បុគ្គលិក​ទ្រូថាម​អាស៊ី​តវ៉ា​មិន​ឲ្យ​អ្នក​គ្រប់គ្រង​ម្នាក់​ចូល​កន្លែង​ធ្វើ​ការ

0:00 / 0:00

បុគ្គលិក​ក្រុមហ៊ុន​ម៉ៅការ​ផលិត​ផ្ទាំង​រូបភាព​និង​រចនា​ម៉ូដ​មួយ ឈ្មោះ ទ្រូថាម អាស៊ី (Truetime Asia) មាន​ទីតាំងនៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នាំគ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​ការិយាល័យ​របស់​ខ្លួន ដោយ​មិន​ចូល​ធ្វើ​ការ នៅ​ថ្ងៃ​ទី​៩ តុលា ដើម្បី​ទាមទារ​កុំ​ឲ្យ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ ញ៉ែម សុភៈ ចូល​កន្លែង​ធ្វើការ​តាម​កិច្ច​ព្រមព្រៀង​គ្នា​រវាង​បុគ្គលិក​និង​នាយក​ក្រុមហ៊ុន​កាលពី​ខែ​កក្កដា កន្លង​ទៅ។

បុគ្គលិក​ក្រុមហ៊ុន ទ្រូថាម អាស៊ី ជិត ១០០​នាក់ កំពុង​ប្រមូល​ស្នាម​មេដៃ​ត្រៀម​ដាក់​លិខិត​ប្តឹង​ទៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ចំពោះ​នាយក​ក្រុមហ៊ុន​ដែល​រំលោភ​កិច្ចសន្យា​ជាមួយ​បុគ្គលិក ដោយ​បាន​ទទួល​យក​អ្នក​គ្រប់គ្រង​ចាស់​ដែល​ធ្លាប់​ប្រើ​អំពើ​ហិង្សា​លើ​បុគ្គលិក​ឲ្យ​ចូល​មក​ធ្វើការ​វិញ។

កញ្ញា អ៊ុំ ស្រីម៉ុច បុគ្គលិក​ម្នាក់​ដែល​ឈរ​តវ៉ា​ឲ្យ​ដឹង​ថា លោក ញ៉ែម សុភៈ ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ធ្លាប់​ប្រើ​អំពើ​ហិង្សា​យក​កាំភ្លើង​គំរាមកំហែង​បង្ក​ឲ្យ​បុគ្គលិក​រង​របួស ព្រមទាំង​ប្រើ​សម្ដី​មិន​សមរម្យ​ទៅ​លើ​បុគ្គលិក ហើយ​គាត់​ត្រូវ​បាន​បុគ្គលិក​តវ៉ា​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ដើម្បី​ទាមទារ​ឲ្យ​នាយក​ក្រុមហ៊ុន​ដក​សិទ្ធិ​ជា​អ្នក​គ្រប់គ្រង និង​មិន​ឲ្យ​គាត់​ចូល​កន្លែង​ធ្វើការ​បន្ត​ទៀត។

កញ្ញា​បន្ត​ថា កាលណោះ​នាយក​ក្រុមហ៊ុន​ម្នាក់​ជា​ជនជាតិ​អាល្លឺម៉ង់ សម្រេច​ដក​សិទ្ធិ​លោក ញ៉ែម សុភៈ មិន​ឲ្យ​សម្រេច​កិច្ចការ​នានា​របស់​ក្រុមហ៊ុន​ត​ទៅ​ទៀត ហើយ​លោក ញ៉ែម សុភៈ ក៏​មិន​មាន​វត្តមាន​នៅ​ក្នុង​ក្រុមហ៊ុន​ដែរ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៨ តុលា ស្រាប់តែ​លោក ញ៉ែម សុភៈ ត្រឡប់​មក​ធ្វើ​ការ​វិញ ព្រមទាំង​បាន​គំរាម​កំហែង​បុគ្គលិក​ធ្វើការ​វេន​យប់​ទៀត។

កញ្ញា អ៊ុំ ស្រីម៉ុច៖ «គាត់​ថា គាត់​ចូល​មក​នឹង​កែទម្រង់​នៅ​ខាង​ក្នុង​ចោល ដែល​ពួក​ខ្ញុំ​ទាមទារ​លើក​មុន​បាន​ច្បាប់ ១៨​ថ្ងៃ​មក​វិញ ហើយ​នឹង​បាន​លុប​ថែម​ម៉ោង​នៅ​ថ្ងៃ​អាទិត្យ​គុណ​២ គឺ​កែ​ឲ្យ​អស់​វិញ។ មិន​ទាន់​បាន​អី​ផង គាត់​បញ្ចេញ​សកម្មភាព​ដើរ​មើល​ពួក​ខ្ញុំ​ក្នុង​លក្ខណៈ​គ្រឺត​ក្នុង​ចិត្ត គាត់​ដើរ​បញ្ចេញ​ឫក​ឲ្យ​ពួក​យើង​ឃើញ​ថា គាត់​មក​លើក​ហ្នឹង​មិន​ដូច​មុន​ទេ គឺ​ខ្លាំង​ជាង​មុន»

បុគ្គលិក​ម្នាក់​ទៀត លោក ហ៊ុំ ចាន់សុវណ្ណាក់ ថ្លែង​ឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថា បុគ្គលិក​ទាំង ៣​វេន ប្រមាណ​សរុប​ជិត ២០០​នាក់ មិន​ពេញ​ចិត្ត​នឹង​វត្តមាន​របស់​លោក ញ៉ែម សុភៈ ទេ ហើយ​ពួកគេ​នឹង​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​តាម​វេន​របស់​ខ្លួន​នីមួយៗ រហូត​ដល់​នាយក​ក្រុមហ៊ុន​គោរព​កិច្ចសន្យា​កាល ពី​ខែ​កក្កដា កន្លង​ទៅ គឺ​មិន​ឲ្យ​លោក ញ៉ែម សុភៈ ចូល​មក​គ្រប់គ្រង​នៅ​កន្លែង​ធ្វើការ​ដូច​ដើម។

​លោក ហ៊ុំ ចាន់សុវណ្ណាក់៖ «សូម​តវ៉ា​ទៅ​ម្ចាស់​ក្រុមហ៊ុន​ហ្នឹង កុំ​ឲ្យ​អ្នក​គ្រប់គ្រង​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ទៀត​ទេ ព្រោះ​បាន​សន្យា​ជាមួយ​ពួក​ខ្ញុំ​ហើយ​ថា​អត់​ឲ្យ​អ្នកគ្រប់គ្រង​ម្នាក់​ហ្នឹង​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ហ្នឹង​ទៀត​ទេ ប៉ុន្តែ​បែរ​ជា​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ហ្នឹង បុគ្គលិក​ជា​ច្រើន​អត់​ពេញ​ចិត្ត​ទេ»

តាម​ការ​អះអាង​របស់​បុគ្គលិក​ដែល​តវ៉ា​នោះ បញ្ជាក់​ថា ពួកគេ​គ្រោង​ដាក់​លិខិត​មួយ​ប្ដឹង​ទៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​១០ តុលា ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​រឿង​នេះ បន្ទាប់​ពី​ខាង​ក្រុមហ៊ុន​អះអាង​ថា នឹង​មិន​ដក​លោក ញ៉ែម សុភៈ ចេញ​ពី​ការ​គ្រប់គ្រង​ក្រុមហ៊ុន​តាម​ការ​ស្នើ​សុំ​របស់​បុគ្គលិក​ទេ។

ជុំវិញ​ការ​តវ៉ា​ប្រឆាំង​នឹង​អ្នក​គ្រប់គ្រង​នេះ លោក ញ៉ែម សុភៈ ជា​អ្នក​គ្រប់គ្រង​បញ្ជាក់​ថា វា​ជា​រឿង​ពិបាក​នៅ​ពេល​ដែល​លោក​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​មួយ ហើយ​មិន​មាន​សិទ្ធិ​ចូល​មក​ក្នុង​ក្រុមហ៊ុន។ យ៉ាង​ណា​លោក​បញ្ជាក់​ថា បុគ្គលិក​ដែល​តវ៉ា​មិន​ចូល​ធ្វើការ​គឺ​សន្មត​ថា ពួក​គេ​បោះបង់​ការងារ​ដោយ​ស្វ័យប្រវត្ត៖ «ខ្ញុំ​ជានា​យក​ក្រុមហ៊ុន​បើក​ការ​រកស៊ី បើ​ខ្ញុំ​មិន​មក​ធ្វើការ ធ្វើ​ម៉េច​ទៅ? ...ប្រសិនបើ​បុគ្គលិក​ណា​មិន​ចូល​សន្មត​ថា គាត់​បោះបង់​ការងារ​ចោល»

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ទ្រូថាម អាស៊ី កញ្ញា ស្រេង ភក្តី បញ្ជាក់​ថា នាយក​ធំ​របស់​ក្រុមហ៊ុន​ជា​ជនជាតិ​ស្វីស សម្រេច​ផ្ដល់​តួនាទី និង​ផ្ដល់​ឱកាស​ឲ្យ​លោក ញ៉ែម សុភៈ ត្រឡប់​មក​ធ្វើការ​វិញ។ ប៉ុន្តែ​ប្រសិនបើ​លោក ញ៉ែម សុភៈ ប្រព្រឹត្ត​ទង្វើ​អ្វី​មិន​សមរម្យ​ទៀត​នោះ ក្រុមហ៊ុន​នឹង​ចាត់​វិធានការ​ទៅ​លើ​បុគ្គល​នេះ៖ «គឺ​គាត់ (នាយក​ធំ) ផ្ដល់​ឱកាស​ឲ្យ​គាត់​ជា​លើក​ចុង​ក្រោយ តែ​បើ​ក្នុង​ករណី​គាត់​ធ្វើ​ខុស​ម្ដង​ទៀត គាត់​គំរាមកំហែង គាត់​ប្រើ​ហិង្សា​នៅ​ក្នុង​ក្រុមហ៊ុន នោះ​ក្រុមហ៊ុន​នឹង​មាន​វិធានការ​ផ្សេង​ទៀត»

ទោះបី​មានការ​អះអាង​បែបនេះ​ក្តី ក៏​បុគ្គលិក​ដែល​ធ្វើ​កូដកម្ម​អះអាង​ថា ពួកគេ​មិន​ចង់​ធ្វើ​កូដកម្ម​ទេ ប៉ុន្តែ​ពេល​ដែល​លោក ញ៉ែម សុភៈ ត្រឡប់​ចូល​មក​ធ្វើការ​នៅ​ថ្ងៃ​ដំបូង ក៏​បាន​បង្ហាញ​ឫកពា​កោងកាច និង​គំរាម​កំហែង​បុគ្គលិក​ដូច​មុន ទើប​ពួកគេ​ស្រុះស្រួល​គ្នា​ចេញ​មក​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​លោក ញ៉ែម សុភៈ ម្តង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។