ការ​ចរចា​ដោះស្រាយ​វិវាទ​ការងារ​រវាង​បុគ្គលិក​និង​ក្រុមហ៊ុន​ទ្រូថាម​អាស៊ី​បរាជ័យ

ដោយ ខែ សុណង
2014.11.15
ទ្រូថាម​អាស៊ី ៦១០ បុគ្គលិក​គ្រប់​វេន​របស់​ក្រុមហ៊ុន ទ្រូថាម​អាស៊ី (truetime asia) ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ដើម​មក​ពី​អាល្លឺម៉ង់ នៅ​ការិយាល័យ​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤។
RFA/Ouk Savborey

មន្ត្រី​ក្រសួង​ការងារ អាជ្ញាធរ​ខណ្ឌ​ចំការមន និង​សហជីព បាន​ចូលរួម​សម្រប​សម្រួល​នៅ​ក្នុង​ការ​ចរចា​វិវាទ ដែល​អូស​បន្លាយ​ជាង ១​ខែ​ទៅ​ហើយ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ផលិត​ផ្ទាំង​រូបភាព និង​រចនា​ម៉ូត នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា។

ប៉ុន្តែ​ការ​ចរចា​នេះ​បាន​បរាជ័យ ដោយសារ​ភាគី​ក្រុមហ៊ុន​ប្រកាន់​ជំហរ​របស់​ខ្លួន មិន​ព្រម​ដក​ថ្នាក់​ដឹក​នាំ​ចំនួន ៣​នាក់​តាម​ការ​ទាមទារ​របស់​បុគ្គលិក​ឡើយ។

បុគ្គលិក​ក្រុមហ៊ុន​ផលិត​ផ្ទាំង​រូបភាព និង​រចនា​ម៉ូត ទ្រូថាម អាស៊ី (Truetime Asia) បាន​គំរាម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​បញ្ចប់​ជម្លោះ ដោយសារ​ពួក​គេ​អស់​ជំនឿ​លើ​នីតិវិធី​ដែល​អន្តរាគមន៍​ដោយ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល និង​ក្រសួង​ការងារ។

តំណាង​បុគ្គលិក លោក សួន ចំរើន ថ្លែង​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា ការ​ទាមទារ​របស់​បុគ្គលិក​ចំនួន ១៥​ចំណុច អាច​នឹង​បញ្ចប់ គឺ​ស្ថិត​នៅ​លើ​ចំណុច​សំខាន់​មួយ គឺ​ស្នើ​ឲ្យ​ដក​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ៣​នាក់ ដែល​មាន​ឈ្មោះ ញ៉ែម សុភៈ ញ៉ែម សុភា និង ទឹម ណារិន។ ប៉ុន្តែ ពួក​គេ​សុខ​ចិត្ត​ស្នើ​ដក​តែ ២​នាក់​វិញ គឺ ញ៉ែម សុភា និង ទឹម ណារិន ដែល​មាន​អត្តចរិត​ឆេវឆាវ ប្រើ​អំពើ​ហិង្សា និង​ពាក្យ​សម្ដី​ប្រមាថ​មក​លើ​បុគ្គលិក។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ភាគី​ក្រុមហ៊ុន​នៅ​តែ​មិន​ព្រម​ទេ ថែម​ទាំង​ឲ្យ​ពួក​គេ​ចូល​ធ្វើ​ការ​វិញ និង​ធ្វើ​កិច្ចសន្យា​ថា​ឈប់​ធ្វើ​កូដកម្ម។

លោក សួន ចំរើន បញ្ជាក់​ថា លោក​មិន​យល់​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​ការងារ និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​នា​ពេល​កន្លង​មក បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​មិន​បាន​អនុវត្ត​តាម៖ «ការ​ចរចា​នៅ​ក្រសួង​ការងារ​ពី​មុន​ហ្នឹង វា​អត់​សះ​ជា​ទេ វា​ជា​ជំហាន​ដែល​យើង​ធ្លាប់​ដើរ​រួច​ហើយ ចូល​ទៅ​អាជ្ញា​កណ្ដាល អាជ្ញា​កណ្ដាល​លើក ៣​នាក់​ហ្នឹង​មក​និយាយ​ដដែល ប្រាកដ​ជា​បង្គាប់​ឲ្យ​ពួក​ខ្ញុំ​ចូល​ដូច​លើក​មុន​ដដែល ចូល​ប្រាកដ​ជា​រក​វិធី​ដើម្បី​បិទ​សំណុំ​រឿង​ដូច​កាល​លើក​ទី​១​ដែរ។ វា​ជា​រឿង​ដដែលៗ អ៊ីចឹង​ប្រហែល​ជា​ពួក​ខ្ញុំ​មាន​គម្រោង​ដាក់​ទៅ​ខាង​តុលាការ ឬ​ក៏​ខាង​ណា​ពាក់ព័ន្ធ​ធំ​ជាង​ហ្នឹង​ល្អ​ជាង»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​បើក​ការ​ចរចា​រក​ដំណោះស្រាយ តែ​បរាជ័យ។ កិច្ច​ចរចា​មាន​ភាគី​ក្រុមហ៊ុន តំណាង​បុគ្គលិក សហជីព អាជ្ញាធរ​មូលដ្ឋាន ហើយ​មន្ត្រី​ក្រសួង​ការងារ​ខាង​ដោះស្រាយ​វិវាទ មក​បង្ហាញ​ខ្លួន​តែ​មួយ​ភ្លែត។

ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គីភាព លោក ណៃ សុខវាសនា ថ្លែង​ថា ភាគី​ក្រុមហ៊ុន​ពុំ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ​ទេ។ លោក​ថា កន្លង​មក ក្រុមហ៊ុន​នេះ​តែង​រំលោភ​លើ​កិច្ចសន្យា​ជាច្រើន​លើក។ ក្រុមហ៊ុន​បាន​ជ្រើស​រើស​បុគ្គលិក​ថ្មី​ឲ្យ​ចូល​ធ្វើ​ការ នៅ​គ្រា​ដែល​បុគ្គលិក​ជូន​ដំណឹង​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​៩ តុលា។ ក្រុមហ៊ុន​បាន​រំលោភ​សេចក្ដី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ដែល​សម្រេច​ឲ្យ​អ្នក​តវ៉ា​ចូល​ធ្វើ​ការ​វិញ។ ជា​ថ្មី​ម្ដង​ទៀត ក្រុមហ៊ុន​បាន​បំពាន​ការ​សន្យា​នៅ​ចំពោះ​មុខ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា​ឲ្យ​បុគ្គលិក​ចាស់​ចូល​ធ្វើ​ការ តែ​នឹង​មិន​អនុញ្ញាត​ឲ្យ​បុគ្គលិក​ថ្មី​ចូល​ធ្វើ​ការ តែ​ផ្ទុយ​ទៅ​វិញ បុគ្គលិក​ថ្មី​បាន​ចូល​ធ្វើ​ការ​ពេញ​ការិយាល័យ​ទៅ​ហើយ។ លោក​ថា លោក​គាំទ្រ​ចំពោះ​ការ​ដោះស្រាយ​វិវាទ​បុគ្គល​តាម​ផ្លូវ​តុលាការ។ តែ​ទោះ​ជា​យ៉ាង​ណា ទំនាស់​ការងារ គឺ​ក្រសួង​ការងារ ត្រូវ​តែ​ដោះស្រាយ។

លោក ណៃ សុខវាសនា៖ «ចំពោះ​ខ្ញុំ​រៀបចំ​ហើយ​ឯកសារ ខ្ញុំ​នឹង​ដាក់​លិខិត​ជា​ផ្លូវ​ការ​រៀបចំ​ជាមួយ​បង​ប្អូន​យើង ដើម្បី​ស្នើ​ទៅ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​គាត់​ចាត់​វិធានការ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន ធ្វើ​ម៉េច​ឲ្យ​គាត់​ចុះ​មក​ជួយ​ផ្សះផ្សា​វិវាទ​នេះ​ឲ្យ​បាន​ចប់»

ឆ្លើយ​តប​បញ្ហា​នេះ អគ្គនាយក​ក្រុមហ៊ុន ទ្រូថាម អាស៊ី លោក ញ៉ែម សុភៈ ជា​អ្នក​គ្រប់គ្រង​ម្នាក់​ក្នុង​ចំណោម ៣​នាក់ ដែល​អ្នក​តវ៉ា​ស្នើ​ដក ហើយ​ចូល​ចរចា​ដែរ​នោះ​ថ្លែង​ថា ដើម្បី​បាន​ការ​សះ​ជា បុគ្គលិក​ទាំងអស់​ត្រូវ​ចូល​ធ្វើ​ការ​ដោយ​គ្មាន​ការ​ដាក់​លក្ខខណ្ឌ​ណា​មួយ​មក​ក្រុមហ៊ុន​នោះ​ទេ៖ «តាម​ក្រុមហ៊ុន​ជ្រើស​រើស​បុគ្គលិក​តាំង​ពី​មិន​ទាន់​មាន​បញ្ហា​កើត​ឡើង​ធ្វើ​កូដកម្ម​មក​ម្ល៉េះ ព្រោះ​ក្រុមហ៊ុន​ត្រូវ​ការ​បន្ថែម​បុគ្គលិក​ទៀត ដោយសារ​យើង​ដំឡើង​ទូ​កុំព្យូទ័រ ៣០​គ្រឿង​ទៀត។ ដល់​ចឹង យើង​ត្រូវ​ការ​បុគ្គលិក​ប្រហែល​ជា ៩០​នាក់​បន្ថែម​ទៀត​នៅ​ក្នុង ៣​វេន គម្រោង​របស់​ក្រុមហ៊ុន​ពី​មុន​កើត​ហេតុ​ធ្វើ​កូដកម្ម​ម្ល៉េះ»

ចំណែក​អភិបាល​រង​ខណ្ឌ​ចំការមន លោក កែវ សំណាង មាន​ប្រសាសន៍​ថា ក្រសួង​ការងារ រួម​ទាំង​លោក​ជា​អាជ្ញាធរ នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ មុន​នឹង​ហៅ​ភាគី​ទាំង​ពីរ​ជួប​គ្នា​ដោះស្រាយ​ម្ដង​ទៀត។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា អ្នក​តវ៉ា​បាន​នាំ​គ្នា​បិទ​ច្រក​ចូល​ទៅ​ក្រុមហ៊ុន ដើម្បី​រារាំង​មិន​អោយ​បុគ្គលិក​ដែល​ក្រុមហ៊ុន​ទើប​ជ្រើស​រើស​ថ្មី​ចូល​ធ្វើ​ការ​ឡើយ ដោយ​ពួក​គេ​ចាត់​ទុក​សកម្មភាព​របស់​ក្រុមហ៊ុន​ថា​រំលោភ​ច្បាប់ ពីព្រោះ​ជ្រើស​រើស​អ្នក​ថ្មី​ចូល​ក្នុង​ពេល​កំពុង​មាន​វិវាទ។

ក្រុមហ៊ុន​បាន​ឲ្យ​ប្រាក់​មួយ​ចំនួន​ទៅ​បុគ្គលិក​តវ៉ា ដើម្បី​ឲ្យ​ពួក​គេ​ឈប់​ធ្វើ​ការ ប៉ុន្តែ​តំណាង ៩​នាក់ ក្រុមហ៊ុន​មិន​ទូទាត់​ប្រាក់​ឲ្យ​ឡើយ ទើប​ពួក​គេ​នៅ​តែ​បន្ត​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។