អ្នក​ទោស​នៅ​បន្ទាយមានជ័យ​ប្ដឹង​ឆ្មាំ​យាម​គុក​ថា​បង្ខំ​ឲ្យ​អ្នក​ទោស​ជួល​ទូរស័ព្ទ

0:00 / 0:00

អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​ប្ដឹង​ថា មាន​ការ​បង្ខំ​ពី​សំណាក់​ឆ្មាំ​យាម​គុក បង្ខំ​ឲ្យ​អ្នក​ទោស​ជួល​ទូរស័ព្ទ ដើម្បី​និយាយ​ទាក់ទង​ជាមួយ​គ្រួសារ​សាច់ញាតិ។ សម្រាប់​អ្នក​ទោស​ណា​មិន​ជួល ឬ​មិន​មាន​លទ្ធភាព​ជួល ក៏​ត្រូវ​ទទួល​រង​ការ​គាប​សង្កត់​តាម​រូបភាព​ផ្សេងៗ​គ្នា។

នៅ​តាម​ពន្ធនាគារ​នានា​ក្នុង​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​កើត​មាន​បញ្ហា​ជា​ច្រើន។ ភាព​មិន​ប្រក្រតី​ទាំង​នោះ ភាគ​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​របស់​ពន្ធនាគារ។ ជាក់ស្ដែង ករណី​នេះ​កំពុង​កើត​មាន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។

ប្រភព​ពី​ទណ្ឌិត​នៅ​ទី​នោះ​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មាន​អ្នក​ទោស​ជា​ច្រើន​នាក់​រង​ការ​គាប​សង្កត់ និង​ត្រូវ​គេ​ធ្វើ​ទុក្ខ​ទោស ដោយសារ​មិន​ព្រម​ជួល​សម្បក​ទូរស័ព្ទ​យក​ទៅ​ដាក់​ស៊ីម សម្រាប់​ប្រើប្រាស់​ទាក់ទង​មក​ខាង​ក្រៅ។ អ្នក​ទោស​ខ្លះ​មិន​ជួល ហើយ ​អ្នក​ទោស​ខ្លះ​ទៀត​មិន​មាន​លុយ​សម្រាប់​ជួល​តែ​ម្ដង៖ «ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ មាន​ការ​គាប​សង្កត់​ពី​មន្ត្រី ធ្លាក់​មក​មេ​អគារ គាប​សង្កត់​ចំពោះ​អ្នក​ទោស​ក្នុង​មណ្ឌល​កែប្រែ។ គាត់​យក​មក​ជួល​ឲ្យ​ពួក​ខ្ញុំ បើ​កាល​ណា​ពួក​ខ្ញុំ​មិន​មាន​លុយ​ជួល​គាត់​ទេ គាត់​ត្រូវ​រុះរើ​បន្ទប់ ហើយ​ជួល​ក្នុង​១​យប់​តម្លៃ ១​ម៉ឺន ៥​ពាន់​រៀល។ ពេល​ថ្ងៃ​ម៉ោង​សូន្យ គឺ​ជួល​ឲ្យ​ទូរស័ព្ទ​មួយ​គ្រឿង​តម្លៃ ១​ម៉ឺន​រៀល។ ពួក​ខ្ញុំ​អត់​មាន​លុយ​ជួល អ៊ីចឹង​ទៅ​គាត់​មន្ត្រី​មក​រុះរើ​បន្ទប់​ឆែកឆេរ អ៊ីចឹង​ពួក​ខ្ញុំ​រស់​នៅ​ក្នុង​នេះ​មាន​លុយ​ណា​ជួល​គាត់​រាល់​ថ្ងៃ​នោះ»

ទាក់ទិន​បញ្ហា​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ិន សុផល បាន​បដិសេធ​ថា នៅ​ក្នុង​ពន្ធនាគារ​ពុំ​មាន​ករណី​ដូច្នេះ​ទេ។ មេ​អគារ​ទាំង​នោះ​ពុំ​មាន​សម្បក​ទូរស័ព្ទ និង​ពុំ​មាន​សិទ្ធិ​ចូល​ទៅ​ឆែកឆេរ​បន្ទប់​របស់​អ្នក​ទោស​នោះ​ឡើយ។ លោក​ថា កន្លង​ទៅ​នេះ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ទូរគមនាគមន៍ បាន​ភ្ជាប់​បណ្ដាញ​ទូរស័ព្ទ​ឲ្យ​អ្នក​ទោស​ទិញ​កាត​ទូរស័ព្ទ ប្រើប្រាស់​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​របស់​ខ្លួន​មាន​គ្រប់​បន្ទប់៖ «ខ្ញុំ​សុំ​ជម្រាប​មេ​អគារ អត់​មាន​ទេ​ទូរស័ព្ទ ខាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះ​មក​ដាក់​ទូរស័ព្ទ​គ្រប់​បន្ទប់​ទាំងអស់។ ពួក​គាត់​ចង់​ទូរស័ព្ទ គាត់​ទិញ​តែ​កាត​ទៅ សូក​ចូល​ក្នុង​ហ្នឹង​ទៅ គឺ​គាត់​ទូរស័ព្ទ​បាន​ហើយ។ មេ​អគារ​មិន​មាន​ណា​ទៅ​ដាក់​ជួល​អី មិន​មាន​ទេ មិន​មែន​ជា​ការ​ពិត​ទេ។ ហើយ​មេ​អគារ​គ្មាន​សិទ្ធិ​ណា​ទៅ​ឆែកឆេរ ទៅ​យក​វិទ្យុ បង​ប្អូន​អត់​មាន​ទេ អា​នេះ​ជា​ព័ត៌មាន​មួយ​អត់​ពិត​ទេ»

ប៉ុន្តែ ក្រុម​អ្នក​ទោស​អះអាង​ថា អ្នក​ដែល​គេ​ចាត់​តាំង​ឲ្យ​ធ្វើ​ជា​មេ​អគារ បាន​ធ្វើ​សកម្មភាព​យក​សម្បក​ទូរស័ព្ទ​មួយ​ថង់​មាន​ចំនួន​ពី ១០ ទៅ ២០​គ្រឿង ទៅ​ឲ្យ​អ្នក​ទោស​យក​ទៅ​ដាក់​ស៊ីម​ផ្ទាល់​ខ្លួន​ប្រើប្រាស់​នៅ​តាម​បន្ទប់ នៅ​ចន្លោះ​ម៉ោង ១២​ថ្ងៃ​ត្រង់ និង​នៅ​ពេល​យប់។ ហើយ​ពួក​គេ​ត្រូវ​បង់​លុយ​ចំនួន ១​ម៉ឺន ទៅ ១​ម៉ឺន ៥​ពាន់​រៀល សម្រាប់​ថ្លៃ​ប្រើប្រាស់​សម្បក​ទូរស័ព្ទ៖ «លោក​មេ​អគារ​ហ្នឹង គាត់​ទទួល​ពី​ក្រសួង​មក​ដប់​ម្ភៃ​គ្រឿង​អ៊ីចឹង​ទៅ។ អ៊ីចឹង ពេល​ប៉ូលិស​ទៅ​បាត់ គាត់​ថា អ្នក​ណា​ជួល​ទូរស័ព្ទ​យក​ទូរស័ព្ទ​ហ្នឹង​មក​ជួល​ឲ្យ ហើយ​យើង​ដាក់​ស៊ីម​ខ្លួន​យើង​ទៅ យើង​និយាយ​ទៅ​ណា​និយាយ​ទៅ ដឹង​ថា​ម៉ោង ៦​ល្ងាច ជួល​ឲ្យ​ខ្ញុំ។ ម៉ោង ៦​ព្រឹក គាត់​យក​ទៅ​វិញ មិន​ទុក​ដល់​ម៉ោង ៧​ព្រឹក​ទាន់​ទេ។ និយាយ​ឲ្យ​ចំ​ទៅ បើ​អ្នក​ទោស​គ្មាន​លុយ​ជួល​គាត់​ទេ រស់​នៅ​មិន​បាន​សុខ»

ទាក់ទិន​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី បាន​ទូរស័ព្ទ​សុំ​ការ​បញ្ជាក់​បន្ថែម​ទៅ លោក គុយ ប៊ុនសន អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ហើយ​បាន​ទទួល​ទូរស័ព្ទ តែ​ក្រោយ​មក​លោក​បាន​ចុច​បិទ​ដោយ​ពុំ​បាន​ការ​ធ្វើ​អត្ថាធិប្បាយ​អ្វី​នោះ​ឡើយ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បាន​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​តាម​ពន្ធនាគារ​សម្រាប់​ឲ្យ​អ្នក​ទោស​ប្រើប្រាស់​បាន។

យ៉ាង​ណា​ក៏ដោយ លោក​ថា ករណី​មេ​អគារ​ដែល​ជា​អ្នក​ទោស​ដូច​គ្នា ជួល​សម្បក​ទូរស័ព្ទ​ទៅ​អ្នក​ទោស​នោះ កើត​មាន​ពិត​ប្រាកដ​មែន។ តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ទោស លោក​ថា សកម្មភាព​ជួល​សម្បក​ទូរស័ព្ទ​ទៅ​អ្នក​ទោស និង​ការ​គាប​សង្កត់​ចំពោះ​អ្នក​ទោស​ដែល​មិន​ព្រម​ជួល ឬ​ពុំ​មាន​លុយ​ជួល​នោះ គឺ​ជា​រឿង​ខុស​ច្បាប់។ រូបភាព​នេះ កំពុង​បង្ហាញ​ឲ្យ​ឃើញ​ក្រុម​មេ​អគារ និង​អនុរក្ស​ពន្ធនាគារ​ទាំង​នោះ កំពុង​នាំ​គ្នា​ធ្វើ​អាជីវកម្ម​ទៅ​លើ​អ្នក​ទោស។ បញ្ហា​នេះ ទាមទារ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។