រដ្ឋាភិបាលកម្ពុជា បានដាក់ផែនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ១លានតោននៅឆ្នាំ២០១៥ ប៉ុន្តែកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា មិនអាចសម្រេចផែនការនេះទេ។ អ្នកសេដ្ឋកិច្ច និងអ្នកជំនាញផ្នែកកសិកម្ម បារម្ភថា ករណីនេះអាចនឹងបង្កជាក្តីបារម្ភដល់លទ្ធភាពផ្គត់ផ្គង់ស្បៀងនៅកម្ពុជា និងអាចប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកសិកម្ម ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិមួយនេះ។
ហេតុអ្វីកម្ពុជា បរាជ័យផែនការនាំអង្ករចេញ ១លានតោននៅឆ្នាំ២០១៥?
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយជំរឿនកសិកម្មនៅកម្ពុជា ពីពេលថ្មីៗនេះថា កម្ពុជា មិនអាចសម្រេចផែនការនាំចេញអង្ករ ១លានតោនក្នុងឆ្នាំ២០១៥ បាននោះទេ។ លោកថា ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០១៥ នេះ កម្ពុជា ទើបតែសម្រេចបានការនាំចេញអង្ករតែជិត ០,៥លានតោនប៉ុណ្ណោះ។
ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០១៥ នេះ កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួនជិត ៥០ម៉ឺនតោន (៤០៨.១៦៩តោន) កើនឡើង ៣៣,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានទទួលស្គាល់ការបរាជ័យនេះ ព្រមទាំងបានបង្ហាញមូលហេតុចំនួនពីរ គឺកត្តាអត្តនោម័តិ និងកត្តាសត្យានុម័ត ដែលធ្វើឲ្យកម្ពុជា បន្តបរាជ័យក្នុងការជំរុញការនាំចេញអង្ករ។ ប្រមុខរដ្ឋាភិបាលលើកឡើងថា កត្តាអត្តនោម័តិ ដោយសារកម្ពុជា ធ្លាប់ជាប្រទេសខ្វះស្បៀង ជាប្រទេសនាំចូលស្បៀង ហើយកម្ពុជា មិនបានត្រៀមខ្លួនសម្រាប់តម្រូវការនាំចេញអង្ករ។ ហេតុនេះ ធ្វើឲ្យវិនិយោគិនមិនបានមើលឃើញពីការកើនឡើងយ៉ាងឆាប់រហ័ស នៃផលិតកម្មស្រូវអង្កររបស់កម្ពុជា។ ជាងនេះទៀត កម្ពុជា នៅខ្វះម៉ាស៊ីនកិនស្រូវដែលអាចនាំចេញបាន ព្រមទាំងខ្វះខាតថវិកាសម្រាប់ប្រមូលទិញស្រូវរបស់ប្រជាពលរដ្ឋផងដែរ និងកត្តាទី២ ដែលជាសត្យានុម័ត រដ្ឋាភិបាលអះអាងថា ដោយសារការប្រកួតប្រជែងជាមួយប្រទេសជិតខាងដែលជាប្រទេសនាំចេញអង្ករ ដូចជាប្រទេសថៃ (Thailand) វៀតណាម (Vietnam) ឡាវ (Lao) និងមីយ៉ាន់ម៉ា (Myanmar) ជាដើម។
ទោះជាប្រមុខរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ និងលើកឡើងពីឧបសគ្គដែលមិនអាចឲ្យកម្ពុជា សម្រេចផែនការនាំចេញអង្ករ ១លានតោនក្នុងឆ្នាំ២០១៥ បានក្តី ក៏អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងកសិកម្ម យល់ថា ការដែលមានគម្លាតឆ្ងាយពីទិសដៅដែលបានកំណត់ នឹងបន្តក្លាយជាវិបត្តិសេដ្ឋកិច្ចគ្រួសាររបស់កសិករនៅកម្ពុជា ពិសេសប៉ះពាល់ខ្លាំងដល់ការធានាសន្តិសុខស្បៀងអាហារនៅកម្ពុជា មិនអាចឈានជើងទៅប្រកួតប្រជែងទីផ្សារអាស៊ានបាន។
ទាក់ទិនទៅនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) លោក យ៉ង សាំងកុមារ លើកឡើងថា មានកត្តាជាច្រើនដែលជំរុញឲ្យកម្ពុជា មិនអាចសម្រេចទិសដៅនេះបាន។ លោកបន្តថា ទោះជារដ្ឋាភិបាលកម្ពុជា មានវិធានការ ឬគោលនយោបាយលើកស្ទួយវិស័យនេះក្តី ក៏គោលនយោបាយនៅតែអនុវត្តមិនទាន់មានប្រសិទ្ធភាព និងមិនទាន់សមស្របជួយសម្រួលដល់កសិករក្នុងការពង្រឹងលទ្ធភាព ដើម្បីឈានទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងនៅឡើយ។ លោកបន្តថា ថ្លៃដើមផលិត ថ្លៃដើមកែច្នៃ ថ្លៃដឹកជញ្ជូន កង្វះសេវានាំចេញអង្ករ សមត្ថភាពរបស់សហគមន៍កសិករនៅមានកម្រិត ទាំងការកែច្នៃក្នុងការស្តុកស្រូវតាមបច្ចេកទេស ឱកាសទទួលបានឥណទានពាណិជ្ជកម្មក្នុងការវិនិយោគលើវិស័យកសិកម្ម ភាពខ្វះខាតនៅក្នុងការគ្រប់គ្រងតម្លៃទីផ្សារសម្រាប់ផលិតផលកសិកម្ម កំពុងក្លាយជាមូលហេតុចម្បងដែលជំរុញឲ្យកម្ពុជា មិនអាចឈានទៅសម្រេចទិសដៅនេះបាន៖ «សមត្ថភាពរបស់យើងក្នុងការប្រមូលស្រូវស្តុកទុកនៅក្នុងស្រុក ពេលរដូវច្រូតកាត់ម្តងៗ ស្រូវតែងតែហូរចេញទៅក្រៅប្រទេស។ ចឹងសមត្ថភាពយើងទុកដាក់ស្រូវនៅមានកម្រិត ជាពិសេសយើងខ្វះខាតទុនដើម្បីទិញស្រូវស្តុកទុក។ ម្យ៉ាង អ្នករកស៊ីស្រូវអង្ករមិនហ៊ានទិញ ព្រោះវានៅមានការប្រកួតប្រជែងច្រើន»។
អ្នកជំនាញកសិកម្មរូបនេះបារម្ភថា កាលណាក្នុងប្រទេសមួយមានការផលិត និងការនាំចេញអន់ថយ វានឹងបង្កឲ្យមានអសន្តិសុខស្បៀងអាហារ មិនតែប៉ុណ្ណោះ ត្រូវពឹងផ្អែកទាំងស្រុងលើការនាំចូលពីបរទេសកាន់តែច្រើន។
ករណីនេះ លោកអះអាងថា ដើម្បីឲ្យកម្ពុជា អាចសម្រេចលើការនាំអង្ករចេញបាន ១០០% លោកជំរុញឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បញ្ជូនអ្នកបច្ចេកទេសកសិកម្ម ឬធនធានមនុស្សល្អៗទៅបណ្តុះបណ្តាលកសិករ គាំទ្រដល់សហគមន៍កសិករ ដើម្បីសំដៅបង្កើនប្រាក់ចំណូលនៅក្នុងអាជីពកសិកម្មនេះ៖ «រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហានេះឲ្យបានក្នុងរយៈពេលឆាប់ៗហ្នឹង មានន័យថា ត្រូវបញ្ជូនអ្នកបច្ចេកទេសដែលមានសមត្ថភាព មានគុណសម្បត្តិគ្រប់គ្រាន់ ចុះបណ្តុះបណ្តាលប្រជាពលរដ្ឋ ត្រូវហ៊ានឲ្យប្រាក់ខែខ្ពស់»។
សម្រាប់វិធានការនេះដែរ លោកក៏បានជំរុញឲ្យរដ្ឋាភិបាល ត្រូវតែចំណាយយ៉ាងច្រើនបំផុត ២០លានដុល្លារក្នុងមួយឆ្នាំ នៃថវិកាជាតិសរុបឆ្នាំ២០១៦ លើអ្នកជំនាញប្រមាណ ៣.០០០នាក់។ លោកអះអាងថា វិធានការនេះនឹងជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងធានានូវស្ថិរភាពសង្គម។
ចំណែកឯប្រធានវិទ្យាស្ថានកម្ពុជា ដើម្បីសិក្សាការអភិវឌ្ឍ លោក កង ច័ន្ទតារារ័ត្ន មានប្រសាសន៍ថា កម្ពុជា មានចំណុចខ្វះខាតមួយចំនួនដែលអង្ករកម្ពុជា មិនអាចប្រកួតប្រជែងទីផ្សារអន្តរជាតិបាន ក្នុងនោះមានដូចជា ពូជមិនសុទ្ធល្អ ការចំណាយរបស់កសិករទៅលើធាតុចូលក្នុងវិស័យកសិកម្ម ដូចជា ជី ថ្នាំកសិកម្មមានតម្លៃថ្លៃ ពិសេសកសិករកម្ពុជា ជួបឧបសគ្គតាំងពីចាប់ផ្តើមផលិត រហូតឈានជើងចូលទៅកាន់ទីផ្សារ៖ «សម្រាប់អង្ករស្រុកខ្មែរ សម្រាប់អាតម្លៃហ្នឹង យើងពិបាកកាត់តម្លៃណាស់ ព្រោះវាពាក់ព័ន្ធនឹងប្រព័ន្ធច្រើនតាំងពីដើមទីរហូតដល់ទីផ្សារ»។
អ្នកជំនាញខាងសេដ្ឋកិច្ចរូបនេះគូសបញ្ជាក់ថា រដ្ឋាភិបាលគួរពង្រឹងការផលិតស្រូវដែលមានគុណភាពស្របតាមតម្រូវការទីផ្សារ៖ «ចឹងបើកម្ពុជា យើង ផលិតស្រូវបានគុណភាពល្អហើយ ថ្លៃលើសគេតិចតួចក៏ដោយ ក៏ទីផ្សារគេទទួលយកហើយ»។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) ដែលចេញផ្សាយនៅដើមខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថា កម្ពុជា មានប្រព័ន្ធធារាសាស្ត្រតិចតួចជាងគេ បើប្រៀបធៀបនឹងប្រទេសជិតខាង។ របាយការណ៍ដដែលអះអាងថា កម្ពុជា មានប្រព័ន្ធធារាសាស្ត្រ ៧,៩ភាគរយនៃផ្ទៃដីកសិកម្មសរុបប្រមាណ ៤លានហិកតារ។ ប្រទេសថៃ មានប្រព័ន្ធធារាសាស្ត្រ ៣២,១ភាគរយនៃផ្ទៃដីកសិកម្មជិត ១៦លានហិកតារ។ ចំណែកប្រទេសវៀតណាម មានប្រព័ន្ធធារាសាស្ត្រ ៧០,៥ភាគរយនៃផ្ទៃដីកសិកម្ម ៦,៥លានហិកតារ។
ទន្ទឹមគ្នានេះ កសិករនៅខេត្តកំពង់ស្ពឺ លោក ស៊ឹម រ៉ុម ចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាប្រព័ន្ធធារាសាស្ត្រឲ្យបានគ្រប់គ្រាន់ និងគាំទ្រសហគមន៍កសិកម្ម ដើម្បីពង្រឹងសមត្ថភាពកសិករឲ្យឈានទៅសម្រេចបានទិសដៅនាំអង្ករនៅឆ្នាំខាងមុខ៖ «ចក្ខុវិស័យនេះ ត្រូវបានដាក់ចេញក្នុងគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលត្រូវបានបង្កើតឡើងនៅក្នុងគោលដៅ ប្រែក្លាយកម្ពុជា ជាជង្រុកស្រូវ និងជាប្រទេសនាំចេញអង្ករ ឬមាសស យ៉ាងសំខាន់ទៅកាន់ទីផ្សារពិភពលោក»។
នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយជំរឿនកសិកម្មកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជា ចាត់ទុកការបន្តនាំចេញអង្ករដែលហៅថា មាសស ជារឿងសំខាន់។ ជាងនេះទៀត រដ្ឋាភិបាលបានប្ដេជ្ញាដាក់ចេញនូវគោលនយោបាយ នៅតែបន្តការវិយោគលើវិស័យកសិកម្ម លើកកម្ពស់វិស័យផលិតកម្ម ការដឹកជញ្ជូន និងប្រព័ន្ធធារាសាស្ត្រ៖ «ខាងសហព័ន្ធស្រូវអង្ករ កំពុងរៀបចំផែនការសកម្មភាពមួយ ដែលផ្ដោតលើរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ សំដៅការនាំចេញ និងលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា ឲ្យប្រសើរឡើង»។
ចំណែកឯប្រធានផ្នែកជំរុញ និងផ្សព្វផ្សាយទីផ្សារនៃសហព័ន្ធស្រូវអង្ករកម្ពុជា លោក ពៅ បុណ្ណរិទ្ធ ឲ្យដឹងថា កន្លងមក កង្វះរោងម៉ាស៊ីនកិនស្រូវ អគ្គិសនី និងការដឹកជញ្ជូនមានតម្លៃថ្លៃ និងខ្វះខាតឃ្លាំងស្តុកស្រូវអង្ករ ជាឧបសគ្គដែលរារាំងកម្ពុជា មិនអាចនាំចេញអង្ករបានតាមផែនការ។ បញ្ហានេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំវេទិកាស្រូវអង្ករកម្ពុជា លើកទី៥ នៅចុងខែមករា ឆ្នាំ២០១៦ ខាងមុខ ដោយចូលរួមពីគ្រប់បណ្ដាអ្នកពាក់ព័ន្ធ ក្នុងនោះមានទាំងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ សហគមន៍កសិករ ក្រុមហ៊ុនដឹកជញ្ជូន តំណាងអង្គការក្រសួងពាក់ព័ន្ធ និងតំណាងដៃគូអន្តរជាតិ ដើម្បីពិភាក្សាដាក់យុទ្ធសាស្ត្ររួមគ្នា ព្រមទាំងដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលមិនអាចឲ្យការនាំចេញអង្ករមិនសម្រេចតាមផែនការ។
នៅចុងឆ្នាំ២០១៥ នេះ កម្ពុជា និងប្រជាជាតិអាស៊ីអាគ្នេយ៍ដទៃទៀត បានពួតដៃបង្កើតទីផ្សាររួមគ្នាតែមួយជាលើកដំបូងនៅក្នុងតំបន់ ហៅថាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។ កិច្ចព្រមព្រៀងនេះ ប្រមូលផ្តុំប្រទេសសមាជិកអាស៊ាន ឲ្យក្លាយជាប្លុកពាណិជ្ជកម្មដ៏សំខាន់បំផុតមួយនៅក្នុងសេដ្ឋកិច្ចពិភពលោក ពោលគឺទីផ្សាររួមគ្នាតែមួយ ដែលមានផលិតផលក្នុងស្រុកសរុប ២,៤លានដុល្លារ ពាណិជ្ជកម្មក្នុងតំបន់ ៦០០ពាន់លានដុល្លារ និងប្រជាជនសរុប ៦២៥លាននាក់។
ទន្ទឹមគ្នានេះ របាយការណ៍របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ស្ដីពីអាទិភាពគោលនយោបាយចក្ខុវិស័យកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាល ត្រូវបង្កើនសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដើម្បីផលិត និងដឹកជញ្ជូនអង្ករឲ្យបានច្រើនគ្រប់គ្រាន់ ត្រូវកាត់បន្ថយតម្លៃថាមពលអគ្គិសនី តាមរយៈការបង្កើនការផ្គត់ផ្គង់ថាមពលវារីអគ្គិសនី ដោយរក្សាបាននូវចីរភាពល្អផ្នែកបរិស្ថាន និងសង្គម ត្រូវពង្រឹងបណ្ដាញអគ្គិសនីនៅទូទាំងប្រទេស ដោយសម្រេចឲ្យបាននូវគោលដៅនៃការពង្រីកបណ្ដាញខ្សែកាបបញ្ជូនអគ្គិសនី កាត់បន្ថយតម្លៃអគ្គិសនី ពិសេសសម្រាប់រោងម៉ាស៊ីនកិនស្រូវ ដើម្បីឲ្យអ្នកផលិតមានសមត្ថភាពផលិតអង្ករដែលមានគុណភាពខ្ពស់។
របាយការណ៍ដដែលបញ្ជាក់ថា បើកម្ពុជា លុបបំបាត់ឧបសគ្គទាំងនេះបាន កម្ពុជា នឹងសម្រេចគោលដៅនាំចេញអង្ករ ១លានតោនក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
