សន្ទូង​ស្រូវ​វស្សា​រាប់​ពាន់​ហិកតារ​នៅ​ពោធិ៍សាត់​ខូចខាត​ដោយសារ​ខ្វះ​ទឹក

0:00 / 0:00

សន្ទូង​ស្រូវ​វស្សា​រាប់​ពាន់​ហិកតារ នៅ​តាម​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ កំពុង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយសារ​តែ​ខ្វះ​ទឹក​ស្រោចស្រព។ អាជ្ញាធរ​មូលដ្ឋាន បាន​ស្ដី​បន្ទោស​មន្ទីរ​ធនធាន​ទឹក​ខេត្ត​នេះ​ថា ការ​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ​លើ​ប្រព័ន្ធ​ទ្វារ​ទឹក​ដំណាក់​អំពិល ដែល​ជា​ទ្វារ​ទឹក​ធំ​ជាង​គេ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ទើប​កើត​មាន​បញ្ហា​ខ្វះ​ទឹក​ធ្ងន់ធ្ងរ គាប់​ជួន​នឹង​គ្រោះ​រាំង​ស្ងួត​នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​២០១៤ នេះ​ផង។

អាជ្ញាធរ​ឃុំ​ស្វាយដូនកែវ និង​ក្រុមប្រឹក្សា​ស្រុក​បាកាន ឲ្យ​ដឹង​ថា ស្រូវ​ប្រភេទ​អ៊ីអ៊ែ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​បី គឺ​ឃុំ​អូរតាប៉ោង ឃុំ​មេទឹក និង​ឃុំ​ស្វាយដូនកែវ កំពុង​ស្វិត​ងាប់​បណ្ដើរៗ និង​នៅ​កន្លែង​ខ្លះ​ស្វិត​ងាប់​មិន​អាច​សង្គ្រោះ​បាន​តែ​ម្ដង។ ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ និង​សូម​ឲ្យ​ត្រៀម​ពូជ​ស្រូវ​សម្រាប់​ពួក​គាត់​បង្កបង្កើនផល​ជា​ថ្មី​ទៀត នៅ​ចុង​រដូវ​ឆ្នាំ​២០១៤ ខាង​មុខ។

មេ​ឃុំ​ស្វាយដូនកែវ លោក ឌឹម គឹមហ៊ាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក​កំពុង​អស់​សង្ឃឹម ដោយសារ​ស្រូវ​ក្នុង​ស្រែ​ដែល​ពួក​គាត់​ពឹង​ផ្អែក​ស្ទើរ​ទាំង​ស្រុង​នោះ ត្រូវ​ស្វិត​ងាប់​អស់។ លោក​បញ្ជាក់​ថា នៅ​ទូទាំង​ឃុំ​មាន​ស្រូវ​ជាង ២​ពាន់​ហិកតារ (២.២១៦) កំពុង​រង​ផល​ប៉ះពាល់ ក្នុង​នោះ​ជាង ១​ពាន់​ហិកតារ (១.៣៩៥) បាន​ស្វិត​ងាប់​ទាំង​ស្រុង៖ «ខ្ញុំ​គ្រាន់​តែ​សំណូមពរ​អ៊ីចេះ​ទេ សំណូមពរ​ថា​សូម​ឲ្យ​ខាង​ធនធាន​ទឹក​ហ្នឹង គាត់​ធ្វើ​ម៉េច​ជួយ​គ្រប់គ្រង​ទ្វារ​ទឹក​ឲ្យ​បាន​ច្បាស់​លាស់ ស្រួល​យើង​ក្នុង​ការ​ចែក​ចាយ​ទឹក ហើយ​ជួយ​ផ្ដល់​ទឹក​មក​ឲ្យ​ឃុំ​ដែល​នៅ​ក្រៅ​គម្រោង​ផ្គត់ផ្គង់​ហ្នឹង ឲ្យ​បាន​ផង ព្រោះ​កសិករ​គាត់​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​កសិកម្ម​តែ​មួយ​មុខ​ទេ។ ភូមិ​ខ្ញុំ​គាត់​មាន​ជំនឿ​លើ​អា​ស្រូវ​អ៊ីអ៊ែ​ហ្នឹង​តា​ហ្មង គាត់​ធ្វើ​តាម​អនុសាសន៍​របស់​សម្ដេច​តាំង​ពី​ឆ្នាំ​២០០៤ មក គាត់​បាន​ជោគជ័យ​រហូត»

លោក​រំឭក​ថា កន្លង​ទៅ​ក្រៅ​ពី​ទឹក​ភ្លៀង ប្រជាពលរដ្ឋ​រំពឹង​លើ​ទឹក​ស្ទឹង​ស្វាយដូនកែវ ប៉ុន្តែ​ស្ទឹង​នេះ​បាន​រីង​ស្ងួត​តាំង​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៤ មក ហើយ​ប្រភព​ទឹក​មួយ​ទៀត គឺ​ចេញ​ពី​ទំនប់​ដំណាក់​អំពិល ប៉ុន្តែ​នៅ​ឃុំ​របស់​លោក​ទទួល​បាន​ទឹក​នេះ​តិចតួច​បំផុត ដោយសារ​តែ​មាន​ទ្វារ​ទឹក​ចំនួន ១១​កន្លែង ស្ថិត​នៅ​ប៉ែក​ខាង​លើ បាន​បិទ​យក​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ទើប​បង្ហូរ​មក​ក្រោម​បន្ត​ទៀត។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​និគម នៃ​ឃុំ​ស្វាយដូនកែវ លោក យួម យ៉េង ថ្លែង​ទាំង​អស់​សង្ឃឹម​ថា ស្រូវ​របស់​លោក​ចំនួន ៥​ហិកតារ បាន​ស្វិត​ងាប់​ទាំងអស់ ដោយសារ​តែ​បញ្ហា​រាំង​ស្ងួត​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤។ លោក​ថា នៅ​អំឡុង​ពេល​នៃ​ការ​ខ្វះ​ខាត​ទឹក​នេះ អ្នក​ភូមិ​ធ្លាប់​នាំ​គ្នា​ទៅ​សុំ​ទឹក​ពី​ប៉ែក​ខាង​លើ ប៉ុន្តែ​មាន​ការ​ឈ្លោះ​ប្រកែក​ដណ្ដើម​ទឹក​គ្នា នៅ​ពេល​ទ្វារ​ទឹក​ដំណាក់​អំពិល​បិទ រួច​បញ្ចាល់​ចូល​ទៅ​ប្រឡាយ​ទៅ​ឃុំ​របស់​លោក ប៉ុន្តែ​ទឹក​នោះ​ភាគ​ច្រើន​មិន​ដល់​ឃុំ​របស់​លោក​ឡើយ៖ «ធ្វើ​រហូត​មក​ដល់​ពេល​នេះ សូម្បី​តែ​ពូជ​ហ្នឹង​ក៏​គ្មាន​ដែរ​បាទ! ខូច​ទាំងអស់ ហើយ​ពូជ​ក៏​អត់​មាន​ហូប ហើយ​ពាក់ព័ន្ធ​នឹង​ការ​បង្កបង្កើនផល​ហ្នឹង គឺ​យើង​អត់​ទុក​ស្រូវ​សម្រាប់​ហូប​ហ្នឹង​តែ​បី​ខែ​ទេ យើង​បាន​ប្រមូល​ផល​ហ្នឹង គឺ​ខ្ញុំ​ទុក​ហូប​បន្ត មក​ដល់​ពេល​នេះ​អត់​បាន​ច្រូត អ៊ីចឹង​តែ​ពូជ​ក៏​អត់​មាន ស្បៀង​ហូប​ហ្នឹង​ក៏​អត់​មាន​បន្ត​ទៀត​ដែរ។ ជា​សំណូមពរ​របស់​ខ្ញុំ គឺ​ប្រសិន​ជា​អាច​ទៅ​រួច សុំ​ឲ្យ​កសិករ​ទាំងអស់​ហ្នឹង បាន​ស្រូវ​ពូជ​សម្រាប់​ធ្វើ​នៅ​រដូវ​ដំឡើង​នេះ​ផង ហើយ​សំណូមពរ​មួយ​ទៀត​យ៉ាង​ទទូច​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​ទឹក​ចូល​មក​ដល់​ស្ទឹង​ស្វាយដូនកែវ ដើម្បី​ប្រើប្រាស់​គ្រប់។ ពាក់ព័ន្ធ​នឹង​ការ​នាំ​គ្នា​ទៅ​យក​ទឹក​ហ្នឹង គឺ​លំបាក​ដូច​ច្បាំង​ជាមួយ​អា​ពត​ហ្នឹង​លំបាក​ណាស់»

ទាក់ទង​បញ្ហា​នេះ ប្រជាពលរដ្ឋ​មាន​ការ​ងឿង​ឆ្ងល់​ថា ទឹក​នៅ​ស្ទឹង​ពោធិ៍សាត់ ឬ​ទំនប់​ដំណាក់​អំពិល មាន​ច្រើន​សន្ធឹក​សន្ធាប់ ប៉ុន្តែ​បែរ​ជា​បង្ហូរ​ចោល​ទៅ​ក្រោម​ឥត​ប្រយោជន៍ ទុក​ឲ្យ​ស្រូវ​ប្រជាពលរដ្ឋ​រាប់​ពាន់​ហិកតារ​ខូចខាត​ទៅ​វិញ។ ត្រង់​ចំណុច​នេះ សមាជិក​ក្រុមប្រឹក្សា​ស្រុក​បាកាន ម្នាក់​បង្ហើប​ថា បញ្ហា​នេះ​ព្រោះ​តែ​មន្ទីរ​ធនធាន​ទឹក គ្រប់គ្រង​ទ្វារ​ទឹក​ដំណាក់​អំពិល មិន​បាន​ត្រឹមត្រូវ ដោយ​បង្ហូរ​ទឹក​ទៅ​ក្រោម ខ្លាច​ប៉ះពាល់​ដល់​អាជីវកម្ម​បូម​ខ្សាច់​របស់​ឈ្មួញ​ជាច្រើន​កន្លែង​នៅ​ប៉ែក​ខាង​លើ​ទ្វារ​ទឹក​នោះ។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ពោធិ៍សាត់ លោក កែវ វៃ ថ្លែង​បញ្ជាក់​ថា បញ្ហា​ខ្វះ​ទឹក​នេះ គឺ​មិន​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់ ឬ​ការ​គ្រប់គ្រង​ទ្វារ​ទឹក​មិន​បាន​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​បរិមាណ​ទឹក​នៅ​ក្នុង​ទំនប់​ដំណាក់​អំពិល អាច​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​របស់​ពលរដ្ឋ​បាន​តែ​ចំនួន ២​ម៉ឺន ៧​ពាន់​ហិកតារ ចំណែក​ផ្ទៃ​ដី​ដែល​ត្រូវ​ការ​ទឹក​ស្រោចស្រព​ជាក់​ស្ដែង​នៅ​ក្នុង​ឃុំ​ចំនួន​៩ នៃ​ស្រុក​បាកាន គឺ​មាន​រហូត​ដល់​ជាង ៤​ម៉ឺន​ហិកតារ៖ «ទឹក​យើង​បង្ហូរ ជាពិសេស​អ្នក​ខាង​លើ​ហ្នឹង​គាត់​ប្រើ​អត់​ទាន់​គ្រប់​គ្នា អា​ហ្នឹង​ដែល​ជា​ការ​លំបាក​មួយ​ដែល​បង្ហូរ​ទៅ​ដល់​ស្វាយដូនកែវ។ ការ​បូម​ខ្សាច់​វា​មិន​ពាក់ព័ន្ធ​ទឹក​ដែល​ហូរ​ទៅ​ក្រោម នៅ​ពេល​ដែល​មាន​ភ្លៀង​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ កាល​ណា​ទឹក​ឡើង​ខ្លាំង ទ្វារ​ហ្នឹង​ត្រូវ​រលាស់​អូតូម៉ាទិច»

មន្ត្រី​សម្រប​សម្រួល​សហគមន៍​កសិកម្ម នៃ​បណ្ដាញ​កសិករ និង​ធម្មជាតិ (FNN) លោក ឆុង សុផល ផ្ដល់​អនុសាសន៍​ថា បច្ចុប្បន្ន​អាកាសធាតុ​ប្រែប្រួល និង​មាន​គ្រោះ​ធម្មជាតិ​ញឹកញាប់។ ដូច្នេះ កសិករ​គប្បី​រក្សា​ទឹក​ទុក​សម្រាប់​ស្រោចស្រព​កសិកម្ម​នៅ​ពេល​ជួប​ប្រទះ​នឹង​ភាព​រាំង​ស្ងួត។ ប៉ុន្តែ នៅ​ក្នុង​កាលៈទេសៈ​នេះ កសិករ​ត្រូវ​តែ​ចេះ​ជ្រើសរើស​ពូជ​ស្រូវ​ណា​ដែល​ធ្វើ ហើយ​អាច​ផ្ដល់​ផល​ក្នុង​រយៈពេល​ខ្លី ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ទឹក​ដែល​មាន​នៅ​ចុង​រដូវ៖ «នៅ​ពេល​ហ្នឹង​គាត់​ចាប់​ផ្ដើម​ត្រៀម​ខ្លួន​ឯង​ឲ្យ ថា​តើ​ទឹក​ស្រក​នៅ​ពេល​គាត់​ត្រូវ​ចាប់​ផ្ដើម​សាប​សំណាប​នៅ​ពេល​ណា? ហើយ​ត្រូវ​ជ្រើស​ពូជ​ឲ្យ​បាន​ល្អ ធ្វើ​ម៉េច​ឲ្យ​ទិន្នផល​ស្រូវ​ដែល​គាត់​ទទួល​បាន​ហ្នឹង ផ្គត់ផ្គង់​ជីវភាព​របស់​គាត់​បាន​ក្នុង​រយៈពេល​១​ឆ្នាំ​ដូច​គេ​ដែរ»

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ពោធិ៍សាត់ លោក ឡាយ ពិសិដ្ឋ ថ្លែង​ថា ខាង​លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​បញ្ហា​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​សរុប​តួលេខ​នៃ​ផល​ប៉ះពាល់​បាន​នៅ​ឡើយ។ លោក​ថា ការ​ពិនិត្យ​មើល​ជាក់ស្ដែង ស្រូវ​ប្រជាពលរដ្ឋ​ពិត​ជា​មាន​ការ​ខូចខាត​ច្រើន​នៅ​តាម​ឃុំ​មួយ​ចំនួន នៃ​ស្រុក​បាកាន មែន៖ «យើង​មាន ៣០​តោន​ដែរ​នៅ​ក្នុង​ដៃ ចង់​និយាយ​ថា នៅ​ពេល​ហ្នឹង​អាច​ធ្វើ​សំណាប​រួម ឬ​មួយ​ក៏​អាច​ធ្វើ​តំបន់​ណា​ដែល​អាច​ធ្វើ​បាន ក្នុង​នាម​មន្ទីរ​កសិកម្ម​ចុះ​ទៅ​វាយ​តម្លៃ​ប៉ុន្មាន តើ​អាច​អត់​ពូជ​ប៉ុន្មាន ភាគ​ច្រើន​នៅ​ពេល​ផ្ដល់​ជា​ពូជ​ឲ្យ គឺ​ឲ្យ​អនុវត្ដ​តាម​បច្ចេកទេស ហើយ​គេ​មិន​ឲ្យ​ព្រោះ​តាម​តែ​ចិត្ត​នោះ​ទេ មិន​បាន​ទេ»

ចំពោះ​វិធានការ​ដោះស្រាយ ឬ​ការ​ផ្ដល់​ពូជ​ស្រូវ​យ៉ាង​ណា​នោះ លោក​គ្រាន់​តែ​បញ្ជាក់​ថា គេ​នឹង​ចុះ​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ចែក​ពូជ ឬ​មាន​វិធានការ​យ៉ាង​ណា​នោះ។ លោក​ថា បច្ចុប្បន្ន មន្ទីរ​នៅ​មាន​ពូជ​ស្រូវ​ចំនួន ៣០​តោន ដែល​ជា​របស់​ក្រសួង​ផ្ញើ ប៉ុន្តែ​បើ​មាន​តម្រូវ​ការ​ចាំបាច់ គឺ​អាច​ធ្វើ​សំណើ​ទៅ​ក្រសួង ដើម្បី​យក​ពូជ​ស្រូវ​ទាំង​នោះ​មក​ប្រើប្រាស់​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។