USAID ជឿជាក់​ថា​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នឹង​បន្ត​លើក​កម្ពស់​សិទ្ធិ​កម្មករ

0:00 / 0:00

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ជឿជាក់​ថា មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល នឹង​បន្ត​លើក​កម្ពស់​សិទ្ធិ​បុគ្គលិក កម្មករ និង​ថៅកែ តាម​រយៈ​ការ​ដោះស្រាយ​វិវាទ​ការងារ​ប្រកប​ដោយ​ឯករាជ្យ តម្លាភាព និង​អព្យាក្រឹត្យ ក្រោយ​ទទួល​អំណោយ​ថវិកា​របស់​ខ្លួន​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា។

ទន្ទឹម​នឹង​នេះ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល សន្យា​ថា នឹង​ពង្រឹង​ការងារ​របស់​ខ្លួន​ឲ្យ​រឹត​តែ​ប្រសើរ​ជាង​មុន ខណៈ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ វិវាទ​ការងារ​ក្នុង​វិស័យ​កាត់​ដេរ កំពុង​តែ​កើន​ឡើង​ខ្លាំង​ជាង​ឆ្នាំ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​ខែ។

នាយិកា​បេសកកម្ម​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ គឺ​អ្នកស្រី រិបេខា ប៊្លែក (Rebecca Black) មាន​ប្រសាសន៍​ថា មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល គឺ​ជា​គំរូ និង​ជា​ទី​សង្ឃឹម​សម្រាប់​ឲ្យ​កម្ពុជា ជំរុញ​សិទ្ធិ​របស់​បុគ្គលិក​កម្មករ និង​ទំនាក់ទំនង​ល្អ​រវាង​ថៅកែ និង​កម្មករ ដែល​ជា​កត្តា​គន្លឹះ​ក្នុង​ការ​ធានា​ស្ថិរភាព និង​កំណើន​លូតលាស់​ជា​បន្ត​នៃ​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា។

ការ​លើក​ឡើង​នេះ គឺ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​ស្ដីពី​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ជូន​ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ដែល​ជា​ម្ចាស់​ផ្ទះ លើ​គម្រោង ៣​ឆ្នាំ​ស្ដីពី ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​របស់​ស្ត្រី និង​បុរស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែ​សីហា។

អ្នកស្រី រិបេខា ប៊្លែក មាន​ប្រសាសន៍​ថា តាម​រយៈ​អំណោយ​ថវិកា ៧០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​នេះ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល នឹង​បន្ត​ជួយ​ដោះស្រាយ​វិវាទ​ក្នុង​ចំណោម​ក្រុម​បុគ្គលិក​កម្មករ និង​ថៅកែ មិន​ត្រឹម​តែ​ក្នុង​វិស័យ​កាត់​ដេរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នៅ​ក្នុង​វិស័យ​ដទៃ​ជាច្រើន​ទៀត​ផង​ដែរ។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​ស្តីទី​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល លោក ម៉ែន និម្មិត មាន​ប្រសាសន៍​ថា ស្ថាប័ន​ពាក់​កណ្ដាល​តុលាការ​មួយ​នេះ នឹង​រក្សា​និរន្តរភាព​ក្នុង​កិច្ចការ​លើក​កម្ពស់​សិទ្ធិ​ការងារ​នៅ​កម្ពុជា តាម​រយៈ​ការ​ដោះស្រាយ​វិវាទ​ការងារ​ប្រកប​ដោយ​ឯករាជ​ភាព តម្លាភាព និង​អព្យាក្រឹតភាព៖ «គឺ​យើង​ពង្រឹង​សមត្ថភាព​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ដោះស្រាយ​វិវាទ​ដោយ​រក្សា​គុណភាព និង​ខំ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ភាគី​បាន​យល់​អំពី​ការ​រៀបចំ​ខ្លួន មុន​នឹង​ចូល​មក​ដោះស្រាយ​នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។ ក្រៅ​ពី​នោះ យើង​ក៏​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​ភាគី​កម្មករ និង​និយោជក ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​មាន​សមត្ថភាព​ការពារ​វិវាទ​ការងារ​នៅ​តាម​រោងចក្រ»

លោក ម៉ែន និម្មិត បន្ត​ថា មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល គឺ​ជា​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​មួយ ដែល​បាន​ក្លាយ​ជា​បង្អែក​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។ តួយ៉ាង​ការ​ទ្រទ្រង់​សមត្ថភាព​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា ការ​ផ្តល់​វេទិកា​សម្រាប់​ភាគី​វិវាទ បាន​ចរចា​គ្នា​ដោយ​សន្តិវិធី ការ​គ្រប់គ្រង​កូដកម្ម​សំដៅ​ឲ្យ​មាន​តុល្យភាព​រវាង​ស្ថិរភាព​សង្គម និង​ការ​គោរព​សិទ្ធិ​កូដកម្ម​របស់​កម្មករ ជាដើម។

នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​និយាយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នេះ ត្រូវ​បាន​ជំរុញ​ជា​រួម​ដោយ​កំណើន​ក្នុង​វិស័យ​កាត់​ដេរ សំណង់ ទេសចរណ៍ និង​កសិកម្ម។ ក្នុង​ចំណោម​វិស័យ​សំខាន់ៗ​ទាំង​នេះ ផលិតផល​សម្លៀកបំពាក់​ពី​វិស័យ​កាត់​ដេរ នៅ​តែ​បន្ត​គ្រប​ដណ្ដប់​ការ​នាំ​ចេញ​របស់​កម្ពុជា។

នាយិកា​បេសកកម្ម​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក អះអាង​ថា ប្រមាណ ៣៣% នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដែល​ផលិតផល​ចម្បង​ជាង​គេ គឺ​សម្លៀកបំពាក់ និង​ស្បែក​ជើង។

យ៉ាង​ណា​ក៏ដោយ ជម្លោះ​រវាង​បុគ្គលិក​កម្មករ និង​និយោជក នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​ការ​រីក​លូតលាស់​នៃ​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា។

នាយក​ប្រតិបត្តិ​ស្តីទី​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ គឺ​ជា​ឆ្នាំ​ដែល​មាន​រឿង​ក្តី​ច្រើន​ជាង​ឆ្នាំ​ណា​ទាំងអស់៖ «ឆ្នាំ​២០១៤ កន្លង​ទៅ ទទួល​បាន​ពាក្យ​បណ្ដឹង​ចំនួន ៣៦០ ជាង ហើយ​ត្រឹម ៨​ខែ ឆ្នាំ​២០១៥ នេះ រឿង​ក្តី​បាន​ជិត​ដល់ ២០០ ហើយ​ប្រភេទ​នៃ​វិវាទ​ទាំង​នោះ គឺ​ពាក់ព័ន្ធ​នឹង​ប្រាក់​ខែ ការ​បណ្ដេញ​កម្មករ ឬ​សហជីព និង​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ផង​ដែរ»

ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល គឺ​ជា​ស្ថាប័ន​របស់​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៣ ហើយ​នៅ​តែ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​បរទេស។ ស្ថាប័ន​នេះ ដើរ​តួ​ចម្បង​ក្នុង​ការ​ជួយ​ភាគី​កម្មករ​និយោជិត និង​និយោជក ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម ដែល​រហូត​មក​ទល់​ពេល​នេះ​មាន​សំណុំ​រឿង​ចំនួន ២.២៧៥​ករណី ដែល​ក្នុង​នោះ​វិវាទ​មក​ពី​វិស័យ​ផ្សេងៗ ដូចជា វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ស្បែក​ជើង សេវាកម្ម​ដឹក​ជញ្ជូន សេវាកម្ម​សន្តិសុខ ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ ក្រុមហ៊ុន​ដំណាំ​កៅស៊ូ និង​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។