មន្ត្រីអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសដែលទៅទស្សនាប្រាសាទព្រះវិហារ បានកើនឡើងក្នុងរយៈពេល ៦ខែឆ្នាំ២០១៣ ថ្វីត្បិតតែចំនួនអ្នកទេសចរក្នុងស្រុកបានធ្លាក់ចុះបន្តិចក៏ដោយ។
ការកើនឡើងនៃចំនួនអ្នកទេសចរបរទេសទៅទស្សនាប្រាសាទព្រះវិហារ ត្រូវបានគេសន្និដ្ឋានថា ដោយសារតែកេរ្តិ៍ឈ្មោះរបស់ប្រាសាទបុរាណនេះ កំពុងត្រូវបានបរទេសចម្រុះជាតិសាសន៍ ចាប់ផ្ដើមស្គាល់ពីភាពល្បីល្បាញកាន់តែច្រើនឡើងៗ។
មន្ត្រីផែនការ និងស្ថិតិទេសចរណ៍របស់អាជ្ញាធរជាតិព្រះវិហារ គឺលោក យាន ស៊ុនថារ៉ាត់។ លោកបានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែឆ្នាំ២០១៣ នេះ ថ្វីត្បិតតែភ្ញៀវទេសចរជាតិទៅទស្សនាប្រាសាទព្រះវិហារ មានការថយចុះក៏ដោយ ក៏អ្នកទេសចរបរទេសមានការកើនឡើង។ មន្ត្រីដដែលបានមានប្រសាសន៍បន្ថែមថា ការកើនឡើងនៃចំនួនអ្នកទេសចរទៅទស្សនាប្រាសាទព្រះវិហារ គឺបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរខ្លះដែលរស់នៅក្បែរៗនោះ បានទទួលកម្រៃមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោក យាន ស៊ុនថារ៉ាត់៖ «ពីខែ១១ នេះ ភ្ញៀវទេសចរចាប់ផ្ដើមកើនឡើងវិញច្រើន។ បើសិនជាយើងគិតចាប់ពីខែ១១ នេះ គឺក្នុង១ថ្ងៃៗ ខ្ទង់ប្រហែលជា ២៥០នាក់។ កំណើនភ្ញៀវទេសចរតាមរយៈក្រុមហ៊ុន បើភ្ញៀវបរទេសមានការកើន ប៉ុន្តែធ្លាក់ភ្ញៀវខ្មែរ។ ពីមុនមក ធ្លាប់មានសម្បូរភ្ញៀវខ្មែរដែលគាត់មកតាមរយៈទីភ្នាក់ងារទេសចរណ៍។ ប្រជាជនដែលរស់នៅទីហ្នឹង មុខរបរធ្វើជាមួយភ្ញៀវនៅតំបន់នេះ សួរទៅ គឺបើសិនជារថយន្តអាចទទួលកម្រៃបាន ៣០០ដុល្លារ ម៉ូតូឌុបទទួលបានប្រហែលជា ១៥០-២០០ដុល្លារក្នុង១ខែ អាចឱ្យគាត់រស់បាន»។
ក្នុងរយៈពេល ៦ខែឆ្នាំ២០១៣ ភ្ញៀវទេសចរជាតិដែលបានទៅទស្សនាប្រាសាទព្រះវិហារ មានចំនួនប្រមាណ ៥ម៉ឺននាក់។ ចំនួននេះ គឺធ្លាក់ចុះប្រមាណ ១ម៉ឺននាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ កន្លងទៅ។
ប្រាសាទព្រះវិហារ ដែលបុព្វបុរសខ្មែរបានកសាងឡើងតាំងពីអំឡុងសតវត្សទី៩ គឺបានកើតមានទំនាស់រឿងព្រំដែនជាមួយប្រទេសថៃ រយៈពេល ៥ឆ្នាំមកនេះ បណ្ដាលឱ្យបាត់បង់ចំណូលពីទេសចរណ៍យ៉ាងច្រើន។
លោក យាន ស៊ុនថារ៉ាត់ បានបញ្ជាក់ថា ការថយចុះនៃចំនួនអ្នកទេសចរជាតិទៅទស្សនាប្រាសាទព្រះវិហារ កាលពីជាង ៥ខែមុន ដោយសាររដូវវស្សាមានទឹកជំនន់លិច និងដាច់ផ្លូវ លំបាកធ្វើដំណើរ ព្រមទាំងមានការព្រួយបារម្ភអំពីសន្តិសុខផងនៅពេលដែលជម្លោះព្រំដែនខ្មែរ-ថៃ នៅជិតតំបន់នោះកំពុងស្ថិតនៅក្នុងដៃតុលាការយុត្តិធម៌អន្តរជាតិ។ ក៏ប៉ុន្តែ ចាប់តាំងពីក្រោយថ្ងៃដែលតុលាការយុត្តិធម៌អន្តរជាតិបានបកស្រាយសាលក្រមរឿងជម្លោះព្រំដែនខ្មែរ-ថៃ ជិតប្រាសាទព្រះវិហារ រួចមក គឺអ្នកទេសចរជាតិបានចាប់ផ្ដើមនាំគ្នាទៅទស្សនាប្រាសាទព្រះវិហារ ចំនួនច្រើនឡើងវិញ។
ក្រុមអ្នកមគ្គុទ្ទេសក៍ទេសចរក៏បានយល់ឃើញដូចគ្នាថា ចំនួនភ្ញៀវទេសចរបរទេសដែលទៅទស្សនាប្រាសាទព្រះវិហារ ពិតជាមានការកើនឡើងមែន។
មន្ត្រីរបស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក អឿ សុភាព បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ គឺមានភ្ញៀវទេសចរជាតិជាមធ្យមប្រហែល ១០០នាក់ និងភ្ញៀវបរទេសចន្លោះពី ២០ ទៅ ៣០នាក់ ដែលទៅទស្សនាប្រាសាទព្រះវិហារ ក្នុង១ថ្ងៃៗ៖ «បើតាមតួលេខដែលការិយាល័យគេបូកសរុប ចាប់តាំងពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០១៣ គឺចំនួនភ្ញៀវទេសចរកើនឡើង ជាពិសេស គឺភ្ញៀវបរទេសតែម្ដង គឺកើនឡើងខុសពីឆ្នាំទៅ។ ទី១ គឺដោយសារភ្ញៀវជាតិ អន្តរជាតិហ្នឹងគាត់ស្គាល់ច្បាស់ពីប្រាសាទព្រះវិហារ។ ទី២ គឺផ្លូវងាយស្រួលដែលឡើងពីខាងយើងមក ហើយទី៣ គឺដោយសារថ្មីៗនេះជម្លោះជាមួយភាគីថៃ ក៏បានស្ងប់ទៅវិញ ហើយភ្ញៀវក៏កាន់តែកើនឡើង»។
បច្ចុប្បន្ន ការឡើងកំពូលភ្នំដងរែក ទៅទស្សនាប្រាសាទព្រះវិហារ គឺត្រូវធ្វើដំណើរតាមរយៈមធ្យោបាយចំនួន ៣ប្រភេទ មានជិះម៉ូតូឌុប ជិះលើរថយន្តឈ្នួល និងដើរដោយថ្មើរជើងឡើងភ្នំ។ ដោយអ្នកទេសចរជាច្រើនចូលចិត្តជ្រើសយកជម្រើសជិះម៉ូតូឌុប និងឡានឈ្នួល ដើម្បីឡើងភ្នំ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិខ្លះនៃឃុំស្រអែម អាចទទួលបានកម្រៃពីអ្នកទេសចរប្រចាំថ្ងៃ។
បុរសអ្នករត់ម៉ូតូឌុបម្នាក់បានមានប្រសាសន៍ថា គាត់ពុំមានដីស្រែ និងចម្ការសម្រាប់ចិញ្ចឹមជីវិតទេ ហើយការរស់នៅជិតប្រាសាទព្រះវិហារ រយៈពេលជិត ១០ឆ្នាំមកនេះ គឺទីពឹងតែលើកម្រៃដែលបានពីការរត់ម៉ូតូឌុប និងថតរូបឱ្យភ្ញៀវដែលទៅទស្សនាប្រាសាទ៖ «បើទេសចរណ៍រយៈពេលប៉ុន្មានខែចុងក្រោយនេះ ឃើញមកគ្រាន់ដែរ។ ពីបុណ្យកឋិនទានអី ឃើញមកច្រើនរហូត បន្ត១ថ្ងៃ ១០-២០-៣០ឡានអ៊ីចឹងទៅ។ យើងថតរូបថតអីបានខ្លះ។ ១ថ្ងៃរកបាន ៥-៦ម៉ឺនរៀលដែរយ៉ាងទាប។ ៥ខែមុននៅរដូវវស្សា វាធ្លាក់ភ្លៀង គឺអត់សូវមានទេ មកតិចៗ ហើយនិងមកតែបរទេសវិញ។ អ៊ីចឹងយើងដឹកតែបរទេស ដូចថាម៉ាវេនម្នាក់បាន ៥រៀល (ដុល្លារ) ឡើងចុះអ៊ីចឹង ១ថ្ងៃមួយជើង។ ឥឡូវវាគ្រាន់ជាងមុនបន្តិច ព្រោះអីរដូវប្រាំង»។
មន្ត្រីអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ចាប់ពីក្រោយពេលដែលតុលាការយុត្តិធម៌អន្តរជាតិបានបកស្រាយសាលក្រមរឿងជម្លោះព្រំដែនកម្ពុជា-ថៃ បានដាច់ស្រេចហើយនេះ គឺគេនឹងរៀបចំផែនការរួម និងគម្រោងថ្មីៗខ្លះទៀត ដើម្បីកែលំអ ព្រមទាំងទាក់ទាញភ្ញៀវឱ្យកាន់តែទៅទស្សនាប្រាសាទព្រះវិហារ កាន់តែច្រើនឡើងៗសម្រាប់អនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
