ពលរដ្ឋកម្ពុជាតិចជាង៣០ភាគរយ បន្តរស់នៅក្រោមបន្ទាត់ក្រីក្រ ដែលមានន័យថាមនុស្សម្នាក់រកចំណូលបាន១ដុល្លារក្នុង១ថ្ងៃ។
កាសែត ដឹ ខេមបូឌា ហារ៉ាដ (The Cambodia Herald) ចេញផ្សាយនៅថ្ងៃទី១៤ សីហា ម្សិលមិញរាយការណ៍ថា៖យោងតាមលទ្ធផលស្រាវជ្រាវនានាភាគរយនៃពលរដ្ឋកម្ពុជាដែលស្ថិតក្នុងភាពក្រីក្រមានចន្លោះពី២០% ទៅ ៣០%។ អ្នកមធ្យម ឬស្ថិតក្នុងវណ្ណៈកណ្ដាលមានចន្លោះពី៣០ទៅ៤០% ហើយអ្នកមានខ្ពស់បំផុតមានត្រឹម៥ភាគរយ។
សេចក្ដីរាយការណ៍បន្តថា សម្រាប់ក្រុមគ្រួសារអ្នកមានដែលមានសមាជិកគ្រួសារចាប់ពី៥ទៅ៦នាក់ជាប្រពៃណីរបស់ពួកគេបានចំណាយប្រាក់៥០០ទៅ៦០០រយដុល្លារអាមេរិក សម្រាប់អាហារពេលល្ងាចក្នុងមួយពេលនៅក្នុងភោជនីយដ្ឋានដ៏ទំនើបៗក្នុងក្រុងភ្នំពេញ។ សម្រាប់គ្រួសារអ្នកមានខ្លះទៀតពួកគេចំណាយរហូតដល់មួយពាន់ (១,០០០) ឬ ប្រាំពាន់ (៥,០០០) ដុល្លារ អាស្រ័យលើគុណភាពស្រាដែលពួកគេជ្រើសរើសទិញញ៉ាំ។
សេចក្ដីរាយការណ៍បន្តថា ៖ ពួកអ្នកមានមិនដែលទាល់គំនិតក្នុងការបង្ហាញអួតអាងទ្រព្យសម្បត្តិរបស់ពួកគេឡើយ។នៅពេលថ្មីៗនេះមានរថយន្តទំនើបៗដូចជាម៉ាក Rolls Royce and BMW ត្រូវបាននាំពីពីអឺរ៉ុបជាច្រើនគ្រឿងមកកម្ពុជា។
នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺ (Beat Richner) ប្រធាន និងជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផាសរសេរលើកជាសំណួរថាហេតុអ្វីបានជាពលរដ្ឋកម្ពុជាខ្លះមានខ្លាំងម្ល៉េះ រហូតដល់ទិញរថយន្តរ៉ូរ៉យ និង ប៊ីអឹមឌឹប៊យូ (Rolls Royce and BMW) នៅខណៈរូបលោកកំពុងព្យាយាមរកប្រាក់ដោយលំបាកដើម្បីជួយព្យាបាលអ្នកជំងឺកម្ពុជានៅក្នុងមន្ទីរពេទ្យ។
ជារៀងរាល់ថ្ងៃមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការប្រាក់១២ម៉ឺនដុល្លារអាមេរិកដើម្បីសង្គ្រោះកុមារឈឺធ្ងន់ចំនួន៤០០នាក់ និងជួយស្ត្រីអោយសម្រាលកូន៦០នាក់ក្នុងមួយថ្ងៃៗ។
លោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺបន្តថាពលរដ្ឋកម្ពុជាភាគច្រើនកំពុងរស់នៅក្នុងសភាពក្រលំបាកតោកយ៉ាកបែរជាមានគេនាំរថយន្តទំនើបបែបនេះមកកម្ពុជា។នេះជារឿងគួរអោយថ្កោលទោសខ្លាំងណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
