ក្រុម​របាំ​ត្រុដិ​កុមារ​កំព្រា​ប្ដេជ្ញា​រក្សា​ទម្រង់​របាំ​នេះ​ឲ្យ​គង់វង្ស

ដោយ សេក បណ្ឌិត
2015.04.15
របាំ​ត្រុដិ​កុមារ​ ៦២០ របាំ​ត្រុដិ​កុមារ​លេង​នៅ​មុខ​វត្ត​ទួលទំពូង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Sek Bandith

ក្រុម​សិល្បៈ​កុមារ​កំព្រា និង​ពិការ​បាន​ចំណាយ​ពេលវេលា​ទាំង​មុន និង​អំឡុង​ពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ ឆ្នាំមមែ​នេះ ដើម្បី​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​របាំ​ត្រុដិ​កុំ​ឲ្យ​បាត់បង់ និង​ដើម្បី​បណ្ដេញ​ឧបទ្រពចង្រៃ​ដែល​សេសសល់ កាលពី​ឆ្នាំ​ចាស់​និង​នាំមក​នូវ​សិរី​សួស្ដី​សម្រាប់​ឆ្នាំ​ថ្មី​នេះ។

គោលដៅ​ដែល ក្រុម​សិល្បៈ​កុមារ​កំព្រា និង​ជន​ពិការ​កំណត់​ជា​អាទិភាព ដើម្បី​សំដែង​របាំ​ត្រុដិ​នោះ គឺ​នៅ​តាម​ទី​វត្ត​អារាម រមណីយដ្ឋាន និង​ផ្ទះ​ប្រជាពលរដ្ឋ​ទៅតាម​ការ​អញ្ជើញ។

សម្រាប់​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំមមែ​នេះ នៅ​ពេល​ព្រឹក​រហូត​ថ្ងៃត្រង់​ពួកគេ​សំដែង​នៅ​វត្ត​ទួលទំពូង រាជធានី​ភ្នំពេញ​តាម​ការ​ស្នើ​សុំ​របស់​ព្រះចៅ​អធិការ​វត្ត​នេះ។

សមាជិក​នៃ​ក្រុម​សិល្បៈ​របាំ​ត្រុដិ​នេះ ខ្លះ​មាន​អាយុ​មិន​ដល់​១០​ឆ្នាំ​ផង​ទេ ហើយ​ខ្លះ​ទៀត​មាន​អាយុ​ជាង​១០​ឆ្នាំ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ពុទ្ធបរិស័ទ​ភាគច្រើន​ក្រោយពី​ធ្វើបុណ្យ​ដាក់​បាត្រ​ព្រះសង្ឃ​រួច ពួកគាត់​មិន​ភ្លេច​បរិច្ចាគ​ប្រាក់​ខ្លះ​សម្រាប់​ក្រុម​របាំ​ត្រុដិ​នោះ​ឡើយ។

ពួកគាត់​សរសើរ​ចំពោះ​ទឹកចិត្ត​កុមារ​កំព្រា​តូច​ទាំងនោះ​ពេលខ្លះ​ឃើញ​ដូចជា​អស់កម្លាំង ប៉ុន្តែ​ពួកគេ​នៅតែ​ខិតខំ​ព្យាយាម​រក្សា​ទម្រង់​សិល្បៈ​មួយ​នេះ​បង្ហាញ​ដល់​មហាជន និង​បង្ក​បរិយាកាស​នៅ​ទី​អារាម​មាន​ភាព​អធិកអធម។

ស្ត្រី​ម្នាក់​ឈ្មោះ​លីណា ដែល​មក​ធ្វើបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នៅ​វត្ត​ទួល​ទំពូង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មេសា​ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​ចូលឆ្នាំ​៣​ថ្ងៃនេះ បាន​ថ្លែង​សរសើរ​ចំពោះ​កុមារ​ជា​សិល្បករ​ទាំងនោះ​ដែល​បាន​លះបង់ មិន​ដើរលេង​ថ្ងៃបុណ្យ​ហើយ​បែរជា​មក​បម្រើ​វិស័យ​សិល្បៈ​ជូន​មហាជន​បាន​សប្បាយរីករាយ​បែបនេះ៖ «បើ​មាន​អ៊ីចឹង​រាល់​ឆ្នាំ​ល្អ​ហើយ បើ​មាន​គ្រប់​វត្ត​ក៏​ល្អ​ដែរ​កុំ​ឲ្យ​វត្ត​ខ្លះ​មាន វត្ត​ខ្លះ​អត់»

ទីប្រឹក្សា​អង្គការ​បណ្ដុះបណ្ដាល​កុមារ​កំព្រា និង​យុវជន​ពិការ លោក សុនី ដែល​ជា​អ្នក​ដឹក​ក្រុម​សិល្បៈ​កុមារ​កំព្រា និង​ពិការ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​សិល្បៈ​របស់​លោក​មាន​គ្នា​ប្រមាណ​៣០​នាក់ ដោយ​បែង​ចែក​ជា​ក្រុម​របាំ​បុរាណ របាំ​ប្រជាប្រិយ និង​ក្រុម​ល្ខោន​ជាដើម។

ក្រុម​នេះ​មាន​ទីតាំងនៅ​ភូមិ​អណ្ដូង​សង្កាត់​គោករការ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដែល​ប្រមូលផ្ដុំ​ដោយ​កុមារ​ក្នុង​គ្រួសារ​ទីទាល់​ក្រ កុមារ​កំព្រា និង​ពិការ។

ក្រៅពី​ចូលរួម​រក្សា​ទម្រង់​សិល្បៈ​វប្បធម៌​ជាតិ​នោះ ក្រុម​សិល្បៈ​របស់​លោក​ក៏​មាន​គោលដៅ​ស្វែងរក​ការ​គាំទ្រ​មូលនិធិ​សម្រាប់​គាំទ្រ​ក្រុម​សិល្បៈ​នេះ អោយ​រីក​ចំរើន​ទៅមុខ និង​បំពេញ​នូវ​ការ​ខ្វះខាត​ផ្សេងៗ​ក្នុង​ការ​រៀន​សូត្រ​របស់​ពួកគេ​ផង​ដែរ៖ «​ខ្ញុំ​អំពាវនាវ​សូម​ឲ្យ​មានការ​គាំទ្រ​ទៅលើ​សិល្បៈ​របាំ​ត្រុដិ​នេះ និង​សកម្មភាព​របស់​កុមារ​របស់​លោក​ឲ្យ​បាន​ច្រើន»។

ចំណែក​ព្រះចៅ​អធិការ​វត្ត​ទួលទំពូង ព្រះតេជព្រះគុណ គៀត សុគន្ធា ដែល​ជា​អ្នក​អញ្ជើញ​ក្រុម​របាំ​ត្រុដិ​មក​សំដែង​នៅ​ទី​អារាម​របស់​ព្រះអង្គ​នេះ ដើម្បី​ជា​កិច្ច​ស្វាគមន៍​ពុទ្ធបរិស័ទ​ដែល​អញ្ជើញ​មក​ធ្វើបុណ្យ​ចូលឆ្នាំ​នៅ​វត្ត​ទួល​ទំពូង​នេះ ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​កន្លង​មក ដែល​មាន​ជំនឿ ទៅលើ​របាំ​ត្រុដិ​នេះ​ថា​ជា​ការ​ប្រោស​ព្រំ​ឲ្យ​មាន​សិរី​សួស្ដី មាន​សុខ​សន្តិភាព៖ «នេះ​ជា​ចំណុច​ដ៏​ល្អ​របស់​ខ្មែរ​យើង តាំង​ពី​បរម​បុរាណ​មក បើ​មើល​ទៅ​ជនជាតិ​ចិន​គេ​មាន​ម៉ុង​សាយ ខ្មែរ​យើង​មាន​របាំ​ត្រុដ រាំ​ប្រោះព្រំ​ឲ្យ​មាន​សេចក្ដី​សុខ​អ៊ីចឹង​បាន​ក្នុង​ឱកាស​នេះ​អាត្មា​សុំ​ឲ្យ​ក្រុម​កុមារ​កំព្រា​រាំ​របាំ​នេះ​និង​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ផង»

របាំ​ត្រុដិ​នេះ​គឺជា​ទម្រង់​របាំ​ប្រជាប្រិយ​ខ្មែរ​ក្នុងចំណោម​របាំ​ដ៏​ច្រើន​ផ្សេងទៀត។ របាំ​នេះ​គេ​និយម​លើក​យក​មក​សម្ដែង​តែ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដើម្បី​ប្រសិទ្ធ នូវ​ពរ​សព្ទសាធុការ​ជូន​ដល់​ពលរដ្ឋ​ទូទៅ​នៅ​ពេល​ចូល​ឆ្នាំថ្មី និង​បណ្ដេញ​ឧបទ្រពចង្រៃ​ដែល​កើតមានឡើង​កាលពី​ឆ្នាំ​ចាស់​មកនេះ ឲ្យ​វិនាស​ចេញ និង​នាំ​មង្គល​ល្អ​ជំនួស​មកវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។