អ្នកអនុវត្តន៍គម្រោងបាឡុងហោះ ដើម្បីរៃអង្គាសទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក សម្រាប់អង្គការ យូនីសេហ្វ (UNICEF) ធ្វើដំណើរមកដល់សួនច្បារមុខវត្តបទុមវតី នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ យូនីសេហ្វ នៅថ្ងៃទី១ កក្កដា ឲ្យដឹងថា បាឡុងហោះនេះត្រូវបានបង្ហោះឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ក្នុងការទទួលការអប់រំ និងដើម្បីរៃអង្គាសទឹកប្រាក់ សម្រាប់ការងាររបស់អង្គការ យូនីសេហ្វ នៅទូទាំងពិភពលោក។
អ្នកបង្ហោះបាឡុងហោះ និងជាអ្នករៃអង្គាសថវិកា សម្រាប់អង្គការ យូនីសេហ្វ លោក អែនឌ្រូ ផាកឃឺ (Andrew Parker) មានប្រសាសន៍តាមរយៈសេចក្តីប្រកាសព័ត៌មានថា លោកមានគំនិតក្នុងការហោះហើរសម្រាប់បុព្វហេតុអ្វីមួយ តាំងពីលោកនៅវ័យជំទង់ម្ល៉េះ ហើយថា លោកចេះតែចិញ្ចឹមចិត្តបែបនោះរហូតមក។ លោកថា សុបិន្ដរបស់លោកបានក្លាយជាការពិត ចាប់ពីឆ្នាំ២០១០ មក បន្ទាប់ពីលោកបានសរសេរសំណើមួយទៅកាន់អង្គការ យូនីសេហ្វ។
លោក អែនឌ្រូ បានចាប់ផ្ដើមគម្រោងបាល់ឡុងហោះពិភពលោកសម្រាប់កុមារ ជាមួយអង្គការ យូនីសេហ្វ នៅចុងឆ្នាំ២០១៣ ហើយលោកមានគម្រោងទស្សនកិច្ចសាលារៀនចំនួន ២០០កន្លែង និងជួបកុមារប្រមាណ ៨ម៉ឺននាក់។ បាឡុងហោះដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសជាង ១០០ នេះ នឹងបន្តដំណើរទៅកាន់ប្រទេសឡាវ បន្ទាប់ពីចុះចតនៅក្រុងភ្នំពេញនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល នៅក្នុងរយៈពេល ៤ឆ្នាំខាងមុខ បាឡុងនេះនឹងហោះទៅកាន់កន្លែងជាច្រើន ហើយជាចុងក្រោយ នឹងត្រូវចុះចតនៅក្នុងប្រទេសឈីលី (Chile) នៅឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
