ក្រុមអ្នកបើកឡានដឹកដីដឹកខ្សាច់ចង្កូតស្ដាំ ព្រមផ្អាកការតវ៉ា ក្រោយពីមានកិច្ចប្រជុំជាមួយសាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣ ធ្នូ។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ការសម្រេច និងព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំ គឺសាលារាជធានីភ្នំពេញ សុំរយៈពេល ១៥ថ្ងៃ ដើម្បីសម្របសម្រួលទៅរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យម្ចាស់ឡានដឹកដីរក្សាឡានចង្កូតស្ដាំរបស់ខ្លួន ធ្វើចរាចរលើដងផ្លូវដដែល៖ «ឥឡូវនេះ យើងបានឯកភាពគ្នា ស្រុះស្រួលគ្នាថា បងប្អូននឹងនចិត្តហើយ ហើយអ្វីដែលសំខាន់ យើងសម្រេចពីរគោលការណ៍។ ទីមួយ សុំឲ្យគាត់បង់ពន្ធចាប់ពីពេលនេះទៅ។ ស្អែក ទុកឲ្យសាលាក្រុងរយៈពេល ១៥ថ្ងៃ ដើម្បីយើងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីទុកចង្កូតស្ដាំប្រើប្រាស់បានសម្រាប់ពួកគាត់។ ក្នុងរយៈពេល ១៥ថ្ងៃនេះ នៅពេលដែលគាត់បង់ពន្ធហើយ គាត់មានមីញ៉ែតបិទលើកញ្ចក់ឡាន គឺសមត្ថកិច្ចនឹងមិនចាប់គាត់ទេ ហើយក្រោយពីបានគោលការណ៍រក្សាទុកចង្កូតស្ដាំហើយ គឺយើងនឹងធ្វើផ្លាកលេខជូនពួកគាត់តែម្ដង»។
ក្រុមអ្នកបើកឡានដឹកដីធុនកង់៦ ចង្កូតស្ដាំ ដែលរកស៊ីដឹកខ្សាច់ ថ្ម និងដី បានយកឡានរបស់ខ្លួនប្រមាណ ១០០គ្រឿង បិទផ្លូវជាតិលេខ១ លេខ២ និងលេខ៣ នៅថ្ងៃទី២៣ ធ្នូ តវ៉ាចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលចាប់បង្ខំពួកគាត់បង់ពន្ធ និងកែចង្កូតឡានពីស្ដាំទៅឆ្វេង ស្របតាមទិសចរាចរណ៍កម្ពុជា។ ឡានចង្កូតស្ដាំភាគច្រើន ត្រូវបានគេនាំចូលពីប្រទេសថៃ ដែលធ្វើចរាចរប្រកាន់ឆ្វេង។ ក្រុមអ្នកតវ៉ាសរសេរបដារបស់ខ្លួនថា ពួកគាត់សុខចិត្តបង់ពន្ធ ប៉ុន្តែមិនកែចង្កូតឡានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
