អ្នក​ស៊ី​ឈ្នួល​ដឹក​ទំនិញ​តវ៉ា​បិទ​ផ្លូវ​នៅ​ក្រុង​ប៉ោយប៉ែត​ទាមទារ​យក​រថយន្ត​ពី​មន្ត្រី​គយ​វិញ

0:00 / 0:00

ក្រុម​អ្នក​រត់​តាក់ស៊ី​ដឹក​ទំនិញ​នៅ​ក្រុង​ប៉ោយប៉ែត ប្រមាណ ១០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា នាំ​គ្នា​យក​ឡាន​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​គយ ប្រគល់​រថយន្ត​មួយ​គ្រឿង​ដែល​បាន​ចាប់ ជូន​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស។ មន្ត្រី​គយ បាន​ឃាត់​រថយន្ត​តាក់ស៊ី​ដឹក​ទំនិញ​មួយ​គ្រឿង ដោយ​ចោទ​ប្រកាន់​ថា ដឹក​ទំនិញ​គេច​ពន្ធ​ខុស​ច្បាប់។ ចំណែក​អ្នក​រត់​តាក់ស៊ី បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

អ្នក​រត់​តាក់ស៊ី​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា មន្ត្រី​គយ និង​រដ្ឋាករ ចាប់​រថយន្ត​របស់​ពួក​គេ​ដោយ​គ្មាន​កំហុស និង​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ព្រោះ​គ្មាន​រថយន្ត​ដឹក​ទំនិញ។

តំណាង​អ្នក​តវ៉ា​ម្នាក់ គឺ​លោក ម៉ែន ភិរម្យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ មេសា ថា មូលហេតុ​ដែល​ពួក​គេ​តវ៉ា​បិទ​ផ្លូវ ដោយសារ​មន្ត្រី​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចាប់​រថយន្ត​របស់​ពួក​គេ​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​២៤ មេសា ដោយ​ចោទ​ប្រកាន់​ថា ដឹក​ទំនិញ​ខុស​ច្បាប់។ លោក​អះអាង​ថា ពួក​គេ​ដឹក​ទំនិញ​គ្រឿង​ប្រើប្រាស់​ផ្នែក​កសិកម្ម​ពី​ក្រុង​ប៉ោយប៉ែត នៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​ស្រប​ច្បាប់ ហើយ​ទទួល​ប្រាក់​ឈ្នួល​មួយ​ជើង​ប្រមាណ ៧​ម៉ឺន​រៀល។ លោក​ថា មន្ត្រី​គយ​ចាប់​រថយន្ត​របស់​ពួក​គេ ដើម្បី​ទារ​ប្រាក់​ក្រៅ​ផ្លូវ​ការ យក​ប្រើប្រាស់​ជា​ប្រយោជន៍​របស់​ក្រុម​ខ្លួន៖ « ខ្ញុំ​តវ៉ា​នេះ គ្រាន់​តែ​ចង់​ឲ្យ​មន្ត្រី​គយ​ប្រគល់​ឡាន​មក​ឲ្យ​ខ្ញុំ​វិញ ដើម្បី​យក​ទៅ​ដឹក​ទំនិញ​ដោះស្រាយ​ជីវភាព​គ្រួសារ »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត លោក ហ៊ុយ សុជាតិ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា មូលហេតុ​ដែល​មន្ត្រី​គយ​ឃាត់​រថយន្ត​តាក់ស៊ី ដោយសារ​ដឹក​ទំនិញ​គេច​ពន្ធ​ខុស​ច្បាប់៖ « ទំនិញ​ទាំង​នេះ​ជា​គ្រឿង​បន្លាស់​គ្រឿងយន្ត កសិកម្ម ហើយ​ខ្ញុំ​បាន​បញ្ជូន​ទៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​អស់​ហើយ។ ចំណែក​ការ​សម្រេច​យ៉ាង​ណា ជា​រឿង​របស់​គយ​សាខា​ខេត្ត »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែល​បាន​ចុះ​តាម​ដាន​ដល់​ទីកន្លែង​ផ្ទាល់​មាន​ប្រសាសន៍​ថា មន្ត្រី​គយ​ចាប់​រថយន្ត​ដឹក​ទំនិញ​របស់​អ្នក​រត់​តាក់ស៊ី គឺ​ជា​រឿង​គំនុំ ដោយសារ​ក្រុម​អ្នក​រត់​តាក់ស៊ី​មិន​បាន​បង់​ប្រាក់​ជា​ប្រចាំ​ខែ​ទៅ​ឲ្យ​មន្ត្រី​គយ។ លោក​ពន្យល់​ថា មន្ត្រី​គយ​មិន​គួរ​ចាប់​ទំនិញ​ដែល​ដឹក​នៅ​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ទំនិញ​ខុស​ច្បាប់ គួរ​ចាប់​នៅ​តាម​ព្រំដែន​ច្រក​ចេញ​ចូល​ជា​ការ​ប្រសើរ៖ « បើ​និយាយ​ឲ្យ​ចំ ទំនិញ​ទាំង​នេះ​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​នៅ​ច្រក​ព្រំដែន​អស់​ទៅ​ហើយ។ អ៊ីចឹង​ពួក​គាត់​គ្រាន់​តែ​ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​យក​ប្រាក់​កម្រៃ​ពី​គេ​ទេ »

ទោះ​បី​ជា​យ៉ាង​ណា ការ​តវ៉ា​នេះ​បណ្ដាល​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ផ្លូវ​ជាតិ​លេខ​៥ នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ប្រមាណ ១៥​នាទី។ កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ទៅ​អូស​រថយន្ត​ចេញ​ពី​ផ្លូវ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​អ្នក​ដំណើរ​ឡើង​វិញ។ ចំណែក​ក្រុម​អ្នក​តវ៉ា ពុំ​ទទួល​បាន​លទ្ធផល​ទេ ហើយ​ពួក​គេ​បញ្ជាក់​ថា ប្រសិន​បើ​មន្ត្រី​គយ​មិន​ប្រគល់​រថយន្ត​ឲ្យ​វិញ​ទេ ពួក​គេ​នឹង​តវ៉ា​សាជាថ្មី​ទៀត​នៅ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។