គ្រូបង្រៀនសាលាបឋមសិក្សាមួយនៅខេត្តតាកែវ ប្ដឹងនាយកសាលាទៅក្រសួងអប់រំ យុវជន និងកីឡា ពីការចាយលុយជំនួយទ្រទ្រង់សាលា ឬផ្គត់ផ្គង់សម្ភារៈសិក្សាខុសការកំណត់។
គ្រូៗនៅសាលាបឋមសិក្សាព្រៃអារ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ប្ដឹងនាយកសាលាថា ចាយលុយ ភី.ប៊ី (PB) ឬលុយជំនួយទ្រទ្រង់សាលា និងផ្គត់ផ្គង់សម្ភារៈសិក្សាផ្ដេសផ្ដាស។
លោកគ្រូថ្នាក់ទី២ និងទី៥ សាលាបឋមសិក្សាព្រៃអារ ឃុំខ្វាវ លោក ហួន ស្រ៊ី ថ្លែងនៅថ្ងៃទី២៤ ខែមិថុនា ថា នាយកសាលាទើបឡើងកាន់តំណែងថ្មី បានចាយប្រាក់ ភី.ប៊ី ផ្ដេសផ្ដាសតាំងពីឆ្នាំ
២០១៣ មក ដោយមិនប្រាប់បុគ្គលិកក្រោមឱវាទ។ លោកថា កាលពីខែឧសភា អធិការកិច្ចក្រសួងអប់រំ បានចុះពិនិត្យលុយនោះ ប៉ុន្តែមិនមានរបាយការណ៍ប្រាប់ដល់បុគ្គលិកក្នុងសាលានេះឲ្យអស់មន្ទិលសង្ស័យឡើយ៖ «គ្រាន់តែបើកមកភ្លាម គាត់ទៅចំណាយអីផ្សេងៗសម្រាប់ខ្លួនគាត់ហ្នឹង គឺអស់ ៤៨៧.០០០រៀលបាត់ទៀតហើយ។ ខ្ញុំមានសុទិដ្ឋិនិយមថា ទឹកប្រាក់ដែលនៅសល់ទាំងប៉ុន្មាន នឹងអស់ នឹងបាត់សូន្យពីសាលាទៀតដោយគាត់ធ្វើដូចមុនអ៊ីចឹង»។
គ្រូម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ប្រាក់ ភី.ប៊ី ជាជំនួយពីអង្គការក្រៅរដ្ឋាភិបាល ផ្តល់ឲ្យសាលានីមួយៗ ប្រើប្រាស់ក្នុងការងារអប់រំ ដើម្បីជំនួសការប្រមូលប្រាក់ពីសិស្ស យកទៅទិញសម្ភារៈប្រើប្រាស់ក្នុងសាលា។ អ្នកស្រីថា ក្នុង១ឆ្នាំៗ សាលាទទួលបានប្រាក់ជំនួយ ភី.ប៊ី នោះជាង ៥លានរៀល ទៅជាង ៧លានរៀល។ ប៉ុន្តែគាត់មិនដឹងថា នាយកចាត់ចែងអ្វីខ្លះទេពេលប្រជុំបង្ហាញវិក្កយបត្រចំណាយប្រាក់នោះ មានចំនួនតិចជាងប្រាក់ដែលទទួលបានក្នុងមួយឆ្នាំៗ៖ «២០១៤ ហ្នឹងឃើញគេទិញសម្ភារៈបានខ្លះអស់ ៣៤ម៉ឺន ហើយក្រៅពីហ្នឹង ក៏ខ្ញុំអត់សូវដឹងដែរ»។
អតីតនាយករងសាលាបឋមសិក្សាព្រៃអារ លោក ឈុំ ឆែម ដែលទើបចូលនិវត្តន៍ ថ្លែងថា កាលគាត់នៅចាត់ចែង ថវិកាជំនួយនោះមិនមានគ្រូណាប្ដឹងទេ ព្រោះមានបញ្ជីចំណូលចំណាយត្រឹមត្រូវ ហើយលោកគ្រូអ្នកគ្រូអាចចូលទៅបើកមើលបញ្ជីនោះបានទៀត។ លោកសុំឲ្យនាយកថ្មី យកគំរូនោះ ទើបបុគ្គលិកសិក្សាមិនប្ដឹង ព្រោះលុយជំនួយផ្តល់មកជួយទាំងសាលា និងជួយទាំងគ្រូ៖ «ទី១ យើងចាត់ចែងប្រើឲ្យទិញអីខ្លះ នឹងយើងឲ្យបុគ្គលិកយើងដឹងទាំងអស់គ្នាអ៊ីចឹងទៅ»។
បំភ្លឺតបនឹងការលើកឡើងនោះ នាយកសាលាបឋមសិក្សាព្រៃអារ ឃុំខ្វាវ ស្រុកសំរោង លោក អែម កាន ថ្លែងថា អធិការកិច្ចក្រសួងអប់រំ បានចុះឆែកបញ្ជីចាយវាយនៅសាលានេះកាលពីខែមុន ប្រសិនបើលោកមានកំហុស ប្រាកដជាមានការណែនាំ ឬដាក់ទោសលោកហើយ៖ «ក្រសួងអប់រំហ្នឹងក៏គាត់បានចុះមកសាកសួរព័ត៌មាន និងបានឆែកមើលនៅក្នុងរបាយការណ៍ចំណាយចំណូលនៅតាមជុំ តាមកូដ តាមវគ្គអ៊ីចឹងទៅ។ គាត់ថា ដូចជាមិនមានការអីខុសឆ្គងទេ គ្រាន់តែជួនកាល កន្លែងខ្លះខ្ញុំនេះមិនទាន់បានចុះហត្ថលេខាបានគ្រប់សន្លឹកកិច្ចការអ៊ីចឹង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអធិការកិច្ចក្រសួងអប់រំ យុវជន និងកីឡា សាកសួរអំពីការចុះស៊ើបអង្កេតនៅសាលាបឋមសិក្សាព្រៃអារ បានទេ នៅថ្ងៃទី២៤ ខែមិថុនា។
ប្រធានសាខាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រចាំខេត្តតាកែវ លោក នី ចាន់តារ៉ាវុធ ថ្លែងថា ប្រាក់ ភី.ប៊ី នោះ ទ្រទ្រង់សាលានីមួយៗដើម្បីកាត់បន្ថយភាពក្រីក្រ។ ប្រសិនបើលោកគ្រូអ្នកគ្រូជាបុគ្គលិកសិក្សាមិនមានភស្តុតាងទេ គ្រូៗមិនហ៊ានប្ដឹងរឿងនោះទៅក្រសួងអប់រំទេ៖ «ពាក់ព័ន្ធនឹងលុយ ភី.ប៊ី ហ្នឹង ខ្ញុំគិតថា អ្នកដែលចុះមកហ្នឹង ហើយនាយកសាលា និងថ្នាក់ការិយាល័យហ្នឹង ឃុបឃិតគ្នា»។
លោក អែម កាន នាយកសាលាបឋមសិក្សាព្រៃអារ ឲ្យដឹងថា លោកទើបចូលកាន់តំណែងជានាយកសាលានៅខែកុម្ភៈ ឆ្នាំ២០១៣។ លោកបន្តថា ប្រាក់ហិរញ្ញប្បទាន ភី.ប៊ី ជំនួយមកសាលានេះ កាលពីឆ្នាំ២០១៣ មានជាង ៧លានរៀល។ នៅឆ្នាំ២០១៤ ក៏ប្រាក់នោះផ្តល់មកសាលាចាត់ចែងក្នុងការងារអប់រំ គឺប្រហែលគ្នាឆ្នាំមុនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
