ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​ឆ្នាំ​២០១៥ និង​ទិសដៅ​នាំ​អង្ករ​ចេញ​ឆ្នាំ​២០១៦

0:00 / 0:00

ស្រូវ មិន​ត្រឹម​តែ​អាច​ធានា​ការ​ផ្គត់ផ្គង់​ស្បៀង​នៅ​កម្ពុជា ប៉ុណ្ណោះ​ទេ ស្រូវ​ក៏​ជា​ប្រភព​ចំណូល និង​ជា​ក្បាល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ដ៏​សំខាន់​ផង​ដែរ។ ដោយ​មើល​ឃើញ​ពី​សារប្រយោជន៍​របស់​ដំណាំ​ស្រូវ រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ស្ដីពី “ការ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ” កាល​ពី​ឆ្នាំ​២០១០ ក្នុង​គោល​បំណង​ជំរុញ​ផលិតកម្ម​ស្រូវ​ឲ្យ​ក្លាយ​ជា​អង្ករ ឬ​ហៅ​ថា “មាស​ស” នៅ​ក្នុង​ទីផ្សារ​ពិភពលោក។

តើ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ឆ្នាំ​២០១៥ មាន​ស្ថានភាព​ដូចម្ដេច​ខ្លះ? តើ​ទិសដៅ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៦ មាន​អ្វី​ខ្លះ?

គោល​នយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​អង្ករ​ចេញ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១០ កំណត់​ថា ផលិត​ស្រូវ​លើស​ប្រមាណ​ជាង ៤​លាន​តោន និង​នាំ​ចេញ​អង្ករ​ជា​ផ្លូវ​ការ​យ៉ាង​តិច ១​លាន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៥។

ករណី​នេះ រដ្ឋាភិបាល​បាន​រៀបចំ​វិធានការ​គោល​នយោបាយ​សំខាន់ៗ​តាម​ដំណាក់​កាល រួម​មាន វិធានការ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ផលិតកម្ម​ស្រូវ ការ​ប្រមូល​ទិញ និង​កែច្នៃ​ស្រូវ ការ​រៀបចំ​ប្រព័ន្ធ​សម្រួល​ការ​នាំ​ចេញ និង​វិធានការ​ស្វែងរក​ទីផ្សារ ជាដើម។

តើ​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​ឆ្នាំ​២០១៥ សម្រេច​បាន​អ្វី​ខ្លះ?

១៧-ឧសភា-២០១១ ៖ អង្ករ​កំពុង​ហូរ​ចេញ​ពី​ម៉ាស៊ីន​កិន​ស្រូវ​មួយ​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា នៅ​ក្នុង​ខេត្ត​បាត់ដំបង។
១៧-ឧសភា-២០១១ ៖ អង្ករ​កំពុង​ហូរ​ចេញ​ពី​ម៉ាស៊ីន​កិន​ស្រូវ​មួយ​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា នៅ​ក្នុង​ខេត្ត​បាត់ដំបង។

របាយការណ៍​សរុប​លទ្ធផល​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា បង្ហាញ​ថា ក្នុង​រយៈពេល ១១​ខែ​ដើម​ឆ្នាំ​២០១៥ អង្ករ​កម្ពុជា នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​ជិត ៥០​ម៉ឺន​តោន (៤៥៨.៩១៧​តោន) កើន​ឡើង ៣៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤ ដែល​មាន​ត្រឹម​តែ​ជាង ៣០​ម៉ឺន​តោន (៣៣៤.៩២៥​តោន)។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ អង្ករ​គ្រប់​ប្រភេទ​មាន​បរិមាណ​នាំ​មុខ​គេ ដែល​មាន​កំណើន​កើន​ឡើង​រហូត​ដល់​ជិត ២០​ម៉ឺន​តោន (១៨៦.៩០៦​តោន) ក្នុង​នោះ ប្រភេទ​អង្ករ​កម្ពុជា ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ឈរ​លំដាប់​លេខ​១ មាន​ប្រភេទ​អង្ករ​ផ្កា​ម្លិះ និង​អង្ករ​ផ្កា​រំដួល។ របាយការណ៍​នេះ បង្ហាញ​ទៀត​ថា អង្ករ​កម្ពុជា បាន​នាំ​ចេញ​ទៅ ៥៨​ប្រទេស ដែល​មាន​ក្រុមហ៊ុន​ប្រហែល​៧៥ ចូលរួម ក្នុង​នោះ ប្រទេស​ចិន (China) ឈរ​លំដាប់​ទី​១ នាំ​ចេញ​បាន​ជិត ៩​ម៉ឺន​តោន (៨៣.៥៧៧​តោន) ប្រទេស​បារាំង (France) ឈរ​លំដាប់​ទី​២ នាំ​ចេញ​បាន​ជិត ៦​ម៉ឺន​តោន (៥៧.៧៤៥​តោន) ប្រទេស​ប៉ូឡូញ (Poland) ឈរ​លំដាប់​លេខ​៣ នាំ​ចេញ​បាន​ជាង ៤​ម៉ឺន​តោន (៤៦.១២៥​តោន) ប្រទេស​ម៉ាឡេស៊ី (Malaysia) ឈរ​លំដាប់​ទី​៤ បាន​ជិត ៤​ម៉ឺន​តោន (៣៩.៦៧៣​តោន) ប្រទេស​ហូល្លង់ដ៍ (Netherlands) ឈរ​លំដាប់​ទី​៥ នាំ​ចេញ​បាន​ជិត ៣​ម៉ឺន​តោន (២៨.០៩៧​តោន) ប្រទេស​អ៊ីតាលី (Italy) ឈរ​លំដាប់​ទី​៦ បាន​ជិត ២​ម៉ឺន​តោន (១៩.៧០២​តោន) ប្រទេស​ប៊ែលហ្ស៊ីក (Belgium) ឈរ​លំដាប់​ទី​៧ បាន​ជាង ១​ម៉ឺន​តោន (១៦.៦៣៨​តោន) សាធារណរដ្ឋ​ឆេក (Czech Pepublic) ឈរ​លំដាប់​ទី​៨ បាន​ជាង ១​ម៉ឺន​តោន (១៥.៩៥៣​តោន) ប្រទេស​អង់គ្លេស ឈរ​លំដាប់​ទី​៩ បាន​ជាង ១​ម៉ឺន​តោន (១៦.៧៦២​តោន) និង​ប្រទេស​អេស្ប៉ាញ (Spain) ឈរ​លំដាប់​ទី​១០ នាំ​ចេញ​បាន​ជាង ៩​ពាន់​តោន (៩.៦២២​តោន)។ ក្រៅ​ពី​នេះ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ២៦​ប្រទេស នាំ​ចេញ​បាន​ជាង ២០​ម៉ឺន​តោន (២៦៥.៨៤៣​តោន)។

របាយការណ៍​នេះ​ក៏​បញ្ជាក់​ដែរ​ថា សន្ទុះ​នៃ​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល ១១​ខែ​ដើម​ឆ្នាំ​២០១៥ នេះ គឺ​អនុវត្ត​បាន ៤៥,៧% នៃ​ផែនការ​ដែល​អាច​សន្និដ្ឋាន​ថា នៅ​ដំណាច់​ឆ្នាំ​២០១៥ នេះ បរិមាណ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា គឺ​បាន​អនុវត្ត​ក្នុង​រង្វង់ ៥០% នៃ​ផែនការ​ដែល​បាន​ដាក់​ចុះ​នូវ​គោល​នយោបាយ​ស្ដីពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល។ ចំពោះ​គោលដៅ​ជំរុញ​ផលិតកម្ម​ស្រូវ រដ្ឋាភិបាល​អះអាង​ថា សម្រេច​បាន​ជោគជ័យ ដោយ​អាច​ផលិត​ស្រូវ​បាន ៥​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

តើ​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ឆ្នាំ​២០១៥ ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ?

ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ នេះ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា មិន​សម្រេច​បាន​ជោគជ័យ​នោះ​ឡើយ ដោយសារ​បរិមាណ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ត្រឹម​តែ ០,៥​លាន​តោន​ប៉ុណ្ណោះ។

បញ្ហា​ប្រឈម​ក្នុង​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​មូលហេតុ​ចំនួន​ពីរ គឺ​កត្តា​អត្តនោម័តិ និង​កត្តា​សត្យានុម័ត។ ប្រមុខ​រដ្ឋាភិបាល​លើក​ឡើង​ថា កត្តា​អត្តនោម័តិ ដោយសារ​កម្ពុជា ធ្លាប់​ជា​ប្រទេស​ខ្វះ​ស្បៀង ជា​ប្រទេស​នាំ​ចូល​ស្បៀង ហើយ​កម្ពុជា មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​តម្រូវ​ការ​នាំ​ចេញ​អង្ករ។ ហេតុ​នេះ ធ្វើ​ឲ្យ​វិនិយោគិន​មិន​បាន​មើល​ឃើញ​ពី​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស នៃ​ផលិតកម្ម​ស្រូវ​អង្ករ​របស់​កម្ពុជា។ ជាង​នេះ​ទៀត កម្ពុជា នៅ​ខ្វះ​ម៉ាស៊ីន​កិន​ស្រូវ ដែល​អាច​នាំ​ចេញ​បាន ព្រម​ទាំង​ខ្វះខាត​ថវិកា​សម្រាប់​ប្រមូល​ទិញ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ និង​កត្តា​ទី​២ ដែល​ជា​សត្យានុម័ត រដ្ឋាភិបាល​អះអាង​ថា ដោយសារ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ ដូចជា​ប្រទេស​ថៃ (Thailand) វៀតណាម (Vietnam) ឡាវ (Lao) និង​មីយ៉ាន់ម៉ា (Myanmar) ជាដើម។

ប្រធាន​អង្គការ​សេដាក (CEDAC) លោក យ៉ង សាំងកុមារ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៥។
ប្រធាន​អង្គការ​សេដាក (CEDAC) លោក យ៉ង សាំងកុមារ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៥។

ថ្វី​ត្បិត​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់ និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​នាំ​អង្ករ​ចេញ​ក្នុង​ឆ្នាំ​២០១៥ ក្តី ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា មើល​ឃើញ​ថា ទោះ​ជា​កម្ពុជា មាន​គោលដៅ​ចង់​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ដ៏​ធំ​មួយ ហើយ​កម្ពុជា ជា​ប្រទេស​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ផលិត​អង្ករ​សម្រាប់​នាំ​ចេញ ក៏ប៉ុន្តែ​ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​អង្ករ​កម្ពុជា ពិបាក​ជ្រៀត​ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ គឺ​តម្លៃ ហើយ​អង្ករ​កម្ពុជា មាន​តម្លៃ​ខ្ពស់​ជាង​គូ​ប្រជែង គឺ​ដោយសារ​តែ​ថ្លៃ​ដើម​ក្នុង​ការ​ផលិត​មាន​កម្រិត​ខ្ពស់។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក (CEDAC) លោក យ៉ង សាំងកុមារ ធ្លាប់​លើក​ឡើង​ដែរ​ថា មាន​កត្តា​ជាច្រើន​ដែល​ប្រឈម​ដល់​ការ​នាំ​អង្ករ​ចេញ​នៅ​កម្ពុជា ឆ្នាំ​២០១៥ ក្នុង​នោះ​មាន​បញ្ហា​ថ្លៃ​ដើម​ផលិត ថ្លៃ​ដើម​កែច្នៃ ថ្លៃ​ដឹក​ជញ្ជូន កង្វះ​សេវា​នាំ​ចេញ​អង្ករ សមត្ថភាព​របស់​សហគមន៍​កសិករ​នៅ​មាន​កម្រិត ទាំង​ការ​កែច្នៃ​ក្នុង​ការ​ស្តុក​ស្រូវ​តាម​បច្ចេកទេស ឱកាស​ទទួល​បាន​ឥណទាន​ពាណិជ្ជកម្ម​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ភាព​ខ្វះខាត​នៅ​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ក៏​ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​អង្ករ​កម្ពុជា ពិបាក​នាំ​ចេញ​ដែរ។

ដោយឡែក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រក​ឃើញ​ថា កង្វះ​រោង​ម៉ាស៊ីន​កិន​ស្រូវ អគ្គិសនី និង​ការ​ដឹក​ជញ្ជូន​មាន​តម្លៃ​ថ្លៃ និង​ខ្វះខាត​ឃ្លាំង​ស្តុក​ស្រូវ​អង្ករ ជា​ឧបសគ្គ​ដែល​រារាំង​កម្ពុជា មិន​អាច​នាំ​ចេញ​អង្ករ​បាន​តាម​ផែនការ។ ការ​ធ្លាក់​ចុះ​តម្លៃ​របស់​ទីផ្សារ​អន្តរជាតិ ក៏​បាន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ដែរ ខណៈ​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​ខ្មែរ បាន​ធ្លាក់​ចុះ​នៅ​ចន្លោះ​ពី ៩០០​រៀល​ទៅ ១.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ។

ចំណែក​ឯ​ក្រុម​ពាណិជ្ជករ និង​ដៃគូ​ផ្សេង​ទៀត ក៏​បាន​លើក​ឡើង​ថា បញ្ហា​ម៉ាក​ផលិតផល ការ​វេច​ខ្ចប់ និង​ការ​រចនា​សម្បក​កញ្ចប់​មិន​មាន​ស្តង់ដារ ក៏​ជា​មូលហេតុ​សំខាន់​ពិបាក​ឲ្យ​អង្ករ​កម្ពុជា ប្រកួត​ប្រជែង​ទីផ្សារ​អន្តរជាតិ​ផង​ដែរ។

លើស​ពី​នេះ របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) ដែល​ចេញ​ផ្សាយ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា កម្ពុជា មាន​ប្រព័ន្ធ​ធារាសាស្ត្រ ៧,៩​ភាគរយ​នៃ​ផ្ទៃដី​កសិកម្ម​សរុប​ប្រមាណ ៤​លាន​ហិកតារ ដែល​ចំនួន​នេះ​តិចតួច​ជាង​គេ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ របាយការណ៍​អះអាង​ថា ចំនួន​នេះ​កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដល់​វិស័យ​កសិកម្ម។

តើ​ទិសដៅ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៦ មាន​អ្វី​ខ្លះ?

ដើម្បី​ឲ្យ​កម្ពុជា សម្រេច​បំណង​ប្រាថ្នា​នាំ​អង្ករ​ចេញ និង​ប្រែ​ក្លាយ​កម្ពុជា ឲ្យ​ទៅ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ដ៏​សំខាន់​មួយ​នៅ​លើ​ពិភពលោក ប្រមុខ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព និង​ជា​មុខ​ព្រួញ​ដ៏​សំខាន់ ដើម្បី​ចូលរួម​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ រដ្ឋាភិបាល នឹង​ជំរុញ​ការ​បន្ត​នាំ​ចេញ​អង្ករ​ដែល​ហៅ​ថា មាស​ស ជា​រឿង​សំខាន់។ លើស​ពី​នេះ រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ដាក់​ចេញ​នូវ​គោល​នយោបាយ​រយៈពេល ៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ នៅ​តែ​បន្ត​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម លើក​កម្ពស់​វិស័យ​ផលិតកម្ម ការ​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​ធារាសាស្ត្រ និង​ផែនការ​ជាច្រើន​ទៀត៖ «រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ក្នុង​រយៈពេល​ឆាប់ៗ​ហ្នឹង មាន​ន័យ​ថា ត្រូវ​បញ្ជូន​អ្នក​បច្ចេកទេស​ដែល​មាន​សមត្ថភាព មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់ ចុះ​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ ត្រូវ​ហ៊ាន​ឲ្យ​ប្រាក់​ខែ​ខ្ពស់»

រូបភាព​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​បុណ្យ​អង្ករ​កម្ពុជា លើក​ទី​២ នា​សណ្ឋាគារ​សូហ្វីតែល (Sofitel) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
រូបភាព​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​បុណ្យ​អង្ករ​កម្ពុជា លើក​ទី​២ នា​សណ្ឋាគារ​សូហ្វីតែល (Sofitel) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (RFA/Brach Chev)

ទាក់ទង​ទៅ​នឹង​រឿង​ស្រូវ​អង្ករ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សហការ​ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នឹង​រៀបចំ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ពិភាក្សា​គ្នា​លើ​បញ្ហា​ស្រូវ​អង្ករ​នៅ​កម្ពុជា។ គេ​រំពឹង​ថា វេទិកា​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​អង្ករ​កម្ពុជា មាន​លទ្ធភាព​ប្រកួត​ប្រជែង​បាន​ក្នុង​តម្លៃ​មួយ​សមរម្យ ក្នុង​គុណភាព​ល្អ និង​មាន​កិត្តិនាម​ក្នុង​ទីផ្សារ​ពិភពលោក ដែល​អាច​ហុច​ផល​ឲ្យ​កសិករ​ខ្មែរ​ទទួល​បាន​ប្រយោជន៍​ច្រើន​ក្នុង​មុខ​របរ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៦។

ទន្ទឹម​នឹង​ផែនការ​នេះ អ្នក​ជំនាញ​កសិកម្ម លោក យ៉ង សាំងកុមារ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ជូន​អ្នក​បច្ចេកទេស​កសិកម្ម ឬ​ធនធាន​មនុស្ស​ល្អៗ​ទៅ​បណ្តុះបណ្តាល​កសិករ គាំទ្រ​ដល់​សហគមន៍​កសិករ ដើម្បី​សំដៅ​បង្កើន​ប្រាក់​ចំណូល​នៅ​ក្នុង​អាជីព​កសិកម្ម​នេះ។ លោក​ថា រដ្ឋាភិបាល​ត្រូវ​តែ​ចំណាយ​យ៉ាង​ច្រើន​បំផុត ២០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៃ​ថវិកា​ជាតិ​សរុប​ឆ្នាំ​២០១៦ លើ​អ្នក​ជំនាញ​ប្រមាណ ៣.០០០​នាក់។ លោក​អះអាង​ថា វិធានការ​នេះ​នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ធានា​នូវ​ស្ថិរភាព​សង្គម៖ «ខាង​សហព័ន្ធ​ស្រូវ​អង្ករ កំពុង​រៀបចំ​ផែនការ​សកម្មភាព​មួយ ដែល​ផ្ដោត​លើ​រយៈពេល ៥​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ សំដៅ​ការ​នាំ​ចេញ និង​លើក​ស្ទួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ប្រសើរ​ឡើង»

ទន្ទឹម​គ្នា​នេះ របាយការណ៍​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ស្ដីពី​អាទិភាព​គោល​នយោបាយ​ចក្ខុ​វិស័យ​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បង្កើន​សមត្ថភាព​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​កម្ពុជា ដើម្បី​ផលិត និង​ដឹក​ជញ្ជូន​អង្ករ​ឲ្យ​បាន​ច្រើន​គ្រប់គ្រាន់ ត្រូវ​កាត់​បន្ថយ​តម្លៃ​ថាមពល​អគ្គិសនី​តាម​រយៈ​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​វារីអគ្គិសនី ដោយ​រក្សា​បាន​នូវ​ចីរភាព​ល្អ​ផ្នែក​បរិស្ថាន និង​សង្គម ត្រូវ​ពង្រឹង​បណ្ដាញ​អគ្គិសនី​នៅ​ទូទាំង​ប្រទេស ដោយ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ការ​ពង្រីក​បណ្ដាញ​ខ្សែ​កាប​បញ្ជូន​អគ្គិសនី កាត់​បន្ថយ​តម្លៃ​អគ្គិសនី ពិសេស​សម្រាប់​រោង​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​ឲ្យ​អ្នក​ផលិត​មាន​សមត្ថភាព​ផលិត​អង្ករ​ដែល​មាន​គុណភាព​ខ្ពស់។

របាយការណ៍​ដដែល​បញ្ជាក់​ថា បើ​កម្ពុជា លុប​បំបាត់​ឧបសគ្គ​ទាំង​នេះ​បាន កម្ពុជា នឹង​សម្រេច​គោលដៅ​នាំ​ចេញ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។