នៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមែ នេះ តើលោកអ្នកបានគិតថា នឹងត្រូវនាំក្រុមគ្រួសារទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ណាមួយហើយ ឬនៅ?
ប្រសិនបើលោកអ្នកមិនទាន់សម្រេចចិត្តជ្រើសយកកន្លែងណាមួយនៅឡើយ គឺខ្ញុំសូមណែនាំឲ្យរើសយកខេត្តសៀមរាប សម្រាប់ដំណើរកម្សាន្តឆ្នាំថ្មីនេះ ពីព្រោះនៅខេត្តសៀមរាប ក្រៅតែពីទៅទស្សនាប្រាសាទបុរាណជាច្រើន គឺលោកអ្នកក៏អាចមានកន្លែងកម្សាន្តបែបព្រៃភ្នំធម្មជាតិ ដូចជាក្បាលស្ពាន និងនៅលើភ្នំគូលែន ជាដើម។ បន្ថែមលើនេះ លោកអ្នកក៏អាចនាំក្រុមគ្រួសារទៅងូតទឹកលេងសប្បាយនៅបារាយណ៍ទឹកថ្លា ហើយថ្មីៗក៏មានកន្លែងងូតទឹកលេងមួយទៀត គឺរមណីយដ្ឋានបឹងត្រាវកុដិ។
ត្រាវកុដិ គឺជាឈ្មោះបឹងធម្មជាតិមួយដែលឋិតនៅក្នុងភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប។
ទីនោះមានបឹងធម្មជាតិមួយដែលមានផ្ទៃទឹកលាតសន្ធឹងនៅរដូវប្រាំងទំហំប្រហែល ៣០ហិកតារ ព្រមទាំងមានព្រៃធម្មជាតិដ៏ស្រស់ត្រកាលកំពុងទាក់ទាញអ្នកទេសចរយ៉ាងខ្លាំង។
ប្រសិនបើលោកអ្នកចង់ទៅកម្សាន្តនៅតំបន់នោះ គឺត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦ ហើយពេលទៅដល់ម្ដុំអង្គ្រង គឺត្រូវបត់ចូលតាមផ្លូវជាតិលេខ៦៧ សំដៅឆ្ពោះទៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ហ៊ុន សែន គូលែន ឬក៏សាលានគរបាលយោធភូមិភាគទី៤ នោះលោកអ្នកនឹងទៅដល់កន្លែងកម្សាន្តមិនយូរប៉ុន្មាន។
«ចម្រៀងក្រវាន់សៀមរាប»
រមណីយដ្ឋានធម្មជាតិ ដែលមានទឹកងូតលេងកម្សាន្តមួយនេះ គឺជាទីកន្លែងថ្មីដែលរៀបចំដោយសហគមន៍ប្រជាពលរដ្ឋ បន្ថែមពីលើរមណីយដ្ឋានជាច្រើនរបស់ខេត្តសៀមរាប ដែលលោកអ្នកធ្លាប់ស្គាល់យូរមកហើយ មានដូចជាតំបន់អង្គរ បារាយណ៍ទឹកថ្លា ទឹកជ្រោះក្បាលស្ពាន និងភ្នំគូលែន ជាដើម។ នៅក្នុងរដូវបុណ្យចូលឆ្នាំនេះ ក្រៅតែពីលោកអ្នកចង់ទៅលេងតាមរមណីយដ្ឋាន លោកអ្នកក៏អាចចូលរួមសប្បាយជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏អធិកអធមផងដែរ។ ដូច្នេះបើលោកអ្នកជ្រើសយកដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប ពិតជាមិនខុសបំណងទេ។
«ចម្រៀង»
រមណីយដ្ឋានបឹងធម្មជាតិត្រាវកុដិ ក្រៅតែពីលោកអ្នកបានកម្សាន្តជាមួយព្រៃឈើ និងការងូតទឹកលេង លោកអ្នកក៏បានភ្លក់រសជាតិម្ហូបអាហារដែលចម្អិនដោយអ្នកស្រុកស្រែ និងបានភ្លក់រសជាតិផ្លែឈើព្រៃមួយចំនួនដែលអ្នកភូមិដើរបេះយកមកពីតំបន់ភ្នំគូលែន ផង។
ស្ត្រីអ្នកភូមិគោកឫស្សី នៃឃុំបល្ល័ង្ក ដែលជាអ្នកប្រកបរបរចម្អិនម្ហូបសម្រាប់អ្នកទៅកម្សាន្ត គឺអ្នកស្រី ថាប់ ស៊ីនួន។ អ្នកស្រីមានប្រសាសន៍ថា ជារៀងរាល់ថ្ងៃអ្នកស្រីតែងធ្វើម្ហូបលក់ឲ្យភ្ញៀវដែលទៅកម្សាន្ត។ ម្ហូបទីនោះជារបៀបស្រុកស្រែ ហើយមានតម្លៃថោកសមរម្យ។
អ្នកស្រី ថាប់ ស៊ីនួន ចង់ឲ្យភ្ញៀវទេសចរជាច្រើនជ្រើសរើសយករមណីយដ្ឋានត្រាវកុដិ ធ្វើជាកន្លែងកម្សាន្តនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរ៖ «ម្ហូបមានមាន់ដុត មាន់អាំង ស្ងោរជ្រក់ ទៅតាមចិត្តកុម្ម៉ង់ ត្រីអាំង ត្រីដុត។ មាន់អាំង មាន់ឆាក្ដៅអី តម្លៃ ២ម៉ឺន ៣ម៉ឺន តាមតូចតាមធំ»។
រមណីយដ្ឋានត្រាវកុដិ មិនលក់សំបុត្រឲ្យភ្ញៀវទេសចរដែលចូលទៅទស្សនាទេ ពីព្រោះទីនោះ គឺបង្កើតឡើងដោយសហគមន៍ ហើយការចូលទៅទស្សនារបស់អ្នកទេសចរគ្រប់រូប គឺសហគមន៍គ្រាន់តែសុំក្បាលឡានមួយពី ២.០០០ ទៅ ៣.០០០រៀល ដើម្បីបានកម្រៃឲ្យបុគ្គលិកបានយកទៅជួលអ្នកបោសសម្អាត និងអ្នកថែរក្សាសណ្ដាប់ធ្នាប់ប៉ុណ្ណោះ។
ប្រធានសហគមន៍រមណីយដ្ឋានធម្មជាតិត្រាវកុដិ លោក អឿម អន មានប្រសាសន៍ថា រមណីយដ្ឋានសហគមន៍របស់លោក គឺមានលក់ម្ហូបអាហារដែលអ្នកស្រុកចិញ្ចឹម ព្រមទាំងមានលក់ផ្លែឈើព្រៃធម្មជាតិ ដូចជាគុយ ភ្ញៀវ និងសិរមាន់ ជាដើម ក្រៅពីនោះសហគមន៍មានចំណុចទាក់ទាញអារម្មណ៍អ្នកទេសចរជាច្រើនទៀត៖ «សហគមន៍ហ្នឹងទាក់ទាញដូចជាកន្លែងជាប់ជើងភ្នំគូលែន ហើយមានព្រៃឈើ។ ឆ្នាំនេះខ្ញុំចង់ឲ្យមានភ្ញៀវមកលេងឲ្យបានច្រើន បើចង់ហូបបាយហូបអី គឺមានមាន់ដុត មាន់អាំង ដូចជាបុកល្ហុង និងពោតស្ងោរអី គឺទៅកាច់មកភ្លាមៗ»។
«ចម្រៀង»
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ងូវ សេងកាក់ មានប្រសាសន៍ថា រមណីដ្ឋានធម្មជាតិបឹងត្រាវកុដិ នោះ ថ្វីត្បិតតែមិនសូវសម្បូរម្លប់ឈើ ប៉ុន្តែវាអាចជាកន្លែងឲ្យភ្ញៀវទេសចរអាចទៅកម្សាន្តនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយសារតែក្រៅពីលក់ម្ហូបអាហារធម្មជាតិ គឺមានបន្ថែមសេវាកម្សាន្តខ្លះទៀត៖ «វាល្អទី១ គាត់មានសេវាបន្ថែម ដូចជាមានទូកតាមប្រភេទ មានសេវាស្ទូចត្រី មានអាវសម្រាប់ហែលទឹកលេង ហើយប្រហែលចូលឆ្នាំនេះ ក្រៅពីភ្ញៀវទៅកម្សាន្តនៅទន្លេ គឺអាចទៅទីនោះច្រើនដែរ»។
មន្ទីរទេសចរណ៍ខេត្តសៀមរាប មានបំណងរៀបចំរមណីយដ្ឋានបឹងត្រាវកុដិ នោះ ឲ្យក្លាយទៅជាចម្ការឈើធំៗនៅថ្ងៃអនាគត ដោយគេមានគម្រោងធ្វើកម្មវិធីឲ្យអ្នករៀបការ ១គូ ត្រូវដាំដើមឈើ១ដើមនៅទីនោះ។
«ចម្រៀង»
លោកអ្នកនាងជាទីមេត្រី ដូចដែលបានអធិប្បាយជូនខ្លះអំពីកន្លែងសម្រាប់កម្សាន្តនៅរដូវចូលឆ្នាំនេះ លោកអ្នកប្រាកដអាចជ្រើសរើសយកទីណាមួយសម្រាប់ក្រុមគ្រួសារហើយ តែខ្ញុំបាទសូមរំឭកថា ដើម្បីសុវត្ថិភាពពេលបើកបរក្នុងដំណើរនេះ សូមកុំពិសាគ្រឿងស្រវឹង និងសូមបើកបរដោយប្រុងប្រយ័ត្ន។ សូមលោកអ្នកបានប្រកបតែសេចក្ដីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
