កម្មកររោងចក្រកាត់ដេរ យូ.អ៊ី (U E Garment) ជិត ២០០នាក់ ដែលបានធ្វើកូដកម្មប្រមាណ ១០ថ្ងៃមកហើយ បានផ្ទុះកំហឹងកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា បម្រុងដឹកសម្ភារៈក្នុងរោងចក្រយកទៅលក់ ដើម្បីបើកប្រាក់ខែ២ខែដែលថៅកែបោកប្រាស់ពលកម្មពួកគេ។
ក្រុមកម្មករអះអាងថា ពួកគេមិនបានបើកប្រាក់ខែចាប់តាំងពីខែមិថុនា មក ដោយសារតែថៅកែចិន រត់ចោលកាលពីថ្ងៃទី៩ ខែមិថុនា កន្លងមក គឺមួយថ្ងៃមុនកម្មករត្រូវបើកប្រាក់ខែ។ ក្រុមកម្មករបានប្ដឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យជួយដោះស្រាយ ប៉ុន្តែគ្មានដំណោះស្រាយ ដោយសារតែមិនមានវត្តមានថៅកែ។ ទោះជាយ៉ាងនេះក្តី ថៅកែថ្មីម្នាក់បានយល់ព្រមចូលរួមចរចា ក្នុងបំណងផ្តល់សំណងអោយកម្មករ និងសេងយករោងចក្រនេះ។
ថៅកែថ្មីដែលចរចាសេងរោងចក្រកាត់ដេរ យូ.អ៊ី ជាមួយតំណាងកម្មករ គណៈកម្មការដោះស្រាយបាតុកម្មកូដកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខណ្ឌដង្កោ បានសម្រេចទទួលយករោងចក្រ ដោយផ្តល់ប្រាក់ទូទាត់សំណងទៅអោយកម្មករសរុបចំនួន ១ម៉ឺន ៦ពាន់ដុល្លារ។
ការចរចានេះ បានធ្វើឡើងនៅពេលដែលថៅកែរោងចក្រនេះ បានរត់ចោលរោងចក្រ និងកម្មករ មិនដោះស្រាយប្រាក់ខែមិថុនា និងកក្កដា ឲ្យកម្មករជិត ២០០នាក់។
កម្មការិនី អា ថាង ថ្លែងថា ថៅកែថ្មីចរចាសេងរោងចក្រនេះ ដើម្បីបន្តការងារឲ្យកម្មករធ្វើ ប៉ុន្តែក្រុមកម្មករទាមទារយក ២ម៉ឺនដុល្លារ ដើម្បីបានប្រាក់ខែ ៦០%។ ក្រោយការចរចាដែលបានអូសបន្លាយចាប់តាំងពីពេលថ្ងៃត្រង់ដល់ម៉ោងជាង ៥ល្ងាច ថៅកែថ្មីសម្រេចសេងរោងចក្រក្នុងតម្លៃ ១ម៉ឺន ៦ពាន់ដុល្លារ សម្រាប់បើកប្រាក់ខែក្នុងខែមិថុនា។ កម្មករព្រមទទួលយក គឺនឹងបានប្រាក់ខែប្រមាណ ៤៥ ទៅ ៤៨%៖ «មុនដំបូងគាត់ថាថ្ងៃសុក្រ ហ្នឹងមានថៅកែណាមកយកលុយមកឲ្យភ្លាមៗតែម្តង ២ម៉ឺន ប្រគល់លុយឲ្យពួកខ្ញុំ អ៊ីចឹងដល់ឥឡូវវាអត់មាន ហើយដល់រង់ចាំអ៊ីចឹងទៅ មានខាងថៅកែមួយទៀត គេសុំមកមើល»។
ក្រុមកម្មកររង់ចាំដំណោះស្រាយតាមការសន្យារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថានឹងបើកប្រាក់ឲ្យកម្មករនៅថ្ងៃទី២៥ ខែកក្កដា ប៉ុន្តែមិនបានដូចចិត្ត ក្រុមកម្មករបម្រុងយកសម្ភារៈដែលនៅសេសសល់ក្នុងរោងចក្រ ដើម្បីលក់ជាថ្នូរនឹងប្រាក់ខែ ប៉ុន្តែមានការរារាំងពីអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ និងក្រសួងការងារ៖ «បើថាមិនព្រមនាំគ្នារុះរើម៉ាស៊ីនលក់តែម្តងថ្ងៃហ្នឹង ចាត់ចែងលក់បានប៉ុន្មានចែកគ្នាប៉ុណ្ណឹងតែម្តង បើចៃគាត់ឡើងមួយអាទិត្យហើយ។ លុយថ្លៃផ្ទះគេ២ខែ ហើយមិនទាន់មានឲ្យផង»។
តំណាងសហជីពពលករកម្ពុជា លោក ឌីន សំអឿន ដែលកម្មករស្នើសុំឲ្យជួយធ្វើសាក្សីក្នុងការចរចា ឲ្យដឹងថា ថៅកែថ្មីបានប្រគល់ប្រាក់ ១ម៉ឺន ៦ពាន់ដុល្លារ ឲ្យមកគណនេយ្យរោងចក្រ សម្រាប់បើកប្រាក់ខែជូនកម្មករជិត ២០០នាក់។ ចំណែកថ្លៃជួលម៉ាស៊ីនដេរ ២៧គ្រឿង ថ្លៃជួលម៉ាស៊ីនភ្លើង ថ្លៃក្រណាត់នៅសល់ក្នុងរោងចក្រ និងថ្លៃជួលទីតាំង គឺមិនរាប់បញ្ចូលក្នុងប្រាក់ ១ម៉ឺន ៦ពាន់៖ «១៦.០០០ដុល្លារ គឺខាងថៅកែដែលគាត់ចូលមកទិញហ្នឹង គាត់យកតែរបស់ថៅកែចាស់ទេរបស់ដែលជួលគេ គឺគាត់ឲ្យប្រគល់ឲ្យម្ចាស់ដើមគេវិញ គាត់អត់យកទេ។ អត់កាត់ក្នុងលុយ ១៦.០០០ដុល្លារទេ គឺ ១៦.០០០ដុល្លារ សម្រាប់បើកប្រាក់ឈ្នួលឲ្យកម្មករ»។
ក្រុមកម្មករ ឲ្យដឹងថា ២ខែមកនេះ ពួកគេជួលបន្ទប់ស្នាក់នៅគ្មានលុយបង់ឲ្យគេ និងគ្មានលុយទិញអាហារហូបប្រចាំថ្ងៃ គឺជំពាក់ប្រាក់គេម្នាក់ៗមិនតិចជាងពី ៥០ដុល្លារឡើយ ទើបកម្មករសម្រេចទទួលប្រាក់ ១ម៉ឺន ៦ពាន់ដុល្លារ។ ក្រុមកម្មករសុំឲ្យរដ្ឋាភិបាល មុននឹងប្រគល់ការវិនិយោគទៅថៅកែបរទេស សុំឲ្យគិតគូរពីប្រាក់ក្ស័យធន ហើយថៅកែរត់គេច ឧទាហរណ៍ដូចថៅកែរោងចក្រកាត់ដេរ យូ.អ៊ី ជាគំរូ ព្រោះអ្នកខាតបង់ គឺកម្មករដែលខាតបង់ប្រាក់ខែពី ១០០% មកនៅត្រឹមជាង ៤០% នេះ។
ក្រុមកម្មកររោងចក្រកាត់ដេរ យូ.អ៊ី ឲ្យដឹងថា ក្រុមកម្មករបានធ្វើបាតុកម្មចាប់ពីថ្ងៃទី១០ ខែកក្កដា មកដល់បច្ចុប្បន្ន ដើម្បីទាមទារប្រាក់ខែ២ខែ គឺខែមិថុនា និងខែកក្កដា ដែលថៅកែមិនទាន់បើកប្រាក់ឈ្នួលឲ្យពួកគេ ហើយរត់ចោលរោងចក្រ។ រោងចក្រកាត់ដេរ យូ.អ៊ី មានទីតាំងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌដង្កោ ទើបដំណើរការបានជាង ១ឆ្នាំ គិតមកដល់ខែកក្កដា ឆ្នាំ២០១៤ និងមានកម្មករ និងបុគ្គលិកសរុបជិត ២០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
