អង្គការ​តម្លាភាព​កម្ពុជា​ប្រតិកម្ម​លើ​ការ​ច្រាន​ចោល​របាយការណ៍​ពុក​រលួយ

អង្គការ​តម្លាភាព​កម្ពុជា បាន​ប្រតិកម្ម​លើ​មតិ​អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចំពោះ​ការ​ច្រាន​ចោល និង​មិន​ទទួល​ស្គាល់​របាយការណ៍​វាស់វែង​អំពើ​ពុក​រលួយ​ជា​សកល​របស់​ខ្លួន ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៣។

0:00 / 0:00

អង្គការ​តម្លាភាព​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០ កក្កដា បាន​ចេញ​លិខិត​ប្រតិកម្ម​ចាត់​ទុក​មតិ​អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​បាន​ចាត់​ទុក​របាយការណ៍​នោះ​ថា​ជា​និន្នាការ​របស់​អង្គការ​តម្លាភាព​កម្ពុជា និង​មាន​និន្នាការ​នយោបាយ។ អង្គការ​តម្លាភាព​កម្ពុជា ថា​មតិ​ជំទាស់​នោះ​ជា​ទម្លាប់​មិន​ទទួល​ស្គាល់​របាយការណ៍​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​តថភាព​សង្គម ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​វិជ្ជាជីវៈ តាម​វិទ្យាសាស្ត្រ និង​ដែល​មាន​ការ​ទទួល​ស្គាល់​នៅ​ជុំវិញ​ពិភពលោក។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​ទេ នៅ​ពេល​ដែល​មាន​ការ​មិន​ទទួល​ស្គាល់​របាយការណ៍​ណា​មួយ​ដែល​ឆ្លុះ​បញ្ចាំង​នូវ​ការ​លើក​ឡើង​នូវ​ទុក្ខ​កង្វល់ និង​ទស្សនៈ​របស់​ប្រជាពលរដ្ឋ។ លោក​បាន​ស្នើ​ឲ្យ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ពិនិត្យ​ពិចារណា​ទៅ​លើ​របាយការណ៍​នេះ រួច​ស្វែង​រក និង​បង្ហាញ​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ដោះស្រាយ​បញ្ហា និង​កាត់​បន្ថយ​កង្វល់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

លោក ព្រាប កុល៖ «ខ្ញុំ! ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​ថា ហេតុ​អី​បាន​ជា​គ្រប់​របាយការណ៍​របស់​សង្គម​ស៊ីវិល របាយការណ៍​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ឬ​ក៏​របាយការណ៍​អី​ផ្សេងៗ​ទាំងអស់​ហ្នឹង គឺ​បាន​ទទួល​បាន​ការ​ច្រាន​ចោល ការ​មិន​ទទួល​ស្គាល់​គ្រប់​តែ​ទាំងអស់​ហ្នឹង​ណាស់។ អ៊ីចឹង​ទៅ ការ​មិន​ទទួល​ស្គាល់ ឬ​ក៏​ច្រាន​ចោល​របស់​របាយការណ៍​ដែល​យើង​ខ្ញុំ​បាន​សិក្សា​ស្ទង់​មតិ​ប្រជាពលរដ្ឋ​ហ្នឹង គឺ​មាន​ន័យ​ថា ហាក់​ដូច​ជា​មិន​គោរព​ទស្សនៈ​របស់​ប្រជាពលរដ្ឋ ដែល​គាត់​ខ្វល់ខ្វាយ​ពី​បញ្ហា​អំពើ​ពុក​រលួយ»

ទាក់ទង​នឹង​បញ្ហា​នេះ លោក ផៃ ស៊ីផាន ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថ្លែង​ថា របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា ធ្វើ​ឡើង​គ្រាន់​បាន​តែ​មួយ​ចំហៀង គ្រាន់​តែ​ឃើញ​ហើយ​ថា។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​បង្កើន​ឲ្យ​មាន​តម្លាភាព ដោយ​បាន​បង្កើន​យន្តការ​បី​ចំណុច។

លោក ផៃ ស៊ីផាន៖ «រាជ​រដ្ឋាភិបាល​ធ្វើ​បី​ចំណុច។ ទី​មួយ ធ្វើ​ឲ្យ​មាន​ច្បាប់។ ចំណុច​ទី​ពីរ បង្កើត​ឲ្យ​មាន​យន្តការ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។ ចំណុច​ទី​បី គឺ​យើង​រៀបចំ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​មាន​តម្លាភាព​តាម​រយៈ​តម្លៃ​សេវាកម្ម​ផ្តល់​ឲ្យ​សាធារណៈ ក៏​ដូច​ជា​ថេរវេលា​ផ្តល់​ឲ្យ​សាធារណៈ»

លទ្ធផល​នេះ​បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លើយ​សំណួរ​នៃ​អ្នក​ផ្តល់​បទសម្ភាសន៍​ទាំងអស់ បាន​និយាយ​ថា ប្រជាពលរដ្ឋ ៦៥% បាន​សូកប៉ាន់​មន្ត្រី​តុលាការ និង​ប៉ូលិស ៦២% បាន​សូក​ដល់​មន្ត្រី​ចុះ​អត្រានុកូលដ្ឋាន និង ៥៧% ដល់​មន្ត្រី​ពាក់ព័ន្ធ និង​សេវាកម្ម​ដីធ្លី។ លើស​ពី​នេះ អ្នក​ផ្តល់​បទសម្ភាសន៍​ចំនួន ៣៨% បាន​សូកប៉ាន់​ដល់​មន្ត្រី​សុខាភិបាល និង ៣០% ដល់​មន្ត្រី​អប់រំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។