បាប់​ដើម្បី​បញ្ចៀស និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្ដី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​នេះ​នៅ​តែ​យល់​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​អប់រំ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ច្បាប់​នេះ​បាន​ទូលំទូលាយ​នៅ​ឡើយ និង​ទាមទារ​ឲ្យ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​កុំ​ឲ្យ​ធ្លាក់​ដៃ។

« សំឡេង​ចរាចរណ៍​លើ​ដង​ផ្លូវ »

នេះ​ជា​ការ​ដាក់​គោលដៅ​រឹត​បន្តឹង​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។

សមត្ថកិច្ច​ប្រចាំ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ ហាក់​ឈឺ​ក្បាល​ចំពោះ​អ្នក​បើកបរ​មិន​បាន​ពាក់​មួក​សុវត្ថិភាព និង​អ្នក​ខ្លះ​ពាក់​មិន​បាន​ត្រឹមត្រូវ។

អធិការ​រង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខណ្ឌ​មានជ័យ លោក ណិប វិបូ ប្រចាំ​ការ​នៅ​គោលដៅ​នេះ​មាន​ប្រសាសន៍​ថា ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​នៅ​លើ​ដង​ផ្លូវ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​បាន​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ច្បាប់​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ពង្រឹង​ច្បាប់​នេះ លោក​ថា ចំពោះ​ការ​ផាក​ពិន័យ​អ្នក​ជិះ​ម៉ូតូ​ដែល​ល្មើស​ច្បាប់ ក៏​ករណី​ខ្លះ​ក៏​មាន​ការ​លើក​លែង​ដែរ៖ « ការ​អនុគ្រោះ​នេះ​មិន​មែន​ច្បាប់​ឲ្យ​អនុគ្រោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​ជាក់ស្ដែង មនុស្ស​មាន​ផ្ទៃពោះ មនុស្ស​ចាស់​ជរា​ដែល​គាត់​ពាក់​មួក​អត់​កើត គាត់​លើស​ឈាម ឬ​មួយ​ក៏​អ្នក​បី​កូន​ទទឹង​នៅ​តូច​នៅ​ឡើយ។ នេះ​ជា​មនុស្សធម៌ ជា​សីលធម៌ អ៊ីចឹង​ប៉ូលិស​ខុស​ត្រង់​ហ្នឹង​ចំពោះ​ច្បាប់​មែន ប៉ុន្តែ​បើ​សិន​ជា​យើង​ឃាត់​គាត់ មាន​កំណើន​ច្រើន មាន​កូន​ខ្ចី គាត់​ក្ដៅ កូន​គាត់​ អាច​ឈឺ ហើយ​គាត់​ចាស់ គាត់​លើស​ឈាម គាត់​ប្រញាប់​ទៅ​ពេទ្យ​បើក​ថ្នាំ បើ​ទុក​គាត់​អ៊ីចឹង គាត់​ដួល​គ្រោះថ្នាក់ អ៊ីចឹង​វា​ជា​ផល​លំបាក​មួយ​សម្រាប់​សមត្ថកិច្ច​ទៀត »

របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា ត្រីមាស​ទី​១ គិត​ចាប់​ពី​ដើម​ខែ​មករា មក​ដល់​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០១៦ នេះ គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ២.២៧៨​ករណី មាន​អ្នក​ស្លាប់ ១.១០៨​នាក់ និង​អ្នក​របួស ៣.៨៥៨​នាក់។ ក្នុង​ចំណោម​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ជាង ២​ពាន់​ករណី មាន​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព ១.៥៤៤​នាក់ ប៉ុន្តែ​ចំនួន​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព​នេះ មាន​ការ​ធ្លាក់​ចុះ​ជិត ៦០០​នាក់ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៥។

ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ លោក ទី ឡុង មាន​ប្រសាសន៍​ថា ចំនួន​អ្នក​រួម​ដំណើរ​ពាក់​មួក​សុវត្ថិភាព​មាន​ការ​កើន​ឡើង អាច​ទៅ​ដល់​ជាង ៣០% នៅ​ពេល​បច្ចុប្បន្ន។ លោក​ថា កម្លាំង​ជំនាញ​នឹង​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ត​ទៅ​ទៀត ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ចូលរួម​អនុវត្ត​ច្បាប់«បាទ ! ពិត​ប្រាកដ​ណាស់​ហើយ រាជ​រដ្ឋាភិបាល​ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ បាន​ខិតខំ ​ពង្រឹង ហើយ​បន្ថែម​គោលដៅ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត ដែល​ជា​គោលដៅ​ចាស់​លើក​មុន​នោះ មួយ​ព្រឹក​អាច​មាន​ពីរ​គោលដៅ ឬ​បី​គោលដៅ ដើម្បី​ពង្រីក​បន្ថែម​ការ​ អនុវត្ត​ច្បាប់។ ជា​ទិសដៅ យើង​រឹត ​បន្តឹង​ទាំងអស់ មិន​មែន ​តែ​មួក​ហ្នឹង​ទេ គឺ​ថា​រាល់​ទាំង​ឯកសារ​រាល់​ទាំង​លក្ខណៈ​បច្ចេកទេស​យាន រាល់​ការ​ដាក់​សំពីងសំពោង ជាពិសេស​ល្បឿន​ហើយ​និង​ស្រវឹង​នេះ សិទ្ធិ​អាទិភាព​នេះ និយាយ​ឲ្យ​ ចំ​យើង ​អនុវត្ត​ ទាំងអស់»

ទោះ​បី​ជា​យ៉ាង​ណា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា បាន​វាយ​តម្លៃ​ប្រហាក់​ប្រហែល​នឹង​លោក ទី ឡុង ដែរ។ ប៉ុន្តែ​អ្វី​ដែល​ជា​ក្ដី​កង្វល់​នោះ គឺ​ក្នុង​ចំណោម​អ្នក​គ្រោះថ្នាក់​ចរាចរណ៍ លោក​សង្កេត​ឃើញ​ថា ជាង ៨០% មិន​បាន​ពាក់​មួក​សុវត្ថិភាព​នោះ​ទេ។ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​ទៅ​ដល់​យុទ្ធនាការ​ត្រួត​ពិនិត្យ​ចរាចរណ៍ ដែល​អនុវត្ត​ច្បាប់​តាម​តែ​រដូវ​កាល«មាន​ន័យ​ថា​ភាព​ខ្វះ​ចន្លោះ​នេះ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ គាត់​នៅ​តែ​ពុំ​ខ្លាច​រអា​ពី​ការ​ផាក​ពិន័យ ហើយ​និង​ពិនិត្យ​ខុស​ច្បាប់»

លោក អ៊ា ចរិយា ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច ពិចារណា​ចំពោះ​នីតិវិធី​បែង​ចែក​ភាគ​ផល ឬ​អត្ថប្រយោជន៍​ពី​ប្រាក់​ផាក​ពិន័យ ដើម្បី​ឲ្យ​មន្ត្រី​អនុវត្តន៍​ច្បាប់​ផ្ទាល់ ទទួល​បាន​ការ​លើក​ទឹក​ចិត្ត។

នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចុះ​ពង្រឹង​ការ​ពាក់​មួក​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​នៅ​តាម​ផ្លូវ​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចុះ​ពង្រឹង​ការ​ពាក់​មួក​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​នៅ​តាម​ផ្លូវ​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ (RFA/Den Ayuthyea)

ពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា ពួក​គាត់​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​ច្បាប់​នេះ​នៅ​ឡើយ។ រីឯ​ក្ដី​បារម្ភ​របស់​ពួក​គាត់​មួយ​ទៀត​នោះ គឺ​ការ​ផាក​ពិន័យ​មិន​មាន​តម្លាភាព។ ពួក​គេ​ខ្លាច​រអា​សមត្ថកិច្ច​ដែល​ផាក​ពិន័យ​ច្រើន និង​តម្រូវ​ឲ្យ​ខ្លួន​ឯង​ពាក់​មួក​សុវត្ថិភាព ដើម្បី​ការពារ​អាយុ​ជីវិត​ផង និង​គោរព​ច្បាប់​ផង៖ « ពាក់ ( មួក​សុវត្ថិភាព ) រហូត​ខ្លាច​អស់​លុយ​ដែរ។ ពី​មុន​ពាក់​ដែរ តែ​ពេល​ខ្លះ​អត់។ ខ្ញុំ​គិត​ថា ច្បាប់​នេះ​ល្អ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​មួក​ច្រើន។ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ការ​អប់រំ​ថែម​ទៀត។ ច្បាប់​ចរាចរណ៍ ​ចេញ​ថ្មី​នេះ គេ​ឲ្យ​យើង​ពាក់​មួក ម៉ូតូ​មួយ​ដឹក​បាន​តែ​ពីរ​នាក់។ តៃកុង​ហើយ​និង​អ្នក​ជិះ​មួយ លើក​លែង ​តែ​កូន​ក្មេង​តូច។ ខ្ញុំ​មាន​មួក​ពីរ មាន​ភ្ញៀវ​មក​ជិះ​អ៊ីចឹង ខ្ញុំ​ពាក់​របស់​ខ្ញុំ​មួយ ខ្ញុំ​ហុច​មួក​ មួយ​ឲ្យ ​គាត់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប៉ូលិស​ផាក។ ចង់​ឲ្យ​ប៉ូលិស​ធ្វើ​ចរាចរណ៍​ផាក​ពិន័យ​ម៉ូតូ​ឲ្យ​ មាន​តម្លាភាព ​ឲ្យ​យុត្តិធម៌​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​មាន​ជំនឿ​ចិត្ត​ថា​គាត់​ធ្វើ​បាន​ល្អ »

គោលការណ៍​ដំឡើង​ទឹក​ប្រាក់​ផាក​ពិន័យ និង​ការ​ដាក់​ទោស​ទណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី បង្កើត​ឡើង​ក្នុង​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់។

នៅ​ពេល​ថ្ងៃ សមត្ថកិច្ច​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ជិះ​ម៉ូតូ​ល្មើស​ច្បាប់​ចរាចរណ៍ ទៅ​បង់​ប្រាក់​ផាក​ពិន័យ​នៅ​សាលា​ខណ្ឌ​នីមួយៗ។

ផ្ទុយ​ទៅ​វិញ ចំពោះ​ការ​ដាក់​គោលដៅ​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​គោក​នៅ​ពេល​យប់ ការ​ផាក​ពិន័យ​យានយន្ត​ដែល​ជិះ​ល្មើស​ច្បាប់ ដូចជា​ម៉ូតូ​គ្មាន​កញ្ចក់ អ្នក​បើក​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព នគរបាល​ចរាចរណ៍​តម្រូវ​ឲ្យ​ពួក​គេ​បង់​ប្រាក់​ផាក​ពិន័យ​នៅ​នឹង​កន្លែង។ រីឯ​ការ​ដាក់​គោលដៅ​នៅ​ពេល​យប់ ដើម្បី​ពិនិត្យ​ជាតិ​អាល់កុល​អ្នក​បើកបរ​ជា​ចម្បង។

« សំឡេង​ប៉ូលិស​វាស់​ជាតិ​អាល់កុល »

ចំពោះ​អ្នក​បើក​យានយន្ត​ពេល​ខ្លួន​ស្រវឹង សមត្ថកិច្ច​ចាត់​វិធានការ​ផ្សេង​ពី​អ្នក​បើកបរ​ម៉ូតូ​គ្មាន​កញ្ចក់ និង​អ្នក​បើក​ម៉ូតូ​គ្មាន​ពាក់​មួក​សុវត្ថិភាព។

« សំឡេង​សមត្ថកិច្ច​ វាយ ​ខ្នោះ »

នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី លោក គឹម បញ្ញា បាន​ផ្ដល់​អនុសាសន៍​ថា គួរ​មាន​ការ​រឹត​បន្តឹង​ពី​សិស្សានុសិស្ស​ទៅ ដោយ​កំណត់​ការ​ពាក់​មួក​សុវត្ថិភាព​ជា​បទបញ្ជា​ផ្ទៃ​ក្នុង​សាលា​រៀន ស្ថាប័ន​នានា​គួរ​គិត​អំពី​ការ​ដាក់​បញ្ចូល​ការ​ពាក់​មួក​សុវត្ថិភាព និង​វិធាន​ចរាចរណ៍​ផ្សេង​ទៀត​នោះ ទៅ​ជា​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​អង្គភាព​ខ្លួន​ឯង ដូច​ដែល​មាន​ស្នងការ​នគរបាល​ខេត្ត​ខ្លះ​បាន​អនុវត្ត​ដូច្នេះ ជា​គំរូ​ដល់​ប្រជាពលរដ្ឋ។ ស្រប​ពេល​ដែល​មន្ត្រី​ជំនាញ​ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់«មិន​ត្រឹម​ប្រទេស​យើង​ទេ ប្រទេស​ណា​ក៏ដោយ​ដូច​ថា​គាត់​ធ្វេសប្រហែស គាត់​មិន​យក​ចិត្ត​ទុក​ដាក់ អ៊ីចឹង​តោង​តែ​សមត្ថកិច្ច​របស់​យើង​លោក​ជួយ​ក្រើន​រំឭក​គាត់ តាម​រយៈ​ការ​អប់រំ​ផ្សព្វផ្សាយ ហើយ​សំខាន់​ហ្នឹង គឺ​វិធានការ​ការ​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ដែល​គាត់​នៅ​តែ​មិន​យល់​មិន​ព្រម​ចូលរួម​ជា​បន្តបន្ទាប់​ហ្នឹង»

ជុំវិញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​នៅ​មុន​ថ្ងៃ​ចូល​ជា​ធរមាន​នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ថា ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​នឹង​ត្រូវ​អនុវត្ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ មិន​មែន​ជា​ច្បាប់​ដែល​គាប​សង្កត់​ប្រជាពលរដ្ឋ​នោះ​ទេ តែ​គឺ​ជា​ច្បាប់​មួយ​ជួយ​ការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទៅ​វិញ៖ « តឹងរ៉ឹង​នេះ​មិន​មែន​តឹងរ៉ឹង​ធ្វើ​ការ​គាប​សង្កត់​ប្រជាពលរដ្ឋ​ទេ តឹងរ៉ឹង​ដើម្បី​ការពារ​ជីវិត​ប្រជាពលរដ្ឋ។ ខ្ញុំ​សង្ឃឹម​ថា ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​នូវ​ផល​ប្រយោជន៍ »

ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ កាល​ពី​ខែ​មេសា បាន​រក​ឃើញ​ថា នៅ​ឆ្នាំ​២០១៦ អ្នក​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បាន​ពាក់​មួក​សុវត្ថិភាព​ចំនួន ២៤% ដែល​ចំនួន​នេះ​កើន​ឡើង​ជិត ២​ដង​បើ​ធៀប​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៥ ដែល​មាន​តែ ១៣%។ ក្នុង​ឆ្នាំ​២០១៥ ករណី​របួស​ក្បាល​មាន​ចំនួន ៣៥៥​ករណី បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ មាន​ចំនួន​តែ ១៣២​ករណី។ ក្រុម​គ្រូពេទ្យ​នោះ​បាន​សន្និដ្ឋាន​ថា បើ​សិន​ជា​មួក​សុវត្ថិភាព​គ្មាន​ស្តង់ដារ​ត្រឹមត្រូវ​ទេ មិន​អាច​ការពារ​ក្បាល​អ្នក​បើកបរ​បាន​ឡើយ។

អនុក្រឹត្យ​ស្ដីពី​ការ​ផាក​ពិន័យ​អន្តរកាល ក៏​បាន​កំណត់​ពាក់ព័ន្ធ​ទៅ​ដល់​ការ​ពាក់​មួក​សុវត្ថិភាព​ដែរ។ ក្នុង​អនុក្រឹត្យ បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ត្រូវ​ប្រើប្រាស់​មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​មួក​នោះ​ត្រូវ​ឲ្យ​មាន​ស្តង់ដារ​ជាតិ។

អ្នក​ជំនាញ​បាន​ពន្យល់​ថា មួក​សុវត្ថិភាព​ស្តង់ដារ​នោះ គឺ​ជា​មួក​ក្រាស់​មាំ ឆ្លង​កាត់​មជ្ឈមណ្ឌល​ធ្វើ​តេស្ដ។ រីឯ​ការ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គឺ​ការ​កិប​ឲ្យ​បាន​តឹង​ណែន​ល្អ ហើយ​ពាក់​មួក​ឲ្យ​ស្រប​នឹង​ទំហំ​ក្បាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។