ស្ថានភាពជីវភាពរស់នៅរបស់ប្រជាសហគមន៍ជនជាតិដើមព្នង នៅតំបន់ឡៅកា ខេត្តមណ្ឌលគិរី ត្រូវបានគេមើលឃើញថា មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងផ្ទះសម្បែង យានជំនិះ បណ្ដាញអគ្គិសនី និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។ ប៉ុន្តែ ពលរដ្ឋជនជាតិដើមទាំងនោះបញ្ជាក់ថា ពួកគាត់កំពុងប្រឈមនឹងបញ្ហាជាច្រើនដែលមិនដឹងថា មាននរណាអាចជួយពួកគាត់បានឡើយ។
តើបញ្ហាប្រឈមអ្វីខ្លះដែលជនជាតិដើមព្នង នៅសហគមន៍ឡៅកា កំពុងជួបប្រទះ?
សហគមន៍ឡៅកា ស្ថិតនៅភាគឦសាននៃទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ គេអាចធ្វើដំណើរចូលក្នុងសហគមន៍ឡៅកា តាមផ្លូវក្រាលកៅស៊ូជាប់នឹងជើងភ្នំដោះក្រមុំ ដោយចូលតាមខ្លោងទ្វារមួយសរសេរអក្សរធំៗថា "សហគមន៍វប្បធម៌ជនជាតិដើមភាគតិចឡៅកា"។
ប៉ុន្តែ ពេលទៅដល់ភូមិអ្នកស្រុករស់នៅ គេបែរជាឃើញរបៀបរស់នៅដូចជាពលរដ្ឋខ្មែរធម្មតាទៅវិញ។ ផ្ទះឈើប្រក់ស័ង្កសីធំតូចសង់ជាប់ផ្លូវកៅស៊ូ ភ្ជាប់ដោយភ្លើងអគ្គិសនីប្រើសឹងគ្រប់ផ្ទះ សំឡេងម៉ូតូលាន់ទ្រហឹងពេញភូមិ។ រីឯក្នុងផ្ទះមានចាក់វីដេអូ មើលកម្សាន្តយ៉ាងសប្បាយ។ តែពលរដ្ឋមួយចំនួននៅតំបន់នោះ បែរជាពិបាកចិត្តនឹងជីវភាពហ៊ឺហាបែបនេះទៅវិញ។
អង្គុយក្នុងតូបលក់ឥវ៉ាន់គ្រឿងទេសក្នុងសម្លៀកបំពាក់អាវយឺតដៃវែង របៀបអាជីវករសម័យទំនើប ពលរដ្ឋជនជាតិដើមព្នង លោកស្រី ម៉ះ មអារងូ ឲ្យដឹងថា មើលពីខាងក្រៅ ជនជាតិដើមព្នង នៅឡៅកា សប្បាយចិត្ត និងធូរធារណាស់។ ប៉ុន្តែ ពេលចូលជ្រៅទើបដឹងថា ពួកគាត់កំពុងកើតទុក្ខ។ លោកស្រីរំលឹកថា ពីមុនមក ជនជាតិព្នង ស្រឡាញ់រាប់អានគ្នាណាស់ រកបានអាហារនំចំណីអីមួយម៉ាត់មួយក ក៏ចែករំលែកគ្នាដែរ តែឥឡូវ មនុស្សបែរជាកាចសាហាវរករឿងគ្នាឈ្លោះប្រកែកគ្នា កើតមានក្មេងទំនើងពេញភូមិស្រុក។
លោកស្រីបញ្ជាក់ថា ពលរដ្ឋជនជាតិដើមព្នង អាស្រ័យផលតែលើព្រៃឈើមួយមុខប៉ុណ្ណោះ និងមិនអាចសង្ឃឹមថា មានជីវភាពធូរធារទៅថ្ងៃមុខបានទេ៖ «សង្ឃឹមលើព្រៃឈើទេរាល់ថ្ងៃ អាចកាប់ឫស្សី ត្បាញនេះត្បាញនោះទៅលក់បានលុយដែរ ហើយកាប់ចុងផ្ដៅចុងអីទៅ ក៏ពឹងលើព្រៃដែរ។ បើអត់ព្រៃប្រហែលរកស៊ីឈ្នួលគេតែមួយមុខទេ តាមតែគេឲ្យធ្វើអីចឹងទៅណា ឧបមាថា គេឲ្យជម្រះ ជម្រះ គេឲ្យកាប់ឈើកាប់ឈើ គេអត់បានរៀនអត់ចេះអក្សរមិនអាចទៅក្រៅបានទេ»។
លោកស្រីបន្តថា រូបគាត់បារម្ភនឹងអនាគតកូនចៅជនជាតិដើមថា ពួកគេអាចនឹងភ្លេចប្រពៃណីរបស់ខ្លួន អាចប្រឈមនឹងការខ្វះខាតផ្នែកជីវភាព និងពិសេសបាត់សម្បត្តិធនធានព្រៃឈើដែលធ្លាប់អាស្រ័យផល។
ទន្ទឹមនឹងនេះ ស្ត្រីវ័យ ៥០ឆ្នាំប្លាយ លោកស្រី ម៉ាំ ឡាម៉ះ រៀបរាប់ថា គ្រួសារគាត់អាចនឹងដាច់ពោះស្លាប់នៅថ្ងៃណាមួយដោយសារការប្រែប្រួលនៃអាកាសធាតុ។ លោកស្រីបន្តថា ស្រូវនៅក្នុងចម្ការចាប់ផ្ដើមងាប់ជាបណ្ដើរៗ ដោយសារមេឃមិនទៀងទាត់ ម្តងភ្លៀងខ្លាំងៗ ម្តងក្តៅហែងមិនដូចពីឆ្នាំមុនៗឡើយ។ លោកស្រីបញ្ជាក់ថា អ្នកភូមិភាគច្រើនក៏ជាប់បំណុលធនាគារដែរ អ្នកខ្លះខ្ចីទិញម៉ូតូ ទាំងក្បាលវីដេអូ និងរបស់របរប្រើប្រាស់ផ្សេងៗ ដោយសង្ឃឹមថាអាចនឹងចូលព្រៃកាប់ឈើលក់យកលុយសងគេ តែពេលខ្លះកាប់ឈើលក់បានមួយជើងពីរជើង ក៏ត្រូវមេព្រៃចាប់ខាតលើសដើម៖ «បានតាផ្ទះ លុយចាយក៏គ្មាន បាយហូបក៏គ្មាន ធ្វើចម្ការពេលណាបានបាន ពេលណាអត់អត់ អង្ករគេនៅខេត្តអីមិនមានតែយើងអត់លុយទិញ យើងចេះតែអត់ចុះរកគ្រប់តែគ្នា រកគ្រប់គ្នាគ្រប់ផ្ទះហ្នឹងស្មានសល់អត់សល់ទេ។ អ្នកអត់អត់អត់ចេះអត់បានទេ»។
អ្នកភូមិឡៅកា ដែលមានវ័យចំណាស់ៗរៀបរាប់ថា កាលពីជំនាន់មុន ជនជាតិព្នង ចេះត្បាញក្រណាត់កន្សែងទាក់ដំរី តែពេលនេះប្រពៃណីទាំងអស់បានស្លាប់ទៅតាមអ្នកជំនាន់មុនអស់ហើយ។ ១០ឆ្នាំមុន ជនជាតិព្នង នៅឡៅកា ក៏មិនហ៊ានកាប់ដើមឈើធំៗនោះដែរ ព្រោះមានជំនឿថា ដើមឈើទាំងនោះជាមិត្តភក្ដិសាច់ញាតិ ឬជាដើមឈើសម្រាប់គោរពបូជា តែប្រាំឆ្នាំចុងក្រោយនេះ ពួកគេចេះចាយលុយ ចេះរកស៊ីលក់ដូរ ចេះលក់ដី និងចេះលបកាប់ឈើលក់ថែមទៀត។ ជនជាតិព្នង ខ្លះបានធ្វើជាមន្ត្រីធំៗនៅក្នុងខេត្ត ហើយខ្លះក៏លែងនឹកនារក្សាប្រពៃណីទំនៀមទម្លាប់របស់ពួកគេទៀតផង។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងមន្ត្រីខេត្តមណ្ឌលគិរី ជាច្រើននាក់ ប៉ុន្តែមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣។
ទោះយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ប្រចាំខេត្តមណ្ឌលគិរី លោក ឯម សុភ័ក្រ មានប្រសាសន៍ថា ការអភិវឌ្ឍនៅតំបន់ឡៅកា បានផ្តល់ផលវិជ្ជមាន និងអវិជ្ជមានដើរទន្ទឹមគ្នា។ លោកបន្តថា ភាពវិជ្ជមាននោះនៅត្រង់ថា អ្នកភូមិចេះពីរបៀបរស់នៅថែរក្សាសុខភាព ចេះដឹងពីច្បាប់ទម្លាប់ខ្លះៗ និងមានជីវភាពធូរធារជាងមុន។ តែចំណុចអវិជ្ជមាននោះ ក៏មានមិនតិចដែរ ដូចជា ការបាត់បង់ប្រពៃណីទំនៀមទម្លាប់ របៀបសង់ផ្ទះ ការស្រឡាញ់រាប់អានសាមគ្គីភាព និងជាពិសេស ពួកគាត់ធ្លាក់ខ្លួនជំពាក់បំណុលគេ។
លោកបន្តថា ជនជាតិដើមព្នង នៅសហគមន៍ឡៅកា ប្រឈមនឹងការបាត់បង់វប្បធម៌ និងបាត់បង់មុខរបរនៅពេលខាងមុខ៖ «ការរស់នៅប្រកបមុខរបរ គាត់អត់មានផ្លាស់ប្ដូរទេនៅពេលខាងមុខ ដូចជាតំបន់ឡៅកា អីហ្នឹង ប្រហែលជាបាត់បង់ហើយ ព្រោះអីក្រុមហ៊ុនដីសម្បទានដីដាំកៅស៊ូ អីចឹង បើសិនជារដ្ឋាភិបាលមិនបានទប់ស្កាត់ការផ្តល់ដីសម្បទានទេ ឬជំរុញឲ្យបង្កើតសហគមន៍ការពារធនធានធម្មជាតិទេ នោះនឹងធ្វើឲ្យធនធានធម្មជាតិពួកគាត់បាត់បង់ជាមិនខាន»។
លោកបញ្ជាក់ថា ពលរដ្ឋនៅសហគមន៍ឡៅកា មួយចំនួនមានបំណងចង់បង្កើតជាសហគមន៍អភិរក្ស និងការពារធនធានធម្មជាតិ ប៉ុន្តែគម្រោងការនេះមិនទាន់បានសម្រេចនៅឡើយ។
អ្នកភូមិឡៅកា បញ្ជាក់ថា ពួកគាត់កំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ការបាត់បង់ប្រពៃណីវប្បធម៌ បាត់បង់មុខរបរដែលអាស្រ័យផលពីធនធានធម្មជាតិ ដូចជា បោចវល្លិ រកជ័រទឹក ជ័រច្បោះ និងជាពិសេស បាត់បង់នូវកម្មសិទ្ធិសមូហភាព ឬដីចម្ការវិលជុំ ព្រមទាំងកង្វះនូវចំណេះដឹង និងការសិក្សាអប់រំជាដើម។
សហគមន៍ឡៅកា មានទីតាំងស្ថិតនៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីទីប្រជុំជនខេត្ត។ នៅទីនោះ មានប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ជាង ២០០គ្រួសារ កំពុងរស់នៅ។ បច្ចុប្បន្ន ជនជាតិដើមព្នង ទាំងនោះ ស្លៀកពាក់ខោអាវដូចខ្មែរធម្មតា ចេះជិះម៉ូតូ ចេះលក់ដូរ ហើយវប្បធម៌ដែលនៅសេសសល់នោះ មានតែភាសានិយាយ និងទំនៀមទម្លាប់ពិធីសែនព្រេន ពិធីមង្គលការ ឬបុណ្យសពតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
