វេទិកាពិភាក្សាដែលមានវាគ្មិនមកពីស្ថាប័នសំខាន់ៗមួយចំនួន បានចែករំលែកព័ត៌មាន និងទស្សនៈយល់ឃើញពីសារសំខាន់នៃការអប់រំបច្ចេកទេស និងការអប់រំវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ ដើម្បីលើកកម្ពស់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស តាមរយៈភាពជាដៃគូក្នុងចំណោមស្ថាប័នអប់រំ និងជាមួយក្រុមហ៊ុនជំនួញនានា។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង ២០០នាក់ លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា មិនខុសពីយុវជននៅតាមបណ្ដាប្រទេសផ្សេងៗលើពិភពលោក ដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស ឬអ៊ីតាលី ដែលចង់បានការងារល្អៗ យុវជនកម្ពុជា ក៏ត្រូវការការងារល្អ មានការអប់រំខ្ពស់ និងត្រូវការអ្វីៗផ្សេងទៀតសម្រាប់ជីវិតពួកគេ។
លោកថា បើទោះជាអត្រានៃអ្នកអត់ការងារធ្វើនៅកម្ពុជា នៅមានកម្រិតទាប ប្រៀបនឹងប្រទេសដទៃ តែអត្រានៃយុវជនដែលគ្មានការងារធ្វើនៅមានកម្រិតខ្ពស់នៅឡើយ។ ហើយចំពោះយុវជនមួយចំនួនដែលមានការងារធ្វើវិញ ការងាររបស់ពួកគេជាប្រភេទការងារបណ្ដោះអាសន្ន ដែលធ្វើសម្រាប់តែមួយរស់ និងគ្មានការអភិវឌ្ឍជំនាញវិជ្ជាជីវៈ សម្រាប់ថ្ងៃអនាគតឡើយ។ លោកថា ថ្វីបើកម្ពុជា មានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំពី ៧ ទៅ ៨% ក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរមួយចំនួនកំពុងស្ថិតក្នុងភាពក្រីក្រខ្លាំងនៅឡើយ។
លោក វីល្លៀម ថត៖ «វាមានសារសំខាន់ណាស់បើយើងធ្វើអោយកម្ពុជា មានរូបភាពល្អ ជាកន្លែងសម្រាប់ធ្វើជំនួញ និងធ្វើអោយកម្ពុជា មានរូបភាពល្អជាកន្លែងដែលទទួលបានប្រយោជន៍ច្រើនពីការធ្វើជំនួញនៅប្រទេសនេះ។ ហើយជាថ្មីម្តងទៀត គោលដៅរបស់ខ្ញុំ គឺយើងចង់បង្កើតការងារអោយគ្រប់ពលរដ្ឋខ្មែរទាំងអស់ ពិសេសសម្រាប់យុវជន។ ម្យ៉ាងទៀត សហគមន៍សេដ្ឋកិច្ចអាស៊ាន គឺជារឿងធំមួយផ្សេងទៀត វាមានន័យថា ប្រជាជនក្នុងតំបន់នេះអាចផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ដើម្បីរកការងារធ្វើ វាជាការល្អសម្រាប់កម្ពុជា។ តែអ្វីដែលធ្វើអោយខ្ញុំបារម្ភនោះ គឺប្រសិនបើមនុស្សពុំមានជំនាញដើម្បីធ្វើការក្នុងជំនាញខ្ពស់ៗ ឬគ្មានជំនាញដើម្បីធ្វើការអោយទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ ប្រជាពលរដ្ឋកម្ពុជា នឹងស្ថិតក្នុងចំណោមអ្នកដែលធ្វើការក្នុងជំនាញទាប និងប្រាក់បៀវត្សរ៍ទាប ហើយនេះនឹងធ្វើអោយប៉ះពាល់រឹតតែខ្លាំងដល់យុវជនដែលពុំមានជំនាញច្បាស់លាស់ស្រាប់ហើយនោះ ដូច្នេះយើងគិតថា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានសារសំខាន់ខ្លាំងណាស់»។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន នឹងបង្កើតសហគមន៍សេដ្ឋកិច្ចនៅឆ្នាំ២០១៥។ ការបង្កើតសហគមន៍សេដ្ឋកិច្ចមួយនេះ ត្រូវបានមនុស្សមួយចំនួនយល់ថាល្អសម្រាប់ប្រទេសកម្ពុជា ព្រោះថា ពេលនោះកម្ពុជា អាចនឹងទទួលបានក្រុមហ៊ុនបរទេសច្រើនចូលមកវិនិយោគ ហើយពេលនោះ ប្រជាពលរដ្ឋខ្មែរនឹងមានឱកាសអភិវឌ្ឍជំនាញរបស់ពួកគេកាន់តែប្រសើរ។ តែក៏មានអ្នកខ្លះយល់ថា កម្ពុជា នឹងខាតបង់សេដ្ឋកិច្ចទៅវិញទេ ពេលសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតឡើង។ គេយល់ឃើញថា កម្ពុជា ជាប្រទេសដែលនាំទំនិញបរទេសចូលច្រើនជាងនាំចេញ។ ដូច្នេះ កម្ពុជា អាចបាត់បង់ពន្ធនាំចូលពីសមាហរណកម្មតំបន់នេះ។ ម្យ៉ាងទៀត គុណភាពអប់រំ និងជំនាញវិជ្ជាជីវៈរបស់ប្រជាពលរដ្ឋខ្មែរនៅមានកម្រិតទាបនៅឡើយ ធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់។ ដូច្នេះ ការបើកចំហទ្វារព្រំដែន នឹងអនុញ្ញាតអោយបរទេសមកដណ្ដើមការងារកំពូលៗពីពលរដ្ឋខ្មែរ ហើយសម្រាប់ពលរដ្ឋខ្មែរដែលមានជំនាញស្ទើរស្រាប់ហើយនោះ រឹតតែពិបាកប្រកួតប្រជែងជាមួយបរទេសថែមទៀតផង។
អគ្គនាយកផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអប់រំបច្ចេកទេសនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាវាគ្មិនម្នាក់នៃវេទិកាពិភាក្សា លោក ឡៅ ហីម បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់អំពីការអភិវឌ្ឍធនធានមនុស្ស ដើម្បីតំរូវតាមទីផ្សារការងារទាំងក្នុងស្រុក និងក្នុងតំបន់ ដើម្បីត្រៀមលក្ខណៈពេលសហគមន៍សេដ្ឋកិច្ចអាស៊ានបង្កើតឡើងនៅឆ្នាំ២០១៥។ លោកថា ដើម្បីអភិវឌ្ឍគុណភាព វាទាមទារអោយមានកត្តារួមផ្សំផ្សេងទៀត ដូចជាកត្តាហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីសិក្សា កត្តាទំនាក់ទំនងរវាងវិស័យឯកជន និងរដ្ឋ និងសហគមន៍អន្តរជាតិ ព្រមទាំងអ្នកផ្តល់ជំនួយនានា ដើម្បីជួយក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ។
លោក ឡៅ ហីម៖ «បើយើងនិយាយអំពីតំរូវការ យើងត្រូវចែកចេញជា២។ ទី១ គឺតំរូវការក្នុងស្រុកដែលសំខាន់នៅក្នុងធនធានមនុស្ស ក៏យើងមិនភ្លេចចូលទៅក្នុងអាស៊ាន នូវបច្ចេកវិទ្យា គេហៅថា បច្ចេកវិទ្យា កម្រិតមធ្យម និងកម្រិតខ្ពស់ ដើម្បីយើងអាចបញ្ចូលធនធានមនុស្ស ក៏ដូចជា កម្លាំងពលកម្មយើងទៅក្នុងអាស៊ានដែរ។ ប៉ុន្តែ នៅក្នុងផ្នែកខ្លះ ខ្វះកម្លាំងពលកម្មដែលគាត់ត្រូវការ ប៉ុន្តែយើងអត់ តែផ្នែកខ្លះយើងមានកម្លាំងពលកម្ម ប៉ុន្តែដោយសារគម្លាតនូវជំនាញ គម្លាតនូវសមត្ថភាព រវាងកម្លាំងពលកម្ម និងតំរូវការរបស់ទីផ្សារហ្នឹងវាខុសគ្នា អ៊ីចឹងក្រសួងការងារក៏ខំយកចិត្តទុកដាក់ធ្វើយ៉ាងម៉េចកុំអោយគម្លាតហ្នឹងឆ្ងាយពីគ្នាពេក»។
ជាការពិតណាស់ និស្សិតខ្មែរមួយចំនួននៅមិនទាន់អាចធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវឡើយ ទាក់ទងនឹងជំនាញដែលគេសិក្សា។ អ្នកខ្លះរៀនតាមមិត្តភ័ក្ដិ អ្នកខ្លះទៀតរៀនតាមការណែនាំរបស់ឪពុកម្តាយ ហើយអ្នកខ្លះទៀតរៀនអោយតែចប់សាលា ដោយមិនដឹងថាខ្លួននឹងត្រូវធ្វើអ្វីឡើយបន្ទាប់ពីចេញសាលា ហើយអ្នកខ្លះមិនបានដឹងថា តើទីផ្សារក្នុងប្រទេសកំពុងត្រូវការជំនាញអ្វីពិតប្រាកដដែរ?
សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ លោក ដៀប មុនិន្ទ ដែលបានចូលរួមក្នុងវេទិកាពិភាក្សាដែរនោះ មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងខិតខំក្នុងការពង្រឹង និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា តែលោកគិតថា វាហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ លោក មុនិន្ទ បន្តថា ក្រសួងគួរដឹងថា តើជំនាញប្រភេទណាដែលត្រូវបណ្ដុះបណ្ដាល ហើយថា តើទីផ្សារការងារមានតំរូវការជំនាញអ្វីខ្លះ? លោកថា ក្រសួងគួរតែមានទិន្នន័យអោយបានច្បាស់ ដើម្បីអោយគេងាយស្រួលដឹងថា តើតំរូវការការងារទីផ្សារមានអ្វីខ្លះ និងចំនួនប៉ុន្មាន ហើយទិន្នន័យនោះមានការប្រែប្រួលឡើងចុះយ៉ាងដូចម្ដេចខ្លះពីមួយឆ្នាំទៅមួយឆ្នាំ?
លោក ដៀប មុនិន្ទ៖ «អ៊ីចឹងយើងត្រូវការទិន្នន័យទាំងអស់ហ្នឹង ដើម្បីអី ពីព្រោះបើយើងមើលលើទិដ្ឋភាពទូទៅនៃទីផ្សារការងារប្រទេសយើង អ្នកដែលអត់មានជំនាញច្រើន ប៉ុន្តែគាត់ចង់ធ្វើការ សួរថាគាត់ចង់ធ្វើការអី ទៅតាមជំនាញណា ជួនកាលគាត់ចេះតែដើររកទៅណា តែប្រសិនបើរដ្ឋាភិបាលមានទិន្នន័យច្បាស់លាស់ថា អូខេ (OK) ការងារខាងវិជ្ជាមេផ្ទះ ឬការងារខាងអ្នករត់តុនៅរេសស្តូរ៉ង់ (Restaurant) ធំៗ នៅតាមអូតែល (Hotel) ពិតជាមានសេចក្តីត្រូវការច្រើន ឬចំនួនប៉ុន្មាន អ៊ីចឹងធ្វើអោយអ្នកស្វែងរកការងារនោះងាយស្រួលត្រៀមខ្លួនរបស់គាត់ ថាគាត់ត្រូវរកជំនាញអី ដើម្បីបានជំនាញហ្នឹងមក ទៅរកការងារទៅចំអារបស់គេត្រូវការតែម្តង។ ប្រសិនជាអត់មានទិន្នន័យ អត់មានព័ត៌មានពីហ្នឹងច្បាស់លាស់ទេ គឺយើងរៀវ យើងដើរសាកគ្រប់កន្លែង ប៉ះការងារអីគេអោយធ្វើយើងធ្វើហ្នឹង ហើយហ្នឹងវាមានផលប៉ះពាល់។ ទី១ ជួនកាលទៅ ដោយសារអត់មានការងារធ្វើ យើងត្រូវតែធ្វើហើយ ហើយដោយសារតែមានការប្រកួតប្រជែងសម្រុករកការងារធ្វើឈូទៅខាងនេះទៅ ឈូទៅខាងណោះទៅ វាធ្វើអោយប្រាក់កម្រៃដែលគាត់ទទួលបានពីការងារទាបដែរ»។
បើតាមសាស្ត្រាចារ្យសេដ្ឋកិច្ចរូបនេះដដែល ការដែលគ្មានទិន្នន័យច្បាស់លាស់ វាមិនមែនតែប៉ះពាល់ដល់អ្នកដែលស្វែងរកជំនាញអោយត្រូវតាមទីផ្សារការងារប៉ុណ្ណោះទេ តែវាក៏អាចធ្វើអោយមានការយឺតយ៉ាវក្នុងការសម្រេចចិត្តរបស់អ្នកវិនិយោគក្នុងការបោះទុន ធ្វើជំនួញក្នុងប្រទេសកម្ពុជា ទៀតផង ព្រោះថា ប្រសិនជាអ្នកជំនួញខ្វះនូវព័ត៌មានអំពីចំនួនកម្មករជំនាញ ឬអ្នកជំនាញសំខាន់ៗដទៃទៀតដែលពាក់ព័ន្ធមុខជំនួញរបស់គេ អាចធ្វើអោយអ្នកវិនិយោគមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថា ត្រូវវិនិយោគ ឬក៏យ៉ាងណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
